(ភ្នំពេញ)៖ អ្នកប្រាជ្ញជនជាតិក្រិកដ៏ល្បីល្បាញផ្នែកទស្សនវិជ្ជា១រូបទៀត កាលពី២៤៤៨ឆ្នាំមុន នោះគឺប្លាតុង (Plato) គឺជាអ្នកបង្កើតសាកលវិទ្យាល័យទស្សនវិជ្ជាមុនគេបង្អស់នៅទ្វីបអឺរ៉ុប។

ប្លាតុង គឺជាសិស្សរបស់សូក្រាត (៤៧០-៣៩៩ មុនគ្រិស្តសករាជ) ដែលជាបិតាទស្សនវិជ្ជាមុនគេនៅទីក្រុងអាតែន ប្រទេសក្រិក។ ប្លាតុងក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាកលវិទ្យាល័យទស្សនវិជ្ជាជាន់ខ្ពស់ អាកាដឺមី (Academy) នៅក្រុងអាតែន ដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅទ្វីបអឺរ៉ុប។

* ជីវប្រវត្តិរបស់ប្លាតុង
ប្លាតុងកើតនៅក្នុងបុរីអាតែន និងស្លាប់ទៅវិញក៏ទីនោះដែរ។ ឈ្មោះដើមរបស់លោក គឺអារីស្តូក្លេស (Aristocles) ប៉ុន្តែដោយសារលោកមានមាឌធំ ទើបគេហៅថា ប្លាតុង ដែលតាមភាសាក្រិកមានន័យថា ធំសម្បើម។ លោកសិក្សានៅអាតែនតាំងតែនៅពីតូចម្លេះ លុះអាយុបាន២០ឆ្នាំ លោកក៏បានក្លាយជាសិស្សរបស់សូក្រាត។ ឪពុករបស់ប្លាតុងឈ្មោះ អារីស្តូន (Ariston) ជាម្ចាស់ទាសករនៅអេហ្ស៉ីន (Agean) ម្តាយរបស់លោកឈ្មោះ ពែរីហ្សូន (Peritione) កើតក្នុងត្រកូលអ្នកបង្កើតច្បាប់។

* ដំណើរជីវិតរបស់ប្លាតុងមុនបង្កើតសាកលវិទ្យាល័យ
ក្រោយគ្រូរបស់ខ្លួន គឺសូក្រាត ត្រូវគេកាត់ទោសប្រហារជីវិតទៅ ប្លាតុងបាននិរទេសខ្លួនចាញពីអាតែនទៅរស់នៅក្រុងមេហ្កា ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសអ៉ីតាលី ក្នុងឆ្នាំ៣៨៨មុនគ្រិស្តរាជ។ នៅទីនោះ ប្លាតុងត្រូវបានព្រះអង្គដេនីសទី១ និងឌីយ៉ុង ដែលត្រូវជាបងថ្លៃរបស់ព្រះអង្គដេនីសចាប់ខ្លួនយកទៅឃុំ ដោយចោទប្រកាន់ថា ប្លាតុងបង្កឲ្យមានឥទ្ធិពលអាក្រក់ដល់នយោបាយពួកគេ។ ប្លាតុង ត្រូវបានគេយកទៅដាក់លក់នៅលើទីផ្សារតាមរូបភាព និងបែបបទជាឧបករណ៍ចេះនិយាយ (ជាទំនិញម្យ៉ាងនៅសម័យនោះ)។ ជាភ័ព្វសំណាងល្អ ត្រូវបានអ្នកមានម្នាក់ទិញសេរីភាពជូន ហើយឲ្យវិលត្រឡប់ទៅអាតែនវិញ។ មកដល់អាតែន ក្នុងឆ្នាំ៣៨៧មុនគ្រិស្តរាជ ប្លាតុងបង្កើតសាកលវិទ្យាល័យទស្សនវិជ្ជាមុនគេបង្អស់នៅទ្វីបអឺរ៉ុបតែម្តង។ លោកធ្វើការនៅទីនោះប្រហែល២០ឆ្នាំ។

* សាកលវិទ្យាល័យប្លាតុង
ក្នុងរង្វង់ឆ្នាំ៣៨៧មុនគ្រិស្តរាជ គឺពេលដែលលោកប្លាតុង មានអាយុ៤០ឆ្នាំ លោកបានវិលត្រឡប់មកដល់ក្រុងអាតែនវិញ និងបង្កើតសាកលវិទ្យាល័យទស្សនវិជ្ជានៅក្រៅទីក្រុង ហើយសាកលវិទ្យាល័យនោះប្រមូលផ្តុំទៅដោយក្រុមអ្នកខ្លាំងរបស់ក្រិកប្រហែល១០នាក់ ឈ្មោះថា Acedmus។ ពេលធ្វើការក្នុងសាកលវិទ្យាល័យ ដែលស្ថិតនៅកណ្តាលវាលនេះ ប្លាតុង បង្រៀនសិស្សជាច្រើន ដែលជាពួកមកពីពិភពក្រិកទាំងមូល (ក្នុងនោះក៏មានសិស្សប្រហែល ១០នាក់ទៀតមកពីប្រទេសផ្សេង)។ មានការកត់ត្រា ភាគច្រើននៃសំណេររបស់ប្លាតុង ជាពិសេសសំណេរឈ្មោះ Later dialogues ត្រូវបានយកទៅធ្វើជាឯកសារក្នុងការបង្រៀនសិស្សមុនគេ។ សាកលវិទ្យាល័យរបស់ប្លាតុងបានរកឃើញរបបគំហើយថ្មីៗច្រើនជាងការបង្រៀនរបស់លោក សូក្រាត ដែលជាគ្រូរបស់ប្លាតុងទៅទៀត។ នេះក៏ព្រោះតែសូក្រាត មិនដែលបង្កើតសាលា ហើយក៏មិនដែលរៀបចំការបង្រៀនល្អ ដូចនៅសាកលវិទ្យាល័យរបស់ប្លាតុងទៀតផង។

* ទស្សនវិជ្ជាដ៏ល្បីរបស់ប្លាតុង
ទស្សនៈរបស់ប្លាតុងបានអះអាងថា ពិភពលោកកើតឡើងដោយធាតុ២យ៉ាង គឺពិភពទស្សនៈ និងរូបធាតុ។ ពិភពទស្សនៈ មិនសំដៅទៅលើរចនាសម្ព័ន្ធគំនិតនោះទេ ប៉ុន្តែជាពិភពសច្ចៈ ដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង។ ចំណែករូបធាតុ និយមនៅក្នុងដំណើរវិវត្តន៍របស់ខ្លួន គ្មានភាពសច្ចៈទេ។ ប្លាតុងបានបង្ហាញថា «គ្មានរូបធាតុណាមួយ មិនប្រែប្រួលបាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រែប្រួល» បានន័យថា គឺមានតែពិភពទស្សនៈទេ ដែលមានភាពសច្ចៈ និងមិនប្រែប្រួល ចំណែកឯរូបធាតុវិញមានលក្ខណៈស្រពិចស្រពិល មិនមានភាពសច្ចៈ គឺវាមិនឆ្លើយតបទៅនឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់វាគ្រប់ពេលវេលានោះទេ៕