(ភ្នំពេញ)៖ ប្រាសាទបាយ័ន្ត នៅចំកណ្ដាលក្រុងអង្គរធំ ដែលត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន «ព្រះពោធិសត្វអវលោកេស្វរៈ» និងសម្រាប់ជាប្រាសាទរាជ្យរបស់ព្រះបាទជយវម៌្មទី៧ផង។
ស្ថាបត្យកម្មមានទម្រង់ជាប្រាង្គមុខ៤ ខណៈមុខនីមួយៗសុទ្ធតែមានស្នាមញញឹមយ៉ាងសមសួន ហើយកែវភ្នែកហាក់កំពុងសម្លឹងចុះមកក្រោម។ ក្នុងចំណុចនេះនាំឱ្យមានទស្សនៈ២យល់ឃើញផ្សេងៗគ្នា៖ ទស្សនៈទី១ គេថាមុខទាំងនោះតំណាងឱ្យព្រះភក្ត្ររបស់ព្រះពោធិសត្វអវលោកេស្វរៈ រីឯទស្សនៈទី២ គេថាមុខទាំងនោះជាព្រះភក្ត្រព្រះបាទជយវម៌្មទី៧ ដែលជាស្ថាបនិកកសាងប្រាសាទនេះ។
១. ព្រះភក្ត្រព្រះពោធិសត្វ
ព្រះបាទជយវម៌្មទី៧ មានជំនឿយ៉ាងមុតមាំទៅលើព្រះពុទ្ធសាសនាមហាយាន ហើយបានគោរពបូជាចំពោះព្រះពុទ្ធអង្គព្រះនាម «ព្រះពោធិសត្វអវលោកេស្វរៈ»។ អត្ថន័យនៃពាក្យ «ព្រះពោធិសត្វ» មានន័យថាជាអ្នកដែលប្រាថ្នាជាប់ជានិច្ចនូវពោធិញាណ គឺជាអ្នកដែលកំពុងខំប្រឹងបំពេញបារមី ព្រោះចង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ កាលបើនឹងភ្លាត់ជាតិទៅកើតជាជាតិសត្វតិរច្ឆាន ក៏គង់នៅហៅថាព្រះពោធិសត្វដែរ ព្រោះតែនៅមានបំណងនោះជាប់ជានិច្ច។ ចំណែកពាក្យ «អវលោកិតេ» មានន័យថាការប្រមើមើល និងពាក្យ «ស្វរ=ឦស្វរ» មានន័យថាជាធំ ឬជាបា (វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)។ បើក្រឡេកមើលទៅកំពូលប្រាសាទ គេឃើញព្រះភក្ត្រនីមួយៗរបស់ព្រះពោធិសត្វអវលោកេស្វរៈ ហាក់កំពុងចោលព្រះនេត្រទាំងទ្វេទតមើលពីឋានទេវលោកមកឋានមនុស្សលោក ដើម្បីរង់ចាំជួយដោះទុក្ខសត្វលោកទាំងឡាយដែលបានបន់ស្រន់ឱ្យព្រះអង្គជួយ។
២. ព្រះភក្ត្រព្រះបាទជយវម៌្មទី៧
មុខទាំង៤នេះក៏តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនរបស់ព្រះបាទជយវម៌្មទី៧ដែលមានចំពោះប្រជារាស្ត្រ នោះគឺមេត្តា ករុណា មុទិតា និងឧបេក្ខា ដែលព្រះអង្គរមែងយកព្រះទ័យទុកដាក់ជាប់ជានិច្ចលើសុខទុក្ខរបស់ប្រជារាស្ត្រជាងព្រះកាយរបស់ព្រះអង្គទៅទៀត។ យោងតាមសិលាចារឹកមួយឃ្លាចារនៅក្នុងរជ្ជកាលរបស់ព្រះអង្គមានខ្លឹមសារថា៖ សេចក្តីទុក្ខវេទនារបស់ប្រជារាស្ត្រ បានធ្វើឱ្យព្រះរាជាឈឺចាប់ទ្វេដងជាងនោះទៀត។
ជាការពិតណាស់ ក្នុងរជ្ជកាលរបស់ព្រះអង្គ មន្ទីរពេទ្យជាច្រើនមានរហូតដល់១០២ និងផ្ទះសំណាក់ចំនួន១២១ ត្រូវបានកសាងនៅទូទាំងអាណាចក្រ ពិសេសនៅតាមផ្លូវជាតិបុរាណធំៗដែលសុទ្ធតែឆ្ពោះចេញពីរាជធានីអង្គរ សម្រាប់ផ្ដល់ការព្យាបាលរោគ និងផ្តល់ជាទីកន្លែងសំណាក់បណ្តោះអាសន្នក្នុងអំឡុងពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ ដោយគ្មានការរើសអើងវណ្ណៈនិងឋានៈឡើយ (មីសែល ត្រាណេ)៕