(ភ្នំពេញ)៖ ទម្រាំបានជាយានយន្តសម្រាប់ឱ្យប្រជាជននៅលើពិភពលោក ប្រើប្រាស់ដល់ពេលសព្វថ្ងៃនេះ ម៉ូតូ ឬខ្មែរយើងហៅថា ទោចក្រយានយន្ត នោះបានឆ្លងកាត់ការបង្កើត ការរចនា និងការអភិវឌ្ឍជាច្រើនដំណាក់កាល និងច្រើនសម័យកាល។
តើការបង្កើត និងការអភិវឌ្ឍទោចក្រយានយន្តនេះឆ្លងកាត់រឿងរ៉ាវយ៉ាងណាខ្លះនោះ Fresh News Plus សូមលើកបង្ហាញដូចតទៅ៖
នៅឆ្នាំ១៨៨៥ វិស្វករជនជាតិអាល្លឺម៉ង់ម្នាក់ គឺលោក ហ្គោតទ្លែប៍ ដាមលើ (Gottlieb Daimler) បានបញ្ចូលកង់ទៅនឹងម៉ាស៉ីនដើរដោយឧស្ម័ន ដើម្បីបង្កើតជាម៉ូតូដំបូងគេបង្អស់មួយ ដែលមើលទៅវាមានលក្ខណៈស្រដៀងគ្នាទៅនឹងរូបរាងម៉ូតូសម័យបច្ចុប្បន្នដែរ។
ប៉ុន្តេរទោះបីយ៉ាងណា លោក ដាមលើ គឺគ្រាន់តែជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកជាច្រើននាក់ទៀតដែលបានធ្វើការលើគម្រោងស្រដៀងគ្នានេះប៉ុណ្ណោះ ព្រោះដោយសារនៅប៉ុន្មានទសវត្សរ៍មុនការបង្កើតរបស់លោក គឺមានលោក ស៉ីលវ៉េសស្ដឺ រូភើ (Sylvester H. Roper) វិស្វករជនជាតិអាមេរិកម្នាក់ទៀត ក៏បានបង្កើតកង់ដើរដោយម៉ាស៉ីនចំហាយទឹកមួយបែបផងដែរ។
នៅឆ្នាំ១៨៨៤ ការរចនាម៉ូតូដែលមានកង់បីដំណើរការដោយប្រេងសាំង ក៏ត្រូវបានបង្ហាញដោយបុរសជនជាតិអង់គ្លេសម្នាក់ទៀត គឺលោក អែតវឺដ បាត់ធ្លើ (Edward Butler)។
រហូតមកដល់ទសវត្សរ៍ឆ្នាំ១៨៩០ ការអភិវឌ្ឍទោចក្រយានយន្តមួយនេះក៏កាន់តែមានការប្រសើរឡើង ហើយការផលិតក៏បានកើនឡើងខ្លាំងក្លានៅសហរដ្ឋអាមេរិក និងនៅទូទាំងទ្វីបអឺរ៉ុប។
ក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន Indian and Harley Davidson ដែលមានវត្តមាននៅពេលបច្ចុប្បន្ននេះ បានឈានចូលទីផ្សារផលិតម៉ូតូតាំងតែពីដើមឆ្នាំ១៩០០ មកម្ល៉េះ ដោយបានអភិវឌ្ឍថាមពល ល្បឿន ភាពធុនមាំរបស់ម៉ូតូ ព្រមទាំងទទួលបានការគាំទ្រជាលំដាប់។
នៅតំបន់អាស៉ីនាពេលបច្ចុប្បន្ន ពិសេសអាស៉ីអាគ្នេយ៍ ក្រុមហ៊ុនដែលឈានមុខគេក្នុងផលិតម៉ូតូនោះ គឺក្រុមហ៊ុន Honda Suzuki Yamaha ជាដើម៕