(ភ្នំពេញ)៖ ពេលដែលយើងក្រឡេកមើលផែនទីពិភពលោក យើងទំនងជាកត់សម្គាល់ឃើញថា ព្រំប្រទល់របស់បណ្តាប្រទេសជាច្រើននៅឯទី្វបអាហ្រ្វិកមានលក្ខណៈជាខ្សែបន្ទាត់ត្រង់ៗ ជាពិសេសនៅតំបន់ភាគខាងជើង និងខាងត្បូង។

ហេតុអ្វីបានជាប្រទេសអាហ្វ្រិកជាច្រើនមានព្រំប្រទល់ត្រង់ៗយ៉ាងដូច្នេះ?

ចម្លើយគឺដោយសារតែទ្វីបអាហ្វ្រិកធ្លាប់ស្ថិតក្រោមអាណានិគមរបស់អឺរ៉ុបតាំងតែពីមុនសតវត្សទី១៨មកម្ល៉េះ។ នៅពេលទៅដល់អាហ្រ្វិក ពួកអឺរ៉ុបរួមមានដូចជាចក្រភពអង់គ្លេស បារាំង អ៉ីតាលី ព័រទុយហ្កាល់ អេស៉្បាញ ប៊ែលហ្ស៉ិក អាល្លឺម៉ង់ជាដើម បានឯកភាពគ្នាបែកចែកព្រំប្រទល់ដែនដីអាណានិគមរបស់ខ្លួន ដោយប្រើខ្សែបន្ទាត់ត្រង់ៗដើម្បីកាត់បន្ថយភាពស្មុគស្មាញ ក្នុងករណីដែលគ្មានរនាំងធម្មជាតិដូចជា ដងទន្លេ បឹងធំៗ ជួរភ្នំ ដើម្បីយកធ្វើជាព្រំប្រទល់។ ប្រមាណជាង៤០ភាគរយនៃព្រំប្រទល់នៅអាហ្រ្វិក គឺមានលក្ខណៈជាបន្ទាត់ត្រង់ៗ។

គួរជម្រាបថា ដែនដីអាណានិគមរបស់មហាអំណាចអឺរ៉ុបនៅទ្វីបអាហ្រ្វិក ភាគច្រើនទទួលបានឯករាជ្យនៅសតវត្សទី២០ ហើយព្រំប្រទល់ត្រង់ៗរបស់ប្រទេសទាំងនោះបានរក្សាមកទល់សព្វថ្ងៃ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺការគូសខ្សែបន្ទាត់ព្រំដែនរបស់ពួកអឺរ៉ុប ត្រូវបានធ្វើឡើងដោយមិនខ្វល់ពីព្រំប្រទល់របស់ក្រុមកុលសម្ព័ន្ធដ៏ច្រើនលើសលប់នៅទ្វីបអាហ្រ្វិកឡើយ។ ឧទាហរណ៍ អ្នកខ្លះរស់នៅក្នុងភូមិកុលសម្ព័ន្ធតែមួយ ប៉ុន្តែត្រូវស្ថិតនៅប្រទេសផ្សេងគ្នា៕