(ភ្នំពេញ)៖ ទ្វីបអាស៉ីគឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន៤៨ប្រទេស (នៅមានប្រទេសបម្រុង និងមិនទាន់ឯករាជ្យផ្សេងទៀត) ក្នុងនោះប្រទេសចិនជាប្រទេសធំជាងគេនៅលើទ្វីបនេះ ប្រសិនបើមិនរាប់ដល់រុស្ស៉ីដែលមានរដ្ឋបាលកណ្ដាលស្ថិតនៅទ្វីបអឺរ៉ុប បន្ទាប់មកគឺប្រទេសឥណ្ឌា ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។

ប្រសិនបើភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យមួយនោះ ពួកគេអាចជ្រើសរើសគោលទេសចរណ៍នៅតាមប្រទេសទាំង១៥នេះ ពិសេសគឺប្រទេសកម្ពុជា៖

១. កាហ្សាក់ស្ថាន (Kazakhstan)

ប្រទេសកាហ្សាក់ស្ថាន គឺជាគោលដៅមួយក្នុងចំណោមគោលដៅនៅអាស៊ីដែលមានតម្លៃសមរម្យបំផុត។ ប្រទេសនេះគឺជាប្រទេសធំជាងគេលំដាប់ទី៩នៅលើពិភពលោក ដែលមានតំបន់ទាក់ទាញចម្រុះសម្បូរបែប ដូចជា វាលខ្សាច់ពណ៌មាស ជ្រលងធរណីប្រេះដ៏ស្រស់ស្អាត ភ្នំ ដីសណ្តរ វាលទំនាប ផ្ទាំងទឹកកកដ៏ធំ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ប៉មអាកាស Bayterek Tower និងជញ្ជាំង Futuristic Buildings ព្រមទាំងការទស្សនា​សត្វ​ស្លាបជាដើម។ សេវាកម្មទេសចរណ៍នៅប្រទេសនេះគឺមានតម្លៃថោកសមរម្យ រាប់ពីសេវាកម្មស្នាក់នៅដែលមានតម្លៃត្រឹមតែ២.៨៦ដុល្លារអាមេរិកក្នុងមួយយប់។ សេវាកម្មម្ហូបអាហារមានតម្លៃថោកណាស់ ហើយឡានក្រុងគឺជាមធ្យោបាយដឹកជញ្ជូនដែលមានប្រសិទ្ធភាពបំផុត។

២. អាមេនី (Armenia)

អាមេនីនៅតែជាប្រទេសមួយដែលមានតម្លៃថោកបំផុតក្នុងការទៅទស្សនានៅអាស៊ី ខណៈប្រទេសនេះក៏នៅមិនទាន់មានភ្ញៀវទៅទស្សនាច្រើននៅឡើយ។ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំណាស់ជាងគេបំផុតនៅលើពិភពលោក និងជារដ្ឋដំបូងគេដែលទទួលយកសាសនាគ្រិស្តជាសាសនាផ្លូវការរបស់ខ្លួន។ នៅអាមេនី ភាគច្រើនសម្បូរកន្លែងទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ ដូចជា អតីតទីក្រុងបុរាណ សារមន្ទីរ សំណង់បុរាណជាដើម។

៣. កម្ពុជា (Cambodia)

ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អមួយនៅអាស៉ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍វប្បធម៌ប្រវត្តិ សារមន្ទីរជាតិជាដើម។ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ភ្ញៀវទេសចរអាចបន្តទៅទស្សនានៅតាមតំបន់បេតិភណ្ឌរបស់អង្គយូណេស្កូ មានដូចជាប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះជាដើម។ ភ្ញៀវទេសចរក៏អាចទៅទស្សនាទេសភាពបឹងទន្លេសាបដែលជាបឹងដ៏ធំជាងគេមួយនៅអាស៉ី ក្នុងនោះមានច្រកទៅទស្សនាតាមផ្លូវទឹកជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំជាដើម។ នៅមានម្ហូបអាហារ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ដ៏ចំណាស់មួយនៅអាស៉ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរអាចរីករាយក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត។

