(ភ្នំពេញ)៖ ក្រុងអង្គរធំ ឬយសោធរបុរៈ ឬជយបុរៈ ត្រូវបានសាងសង់ឡើងក្រោមស្នាព្រះហស្ដព្រះបាទជយវម៌្មទី៧ នាចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៤។ ខ្លោងទ្វារទាំង៥ គឺជាភាពខុសប្លែកពីទីក្រុងមុនៗ។ តើខ្លោងទ្វារទាំង៥នោះមានតួនាទីយ៉ាងដូច្នេះ?
១. ខ្លោងទ្វារជ័យ-ទិសខាងកើត
ខ្លោងទ្វារជ័យ ស្ថិតនៅមុខព្រះលានជល់ដំរី ត្រូវបានប្រើប្រាស់សម្រាប់អង្គព្រះមហាក្សត្រ និងកងទ័ពចេញ/ចូលបន្ទាប់ពីបានទទួលជ័យជម្នះក្នុងសង្គ្រាម ដូច្នេះហើយទើបខ្លោងទ្វារនោះត្រូវបានគេហៅថា «ខ្លោងទ្វារជ័យ»។
២. ខ្លោងទ្វារខ្មោច-ទិសខាងកើត
ខ្លោងទ្វារខ្មោច ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័ន្ត មានមុខងារសម្រាប់ដង្ហែសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណក្រុងអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានបើកសម្រាប់ពិធីដង្ហែសពប៉ុណ្ណោះ ដូច្នេះហើយត្រូវបានគេដាក់ឈ្មោះថា «ខ្លោងទ្វារខ្មោច»។
៣. ខ្លោងទ្វារទន្លេអុំ-ទិសខាងត្បូង
ខ្លោងទ្វារខាងត្បូង ត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងនាម៉ឺនសព្វមុខមន្ត្រី រហូតដល់ប្រជារាស្ត្រសាមញ្ញ ដែលអាចចេញ/ចូលបានគ្រប់ពេលវេលាតាំងពីព្រលឹម (ថ្ងៃរះ) ទល់ព្រលប់ (ថ្ងៃលិច) ក្នុងគោលបំណងប្រើប្រាស់សម្រាប់កិច្ចការរដ្ឋបាល សាសនា និងការរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមានការមមាញឹកជាងគេ។ បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា «ខ្លោងទ្វារទន្លេអុំ» ព្រោះគូទឹកនៅទីនេះត្រូវបានគេប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យអុំទូក ដើម្បីរំលឹកអំពីការធ្វើចម្បាំងឈ្នះមកលើកងនាវាជើងទឹករបស់កងទ័ពចាមក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ និងព្រះបាទជយវម៌្មទី៧។
៤. ខ្លោងទ្វារតាកាវ-ទិសខាងលិច
ខ្លោងទ្វារខាងលិច ត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត។ នៅពេលមានជនណាម្នាក់បានប្រព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារ ដោយជីករណ្ដៅកប់ និងយកដីឬថ្មកប់គ្របពីលើ (ប្រភព៖ ជីវ តាក្វាន់)។
៥. ខ្លោងទ្វារដីឆ្នាំង-ទិសខាងជើង
ខ្លោងទ្វារខាងជើង ត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបុព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមកទីក្រុង ដើម្បីចូលគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសុំនូវសេចក្តីព្រះរាជទានទោសប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណទីក្រុង ដើម្បីនាំយកពួកគេទៅអប់រំសាជាថ្មីឡើងវិញ។
ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាល និងតុលាការលើកលែងទោសចំពោះអ្នកទោសស្រាលធ្ងន់ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោសជាបន្តបន្ទាប់រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោសកំហុសរបស់ពួកគេម្នាក់ៗ។
ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា «ទ្វារដីឆ្នាំង» ព្រោះអ្នកស្រុកសម័យក្រោយយល់ថា នៅម្តុំបរិវេណខ្លោងទ្វារនោះសម្បូរទៅដោយដីឥដ្ឋសម្រាប់ប្រមូលយកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ចាន ឆ្នាំង និងក្អមជាដើម៕