(បរទេស)៖ ជាការពិតណាស់ ទីអវកាស គឺជាទីកន្លែងពោរពេញទៅដោយភាពគ្រោះថ្នាក់យ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងនេះក្ដីមានមនុស្សតែប៉ុន្មាននាក់ ប៉ុណ្ណោះដែលបាត់បង់ជីវិតនៅតំបន់នោះ។
រយៈពេលជាងកន្លះសតវត្សរ៍មកនេះ មានអវកាសយានិកសរុបប្រហែល៣០នាក់បានស្លាប់នៅកំឡុងពេលសមត្រៀមខ្លួន ឬពេលបំពេញបេសកកម្មអវកាសដែលប្រកបដោយគ្រោះថ្នាក់។ មួយចំណែកធំនៃករណីដែលមានមនុស្សបាត់បង់ជីវិត គឺបានកើតឡើងនៅលើផ្ទៃផែនដីផ្ទាល់ ឬមួយក៏នៅក្នុងស្រទាប់បរិយាកាសរបស់ភពយើង ដូចជាករណីផ្ទុះយាន Space Shuttle ២គ្រឿងរបស់ NASA ជាដើម ពោលគឺសុទ្ធតែនៅខាងក្រោមខ្សែព្រំប្រទល់នៃទីអវកាស គេហៅថា «បន្ទាត់ការម៉ាន់ (Karman Line)» ដែលចាប់ផ្ដើមពីរយៈកម្ពស់១០០គីឡូម៉ែត្រ។
ក្នុងចំណោមមនុស្សច្រើនជាង៥៥០នាក់ ដែលបានធ្វើដំណើរផ្សងព្រេងទៅក្នុងលំហអវកាសមានតែ៣នាក់ប៉ុណ្ណោះ ដែលបានបាត់បង់ជីវិតនៅទីនោះផ្ទាល់ គឺក្រុមអវកាសយានិករបស់អតីតសហភាពសូវៀតក្នុងកំឡុងបេសកកម្មមួយកាលពីឆ្នាំ១៩៧១។
ក្នុងដំណាក់កាលដំបូងៗនៃការរត់ប្រណាំងវិស័យអវកាស ទាំងខាងសហរដ្ឋអាមេរិក និងសហភាពសូវៀតសុទ្ធតែបានជួបប្រទះគ្រោះថ្នាក់ធ្លាក់យន្តហោះអាក្រក់ៗ ដែលបានផ្តាច់ជីវិតមនុស្សមួយចំនួន នៅពេលពួកគេធ្វើតេស្តយន្តហោះប្រើប្រាស់ម៉ាស៉ីនគ្រាប់រ៉ុក្កែត។ បន្ទាប់មក គឺករណីភ្លើងឆេះយានអាប៉ូឡូទី១ (Apollo 1) នៅខែមករា ឆ្នាំ១៩៦៧ ដែលបានសម្លាប់អវកាសយានិកអាមេរិក ចំនួនបីរូបគឺលោក Gus Grissom លោក Ed White និងលោក Roger Chaffee នៅក្នុងសភាពដ៏គួរឲ្យសោកសង្រេងបំផុត កំឡុងការធ្វើតេស្តមួយ។
ក្នុងរយៈពេលតិចជាងពីរឆ្នាំក្រោយមក គឺនៅខែតុលា ឆ្នាំ១៩៦៨ លោក Cunningham លោក Wally Schirra ព្រមទាំងលោក Donn Eisele បានក្លាយជាអវកាសយានិកដំបូងគេ នៃកម្មវិធីអាប៉ូឡូ (កម្មវិធីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ) របស់អាមេរិក ដែលបានទទួលជោគជ័យ ក្នុងការធ្វើដំណើរឡើងទៅកាន់ទីអវកាស។
ក្នុងពេលបីឆ្នាំបន្ទាប់មកទៀត អវកាសយានិកអាប៉ូឡូសម្រេចបាននូវបេសកកម្មចំនួន៧បន្ថែមទៀត រួមមានទាំងបេសកកម្មអាប៉ូឡូទី១១ (Apollo 11) ដែលជាការចុះនៅលើផ្ទៃព្រះច័ន្ទជាលើកដំបូង និងបេសកកម្មអាប៉ូឡូទី១៣ ដែលបានជួបបញ្ហានៅពាក់កណ្តាលទី ក្នុងលំហអវកាស។ មកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧១ មនុស្សជាតិយើងក៏បានជួបប្រទះជាលើកដំបូងនូវ ករណីមនុស្សបាត់បង់ជីវិតនៅក្នុងទីអវកាស និងជាករណីតែម្តងគត់ គិតមកទល់ពេលនេះ។
* មហន្តរាយនៃបេសកកម្ម Soyuz 11
