(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាសំណង់សាសនាដ៏ធំជាងគេមួយនៅលើពិភពលោក ខណៈមហាប្រាសាទនេះត្រូវបានកសាងឡើងក្រោមស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី២ (ស្រីសូយ៌្យវម៌្មទេវៈ) នាដើមសតវត្សទី១២។ អ្នកប្រាជ្ញបស្ចិមលោកបានសរសើរថា គេមិនដែលឃើញប្រាសាទបុរាណឯណា មានក្បូរក្បាច់ល្អល្អះដូចប្រាសាទអង្គរវត្តនេះឡើយ។
ខាងក្រោមនេះជាការហៅឈ្មោះ «ប្រាសាទអង្គរវត្ត» តាមសម័យកាលផ្សេងៗគ្នាក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងការហៅតាមសំនៀងជនបរទេសមួយចំនួនដែលបានមកដល់តំបន់អង្គរតាំងពីសតវត្សទី១៧ (សម័យកណ្ដាល)។
យោងតាមសិលាចារឹកប្រាសាទអង្គរវត្ត K.298 សតវត្សទី១២ បានចារនូវពាក្យ «ព្រះបាទកម្រតេងអញបរមវិស្ណុលោក» ដែលបានបង្ហាញថា «ព្រះបរមវិស្ណុលោក» ជាព្រះមរណនាមរបស់ព្រះបាទសូរ្យវម៌្មទី២ផង និងជាឈ្មោះរបស់ប្រាសាទនេះផង ដែលព្រះអង្គកសាងឡើងដើម្បីឧទ្ទិសថ្វាយអាទិទេពក្នុងព្រហ្មញ្ញសាសនា ពិសេសព្រះវិស្ណុ ឬព្រះនរាយណ៍។ នេះសរបញ្ជាក់ថា ឈ្មោះដើមរបស់ប្រាសាទអង្គរវត្ត គឺហៅថា «ព្រះបរមវិស្ណុលោក»។
មកដល់សម័យលង្វែក សតវត្សទី១៦ ព្រះមហាក្សត្រ រាជវង្សានុវង្ស នាហ្មឺនមន្ត្រី ប្រជារាស្ត្រនៅតែចងចាំឈ្មោះដើមនៃប្រាសាទអង្គរវត្តនៅឡើយ គ្រាន់តែនៅសម័យកណ្ដាលនោះ អ្នកស្រុកប្រើអក្សរ «ព» ជំនួសអក្សរ «វ» វិញ (មិនទាំងអស់នោះទេ) តួយ៉ាងដូចជាពាក្យ «វិស្ណុ» អ្នកស្រុកខ្មែរសម័យកណ្ដាលហៅថា «ពិស្ណុ»។ ហេតុនេះហើយទើបការហៅឈ្មោះប្រាសាទអង្គរវត្តសម័យនោះ គឺគេហៅថា «ព្រះមហាពិស្ណុលោក» ឬ «ស្ថានព្រះពិស្ណុលោក»។ ការណ៍នេះមានបញ្ជាក់ក្នុងសៀវភៅទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត និងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល ដែលអ្នករៀបរៀងសុទ្ធតែសំអាងទៅលើសិលាចារឹកខ្មែរសម័យកណ្ដាល K.296 និង K.297។
