(ភ្នំពេញ)៖ ប្រវត្តិសាស្ត្រនៃការលិចនាវាទេសចរណ៍ខ្នាតយក្ស ទីតានិក (Titanic) នៅមហាសមុទ្រអាត្លង់ទិក កាលពីឆ្នាំ១៩១២ គឺបានកើតឡើងជាង១១១ឆ្នាំមកហើយ ក្នុងនោះគឺបានធ្វើអ្នកទេសចរប្រមាណ១,៥០០នាក់បានស្លាប់យ៉ាងអាណោចអាធម។ ថ្មីៗនេះ មហាសេដ្ឋី៥នាក់ក៏បានស្លាប់ទៅទៀត ដោយសារតែបរាជ័យក្នុងការធ្វើដំណើរចុះទៅមើលសពនាវាទីតានិកនោះ។
រំឭកទៅកាន់អតីតកាល១១១ឆ្នាំមុន តើម្ចាស់នាវាទេសចរណ៍ខ្នាតយក្សទីតានិកនេះជាអ្នកណា? តើវាសនារបស់គាត់ទទួលរងសម្ពាធយ៉ាងណា នៅពេលជួបនៅឧប្បទ្វហេតុដ៏ធំនោះ?
រឿងរ៉ាវគឺផ្ដើមឡើងកាលពី១១៧ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ១៩០៦ ក្រុមហ៊ុន Cunard បានដាក់ចេញនូវខ្សែទស្សនកិច្ចទេសចរណ៍តាមផ្លូវសមុទ្រចំនួន២ខ្សែ គឺតាមរយៈនាវាទេសចរណ៍ RMC Lusitania និងនាវាទេសចរណ៍ RMS Mauretania។ ក្រុមហ៊ុននេះគឺជាគូប្រជែងដ៏ធំជាមួយក្រុមហ៊ុន White Star។ ដោយមើលឃើញថាក្រុមហ៊ុនរបស់ខ្លួនកំពុងជួបគូប្រជែងធំបែបនេះ លោក Ismay ដែលជាប្រធានក្រុមហ៊ុន White Star បានសម្រេចចិត្តរៀបចំខ្សែទស្សនកិច្ចទេសចរណ៍តាមផ្លូវសមុទ្រដ៏អស្ចារ្យបំផុត។ នាវាទេសចរណ៍ខ្នាតយក្ស៣គ្រឿង គឺ RMS Olympic, HMS Britannic និង HMS Titanic គឺជាក្ដីសង្ឃឹមដ៏សំខាន់របស់លោក Ismay ដែលអាចទាក់ទាញអតិថិជនកម្រិតអភិជនជាច្រើនសម្រាប់ដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលខ្លី។ ជាមួយគ្នានោះ កម្មវិធីទេសចរណ៍របស់ក្រុមហ៊ុនលោកក៏មានការផ្គត់ផ្គង់រៀបចំសម្រាប់បណ្ដាអតិថិជនថ្នាក់ទាបផងដែរ។
នាវាទេសចរណព៍ទីតានិក គឺជាគម្រោងការណ៍រៀបចំឡើងដោយលោក Ismay។ យានសមុទ្រដ៏អស្ចារ្យនេះត្រូវបានរចនាឡើងយ៉ាងប្រណីតបំផុតក្នុងចំណោមប្រវត្តិសាស្រ្តរបស់នាវាទាំងអស់ដែលធ្លាប់មាន។ ក្នុងខែមេសា ឆ្នាំ១៩១២ កប៉ាល់ទីតានិកបានចេញដំណើរពីក្រុង Southmton ប្រទេសអង់គ្លេស ក្នុងគ្រានោះទូកសង្គ្រោះគឺមានតែ១៦គ្រឿងប៉ុណ្ណោះ ដោយមានលោក Ismay គឺជាអ្នកកំណត់សម្រេចកាត់បន្ថយចំនួនទូកសង្គ្រោះនេះពីចំនួន៤៦មកនៅតែ១៦។
ទីបំផុត សោកនាដកម្មក៏បានកើតឡើង ខណៈមានមនុស្សប្រមាណជាង១៥០០នាក់ត្រូវបានស្លាប់យ៉ាងអណោចអធមក្នុងព្រឹត្តិការណ៍លិចកប៉ាល់ទីតានិចនោះ។ បន្ទាប់ពីសោកនាដកម្មនេះបានកើតឡើង លោក Ismay បានក្លាយជាជនទទួលការស្អប់ខ្ពើមបំផុតពីមហាជននៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនាដើមសតវត្សទី២០។ ក្រៅពីរងការស្អប់ខ្ពើមនូវការសម្រេចចិត្តរបស់លោកនេះហើយ លោក Ismay ត្រូវទប់ទល់នឹងកំហឹងដ៏ធំបំផុតពីមហាជន ដោយសារតែក្នុងពេលលិចនាវានោះលោកបែរជាយកតែព្រះអាយុតែខ្លួនឯង។ លោកអាចរស់រានមានជីវិតបានដោយលោតចូលទៅក្នុងទីតាំងទូកសុវត្ថិភាពមួយតែម្នាក់ឯង ទង្វើនេះគ្រប់គ្នាយល់ថាវាគឺជាបទឧក្រិដ្ឋដ៏ឃោរឃៅមួយ ដែលធ្វើឲ្យលោកទទួលការស្អប់ខ្ពើមពីមហាជនយ៉ាងដូច្នេះ។
