(ភ្នំពេញ)៖ តៃវ៉ាន់ គឺជាកោះធំមួយដែលមានទីតាំងស្ថិតនៅភាគអាគ្នេយ៍ចិន មានផ្ទៃក្រឡាត្រឹមតែជាង៣៦ពាន់គីឡូម៉ែតការ៉េ។ បើតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន កោះតៃវ៉ាន់គឺជាខេត្តមួយហៅថា ថាយវ៉ាន់សឹង (Taiwan province)។
* ការដួលរំលំរបបរាជានិយម
ដូចយើងដឹងហើយថា ស៊ុន យ៉ាតសេន (Sun Yat-sen) គឺជាបិតាបដិវត្តន៍ផ្តួលរំលំរបបរាជានិយមចិន (រាជការឆេង) ដែលបានចាប់ផ្តើមនៅឆ្នាំ១៩១១។ កាលណោះ ក្សត្រវ័យក្មេងព្រះនាមភូយី (Puyi) ដែលជាក្សត្រចុងក្រោយនៃរាជវង្សឆេង បានបញ្ជាឱ្យមេទ័ព យ័ន ស៉ីខាយ (Yuan Shikai) ទៅបង្ក្រាបក្រុមបដិវត្តន៍របស់ស៊ុន យ៉ាតសេន ប៉ុន្តែមេទ័ពរូបនេះបែរជាទៅចរចាត្រូវរ៉ូវគ្នាជាមួយក្រុមបដិវត្តន៍ ហើយក្បត់នឹងស្ដេចរបស់ខ្លួនទៅវិញ។ បន្ថែមលើនោះ បន្ទាប់ពីព្រះមហាក្សត្រដាក់រាជ្យមិនដល់មួយឆ្នាំផង យ័ន ស៉ីខាយ បានសម្រេចបង្កើតរបបសាធារណរដ្ឋឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១២ ហើយដោយសារមានទ័ពនៅក្នុងដៃយ៉ាងច្រើន លោកបានតែងតាំងខ្លួនឯងជាប្រធានាធិបតីនៃរបបថ្មីនេះ។
មុននឹងអតីតមេទ័ព យ័ន ស៉ីខាយ កាន់តំណែងជាប្រធានាធិបតីនៃរបបសាធារណរដ្ឋនោះ ស៊ុន យ៉ាតសេន ក៏ធ្លាប់ប្រកាសបង្កើតរបបសាធារណរដ្ឋនេះម្តងរួចហើយ។ កាលនោះគឺនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ ក្រុមបដិវត្តន៍ដែលដឹកនាំដោយស៊ុន យ៉ាតសេន បានប្រកាសបង្កើតសាធារណរដ្ឋចិនឡើង ប៉ុន្តែលោកមិនទាន់បានទទួលជោគជ័យក្នុងការផ្តួលរំលំរបបរាជានិយមទាំងស្រុងនោះទេ។ លុះដល់ខែកុម្ភៈ ឆ្នាំ១៩១២ ក្រោយពីព្រះអង្គភូយីបានសម្រេចចិត្តទាំងបង្ខំក្នុងការដាក់រាជ្យ ក្រោមការកៀបសង្កត់ពីយ័ន ស៉ីខាយ ទើបរបបរាជានិយមរបស់រាជវង្សឆេងដែលបានដឹកនាំប្រទេសចិនតាំងពីឆ្នាំ១៦៤៤ ត្រូវដួលរំលំទាំងស្រុង។ ដោយសារតែយ័ន ស៉ីខាយ មានស្នាដៃក្នុងការជួយជ្រោមជ្រែងក្រុមឧទ្ទាមក្នុងការធ្វើបដិវត្តន៍ និងមានអំណាចទ័ពផងនោះ ប្រធានាធិបតីបណ្តោះអាសន្ន ស៊ុន យ៉ាតសេន ដែលបានគ្រប់គ្រងចំណែកខ្លះនៃប្រទេសចិនត្រឹមតែជាង២ខែនោះបានសម្រេចប្រគល់តំណែងប្រធានាធិបតីឱ្យទៅយ័ន ស៉ីខាយ។ យ័ន ស៉ីខាយ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩១២ និងឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១៣។