នៅចុងសតវត្សទី១៦ មានព្រះភិក្ខុសង្ឃសៀមមួយអង្គព្រះនាម «ព្រះរាជមុនី» បាននិមន្តពីក្រុងស្រីអយុធ្យាមកដល់តំបន់អង្គរបច្ចុប្បន្ន និងបាននិមន្តទៅដល់ភ្នំគូលែន ព្រមទាំងបានបន្សល់នូវសិលាចារឹកនៅលើភ្នំគូលែននោះផងដែរ ដែលប្រវត្តិវិទូចាត់ទុកជាសិលាចារឹក K.1006 កាលបរិច្ឆេទឆ្នាំ១៥៨០។ សិលាចារឹកនោះបានហៅប្រាសាទអង្គរវត្តថា «វត្តជេតពន»។ ព្រះសង្ឃសៀមរូបនេះបានសរសេរអត្ថបទដោយប្រើអក្សរខ្មែរជាសំនៀងភាសាសៀមផង និងអក្សរសៀមសំនៀងភាសាសៀមសតវត្សទី១៦ផង (អក្សរថៃបុរាណ និងបច្ចុប្បន្នក៏មានភាពខុសគ្នាខ្លះ ហើយក៏នៅមានប្រើអក្សរខ្មែរដែរ)។
នៅសតវត្សទី១៧ មានស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ ខិនរីយ៉ូ ស្ស៉ីម៉ាណុ (Kenryo Shimano) បានធ្វើធម្មយាត្រាពីទីក្រុងណាហ្កាសាគិ (Nagasaki) អាណាចក្រជប៉ុន មកដល់អាណាចក្រលង្វែក ហើយក៏បានបន្តដល់តំបន់អង្គរ។ ស្ត្រីអ្នកកាន់ព្រះពុទ្ធសាសនាមហាយានរូបនេះបានគូរប្លង់គំនូរប្រាសាទអង្គរវត្តនៃយើងយកទៅដល់ប្រទេសជប៉ុន ប៉ុន្តែបែរជាហៅឈ្មោះប្រាសាទនេះថា «វិហារជេតពន» ដោយគាត់ច្រឡំថាប្រាសាទអង្គរវត្តជា «វត្តជេតពន» នៅប្រទេសឥណ្ឌាសព្វថ្ងៃ។ ពាក្យ «ជេតៈ» សំដៅដល់ព្រះអង្គម្ចាស់មួយអង្គនាសម័យពុទ្ធកាល ចំណែកពាក្យ «ពន» ក្លាយពីពាក្យ «ព័ន» ឬ «វ័ន» ប្រែជាភាសាខ្មែរថា «ព្រៃ» ព្រោះដោយមាននិទានពុទ្ធប្រវត្តិថា៖ អនាថបណ្ឌិតសេដ្ឋី សុទត្ត បានជាវដីពីព្រះអង្គម្ចាស់ជេតៈ ដើម្បីកសាងវត្តអារាមវេរប្រគេនព្រះសម្មាសម្ពុទ្ធ និងភិក្ខុដទៃទៀតគងនៅរក្សាសីល ផ្សព្វផ្សាយធម៌ ម្ល៉ោះហើយទីនោះក៏កើតជាវត្តជេតពន។ ដូច្នេះហើយទើបស្ត្រីជនជាតិជប៉ុននោះច្រឡំថាប្រាសាទអង្គរនៅកម្ពុជា ជាវត្តជេតពននៅប្រទេសឥណ្ឌាបុរាណទៅវិញ។
សៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល បានបន្តថា យោងតាមសិលាចារឹកនគរវត្តលេខ១៧ ចុះកាលបរិច្ឆេទឆ្នាំ១៦៣២ បានប្ដូរការហៅ «ព្រះបរមវិស្ណុលោក» ឬ «ព្រះមហាពិស្ណុលោក» ទៅជា «នគរវាត់»។
នៅលើសិលាចារឹកនគរវត្តលេខ២៧ ចុះកាលបរិច្ឆេទឆ្នាំ១៦៧១ គេបានឃើញពាក្យ «អង្គរវត្រ» ជាលើកដំបូង។ ការហៅឈ្មោះនេះហើយដែលប្ដូរការសរសេរមកជា «អង្គរវត្ត» ដូចដែលយើងប្រើមកដល់បច្ចុប្បន្ន។
ចំណុចសំខាន់ដែលនាំឱ្យមានការផ្លាស់ប្ដូរការហៅឈ្មោះប្រាសាទអង្គរវត្តពី «ព្រះបរមវិស្ណុលោក» ឬ «ព្រះមហាពិស្ណុលោក» មកជាឈ្មោះទីស្ថានបែបព្រះពុទ្ធសាសនាបែបនេះ ក៏ដោយសារមានវត្តអារាមតាំងនៅទីនោះចាប់ពីសតវត្សទី១៦មក។
