(ភ្នំពេញ)៖ បច្ចុប្បន្ននេះ កាំជ្រួចត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់អបអរសាទរក្នុងឱកាសផ្សេងៗនៅជុំវិញពិភពលោក។ ចាប់តាំងពីសម័យបុរាណរហូតមកដល់សម័យទំនើបសព្វថ្ងៃ គេសង្កេតឃើញថា កាំជ្រួច (Firework) មានការវិវត្តប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ដំបូងៗកាំជ្រួចមិនអាចធ្វើអ្វីផ្សេង ក្រៅតែពីផ្ទុះឡើយ ប៉ុន្តែមកដល់ឥឡូវវិញ វាអាចបង្កើតចេញជារូបរាងផ្សេងៗ មានពណ៌ចម្រុះ និងបន្លឺសំឡេងខុសៗគ្នាបានថែមទៀតផង។
* ដំណើរចាប់ផ្ដើមដំបូងបំផុតនៃកាំជ្រួច
អ្នកប្រវត្តិវិទូភាគច្រើនយល់ឃើញថា កាំជ្រួចគឺត្រូវបានបង្កើតឡើងដំបូងនៅឯប្រទេសចិនក្នុងទម្រង់ជាផាវ។ ប៉ុន្តែមានអ្នកខ្លះទៀតយល់ថា ដើមកំណើតដំបូងបំផុតរបស់វាគឺចេញមកពីតំបន់មជ្ឈិមបូព៌ា ឬប្រទេសឥណ្ឌាទៅវិញ។ យ៉ាងណាក៏ដោយបើតាមក្រុមអ្នកស្រាវជ្រាវអាមេរិក ប្រហែលកាលពីខ្ទង់ឆ្នាំ៨០០នៃគ្រិស្តសករាជ ក្រុមគីមីវិទូចិនសម័យបុរាណ គឺជាអ្នកដែលបានធ្វើពិសោធន៍រហូតបង្កើតចេញជាម្សៅរំសេវឡើង។ តាំងពីពេលនោះជនជាតិចិនចាប់ផ្តើមប្រកាន់ជំនឿថា ការបំផ្ទុះផាវដែលបង្កើតចេញពីប្រើរំសេវនេះអាចជួយការពារពួកគេពីវិញ្ញាណអាក្រក់ៗនានាបាន។
វិធីសាស្រ្តដំបូងបំផុតនៃការបង្កើតផាវ គឺពួកគេនាំគ្នាញាត់រំសេវចូលក្នុងបំពង់ឫស្សី រួចហើយបោះវាចូលទៅក្នុងភ្នក់ភ្លើង ដែលបង្កើតឱ្យមានសំឡេងផ្ទុះយ៉ាងឮមួយ។ ក្រោយមកទៀតផាវផ្ទុះទាំងនោះបានវិវត្តប្រែប្រួលថែមទៀត ដោយបំពង់ក្រដាសត្រូវបានប្រើប្រាស់ជំនួសបំពង់ឫស្សី ហើយគេលែងបោះវាចូលក្នុងភ្នក់ភ្លើងទៀតហើយ គឺគេភ្ជាប់ខ្សែក្រដាស់ជាប់ជាមួយវាដើម្បីដុតបំផ្ទុះ។
ពេលមកដល់សតវត្សទី១០ ជនជាតិចិនក៏បានរកឃើញថា ពួកគេអាចបង្កើតគ្រឿងផ្ទុះចេញពីរំសេវ។ ដូច្នេះពួកគេបានភ្ជាប់ផាវជាមួយនឹងគ្រាប់ព្រួញ ដែលពួកគេបាញ់ទៅលើខ្មាំងសត្រូវ។ ក្នុងអំឡុងពេល២០០ឆ្នាំក្រោយមកទៀត ផាវត្រូវបានកែច្នៃឱ្យក្លាយទៅជាកាំជ្រួចដែលអាចបាញ់ទៅលើសត្រូវដោយពុំចាំបាច់ត្រូវការគ្រាប់ព្រួញឡើយ។ បច្ចេកវិទ្យានេះហើយដែលគេប្រើប្រាស់ក្នុងព្រឹត្តិការណ៍បាញ់កាំជ្រួច។
* ការរីកសុះសាយនៃវត្តមានរំសេវ និងសិល្បៈនៃការបំផ្ទុះកាំជ្រួច
រំសេវបានទៅដល់តំបន់អឺរ៉ុបកាលពីខ្ទង់សតវត្សទី១៣។ ពួកអឺរ៉ុបបានប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីផលិតចេញជាអាវុធ ប៉ុន្តែទន្ទឹមគ្នាក៏នៅតែរក្សាវត្ថុបំណងដើមដំបូងរបស់វាដដែលផងដែរ។ កាំជ្រួចជាធម្មតាត្រូវបានគេបាញ់បំផ្ទុះ ដើម្បីជាការអបអរក្នុងឱកាសរីករាយផ្សេងៗ។ បន្ទាប់ពីបានទៅដល់អឺរ៉ុបហើយនោះ រំសេវនិងរូបមន្តនៃការបង្កើតកាំជ្រួចបានរីកសុះសាយទៅកាន់ផ្នែកដទៃទៀតនៃពិភពលោក ស្របពេលដែលពួកអឺរ៉ុបបានធ្វើការរុករកនៅតាមតំបន់ដែលពួកគេចាត់ទុកជាដែនដីថ្មីៗ។
ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប កាំជ្រួចមានការពេញនិយមជាពិសេសនៅអ៉ីតាលី។ នៅអំឡុងទសវត្សឆ្នាំ១៨៣០ ប្រជាជននៅអ៉ីតាលីបានចាប់ផ្តើមនឹកឃើញលាយឡំសារធាតុផ្សេងៗ ដើម្បីបង្កើនពន្លឺរបស់កាំជ្រួច ហើយបង្កើតចេញជារូបរាងប្លែកជាច្រើន។ ទីបំផុតពួកគេក៏អាចបង្កើតពណ៌ថ្មីសម្រាប់កាំជ្រួចបានថែមទៀត ខណៈពីដំបូងឡើយកាំជ្រួចមានតែពណ៌ទឹកក្រូចមួយប៉ុណ្ណោះ។
គួរជម្រាបថា ទំនៀមទម្លាប់នៃការបាញ់កាំជ្រួចដើម្បីអបអរសាទរនៅតែបន្តអនុវត្តនៅពាសពេញសកលលោករហូតមកទល់សព្វថ្ងៃនេះ ហើយប្រទេសដែលជាអ្នករកឃើញរំសេវ គឺចិននៅតែជាអ្នកផលិតនិងនាំចេញកាំជ្រួចច្រើនជាងគេបំផុត៕