រឿងរ៉ាវជាច្រើនបន្តបន្ទាប់ ត្រូវបានលាតត្រដាងឡើងថា លោក Ismay បានក្លែងខ្លួនជារូបរាងស្ត្រីដើម្បីឡើងជិះទូកសុវត្ថិភាពនោះ។ អ្នកនយោបាយសហរដ្ឋអាមេរិកមួយរូបបានទាមទារនាំខ្លួនលោក Ismay មកជម្រះតតាំងនៅខាងមុខសភាជាតិពីបទឧក្រិដ្ឋ ពាក់ព័ន្ធនឹងការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់ពាន់នាក់នៅលើនាវានេះ។
លោក Ismay បានទទួលខុសត្រូវយ៉ាងពេញលេញជុំវិញរឿងរ៉ាវដែលបានកើតឡើងនោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាពុំអាចធ្វើការបញ្ឈប់កំហឹងមហាជនបានដោយងាយស្រួលឡើយ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ សង្គមទីក្រុងឡុងដ៍ទាំងមូលបានសម្រេចចិត្តផ្ដាច់កិច្ចទំនាក់ទំនងទាំងស្រុងពីលោក ហើយលោកក៏បានលាលែងពីមុខតំណែងក្នុងក្រុមហ៊ុនទាំងអស់។
ក្នុងឆ្នាំ១៩១៣ លោកនិងភរិយារបស់ខ្លួន គឺលោកស្រី J. Bruce Ismay ដែលជាអតីតប្រធានក្រុមហ៊ុន White Star Line បានផ្លាស់ទៅរស់នៅឯទីក្រុង Galway នៅទីតាំងតំបន់ Casla ប្រទេសអៀរឡង់។ ការសម្រេចចិត្តផ្លាស់ទីលំនៅថ្មីរបស់លោក វាបានធ្វើឱ្យលោកមានការរួចផុតធូរស្បើយមួយចំណែកពីអំពើដែលលោកបានជួបប្រទះនៅឯចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ លោកបានទៅរស់នៅឯតំបន់ផ្ទះសំណាក់ Costello ក្នុងតំបន់ Casla ប្រទេសអៀរឡង់ ហើយក្រោយមកត្រូវបានដុតបំផ្លាញដោយពួកកងទ័ពសាធារណរដ្ឋអៀរឡង់ ក្នុងឆ្នាំ១៩២២។ ប៉ុន្តែឆ្នាំបន្ទាប់មក វាត្រូវបានធ្វើការសាងសង់ឡើងវិញឱ្យមានលក្ខណៈធំជាងមុន។ លោក Ismay បានបន្តរស់នៅក្នុងតំបន់នោះអស់រយៈពេលជាង២៥ឆ្នាំ មុនពេលធ្វើការវិលត្រឡប់ទៅរស់នៅប្រទេសអង់គ្លេសវិញ គឺពេលដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា កើតមានជំងឺទឹកនោមផ្អែម។ អាយុ៧៤ឆ្នាំ លោកបានទទួលមរណភាពនៅទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៩៣៧។
លោកស្រី Julia Ismay នៅបន្តរស់នៅតំបន់ Casla នោះដដែល ដោយបានសាងសង់រូបរាងស្តូបថ្មកំបោរមួយនៅក្នុងសួនច្បារ ដែលតំណាងឱ្យរូបលោក Ismay ដោយមានចារឹកអក្សរមួយនៅខាងលើនោះថា៖ «លោកគឺជាអ្នកស្រឡាញ់ចូលចិត្តទីតាំងភូមិឋានព្រៃមួយរូប ព្រោះវាជាកន្លែងអាចឱ្យយើងទទួលបាននូវភាពរីករាយឥតព្រំដែន ដូចដែលដួងវិញ្ញាណរបស់មនុស្សគ្រប់គ្នាប្រាថ្នាចង់បាន»៕