(ពិភពលោក)៖ មនុស្សយើងបានចាប់ផ្តើមការកត់ត្រាអំពីហេតុការណ៍គ្រោះរញ្ជួយដី អស់រយៈពេលជិត៤,០០០ឆ្នាំមកហើយ។ ក្នុងចំណោមព្រឹត្តិការណ៍ដែលគេដឹង គ្រោះរញ្ជួយផែនដីដែលបានឆក់យកជីវិតមនុស្សអស់ច្រើនបំផុត គឺបានកើតឡើងក្នុងប្រទេសចិននៅឆ្នាំ១៥៥៦។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំនោះ គ្រោះរញ្ជួយផែនដីដ៏ខ្លាំងក្លាមួយបានអង្រួនខេត្តស្សានស៉ី (Shaanxi) ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។ ជាលទ្ធផលមនុស្សរហូតដល់៨៣០,០០០នាក់ ត្រូវគេប៉ាន់ប្រមាណថាបានបាត់បង់ជីវិត។

ព្រឹត្តិការណ៍ខាងលើ ត្រូវបានគេឱ្យឈ្មោះនៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្តថាជាមហាគ្រោះរញ្ជួយផែនដីជាជីងដ៏មហិមា (Jiajing) ពីព្រោះវាបានកើតឡើងអំឡុងសម័យព្រះចៅអធិរាជចិន ជាជីង (Jiajing Emperor) នៃរាជវង្សម៉េង។ តួលេខអ្នកបាត់បង់ជីវិតយ៉ាងច្រើនសម្បើមបែបនេះ គឺបានមកពីកំណត់ត្រានាសម័យកាលនោះ ដែលបានកត់ត្រានូវគ្រោះរញ្ជួយដីចំនួន២៦លើកផ្សេងទៀតនៅក្នុងតំបន់ផងដែរ។

យោងទៅតាមការពិពណ៌នានៅក្នុងកំណត់ត្រាទាំងនោះ គ្រោះរញ្ជួយដីជាជីងហាក់មានភាពខុសប្លែកស្រឡះពីគ្រោះរញ្ជួយដីដទៃទៀត។ ក្នុងកំណត់ត្រាបានអះអាងអំពីភ្នំដែលបាក់ស្រុត ទឹកជំនន់ និងភ្លើងដែលឆាបឆេះរាប់ថ្ងៃ ខណៈទេសភាពវិញគឺត្រូវបានប្រែប្រួលជាខ្លាំង។ កំណត់ត្រាដដែលបានប៉ាន់ស្មានថា តំបន់មួយចំនួនទំនងជាបានបាត់បង់ប្រជាជនរហូតដល់៦០ភាគរយឯណោះ។

បើទោះបីជាយើងមិនអាចប្រាកដមួយរយភាគរយ ថាតួលេខប៉ាន់ស្មាននោះត្រឹមត្រូវកម្រិតណាក៏ដោយក្តី គ្រោះរញ្ជួយដីជាជីងនៅតែអាចចាត់ទុកជាហេតុការណ៍រញ្ជួយផែនដី ដែលសម្លាប់ជីវិតមនុស្សច្រើនជាងពេលណាៗទាំងអស់ គិតរហូតមកទល់សព្វថ្ងៃនេះ ដោយសារចំនួនមនុស្សដែលវាបង្កឱ្យបាត់បង់ជីវិត គឺខ្ពស់ដាច់ឆ្ងាយជាងហេតុការណ៍គ្រោះមហន្តរាយរញ្ជួយដីដទៃៗទៀត។

គ្រោះរញ្ជួយដីដែលបានផ្តាច់ជីវិតមនុស្សក្នុងចំនួនដែលអាចប្រៀបធៀបជាមួយគ្រោះរញ្ជួយដីជាជីងបាន គឺហេតុការណ៍រញ្ជួយដីនៅក្រោមបាតសមុទ្រ ដែលបង្កជារលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ នៅឯមហាសមុទ្រឥណ្ឌា។ វាបានសម្លាប់មនុស្សខ្ទង់២៣០,០០០នាក់ នៅឥណ្ឌូណេស៉ី ថៃ ស្រីលង្កា ឥណ្ឌា និងប្រទេសមួយចំនួនទៀតដែលបានទទួលរងឥទ្ធិពលរបស់វា។

បន្ទាប់ពីខ្នាតរិចទ័រ (Richter) ត្រូវបានបង្កើតឡើងកាលពីទសវត្សឆ្នាំ១៩៣០ ក្រុមអ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា គ្រោះរញ្ជួយដីជាជីងប្រហែលជាមានកម្លាំង៨ដល់៨.៣រិចទ័រ។ ទោះបីវាមិនមែនជាកម្រិតខ្លាំងជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តក៏ដោយ ប៉ុន្តែច្បាស់ណាស់ថាវាជាកម្រិតដ៏ខ្លាំងសម្បើមមួយ។

គ្រោះរញ្ជួយដីដែលមានឥទ្ធិពលខ្លាំងក្លាបំផុតវិញនោះ គឺរញ្ជួយដីវ៉ាល់ឌីវា (Valdivia) នៅប្រទេសស៉ីលី កាលពីឆ្នាំ១៩៦០ ដែលមានកម្រិត៩.៥រិចទ័រ។ ហេតុការណ៍នោះបានបង្កើតឱ្យមានរលកយក្សស៊ូណាមិផងដែរ ហើយគ្រោះមហន្តរាយទាំង២នេះបានផ្តាច់ជីវិតមនុស្សអស់ប្រមាណ៥,៧០០នាក់ ។ ចំណែកគ្រោះរញ្ជួយដីដែលបង្កឱ្យមានរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា កាលពីឆ្នាំ២០០៤ មានកម្រិត៩.៣រិចទ័រ។

ដូច្នេះប្រសិនបើគ្រោះរញ្ជួយដីជាជីងមិនមែនជារញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តទេនោះ តើហេតុអ្វីដែលជាវាបណ្តាលឱ្យមនុស្សស្លាប់ច្រើនបែបនេះទៅវិញ។ មូលហេតុគឺទំនងជាដោយសារកត្តារួមផ្សំគ្នារវាងសហគមន៍ដែលមានមនុស្សរស់នៅប្រមូលផ្តុំគ្នាកកកុញ និងសំណង់អគារថ្មដែលសាងសង់ឡើងដោយខ្វះបច្ចេកទេស ហើយពុំសូវមានភាពរឹងមាំ។ យោងតាមកំណត់ត្រាក្រោយរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏សែនអាក្រក់នោះ ប្រជាជនចិននៅខេត្តស្សានស៉ីបាននាំគ្នាព្យាយាមប្រើឫស្សី និងឈើ ដើម្បីយកទៅសាងសង់វិញ ព្រោះនៅពេលមានរញ្ជួយដី វានឹងមិនសូវបង្កគ្រោះថ្នាក់ខ្លាំងដូចជាសំណង់ធ្វើពីថ្ម៕