(ភ្នំពេញ)៖ ពាក្យថា «ព្រះចន្ទ» គឺសំដៅលើអង្គដែលរណបជុំវិញភព តួយ៉ាងដូចជា Moon ដែលជាព្រះចន្ទរណបភពផែនដីរបស់យើងជាដើម ប៉ុន្តែ Moon មិនមែនជាព្រះចន្ទដែលធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ (Solar System) របស់យើងនោះឡើយ។ តើព្រះចន្ទមួយណាដែលធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង?

ព្រះចន្ទទឹកកកឈ្មោះថា ហ្កានីម៉េដ Ganymede របស់ភពព្រហស្បតិ៍ (Jupiter) គឺជាព្រះចន្ទដែលធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ពោលទំហំរបស់វាគឺធំជាងភពពុធ (Mercury) និងធំជាងភ្លុយតុង (Pluto) ដែលជាភពបម្រុង ឬភពមិនពេញលក្ខណៈ (dwarf planet) នោះទៅទៀត។ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាងរឹងមាំដែលឱ្យតំរុយថានៅក្រោមផ្ទៃព្រះចន្ទទឹកកកនេះ គឺមានលាក់នូវមហាសមុទ្រទឹកប្រៃ ដែលប្រហែលជាច្រើនជាងទឹកទាំងអស់នៅលើផ្ទៃផែនដីយើង។

ម៉្យាងវិញទៀត ព្រះចន្ទ Ganymede គឺជាព្រះចន្ទតែមួយគត់ដែលគេដឹងថាមានស្រទាប់ដែនម៉ាញេទិចផ្ទាល់ខ្លួន ខណៈស្រទាប់នេះត្រូវគេរកឃើញតែនៅលើភពដូចជាផែនដីយើងជាដើមប៉ុណ្ណោះ។ ដែនម៉ាញេទិចនេះបានបង្កឱ្យមានបាតុភូតពន្លឺសំរាំងប៉ូល (Aurora) នៅតំបន់ប៉ូលរបស់វា ដែលកើតចេញពីការធ្វើអន្តរកម្មជាមួយភាគល្អិតនៃចំហាយព្រះអាទិត្យ។

បន្ថែមពីនេះក៏មានភស្តុតាងបង្ហាញថា ព្រះចន្ទ Ganymede មានស្រទាប់បរិយាកាសផ្ទុកឧស្ម័នអុកស៉ីសែនក្នុងកម្រិតខ្សោយទៀតផង។ រូបភាពរបស់វាត្រូវថតបានជាលើកដំបូង ដោយយានអវកាស Juno របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីខែមិថុនា ឆ្នាំ២០២១។

សូមជម្រាបថា NASA បានរកឃើញតារារណបរបស់ភពព្រហស្បតិ៍ទាំងអស់ដល់ទៅ៧៩ដួង ក្នុងនោះ៥៣ដួងមានឈ្មោះផ្លូវការរួចហើយ ខណៈ២៦ដួងទៀតមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ តារារណពដែលគេស្គាល់ច្រើនជាងគេនោះ រួមមាន អាយអូ (Io) យូរ៉ូប៉ា (Europa) ហ្កានីម៉េដ (Ganymede) និងកាលលីស្តូ (Callisto) ជាដើម៕