* សម័យអន្តរកាល
មកដល់ចំណុចនេះសូមចាប់អារម្មណ៍ថា កោះតៃវ៉ាន់ ដែលដាក់ឈ្មោះខ្លួនឯងថា «សាធារណរដ្ឋចិន» នៅតែចាត់ទុកស៊ុន យ៉ាតសេន ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីជាង២ខែនោះជាប្រធានាធិបតីទី១នៃរដ្ឋស្នងពីរបបរាជានិយមដដែល ឬនិយាយឱ្យងាយយល់ កោះតៃវ៉ាន់ចង់អះអាងថា ស៊ុន យ៉ាតសេន ជាអ្នកផ្តួលរំលំរបបរាជានិយម ហេតុនេះហើយទើបកោះតៃវ៉ាន់ត្រូវតែជារដ្ឋឯករាជ្យដែលត្រូវដឹកនាំចិនទាំងមូល។
គណបក្សគូមីនតាំង ឬប្រែថាគណបក្សជាតិនិយម ដែលត្រូវបានបង្កើតឡើងដោយស៊ុន យ៉ាតសេន នៅតែជាគណបក្សកាន់អំណាចនៅកោះតៃវ៉ាន់រហូតដល់បច្ចុប្បន្ន។ គូមីនតាំងត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩១២។ មូលហេតុនៃការបង្កើតគណបក្សនេះឡើង ដោយសារស៊ុន យ៉ាតសេន ចង់ប្រមូលកម្លាំងប្រឆាំងនឹងប្រធានាធិបតី យ័ន ស៉ីខាយ ព្រោះកាលលោកលះបង់តំណែងប្រធានាធិបតីឱ្យទៅយ័ន ស៉ីខាយ គឺជាការលះបង់ដោយបង្ខំចិត្ត ដែលបណ្តាលមកពីកម្លាំងទ័ពខ្សោយ។ នៅក្នុងខែធ្នូ ឆ្នាំ១៩១២ ចិនបានបង្កើតការបោះឆ្នោតសភាជាលើកដំបូងបង្អស់ និងប្រព្រឹត្តទៅដោយរលូន ហើយកាលនោះគណបក្សរបស់ស៊ុន យ៉ាតសេន បានឈ្នះភ្លូកទឹកភ្លូកដី ក្នុងចំណោមគណបក្សនយោបាយចិនទាំងអស់ រួមទាំងគណបក្សកាន់អំណាចរបស់យ័ន ស៉ីខាយ ផងដែរ។
ទោះជាយ៉ាងនេះក្តី យ័ន ស៉ីខាយ មិនសុខចិត្តនឹងលទ្ធផលឆ្នោតនេះទេ ហើយក៏បានរៀបផែនការសម្លាប់មន្ត្រីជាន់ខ្ពស់របស់គណបក្សគូមីនតាំង ដែលគ្រោងនឹងឡើងធ្វើជានាយករដ្ឋមន្ត្រីទៀតផង។ មន្ត្រីជាន់ខ្ពស់នោះ គឺលោក សុង សាវសេន ត្រូវបានគេបាញ់សម្លាប់អំឡុងពេលរង់ចាំរថភ្លើងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង។ ឃាតកម្មដែលមានតម្រុយជាច្រើនបង្ហាញថាបានកើតឡើងពីផែនការរបស់យ័ន ស៉ីខាយនេះ បង្កឱ្យមានជម្លោះកាន់តែខ្លាំងរវាងអ្នកគាំទ្រគណបក្សគូមីនតាំង និងគណបក្សរបស់យ័ន ស៉ីខាយ។ ជម្លោះរវាងគណបក្សនយោបាយចិនធំទាំង២ បន្ទាប់ពីបោះឆ្នោតហើយនោះ ធ្វើឱ្យស៊ុន យ៉ាតសេន ដែលធ្លាប់ជោគជ័យក្នុងការធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយម ចាប់ផ្តើមធ្វើបដិវត្តន៍ជាលើកទី២ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលរបស់យ័ន ស៉ីខាយ។ ប៉ុន្តែគួរឱ្យស្តាយដែលមានកម្លាំងទ័ពតិចពេក បដិវត្តន៍លើកនេះត្រូវបានបរាជ័យទាំងស្រុង ហើយស៊ុន យ៉ាតសេន ថែមទាំងរត់ទៅប្រទេសជប៉ុន។ បរាជ័យរបស់ស៊ុន យ៉ាតសេន ធ្វើឱ្យយ័ន ស៉ីខាយ ប្រមូលអំណាចទាំងអស់មកក្តាប់តែម្នាក់ឯង ដោយគ្មាននរណាហ៊ានងើបប្រឆាំងឡើយ។ ប្រធានាធិបតីយ័ន ស៉ីខាយ មិនចេះដឹកនាំប្រទេសតាមបែបសាធារណរដ្ឋឡើយ ហើយ៤ឆ្នាំបន្ទាប់ពីបាត់បង់របបរាជានិយម គឺនៅខែធ្នូ ឆ្នាំ១៩១៥ យ័ន ស៉ីខាយ បានបែកគំនិតបង្កើតរបបនេះឡើងវិញ និងតាំងខ្លួនឯងជាអធិរាជថ្មីនៃប្រទេសចិន។
គួរកត់សម្គាល់ថា ឈ្មោះអធិរាជដែលត្រូវបានប្រសិទ្ធនាមឱ្យខ្លួនឯងនោះ យ័ន ស៉ីខាយ មិនត្រូវបានគេគោរពកោតខ្លាច និងស្តាប់តាមឡើយ។ ក្រោយឡើងធ្វើជាស្តេចមិនទាន់បាន១ឆ្នាំផង គឺនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩១៦ យ័ន ស៉ីខាយ បានប្រកាសរំលាយរបបរាជានិយម និងបោះបង់ឈ្មោះជាអធិរាជ ដោយដឹកនាំប្រទេសចិនក្នុងនាមជាប្រធានាធិបតីវិញម្ដងទៀត។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩១៦ យ័ន ស៉ីខាយ បានទទួលមរណភាពដោយសារជំងឺ។ ក្រោយមរណភាពនេះ អតីតមេទ័ពរបស់លោកបានយកកងទ័ពក្រោមបង្គាប់ទៅបម្រើប្រយោជន៍ពួកគេ និងរស់នៅដូចស្តេចត្រាញ់រៀងៗខ្លួន។
អស់អំឡុងរយៈពេលជាង១០ឆ្នាំ បន្ទាប់ពីមរណភាពរបស់យ័ន ស៉ីខាយ ប្រទេសចិនគ្មានអ្នកដឹកនាំពិតប្រាកដឡើយ ព្រោះរដ្ឋបាលកណ្តាលគ្រប់គ្រងបានតែក្នុងរដ្ឋធានីប៉េកាំងតែប៉ុណ្ណោះ ខណៈតំបន់ផ្សេងៗទៀតអ្នកមានឥទ្ធិពលយកទៅគ្រប់គ្រងដូចរដ្ឋឯករាជ្យដូច្នេះដែរ។ បើតាមការវាយតម្លៃពលរដ្ឋចិនក្នុងរយៈពេលនោះវេទនាយ៉ាងខ្លាំង។