ស្ថានីយអវកាសដំបូងបំផុត ដែលមានវត្តមាននៅលើស្រទាប់បរិយាកាសរបស់ផែនដីយើង គឺស្ថានីយ Salyut 1 របស់សហភាពសូវៀត ដែលត្រូវបានបញ្ជូនឡើងទៅទីនោះដោយគ្មានមនុស្ស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧១។ ប៉ុន្មានថ្ងៃក្រោយមក ក្រុមអវកាសយានិក ៣នាក់របស់សូវៀត បានជិះយានអវកាស Soyuz 10 ក្នុងគោលបំណងចូលទៅកាន់ស្ថានីយ Salyut 1 ហើយស្នាក់នៅទីនោះរយៈពេលមួយខែ។ ប៉ុន្តែពេលទៅដល់ពួកគេមិនអាចបើកទ្វារចូលបាន ហើយក៏ត្រឡប់ចុះមកផែនដីវិញ។ ពេលនោះមានបញ្ហាបន្តិចបន្តួចកើតឡើងដែរ ប៉ុន្តែអវកាសយានិកសូវៀតទាំង៣រូប បានមកដល់ផ្ទៃផែនដីដោយសុវត្ថិភាព។
ត្រឹមតែប៉ុន្មានខែក្រោយមក គឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំដដែល សូវៀតបានចេញបេសកកម្មមួយទៀត គឺ Soyuz 11 ដើម្បីព្យាយាមចូលទៅកាន់ស្ថានីយអវកាស Salyut 1 សាជាថ្មី។ ដោយផ្ទុយពីក្រុមអវកាសយានិកនៃបេសកកម្ម Soyuz 10 អវកាសយានិកទាំង៣នាក់របស់ Soyuz 11 មានលោក Georgi Dobrovolski លោក Vladislav Volkov ព្រមទាំងលោក Viktor Patsayev បានបើកទ្វារចូលទៅកាន់ស្ថានីយ Salyut 1 ដោយជោគជ័យ។
ពួកគេបានចំណាយពេល៣សប្តាហ៍នៅលើនោះ ដោយមិនត្រឹមទាំងបានបំបែកកំណត់ត្រាថ្មី សម្រាប់ការស្នាក់នៅទីអវកាស បានរយៈពេលយូរជាងគេប៉ុណ្ណោះទេ (គិតត្រឹមពេលនោះ) គឺពួកគេថែមទាំងបានធ្វើការពិសោធន៍ជាច្រើន ដែលផ្តោតទៅលើថា តើការស្នាក់នៅក្នុងលំហរយៈពេលវែង អាចមានឥទ្ធិពលអ្វីខ្លះមកលើរាងកាយមនុស្សទៀតផង។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៧១ អវកាសយានិកសូវៀតទាំង៣នាក់ បានត្រឡប់ចូលក្នុងយានអវកាស Soyuz 11 ហើយចាប់ផ្តើមការ ធ្វើដំណើរចុះឆ្ពោះមកផែនដីវិញ ដែលពេលនោះឯង សោកនាដកម្មក៏បានកើតឡើង។
សម្រាប់ក្រុមការងារនៅលើផ្ទៃផែនដី គឺដំណើរការត្រឡប់ចុះមកវិញរបស់យាន Soyuz 11 ហាក់បានប្រព្រឹត្តទៅដោយមិនមានបញ្ហាអ្វីទាំងអស់។ យាន Soyuz 11 បានឆ្លងកាត់ស្រទាប់បរិយាកាស ហើយទីបំផុតចុះមកដល់កាហ្សាក់ស្ថាន តាមការគ្រោងទុក។ រហូតទាល់តែនៅពេលដែល កងកម្លាំងរង់ចាំទទួលពួកគេ បើកទ្វារយានអវកាស ទើបដឹងថាអវកាសយានិកទាំង៣នាក់នោះ បានស្លាប់បាត់ទៅហើយ។
ក្រុមអ្នកស៉ើបអង្កេតបានសន្និដ្ឋានថា វាបណ្តាលមកពីសន្ទះវ៉ាល់សុវត្ថិភាពមួយដែលខូចហើយធ្លាយនៅក្នុងយានដែលពួកគេបានជិះ ដើម្បីសំដៅចុះមកផ្ទៃផែនដី។ ដោយស្ថិតនៅរយៈកម្ពស់១៦៨គីឡូម៉ែត្រ សម្ពាធខ្យល់នៅក្នុងកាប៊ីនយានរបស់អ្នកទាំង៣ ត្រូវបានស្រូបចេញទៅបាត់យ៉ាងឆាប់រហ័ស ដោយពួកគេរកវិធីដោះស្រាយពុំទាន់ឡើយ។
គួរជម្រាបថា នៅទីបំផុតពួកគេក៏ត្រូវថប់ខ្យល់ស្លាប់នៅក្នុងទីអវកាស គឺនៅលើខ្សែបន្ទាត់កាម៉ាន់ ដែលត្រូវបានទទួលស្គាល់ជាព្រំដែនខណ្ឌចែក រវាងស្រទាប់បរិយាកាសរបស់ផែនដី និងផ្ទៃលំហអវកាស។ ដោយសារតែសោកនាដកម្មនេះ សហភាពសូវៀតក៏បានផ្លាស់ប្តូរគោលការណ៍ ដោយតម្រូវឲ្យអវកាសយានិកទាំងអស់ ពាក់ឈុតសុវត្ថិភាពកំឡុងពេលជិះយានអវកាសត្រឡប់ចុះមកផែនដី ហើយរុស្ស៉ីនៅតែបន្តអនុវត្តគោលការណ៍នេះរហូតមកទល់សព្វថ្ងៃ និងគ្មានគ្រោះថ្នាក់ដូចខាងលើកើតឡើងទៀតឡើយ៕