(ភ្នំពេញ)៖ តាំងពីឆ្នាំ១៨៨៩ រហូតឆ្នាំ២០០៤ ពិភពលោកមានការយល់ច្រឡំអស់រយៈពេល ១១៥ឆ្នាំ អំពីបុគ្គលដែលជាអ្នកបង្កើតទូរស័ព្ទដំបូងគេបង្អស់ ខណៈឧបករណ៍ដ៏សំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃមួយនេះ ត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ១៨៥៤ មកម្ល៉េះ មិនមែនផលិតនៅឆ្នាំ១៨៧៤ នោះឡើយ។
នៅឆ្នាំ១៨៨៩ ពិភពលោកបានចាត់ទុកលោក អាឡិចសង់ដឺរ ហ្គ្រាហាមប៊ែល (Alexander Graham Bell) ជាអ្នកបង្កើតទូរស័ព្ទមុនគេដំបូងបង្អស់ ដែលបានផលិតឡើងនៅឆ្នាំ១៨៧២។ ប៉ុន្តែនៅឆ្នាំ២០០៤ គេបែរជារកឃើញវិញថា គឺលោក អង់តូនីញ៉ូ មើស្ស៉ី (Antonio Meucci) ទៅវិញទេ ដែលជាអ្នកបង្កើតទូរស័ព្ទដំបូងគេពិតប្រាកដ ពោលគឺមិនមែនលោក អាឡិចសង់ដឺរ នោះឡើយ។
គេបានបង្ហាញភស្តុតាងថា នៅឆ្នាំ១៨៥០ លោក អង់តូនីញ៉ូ បានចេញពីស្រុកកំណើតនៅប្រទេសអ៉ីតាលីទៅរស់នៅសហរដ្ឋអាមេរិក ដោយគាត់ក៏ជាអ្នកចូលចិត្តផលិតរបស់វិទ្យាសាស្ត្រប្លែកៗ។
រហូតដល់ឆ្នាំ១៨៦០ អង់តូនីញ៉ូ បាននាំយកឧបករណ៍អគ្គិសនីដំបូងមួយ ដែលមានគាត់បានដាក់ឈ្មោះថា តេឡេត្រូហ្វូណូ (Teletrofono) មកបង្ហាញជាសាធារណៈលើកដំបូង។ ឧបករណ៍នេះហើយដែលគេចាត់ទុកថាជា «ទូរស័ព្ទ» លើកដំបូង ព្រោះអាចនិយាយប្រាស្រ័យទាក់ទងគ្នាបានពីចម្ងាយ។
នៅឆ្នាំ១៨៧១ លោក អង់តូនីញ៉ូ បានយកឧបករណ៍តេឡេត្រូហ្វូណូនេះ ទៅសុំច្បាប់កម្មសិទ្ធិបញ្ញានៅមន្ទីរកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកខ្វះប្រាក់ចំនួន ១០ដុល្លារទៀត ដើម្បីបង្គ្រប់សេវាកម្មចុះកម្មសិទ្ធិបញ្ញា «ពេញសិទ្ធិ» ហើយលោកក៏ជំពាក់គេសិនទៅ ដោយចុះត្រឹមកម្មសិទ្ធិបញ្ញា «បណ្ដោះអាសន្ន» ប៉ុណ្ណោះ។
ប៉ុន្តែជាអកុសល លោក អង់តូនីញ៉ូ ក៏បានធ្លាក់ខ្លួនឈឺដោយសារគ្រោះថ្នាក់ផ្ទុះធុងចំហាយទឹករបស់កប៉ាលមួយ ខណៈលោកកំពុងធ្វើដំណើរឆ្លងកាត់កោះស្ទេថេន។ ដោយសារលោកមិនសូវចេះភាសាអង់គ្លេសនៅអាមេរិកផង ហើយត្រូវការប្រាក់សម្រាប់ព្យាបាលខ្លួនប្រាណផងនោះ ធ្វើឱ្យលោកមិនអាចបង់ប្រាក់ ១០ដុល្លារ សម្រាប់បង្គ្រប់ការការពារកម្មសិទ្ធិបញ្ញាពេញសិទ្ធិឧបករណ៍ដំបូងរបស់ខ្លួន។
រយៈពេល៥ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៧៧៦ ស្រាប់តែមានបុគ្គលផ្សេងម្នាក់ទៀតបានយកឧបករណ៍ទូរស័ព្ទ ដូចគ្នាទៅនឹងឧបករណ៍ដែលលោកផលិតរួចហើយនោះ មកសុំច្បាប់ចុះកម្មសិទ្ធិបញ្ញានៅមន្ទីរកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកដែរ។ បុគ្គលម្នាក់នោះ គឺលោក អាឡិចសង់ដឺរ ហ្គ្រាហាមប៊ែល។
ក្រោយដឹងរឿងនេះហើយ លោក អង់តូនីញ៉ូ ក៏បានដាក់ពាក្យប្ដឹងតវ៉ាទៅតុលាការ ដើម្បីការពារកម្មសិទ្ធិបញ្ញានៃការបង្កើតទូរស័ព្ទរបស់លោក។ នាកំលុងពេលដំណើរការរឿងក្ដីនេះ លោក អង់តូនីញ៉ូ បានផ្ញើឯកសារពង្រាងរូបភាព និងឧបករណ៍គំរូច្បាប់ដើមទៅកាន់មន្ទីរពិសោធន៍ វើស្ទឺន យូញៀន របស់សហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យអី លោក អាឡិចសង់ដឺរ ដែលជាគូវិវាទក្ដីនោះក៏ជាអ្នកធ្វើការនៅមន្ទីរពិសោធន៍នេះដែរ ហើយឯកសារដើមរបស់លោក អង់តេនីញ៉ូ ទាំងអម្បាលម៉ានក៏បានបាត់បង់ដោយភាពអាថ៌កំបាំង។
ខណៈដែលវិវាទក្ដីក្ដាំមិនទាន់ដឹងចាញ់ឈ្នះផងនោះ លោក អង់តេនីញ៉ូ ក៏បានស្លាប់បាត់បង់ជីវិតមុនបាត់ទៅ ហើយលោក អាឡិសង់ដឺរ ក៏ក្លាយជាអ្នកឈ្នះក្ដីនៅឆ្នាំ១៨៨៩ ហើយបានឈ្មោះជាអ្នកបង្កើតឧបករណ៍ទូរស័ព្ទដំបូងគេបង្អស់នៅលើពិភពលោកយ៉ាងល្បីល្បាញ។
រហូតដល់ឆ្នាំ២០០៤ តំណាងរាស្ត្រមួយចំនួននៅសហរដ្ឋអាមេរិក ក៏បាននាំគ្នារកយុត្តិធម៌ឱ្យលោក អង់តូនីញ៉ូ ឡើងវិញ ហើយក៏បានសម្រេចដូចបំណងប្រាថ្នា។ ចាប់តាំងពីពេលនោះមក ទើបពិភពលោកដឹងពិតប្រាកដថា គឺលោក អង់តូនីញ៉ូ មើស្ស៉ី នេះទៅវិញទេ ដែលជាអ្នកបង្កើតទូរស័ព្ទឡើងដំបូងគេនៅឆ្នាំ១៨៥៤៕