ងាកមកក្រោយបន្តិច អំឡុងពេលនោះដែរ គណបក្សជាតិនិយមគូមីនតាំងរបស់ស៊ុន យ៉ាតសេន បានចាប់ដៃជាមួយគណបក្សកុម្មុយនីស្តចិន បើទោះបីក្រុមទាំង២មានជំហរផ្សេងគ្នាក៏ដោយ។ ពួកកុម្មុយនីស្តចង់បង្កើតរដ្ឋកុម្មុយនីស្ត និងលុបបំបាត់វណ្ណៈសក្តិភូមិដែលសល់ពីរបបរាជានិយមឱ្យអស់ ប៉ុន្តែគូមីនតាំងផ្តោតសំខាន់ទៅលើការបង្ក្រាបពួកស្តេចត្រាញ់ ដើម្បីបង្រួបបង្រួមជាតិក្នុងការនាំប្រទេសឱ្យមានវិស័យឧស្សាហកម្មលូតលាស់។
ស៊ុន យ៉ាតសេន ថែមទាំងមានកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយជាំង ខាយចៀក (Chiang Kai Shek) ដែលជានាយកសាលាទាហានហ្វឹកហ្វឺនមួយនៅខេត្តក្វាងទុង (Guangdong) ប្រទេសចិនផងដែរ។ បន្ទាប់ពីស៊ុន យ៉ាតសេន បានទទួលមរណភាពដោយរោគមហារីកថ្លើមនៅឆ្នាំ១៩២៥ តំណែងគណបក្សជាតិនិយមចិននេះត្រូវបានផ្ទេរទៅឱ្យជាំង ខាយចៀក។ មេបក្សជាតិនិយមថ្មីនេះមិនចូលចិត្តពួកកុម្មុយនីស្តនោះទេ។ នៅពាក់កណ្តាលឆ្នាំ១៩២៦ ជាំង ខាយចៀក បានបើកប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំមួយ និងបានដណ្តើមទឹកដីដែលធ្លាប់កាន់កាប់ដោយពួកស្តេចត្រាញ់ និងផ្តួលរំលំរដ្ឋាភិបាលនៅរដ្ឋធានីប៉េកាំង។
គិតត្រឹឆ្នាំ១៩២៧ ជាំង ខាយចៀក មានទ័ពនៅក្នុងដៃកាន់តែធំ ហើយវាយបានទឹកដីមួយផ្នែកធំក្នុងប្រទេសចិន ជាពិសេសគឺដណ្តើមបានទីក្រុងណានជីង (Nanjing) និងទីក្រុងសៀងហៃ (Shanghai) ដែលជាទីក្រុងពាណិជ្ជកម្មរបស់ចិនទៀតផង។ ដោយសារជាមនុស្សមិនចូលចិត្តពួកកុម្មុយនីស្ត ឬប្រហែលលោភលន់ចង់ក្តោបក្តាប់អំណាចទាំងមូល ជាំង ខាយចៀក បានបើកប្រតិបត្តិការធំមួយទៀតនៅខែមេសា ឆ្នាំ១៩២៧ ដោយធ្វើការសម្លាប់ពួកកុម្មុយនីស្តយ៉ាងរង្គាល ទោះបីជាក្រុមនេះជាអ្នកធ្លាប់រួបរួមជាមួយស៊ុន យ៉ាតសេន ដែលជាសម្ពន្ធមិត្តខ្លួនក៏ដោយ។ ពួកកុម្មុយនីស្តដែលនៅរស់បានគេចខ្លួនទៅតាមទីជនបទ ដើម្បីបង្រួបបង្រួមគ្នាសាជាថ្មី។ ចំណែកឯជាំង ខាយចៀក