៤. ម៉ាឡេស៊ី (Malaysia)

នៅប្រទេសម៉ាឡេស៊ី គោលដៅទេសចរណ៍ពិសេសៗ រួមមានដូចជារដ្ឋខេដះ (Kedah) កោះលង្កាវី (Langkawi) ក្រុងចចថោន (George Town) ឧទ្យានជាតិបេលុម-តេមិនហ្គ័រ (Belum-Temengor) តំបន់ខ្ពង់រាបកាមើរ៉ុនហាយលែន (Cameron Highlands) ទីប្រជុំកោះភើហិនទាន (Perhentian Islands) និងទីក្រុងគូឡាឡាំពួ។ ការចំណាយជាមធ្យមប្រចាំថ្ងៃសម្រាប់សេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅ ព្រមទាំងមធ្យោបាយធ្វើដំណើរ គឺចន្លោះចាប់ពី២៥-៥០ដុល្លារ។ ប៉ុន្តែគេល្បីថាការចាយវាយនៅតំបន់ប៉ែកខាងលិចនៃប្រទេសនេះ (ឧបទ្វីបម៉ាឡេ) គឺធូរថ្លៃជាងតំបន់ប៉ែកខាងកើត (កោះបរណេអូ) ដែលជាមធ្យមខ្ទង់ក្រោម២៥ដុល្លារក្នុង១ថ្ងៃ។ នៅទីនោះថ្លៃបន្ទប់ស្នាក់នៅទាបបំផុតគឺប្រហែល៦ដុល្លារក្នុង១យប់ ខណៈថ្លៃអាហារអាចចន្លោះជាង១-៣ដុល្លារ។ រីឯមធ្យោបាយធ្វើដំណើរសាធារណៈក៏អស់តិចដែរ គឺចន្លោះ០.១៩-១.៩០ដុល្លារ ប៉ុន្តែបើប្រើកាត TNG គឺកាន់តែថោកថែមទៀត។

៥. ឥណ្ឌូណេស៊ី (Indonesia)

នៅប្រទេសឥណ្ឌូណេស៊ី គោលដៅទេសចរណ៍ពិសេសៗ រួមមានដូចជាឧទ្យានជាតិកូម៉ូដូ (Komodo National Park) គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ កន្លែងគួរទស្សនាមួយទៀត គឺបឹងតូបា (Lake Toba) ហើយនៅកណ្តាលបឹងនោះមានកោះឈ្មោះថា សាម៉ូសឺ (Samosir)។ ទេសចរជាច្រើនក៏ចូលចិត្តធ្វើដំណើរទៅកោះបាលីផងដែរ ដែលជាកោះទេសចរណ៍ដ៏ល្បីប្រចាំឥណ្ឌូណេស៉ីសម្រាប់កន្លែងជិះទឹករលក កន្លែងកម្សាន្តពេលរាត្រី ទឹកធ្លាក់ ហើយនិងព្រៃទាក់ទាញទឹកភ្លៀង។ ការកំណត់កញ្ចប់ថវិកាសម្រាប់ការដើរទេសចរណ៍ហាក់ពិបាកបន្តិច ដោយសារថ្លៃចាយវាយមានកម្រិតខុសគ្នាខ្លាំងពីកន្លែងមួយទៅកន្លែងមួយនៅក្នុងប្រទេសដែលសម្បូរទៅដោយដែនកោះមួយនេះ។ សម្រាប់ជម្រើសម្ហួបដែលទាបបំផុត គឺអាហារ Street food ថ្លៃចន្លោះ៣-៥ដុល្លារ។ ចំណែកជម្រើសកន្លែងស្នាក់នៅ រួមមានបន្ទប់ស្នាក់នៅរួម ដែលមានតម្លៃចាប់ផ្តើមពី៥ដុល្លារឡើងទៅ ហើយនិងបន្ទប់លក្ខណៈឯកជនដែលមានតម្លៃចាប់ពី១៥ដុល្លារឡើង។ សរុបមក កញ្ចប់ថវិកាប្រចាំថ្ងៃគឺជាមធ្យមចន្លោះ២៥-៣០ដុល្លារ សម្រាប់ថ្លៃហូបចុក យានជំនិះ និងស្នាក់នៅ ប៉ុន្តែបើចង់បានកន្លែងស្នាក់នៅមានផាសុកភាពបន្តិចគឺអាចដល់៥០ដុល្លារក្នុង១ថ្ងៃ។

