(ស៊ីដនី)៖ អ្នកវិទ្យាសាស្រ្ត​អូស្រ្តាលីដែលសិក្សា​ទៅលើគំរូតាងដុំថ្មយក​មកពីព្រះច័ន្ទកាលពីរាប់ទសវត្សរ៍​កន្លងទៅ ​បានរកឃើញ​តម្រុយមួយដែល​អាចបង្ហាញថា​​ ពួកវាទំនង​ជា​បានកើតឡើងនៅលើ​ផែនដី។ ប្រការនេះ​បានបណ្តាលឲ្យក្រុម​អ្នក​​វិទ្យា​សាស្រ្តអូស្រ្តាលី​​​​​​​​សន្និដ្ឋានថា គំរូតាងដុំថ្មដែល​ពួកគេសិក្សាប្រហែលជាខ្ទាត​ទៅដល់​ព្រះច័ន្ទ នៅពេលអាចម៍​ផ្កាយធំណាម​​មួយ​បាន​បុក​​​ចំផែនដី​កាលពីរាប់រយ ឬអាចរាប់ពាន់លាន​ឆ្នាំមុន។

​ក្រុមអ្នកវិទ្យាសាស្រ្ត​ខាងលើ​មកពី​សាកលវិទ្យាល័យ Curtin ក្នុងរដ្ឋអូស្រ្តាលី​ខាងលិច បានធ្វើការសិក្សា​ទៅលើ​គំរូដុំថ្ម​​​ដែល​​​​ក្រុម​អវកាសយានិក​​​នៃបេសកកម្ម Apollo 14 បានប្រមូល​យកមកពី​លើផ្ទៃ​ព្រះច័ន្ទ​កាល​ពីឆ្នាំ១៩៧១ និងជាកម្ចីពី​ទីភ្នាក់ងារ​អវកាស​​អាមេរិក NASA ហើយការងារ​​សិក្សានេះក៏ត្រូវ​បានធ្វើឡើង​ក្រោមការ​សហការជាមួយ​សារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិស៊ុយអែត សាកលវិទ្យាជាតិ​អូស្រ្តាលី និង​វិទ្យាស្ថាន​សិក្សាភព​និងព្រះច័ន្ទ​​នៃទីក្រុងហួស្តុន (Houston) រដ្ឋតិចសាស់ សហរដ្ឋអាមេរិកផងដែរ។

អំឡុងនៃ​ការសិក្សាពួកគេបាន​រកឃើញថា ដុំថ្មទាំងនោះផ្ទុក​សមាសធាតុមានលក្ខណៈ​ស្រដៀងទៅនឹង​ថ្មក្រានីត (Granite) ដែល​សម្បូរនៅលើ​ផែនដី ប៉ុន្តែកម្រខ្លាំង​នៅលើ​ផ្ទៃព្រះច័ន្ទ។ ​លទ្ធផលនេះ​បានជំរុញអ្នកវិទ្យាសាស្រ្ត​អូស្រ្តាលី​មួយក្រុមនេះ​​​សង្ស័យថា បំណែកដុំថ្ម​ទាំងនោះ​បានខ្ទាតចេញ​ពីផែនដី​ ដោយសារតែការប៉ះទង្គិច​អាចម៍ផ្កាយ ដែលទំនង​ជាមានឥទ្ធិពលប្រហាក់ប្រហែល​នឹងព្រឹត្តិការណ៍​​ដែល​បានផ្តាច់​ពូជសត្វ​ដាយណូស័រដែរ។

បើតាមអ្នក​វិទ្យាសាស្រ្តជឿ ព្រះច័ន្ទខ្លួនវាផ្ទាល់បាន​កកើតឡើង​កាលពី៤.៥ពាន់លាន​ឆ្នាំមុន ដោយសារតែ​ព្រឹត្តិការណ៍ប៉ះទង្គិច​​គ្នាដ៏កក្រើក​​​រវាងភពរបស់យើង​ជាមួយ​នឹង​ភព​មួយទៀត​ទំហំអាចធំប៉ុន​ភពអង្គារ (Mars)។ ទោះជាបែបនេះ​ក៏ដោយ ព្រះច័ន្ទ​បាន​​អភិវឌ្ឍន៍​បុគ្គលិក​លក្ខណៈ​ភូមិសាស្រ្ត​​ផ្ទាល់ខ្លួនរបស់វា ដែលធ្វើឲ្យថ្មនៅ​ទីនោះ​មានភាពខុសគ្នា​ឆ្ងាយ​ពី​ថ្មដែលនៅលើ​ផែនដី​។​ ខណៈដុំថ្មរបស់ព្រះច័ន្ទ​ធ្លាប់ត្រូវគេរកឃើញថា មានវត្តមាន​នៅលើផែនដី​ដោយសារការប៉ះទង្គិច​នៃអាចម៍​ផ្កាយ ស្ថានភាពផ្ទុយគ្នាវិញនោះ​គឺពុំត្រូវបាន​អង្កេត​ពីមុនមកឡើយ៕