បានប្រកាសបង្កើតរបបសាធារណរដ្ឋថ្មីមួយ ដោយយកទីក្រុងណានជីងជាទីក្រុងរដ្ឋបាលក្រោមការដឹកនាំរបស់ខ្លួន។ សម័យកាលដឹកនាំរបស់ជាំង ខាយចៀក ត្រូវបានគេឱ្យឈ្មោះថា អំពើប្រល័យពូជសាសន៍ណាជីង ឬ Nanjing decade គឺចាប់ពីឆ្នាំ១៩២៨-១៩៣៧។ ប៉ុន្តែអំឡុងពេល Nanjing decade មានសន្តិភាពតែមួយភ្លែតប៉ុណ្ណោះ។ នៅឆ្នាំ១៩៣៣ ចលនាកុម្មុយនីស្តដែលធ្លាប់ត្រូវជាំង ខាយចៀក សម្លាប់យ៉ាងរង្គាលនោះបានងើបឡើងសាជាថ្មី ក្រោមការដឹកនាំរបស់ម៉ៅ សេទុង (Mao Tse Dong) ដែលអនាគតនៃមហាបុរសរូបនេះនឹងក្លាយជាមេដឹកនាំស្វែងរកសន្តិភាពជូនប្រជាជាតិចិនទាំងមូល។
ចលនាកុម្មុយនីស្តក្រោមការដឹកនាំរបស់លោកប្រធានម៉ៅដែលបានរៀបចំរចនាសម្ពន្ធជាថ្មីតាមបែបបទរបស់ទ្រីស្តីម៉ាក្សលេនីន មានការវិវត្តខ្លួនបានល្អគួរជាទីចាប់អារម្មណ៍។ ម៉ៅ សេទុង គឺជាមេដឹកនាំដ៏ខ្លាំងពូកែដែលបានរៀនសូត្រយុទ្ធសាស្ត្រដឹកនាំទ័ពរបស់អ្នកប្រាជ្ញបុរាណចិន ស៊ុន ស៊ូ និងចូលចិត្តអានរឿងសាមកុកបានរៀបចំយុទ្ធសាស្ត្រដឹកនាំទ័ពដ៏មានឥទ្ធិពលមួយ គឺយុទ្ធសាស្ត្រទ័ពព្រៃ។
គួរជម្រាបថា យុទ្ធសាស្ត្រទ័ពព្រៃនេះ ម៉ៅ សេទុង បានបង្កើតពាក្យស្លោកឱ្យកងទ័ពកុម្មុយនីស្តចិន ទន្ទេញប្រចាំថ្ងៃថា «សត្រូវវាយលុកយើងដកថយ, សត្រូវសម្រាកយើងរំខាន, សត្រូវនឿយហត់ យើងវាយបក, សត្រូវដកថយ យើងដេញតាម»។ ក្រោមទេពកោសល្យដឹកនាំទ័ពដ៏ពូកែ និងអាចការពារបានពីការព្យាយាមវាយប្រហាររបស់ជាំង ខាយចៀក ដែលមានទ័ពច្រើន និងមានសព្វាវុធទំនើបៗជាច្រើនដង ធ្វើឱ្យប្រធានម៉ៅមានឈ្មោះល្បីល្បាញ និងក្លាយជាមេដឹកនាំគណបក្សកុម្មុយនីស្តចិនដ៏មានឥទ្ធិពលមួយរូបនៅឆ្នាំ១៩៣៥។
លុះក្រោយមកទៀត អំឡុងពេលជប៉ុនចូលលុកលុយចិន ជាំង ខាយចៀក មិនសូវដែលខ្វល់អ្វីឡើយ ព្រោះខ្លួនយល់ថាការកម្ចាត់ក្រុមរបស់ម៉ៅ សេទុង មានសារៈសំខាន់ជាង។ ប្រការនេះធ្វើឱ្យប្រជាជនចិនមិនចូលចិត្តជាំង ខាយចៀកនោះទេ ហើយថែមទាំងចោទថា ជាំង ខាយចៀក ជាមនុស្សក្បត់ជាតិដែលលក់ទឹកដីឱ្យជប៉ុនទៀតផង ខណៈក្រុមម៉ៅ សេទុង យកការប្រឆាំងនឹងជប៉ុនជាអាទិភាព ធ្វើឱ្យប្រជាជនស្រឡាញ់ជាខ្លាំង។