៦. ថៃ (Thailand)

ប្រទេសថៃគឺជាគោលដៅទេសចរណ៍ដ៏ងាយស្រួលមួយសម្រាប់អ្នកដំណើរគ្រប់ប្រភេទទាំងអស់។ គោលដៅទេសចរណ៍ក្នុងប្រទេសថៃដែលអ្នកដំណើរគ្រប់រូបគួរទៅដើរកម្សាន្ត រួមមានរាជធានីបាងកក ទីក្រុងឈៀងម័យ និងកោះភូកេត។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចចំណាយពេលទៅទស្សនាព្រះរាជវាំងថៃ និងវត្តព្រះកែវ (Temple of the Emerald Buddha) ផងដែរ។ បន្ទប់ឯកជននៅក្នុងផ្ទះសំណាក់ ថ្លៃទាបបំផុតគឺខ្ទង់៨ដុល្លារក្នុង១យប់ ប៉ុន្តែបន្ទប់រួមគឺត្រឹម៥ដុល្លារប៉ុណ្ណោះ។ ជាប្រចាំ អ្នកអាចរំពឹងចំណាយ៣ដុល្លារទៅលើអាហារ Street food និង៥ដុល្លារលើមធ្យោបាយធ្វើដំណើរក្នុងក្រុង។ ដោយអាស្រ័យទៅលើស្ទីលនៃការធ្វើដំណើរកម្សាន្តរបស់អ្នក កញ្ចប់ថវិកាប្រចាំថ្ងៃគឺអាចកំណត់ទាបត្រឹម២៥ដុល្លារ ឬខ្ពស់ដល់ខ្ទង់៧០ដុល្លារ។

៧. ម៉ុងហ្គោលី (Mongolia)

ប្រទេសម៉ុងហ្គោលីសម្បូរទៅដោយសម្រស់ធម្មជាតិ ដែលភាគច្រើនត្រូវបានអភិរក្ស។ ភ្ញៀវទេសចរអាចទៅទស្សនានិងស្នាក់នៅទីក្រុងអ៊ូឡង់បាទ័រ ឧទ្យានជាតិហ្គ័រឃីទែរែលជ៍ (Gorkhi Terelj National Park) សារមន្ទីរវិមានអធិរាជ (Mausoleum of Genghis Khan) ជាដើម។

៨. ប៉ាគីស្ថាន (Pakistan)

ប្រទេសអាស៊ីខាងត្បូងមួយនេះមានអ្វីជាច្រើនសម្រាប់ផ្តល់ឱ្យអ្នកដំណើរដែលកញ្ចប់ថវិកាមានដែនកំណត់ រួមមាន ភ្នំកម្ពស់រាប់ពាន់ម៉ែត្រ ជ្រលងភ្នំអស្ចារ្យជាច្រើន ព្រមទាំងឆ្នេរសមុទ្រស្រស់បំព្រង និងទីក្រុងយ៉ាងរស់រវើក។ ភ្ញៀវទេសចរអាចរកកន្លែងស្នាក់នៅដែលមានតម្លៃថោកនៅតាមតំបន់ជាច្រើន ដូចជាផ្ទះសំណាក់តម្លៃ៥ដុល្លារក្នុង១យប់ នៅទីក្រុងឡាហូរេ (Lahore) ជាដើម។ នៅប៉ាគីស្ថាន ថ្លៃតាក់ស៊ីគឺជាមធ្យមខ្ទង់ជាង៤ដុល្លារ ខណៈការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ គឺអស់កាន់តែតិច។ រីឯថ្លៃអាហារពេញ១ថ្ងៃ គឺអាចខ្ទង់៨ដុល្លារ ហើយបើជ្រើសយកជម្រើសអាហារ Street food គឺកាន់តែជួយសន្សំសំចៃ។ សរុបជាមធ្យម អ្នកដំណើរម្នាក់អាចកំណត់កញ្ចប់ថវិកាត្រឹម២៩ដុល្លារក្នុង១ថ្ងៃ សម្រាប់ការធ្វើទេសចរណ៍នៅក្នុងប្រទេសនេះ។