អ្នកស្រុកសៀមរាបបានហៅប្រាសាទអង្គរវត្តនេះថា «អង្គរតូច» ដោយហេតុនៅតំបន់អង្គរនោះមានអតីតរាជធានីមួយដែលមានគូទឹកនិងបរិវេណធំជាងបរិវេណប្រាសាទអង្គរវត្ត នោះគឺក្រុងអង្គរធំ ដែលមានប្រាសាទជាច្រើននៅក្នុងបរិវេណនោះ ដូចជា ប្រាសាទបាយ័ន្ត ប្រាសាទបាភួន ប្រាសាទភិមានាកាស ប្រាសាទបាលិលេយ្យ ប្រាសាទសួរព្រ័ត្រ ក្រុមប្រាសាទព្រះពិធូរជាដើម។
ក្រៅពីឈ្មោះទាំង៧ឬ៨ដូចមានរៀបរាប់ខាងលើ ក៏មានឈ្មោះផ្សេងទៀតដែលជនបរទេសហៅសំដៅប្រាសាទអង្គរវត្ត។ នៅឆ្នាំ១៦៤១ មានជនជាតិហូឡង់ (Dutch) ២នាក់បានមកដល់ប្រទេសកម្ពុជា ដោយម្នាក់មានឈ្មោះ ហិនឌ្រីក អាំងជីក (Hendrick Indjick) និងម្នាក់ទៀតមានឈ្មោះ ហ្ស៊ែរ៉ា វ៉ាំង វូស្តូហ្វ (Gerard van Wusthoff) ដោយពួកគេបានពិពណ៌នាថា នៅឆ្នាំ១៦៤១ ព្រះមហាក្សត្រខ្មែរមកក្រសាលតែអង្គឯងនៅប្រាសាទ Anckoor ដែលសំដៅលើប្រាសាទអង្គរវត្តបច្ចុប្បន្ន។
នៅឆ្នាំ១៦៧២ បេសកជនបារាំងម្នាក់ឈ្មោះ ពែរ៉េ ចេវរុយអ៊ែល (Pere Chevruel) បានសរសេរថា៖ មានប្រាសាទបុរាណប្រកបដោយពិធីសាសនាគគ្រឹកគគ្រេង ស្ថិតនៅប្រហែល៨ថ្ងៃពីទីកន្លែងដែលខ្ញុំរស់នៅ (មិនដឹងរស់នៅទីណា)។ ប្រាសាទនោះហៅថា Onco គឺសំដៅដល់ប្រាសាទអង្គរវត្តដែរ គ្រាន់តែបារាំងសម័យនោះបញ្ចេញសំនៀងមិនដូចខ្មែរ។ លោក ពែរ៉េ បានស្ងប់ស្ញែងប្រាសាទអង្គរវត្តនៃយើងថាអស្ចារ្យដូចប្រាសាទសាំងភីតធើ (Saint Peter) នៅទីក្រុងរ៉ូមដែរ។
រុក្ខវិទូបារាំងលោក ហង់រី ម៉ូហូត (Henni Mohout) បានមកដល់ប្រទេសកម្ពុជានៅខែមេសា ឆ្នាំ១៨៦០ និងបានចំណាយពេល៣សប្ដាហ៍ទស្សនកិច្ចនៅតំបន់អង្គរ មុនបន្តដំណើរទៅប្រទេសលាវនៅខែវិច្ឆិកា ឆ្នាំ១៨៦១ ប៉ុន្តែលោកបានស្លាប់នៅក្រុងហ្លួងព្រះបាង ភាគខាងជើងប្រទេសលាវ នាឆ្នាំនោះទៅ។ ភរិយារបស់លោក ហង់រី បានបោះពុម្ភកំណត់ហេតុខ្លីៗរបស់ស្វាមី ផ្សព្វផ្សាយទៅដល់សាធារណជននៅអឺរ៉ុប ដោយបាននាំទាំងពាក្យ Angkor ទៅកាន់ពិភពលោកលើកដំបូង ដែលជាការត្រួសត្រាយផ្លូវឱ្យអ្នកប្រាជ្ញនានាមកធ្វើការស្រាវជ្រាវនៅប្រទេសកម្ពុជា និងតំបន់អង្គរនៃយើង៕