* បរាជ័យរបស់ជាំង ខាយចៀក
នៅឆ្នាំ១៩៣៩ ដោយសារកត្តាសង្គ្រាមលោកលើកទី២ផ្ទុះឡើងផង ដោយសារកត្តាសង្គ្រាមស៉ីវិលផង និងកត្តាជប៉ុនលុកលុយផងនោះ ដីចិនត្រូវបានបែងចែកជា៣ផ្នែក។ ផ្នែកខាងកើតស្ថិតក្រោមការកាន់កាប់របស់ជប៉ុន ខាងលិចនិងខាងត្បូងស្ថិតក្រោមការកាន់កាប់របស់ជាំង ខាយចៀក ចំណែកខាងផ្នែកពាយព្យវិញស្ថិតក្រោមការកាន់កាប់របស់បក្សកុម្មុយនីស្ត ម៉ៅ សេទុង។ អំឡុងសង្គ្រាមលោកលើកទី២ ម៉ៅ សេទុង មានកងទ័ពជាង១លាននាក់ និងគ្រប់គ្រងដែនដីដែលមានប្រជាជនជាង១០០លាននាក់។ ក្រឡេកទៅខាងជាំង ខាយចៀក ដែលទទួលបានជំនួយពីសហរដ្ឋអាមេរិក មានចំនួនកងទ័ពច្រើនណាស់ តែគុណភាពអន់។
មេទ័ពរបស់ក្រុមជាំង ខាយចៀក ត្រូវបានតែងតាំងនិងដំឡើងឋានៈតាមរយៈបក្ខពួកនិយមដោយមិនខ្វល់ពីសមត្ថភាពឡើយ ហើយអំពើពុករលួយបានកើតយ៉ាងពាសពេញនៅក្នុងជួរដឹកនាំកងទ័ព។ មេទ័ពភាគច្រើននាំគ្នាបំប៉ោងចំនួនកូនទាហាន ព្រមទាំងឆ្លៀតកាត់របបទាហាន ដោយទុកឱ្យកូនទាហាននៅតាមសមរភូមិខ្វះស្បៀង និងខ្វះគ្រឿងសព្វាវុធ។
បើងាកទៅមើលកងទ័ពរបស់ជាំង ខាយចៀក នៅសម័យអតីតកាលនោះ ត្រូវស្លាប់ដោយសារជំងឺច្រើនជាងស្លាប់ដោយសារត្រូវគ្រាប់សព្វាវុធរបស់សត្រូវទៅទៀត។ ក្រោយសង្គ្រាមលោកលើកទី២ ទោះបីសហរដ្ឋអាមេរិកមិនចូលចិត្តការដឹកនាំរបស់ជាំង ខាយចៀកក៏ដោយ ក៏នៅតែបន្តផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់រដ្ឋបាលមួយនេះក្នុងការប្រឆាំងនឹងកុម្មុយនីស្ដម៉ៅ សេទុង។ សហរដ្ឋអាមេរិកមិនចង់ឱ្យចិនធ្លាក់ក្រោមការគ្រប់គ្រប់របស់ម៉ៅ សេទុងទេ ដោយសារកាលនោះ ម៉ៅ សេទុង ក៏ទទួលបានជំនួយពីសហភាពសូវៀតដែរ។ កងកម្លាំងគូមីនតាំងរបស់ជាំង ខាយចៀក មានច្រើនជាងកងកម្លាំងបក្សកុម្មុយនីស្តរបស់ម៉ៅ សេទុងដល់ទៅ៤ដង។ កងកម្លាំងរដ្ឋាភិបាលមានដល់ទៅជាង៤លាននាក់ ចំណែកឯកងកម្លាំងម៉ៅ សេទុង ដែលកាលនោះគេហៅថាក្រុមឧទ្ទាម មានត្រឹមតែជាង១លាននាក់ទេ ប៉ុន្តែខាងជាំង ខាយចៀក ដែលមានទ័ពគ្មានវិន័យ និងមានមេដឹកនាំទ័អសមត្ថភាព ត្រូវចាញ់ខាងម៉ៅ សេទុងជាបន្តបន្ទាប់។