៩. នេប៉ាល់ (Nepal)

នេប៉ាល់គឺជាប្រទេសដែលសម្បូរទៅដោយភ្នំខ្ពស់ៗបំផុត ខណៈភ្នំអេវើរេស (Everest) ដែលជាភ្នំខ្ពស់ជាងគេបង្អស់លើពិភពលោកស្ថិតនៅទីនោះ។ ជាងនេះទៅទៀត នេប៉ាល់ក៏សម្បូរទៅដោយសត្វព្រៃចម្រុះបែបផងដែរ។ សត្វបក្សី ក្រពើ ក្តាន់ រមាសជាច្រើនប្រភេទ ព្រមទាំងពូជសត្វខ្លាដំបងបេងហ្កាល់ (Bengal Tiger) សុទ្ធតែមានវត្តមាននៅក្នុងប្រទេសនេះ។ រីឯខ្លារខិនឥណ្ឌា (Indian Leopard) គឺរស់នៅតាមតំបន់ជួរភ្នំរបស់នេប៉ាល់។ សម្រាប់ថ្លៃចាយវាយវិញ គឺម្ហូបអាហារនៅនេប៉ាល់មានតម្លៃថោកៗ ដែលអាចឱ្យអ្នកចំណាយទាបបំផុត២ដុល្លារ ‌ខណៈថ្លៃធ្វើដំណើរគឺចន្លោះ១-៤ដុល្លារ។ សម្រាប់បន្ទប់ផ្ទះសំណាក់គឺថ្លៃមិនដល់១៥ដុល្លារនោះឡើយ។ ល្អបំផុត អ្នកដំណើរគួរកំណត់កញ្ចប់ថវិកាប្រហែល៣០ដុល្លារក្នុង១ថ្ងៃ សម្រាប់ការធ្វើទេសចរណ៍នៅក្នុងប្រទេសនេប៉ាល់។

១០. បង់ក្លាដែស (Bangladesh)

ឆ្នេរសមុទ្រធម្មជាតិវែងជាងគេលើលោក ខូសបាហ្សារ (Cox’s Bazar Beach) និងតំបន់ព្រៃកោងកាងធំជាងគេលើលោក គឺស្ថិតក្នុងប្រទេសបង់ក្លាដែស។ ក្រៅពីនេះ បង់ក្លាដែសនៅមានកន្លែងទេសចរណ៍ជាច្រើនទៀតសម្រាប់អ្នកដំណើរមកទស្សនាកម្សាន្ត ដូចជាវិមានរដ្ឋសភាជាតិដែលមានរូបរាងពិសេសប្លែក ហើយនិងវាំងពណ៌ស៉ីជម្ពូ អាសានម៉ានហ្ស៉ីល (Ahsan Manzil) ជាដើម។ ដូចប្រទេសដទៃទៀតដែរ ការប្រើប្រាស់មធ្យោយបាយធ្វើដំណើរសាធារណៈ គឺចំណាយអស់តិច ប៉ុន្តែអ្នកក៏អាចប្រើសេវាកម្មអ៊ូបឺ (Uber) បានដែរ ដែលអស់ថ្លៃខ្ទង់៣ដុល្លារប៉ុណ្ណោះ។ ម្ហូប Street food វិញ គឺត្រូវចំណាយតែខ្ទង់១ដុល្លារប៉ុណ្ណោះ ហើយមានសឹងនៅគ្រប់កន្លុកកន្លៀតទាំងអស់។ រីឯថ្លៃស្នាក់នៅ និងថ្លៃចូលទៅទស្សនាកន្លែងទេសចរណ៍នីមួយៗក៏ទាបផងដែរ។ និយាយរួម អ្នកអាចកំណត់កញ្ចប់ថវិកាត្រឹមតែខ្ទង់៣០ដុល្លារប៉ុណ្ណោះ សម្រាប់ដំណើរកម្សាន្តក្នុង១ថ្ងៃនៅបង់ក្លាដែស។

