(ភ្នំពេញ)៖ នៅមុនការបង្កើតផែនទីពិភពលោកពេញលក្ខណៈ មនុស្សមានសមត្ថភាពត្រឹមតែអាចគូរផែនទីសម្រាប់ប្រទេសរបស់ខ្លួន ឬទិដ្ឋភាពនៅជុំវិញពួកគេប៉ុណ្ណោះដូចជា មេឃ ផ្កាយ ព្រៃភ្នំ ទន្លេ សមុទ្រ និងទីក្រុងជាដើម ប៉ុន្តែក្រោយមកមនុស្សក៏បានអភិវឌ្ឍសមត្ថភាពអាចគូរផែនទីពិភពលោកទាំងមូលបាន និងប្រើប្រាស់យ៉ាងងាយស្រួលរហូតមកដល់ពេលបច្ចុប្បន្ន។
ចង់ដឹងថាតើអ្នកណាជាអ្នកបង្កើតផែនទីពិភពលោកមុនគេបង្អស់ ហើយផែនទីពិភពលោកនេះទៀតសោតមានការវិវត្តយ៉ាងដូច្នេះខ្លះនោះ Fresh News Plus សូមលើកបង្ហាញដូចតទៅ៖
អ្នកស្រាវជ្រាវបានរកឃើញថា ផែនទីចំណាស់ៗមួយចំនួនអាចមានអាយុកាលតាំងពីកំលុងឆ្នាំ ១៦៥០០ មុនគ្រិស្តសករាជ។ រហូតដល់សតវត្សរ៍ទី៦ មុនគ្រិស្ដសករាជ ទស្សនវិទូជនជាតិក្រិកម្នាក់គឺលោក អាណាក់ស៉ីមែនឌឺ (Anaximander) បានចាប់គូរផែនទីពិភពលោកនៅលើក្រដាសដំបូងគេបង្អស់ ប៉ុន្តែផែនទីរបស់លោកមិនមានលក្ខណៈពេញលេញដូចពេលបច្ចុប្បន្ននោះឡើយ ក៏ព្រោះតែផែនទីនេះបែរជាមានរាងជាស៉ីឡាំងទៅវិញ។
លុះក្រោយៗមកទៀត មានអ្នកប្រាជ្ញក្រិកជាច្រើននាក់បានបន្តកែច្នៃផែនទីពិភពលោកឱ្យកាន់តែល្អជាងមុន ក្នុងទម្រង់ផែនដីមានរាងមូល ខណៈពួកគេបានរំលេចប្រទេសក្រិកនៅចំណុចកណ្តាលនៃផែនទី ព័ទ្ធជុំវិញដោយសមុទ្រ ប្រៀបបីដូចប្រទេសក្រិករបស់ពួកគេនៅចំកណ្ដាលនៃចក្រវាឡយ៉ាងដូច្នេះដែរ។
នៅលើផែនទីពិភពលោកនោះ ពួកក្រិកបានកំណត់ផ្នែកនៃពិភពលោកត្រឹមតែពីរទ្វីបប៉ុណ្ណោះ គឺទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ អ្វីដែលពិសេសលើសពីផែនទីមុនៗ គឺពួកគេបន្ថែមឱ្យមានខ្សែបណ្តោយ និងខ្សែទទឹង ព្រមទាំងប៉ូលខាងជើង (មើលចំពីលើផែនដី) នៅលើផែនទីរបស់ពួកគេផងដែរ។ ប្រសិនប្រៀបធៀបជាមួយផែនទីពិភពលោករបស់លោក អាណាក់ស្ស៉ីមែនឌឺ ផែនទីរបស់ពួកអ្នកជំនាន់ក្រោយនេះងាយស្រួលមើលជាង គ្រាន់តែការបែងចែកទ្វីបមិនទាន់សុក្រឹតនៅឡើយ។
ពាក់ព័ន្ធនឹងសមិទ្ធផលនៃការបង្កើតផែនទីពិភពលោកនេះដែរ គេក៏បានរកឃើញផែនទីមួយចំនួនផ្សេងទៀតដែលបង្កើតឡើងអំពីដីឥដ្ឋនៅទីក្រុងបាប៊ីឡូនបុរាណ (Babylon) នាកំលុងឆ្នាំ ៦០០ មុន គ្រិស្តសករាជ។ ចំណែកនៅប្រទេសចិនវិញ គេក៏បានរកឃើញផែនទីនៅលើបន្ទះក្តារឈើ និងក្រណាត់សូត្រ ដែលបង្ហាញពីដែនដីចក្រភពឈីង (Qin 221-206 BC) កាលពីកំលុងសតវត្សរ៍ទី២ មុនគ្រិស្តសករាជ។
រហូតមកដល់សម័យរុករកដីថ្មី ពិសេសនៅសម័យអាណានិគមអឺរ៉ុប វិស័យនាវាចរណ៍ផ្លូវសមុទ្រមានការរីកចម្រើនយ៉ាងខ្លាំង ដែលអាចឱ្យពួកគេអាចកំណត់ផែនទីពិភពលោកកាន់តែច្បាស់ជាងមុន ហើយពួកគេបានខិតខំអភិវឌ្ឍសមត្ថភាពនៃការកែច្នៃផែនទីពិភពលោកនេះឱ្យកាន់តែច្បាស់លាស់ និងងាយស្រួលប្រើប្រាស់ជាងមុន។
ចំណេរកាលក្រោយមក ពិភពលោកក៏បានឈានដល់សម័យទំនើប មនុស្សអាចបង្កើតបាឡុងខ្យល់ហោះលើអាកាស អាចបង្កើតយន្តហោះ រហូតឈានដល់ការបង្កើតផ្កាយរណបបានទៀត ជាហេតុធ្វើឱ្យការបង្កើតផែនទីពិភពលោក ក៏កាន់តែសុក្រឹតច្បាស់លាស់ខ្លាំងជាងមុន។ សមិទ្ធផលនេះបានជម្រះមន្ទិលសង្ស័យរបស់មនុស្សជាតិទាំងឡាយ ចំពោះការកំណត់ផែនទីពិភពលោក ក្រោយការបង្កើត និងការកែច្នៃជាបន្តបន្ទាប់អស់កាលជាងមួយម៉ឺនឆ្នាំ៕