Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណេះដឹងទូទៅ៖ ប្រាសាទប្រាង្គ ឬប្រាសាទធំ បេះដូងនៃរាជធានីលិង្គបុរៈ (ភាគ៦)

24-09-2023 20:31

(ភ្នំពេញ)៖ ការរៀបចំរាជធានីលិង្គបុរៈរបស់ព្រះបាទជយវម៌្មទី៤ ប្រៀបដូចជាមហាទេវស្ថានដ៏ពិសិដ្ឋ សមនឹងព្រះមហា​ឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងនាមជាស្ដេចចក្រវាទិន ឬស្ដេចចក្រពត្តិ (King of kings) ត្រួតត្រាលើចក្រភពខ្មែរដ៏ធំ បន្ទាប់ពីព្រះបាទឦសានវម៌្មទី២សោយទិវង្គតនៅឆ្នាំ៩២៥។

យោងតាមសិលាចារឹកជាច្រើនជាតឹកតាងស្រាប់ បានបង្ហាញថា ព្រះបាទជយវម៌្មទី៤ ប្រកាន់ប្រតិបត្តិតាមព្រហ្មញ្ញសាសនានិកាយសិវៈនិយម។ ប្រាសាទប្រាង្គ ឬប្រាសាទធំ ត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥស្វរៈ ឬព្រះឥសូរ តំណាងដោយព្រះសិវលិង្គឈ្មោះ «ត្រីភូវនេស្វរៈ»។ ព្រះអង្គក៏បានកសាងប្រាសាទសម្រាប់អាទិទេពផ្សេងទៀតផងដែរ តួយ៉ាងនៅប៉ែកអាគ្នេយ៍នៃប្រាសាទប្រាង្គ គឺមានប្រាសាទបន្ទាយពីរជាន់ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះព្រហ្ម និងនៅទិសនិរតីមានប្រាសាទចិនឧទ្ទិសថ្វាយព្រះវិស្ណុ ឬព្រះនរាយណ៍ ដែលរំលេចបាននូវគោលគំនិត «ត្រីមូរតិ»

ពិធីទេវរាជបានរៀបចំឡើងនៅប្រាសាទធំ ឬប្រាសាទប្រាង្គ ប្រហែលមានភាពអធិកអធមខ្លាំងសម្បើម ដែលបន្តប្រតិបត្តិតាំងពីរជ្ជកាលព្រះបាទជយវម៌្មទី២ ដើម្បីអភិសេកព្រះមហាក្សត្រឱ្យក្លាយជា «ទេវរាជ»«ស្ដេចចក្រវាឡ»«ស្ដេចចក្រវាទិន»។ សិលាចារឹកប្រាសាទធំ K.184 បង្ហាញឱ្យដឹងថា ព្រះបាទជយវម៌្មទី៤ថ្វាយដង្វាយដល់ព្រះសិវៈនាម «ត្រីភូវនេស្វរៈ» ក្រោមរូបភាពជាសិវលិង្គតម្កល់នៅលើកំពូលប្រាសាទធំ។

ក្រៅពីប្រាសាទធំ ឬប្រាសាទប្រាង្គ ព្រះបាទជយវម៌្មទី៤បានកសាងប្រាសាទ និងបដិមាទេពជាច្រើនទៀត ដើម្បីឧទ្ទិសថ្វាយសាសនាព្រហ្មញ្ញ។ គេកត់សម្គាល់ឃើញថា សំណង់ស្ថាបត្យកម្មក្នុងរជ្ជកាលព្រះបាទអង្គ ភាគច្រើនគឺមានទំហំធំៗជាងរជ្ជកាលមុនៗ តួយ៉ាងដូចជាប្រាសាទប្រាង្គ វិសាលភាពរាជធានី បដិមា និងសិលាចារឹក និងអ្វីៗជាច្រើនទៀត គឺសុទ្ធតែមានទំហំធំៗសម្បើម ខណៈចម្លាក់ក៏មានចលនារស់រវើកដូចជា បដិមាព្រះសិវនាថរាជ (ព្រះសិវៈរាំ) នៅប្រាសាទក្រហម ក្រុមចម្លាក់ដែលដកស្រង់ចេញពីរឿងមហាភារតៈត្រង់ឈុតប្រយុទ្ធគ្នារវាងទុយ៌ោធន និងភីម នៅប្រាសាទចិន ចម្លាក់ដែលដកស្រង់ចេញពីរឿងរាមកេរ្តិ៍ត្រង់ឈុតប្រយុទ្ធគ្នារវាងពាលីនិងសុគ្រីព។ សិល្បៈស្ថាបត្យកម្មក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៤ ត្រូវបានប្រវត្តិវិទូជាតិ-អន្តរជាតិចាត់បញ្ចូលក្នុងរចនាបថកោះកេរ៕