១១. ឡាវ (Laos)

ប្រទេសឡាវ ជារឿយៗត្រូវបានភ្ញៀវទេសចរមើលរំលង ដោយសារតែជាប្រទេសក្រីក្រ និងគ្មានឆ្នេរសមុទ្រ។ ទោះជាបែបនេះក្តី ជាក់ស្តែងឡាវគឺជាប្រទេសដ៏ស្រស់ស្អាតមួយនៅអាស៊ីដែរ ដែលមានទឹកធ្លាក់គួរឱ្យចង់គយគន់ជាច្រើន ដូចជាទឹកធ្លាក់ខនផាក់ផេង (Khone Phapheng Falls) នៅក្បែរព្រំប្រទល់កម្ពុជា និងទឹកធ្លាក់គង្គសិរី (Kuang Si Falls) នៅក្នុងទីក្រុងហ្លួងព្រះបាងជាដើម។ និយាយរួម ប្រទេសនេះសម្បូរកន្លែងទេសចរណ៍បែបធម្មជាតិ។ ដោយឡែក សម្រាប់ថ្លៃជិះរថយន្តក្រុងនៅប្រទេសឡាវ គឺខ្ទង់១ដុល្លារក្នុង១ម៉ោង។ រីឯថ្លៃម្ហូបអាហារគឺប្រហែល២ដុល្លារ។ ទាំងការធ្វើដំណើរ ហូបចុក និងស្នាក់នៅ គឺត្រូវការកញ្ចប់ថវិកាត្រឹម៣០-៤០ដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះ ប្រសិនបើទេសចរសម្រេចមកធ្វើដំណើរកម្សាន្តនៅឡាវ។

១២. ហ្វីលីពីន (Philippines)

នៅពេលអ្នកដំណើរចង់គយគន់ឆ្នេរសមុទ្រស្រស់ឆើតឆាយ និងស្វែងរកកន្លែងមុជទឹកល្អៗនៅអាស៊ីនោះ សូមជ្រើសរើសមកប្រទេសហ្វីលីពីន។ ហ្វីលីពីនមានអ្វីជាច្រើនសម្រាប់ផ្តល់ឱ្យអ្នកទេសចរដែលចូលចិត្តសមុទ្រ និងជាគោលដៅប្រសើរឥតខ្ចោះសម្រាប់ការលំហែវិស្សមកាល អមដោយដើមដូង ឆ្នេរខ្សាច់ និងទេសភាពថ្ងៃលិច។ ឆ្នេរនិងកោះរបស់ហ្វីលីពីននៅខេត្តបូហូល (Bohol) ប៉ាឡាវ៉ាន់ (Palawan) និងបូរ៉ាឃេ (Boracay) គឺសុទ្ធតែស្ថិតនៅលំដាប់ថ្នាក់ពិភពលោក។ បន្ទប់ស្នាក់នៅរួមនៅហ្វីលីពីន មួយយប់ថ្លៃចន្លោះ១០-១៥ដុល្លារ ហើយមធ្យោបាយធ្វើដំណើរពីកោះមួយទៅកោះមួយ គឺការជិះទូកកាណូតជាជម្រើសប្រសើរជាងការជិះយន្តហោះ ព្រោះវាថ្លៃក្រោម១០ដុល្លារ ហើយមានល្បឿនយឺត ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមានឱកាសគយគន់ទេសភាពតាមសម្រួល។ ចំពោះកញ្ចប់ថវិកាប្រចាំថ្ងៃសម្រាប់ការធ្វើដំណើរកម្សាន្តនៅហ្វីលីពីនគឺខ្ទង់៣៥ដុល្លារ។