* ជ័យជម្នះម៉ោង សេទុង
ក្រុមជាំង ខាយចៀក បានចាញ់ក្រុមម៉ៅ សេទុង ចាញ់ហើយចាញ់ទៀត រហូតដល់រត់ធ្លាក់ទឹកសមុទ្រហែលឡើងទៅកោះតៃវ៉ាន់។ យើងសូមបកទៅនិយាយរឿងនៅឆ្នាំ១៩៤៨ កាលណោះកងកម្លាំងម៉ៅ សេទុង បានវាយដណ្តើមតំបន់ម៉ាន់ជូរី និងបានចាប់ខ្លួនទាហានរដ្ឋាភិបាលជាង៤០ម៉ឺននាក់។ មិនយូរទៀតឡើយ ម៉ៅ សេទុងបានឡោមព័ទ្ធតំបន់កងទ័ពរដ្ឋាភិបាលជាង៤០ម៉ឺននាក់ទៀត ហើយកាលណោះដោយសារខ្លាចម៉ៅ សេទុង យកបានតំបន់នោះ ជាំង ខាយចៀក មានបំណងប្រើយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែករំលាយទីនោះចោល ប៉ុន្តែកងទ័ពខ្លួនបានដឹងរឿងនេះក៏ពួកគេបានទម្លាក់អាវុធចុះ និងបានចុះចូលជាមួយម៉ៅ សេទុង ដោយសន្តិភាពតែម្តង។ ប្រការនេះហើយធ្វើឱ្យប្រៀបកម្លាំងទ័ពទោរទៅខាងម៉ៅ សេទុង កាន់តែច្រើនឡើងៗ។ រីឯខាងជាំង ខាយចៀក ត្រូវបាត់បង់ទាំងការទុកចិត្តពីប្រជាជនទូទៅលើបញ្ហាអសមត្ថភាពដឹកនាំប្រទេស និងការធ្វើឱ្យប្រទេសមានបញ្ហាសេដ្ឋកិច្ច ដោយសារទំនិញចេះតែឡើងថ្លៃមិនឈប់ ឯលុយវិញមានតម្លៃធ្លាក់ចុះស្រដៀងក្រដាស។
នៅឆ្នាំ១៩៤៩ កងទ័ពរបស់ម៉ៅ សេទុង បានវាយចូលទីក្រុងណានជីង ដែលជាតំបន់រដ្ឋបាលរបស់ជាំង ខាយចៀក ធ្វើឱ្យរដ្ឋាភិបាលមួយនេះរត់បាតជើងសព្រាតទៅខេត្តក្វាងទុង និងខេត្តស៉ឺឈ័ន (Sichuan) ខណៈចុងក្រោយពួកគេនោះបានរត់ទៅកោះតៃវ៉ាន់។ ជាំង ខាយចៀក បាននាំមន្ត្រី និងទ័ព ថែមទាំងសាច់ញាតិប្រហែលជិត២លាននាក់ និងបានប្រកាសយកក្រុងតៃប៉ិនៅកោះតៃវ៉ាន់ធ្វើជារដ្ឋធានីបណ្តោះអាសន្ននៃរបបសាធារណរដ្ឋចិនរបស់ខ្លួនតែម្តង។
ចំណែកឯចិនដីគោកទាំងមូលត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងបក្សកុម្មុយនីស្តចិនរបស់ម៉ៅ សេទុង ហើយលោកបានរៀបចំប្រទេសចិនសាជាថ្មី។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ លោកប្រធាន ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយយកទីក្រុងប៉េកាំងជារដ្ឋធានីចាប់ពីពេលនោះមក៕