១៣. មីយ៉ាន់ម៉ា (Myanmar)

ប្រទេសមីយ៉ាន់ម៉ាក៏ជាគោលដៅទេសចរណ៍គួរឱ្យទាក់ទាញមួយផងដែរនៅអាស៊ី។ ប្រសិនបើបានទៅលេងភូមា សូមមកុំរំលងវត្តអារាមល្បីៗនៅក្នុងទីក្រុងយ៉ាងហ្គន (Yangon) ទីក្រុងបុរាណបាហ្កាន (Bagan) ដែលជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ និងប្រាសាទជាច្រើននៅទីនោះ។ សម្រាប់កញ្ចប់ថវិកាជាមធ្យមប្រចាំថ្ងៃនៅមីយ៉ាន់ម៉ាគឺចន្លោះ២០-៣៥ដុល្លារ ដោយថ្លៃអាហារគឺត្រឹម១ដុល្លារ។ អ្វីដែលត្រូវចំណាយច្រើនគឺកន្លែងស្នាក់នៅដោយបន្ទប់ឯកជនថ្លៃចន្លោះ២០-២៥ដុល្លារ។

១៤. វៀតណាម (Vietnam)

នៅប្រទេសវៀតណាម ល្បីជាងគេនៅកោះត្រល់ ទីក្រុងភាគខាងត្បូងព្រៃនគរ ឆកសមុទ្រហាឡុង ឧទ្យានផ្កាដាឡាត់ ទីក្រុងបុរាណវេ ទីក្រុងដាណាង ទីក្រុងដីសណ្ដទន្លេមេគង្គកាន់ថឺរ។

១៥. ឥណ្ឌា (India)

ក្នុងនាមជាប្រទេសដ៏ធំមួយនៅអាស៉ី ឥណ្ឌាគឺជាគោលដៅទេសចរណ៍ដែលផ្តល់នូវភាពចម្រុះខ្លាំងដល់អ្នកទេសចរ។ តួយ៉ាងនៅភាគខាងត្បូងឥណ្ឌាមានឆ្នេរសមុទ្រស្រស់ស្អាត ខណៈនៅខាងភាគខាងជើងមានជួរភ្នំហិមាល័យដ៏អស្ចារ្យ រីឯនៅកណ្តាលប្រទេសវិញជាកន្លែងប្រមូលផ្តុំស្ថាបត្យកម្មបុរាណ ជាពិសេសប្រាសាទមាស Sri Harmandir Sahib និងប្រាសាទស Taj Mahal។ ការចាយវាយនៅឥណ្ឌាគឺអស់តិច ដោយថ្លៃមធ្យោបាយធ្វើដំណើរ រួមមានដូចជាកង់បី តាក់ស៊ី រថយន្តក្រុង និងរថភ្លើង គឺមិនថ្លៃឡើយ។ ឧទាហរណ៍ ការជិះរថភ្លើងរយៈពេលដល់ទៅ២០ម៉ោង គឺអ្នកត្រូវចំណាយមិនដល់៩ដុល្លារទេ។ សម្រាប់អាហារ គឺមានជម្រើសចាប់ពី Street food ដល់អាហារនៅតាមហាងធម្មតា ដែលថ្លៃចន្លោះ១ដុល្លារ-៧ដុល្លារ។ រីឯថ្លៃកន្លែងស្នាក់នៅក៏ទាបផងដែរ គឺ១យប់នៅកន្លែងស្នាក់នៅរួមថ្លៃចន្លោះ២-៥ដុល្លារប៉ុណ្ណោះ។ ដូច្នេះហើយអ្នកដំណើរអាចកំណត់កញ្ចប់ថវិកាប្រចាំថ្ងៃជាមធ្យមខ្ទង់៤០ដុល្លារ សម្រាប់ការធ្វើទេសចរណ៍នៅក្នុងប្រទេសឥណ្ឌា៕