(បរទេស)៖ ឧទ្ធម្ភាគចក្រគឺជាយានជិនះដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់បម្រើឲ្យវិស័យយោធា ហើយពួកវាមានមុខងារផ្សេងៗគ្នា ដូចជាសម្រាប់ដឹកជញ្ជូន សម្រាប់ប្រតិបត្តិការស្វែងរកនិងជួយសង្រ្គោះ ព្រមទាំងសម្រាប់ប្រយុទ្ធលើសមរភូមិតែម្តង។ ឧទ្ធម្ភាគចក្រនីមួយៗក៏មានតម្លៃខុសគ្នាផងដែរ។ ខាងក្រោមនេះគឺជា ឧទ្ធម្ភាគចក្រយោធាទាំង១០ ដែលមានតម្លៃថ្លៃជាងគេបង្អស់៖
១០៖ UH-60 Black Hawk (២១លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ត្រូវបានអភិវឌ្ឍឡើងកាលពីឆ្នាំ១៩៧៩ ដោយក្រុមហ៊ុន Sikorsky Aircraft ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin។ ដ្បិតមានមុខងារចម្បងជាឧទ្ធម្ភាគចក្រដឹកជញ្ជូនក៏ពិតមែន UH-60 Black Hawk ក៏អាចបំពាក់អាវុធបានដែរ។
៩៖ AH-64 Apache (៣១លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ គឺជាឧទ្ធម្ភាគចក្រប្រយុទ្ធស្នូលរបស់យោធាអាមេរិក។ ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨១ AH-64 Apache មានបំពាក់នូវកាំភ្លើងយន្ត និងគ្រាប់មីស៉ីលទំនើបៗ។ ម៉្យាងវិញទៀតនោះ គឺមួករបស់អាកាសយានិក មានភ្ជាប់នូវប្រព័ន្ធយ៉ាងពិសេស ដែលអនុញ្ញាតឲ្យពួកគេគ្រប់គ្រងការចុះចត ការហោះហើរ និងប្រព័ន្ធកំណត់គោលដៅរបស់សព្វាវុធ ដោយគ្រាន់តែធ្វើចលនាក្បាលរបស់ពួកគេប៉ុណ្ណោះ។ ក្រុមហ៊ុន Boeing ជាអ្នកផលិតយន្តហោះនេះ។
៨៖ AH-1Z Viper (៣១លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ដែលផលិតឡើងដោយក្រុមហ៊ុន Bell Helicopter ត្រូវបានយោធាអាមេរិកប្រើប្រាស់ ចាប់តាំងពីឆ្នាំ២០០០មក។ AH-1Z ជាឧទ្ធម្ភាគចក្រប្រយុទ្ធ ដែលធ្វើប្រតិបត្តិការពីចម្ងាយឆ្ងាយជាងឧទ្ធម្ភាគចក្រប្រយុទ្ធដទៃទៀត។
៧៖ Mi-35 (៣៦លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ជាឧទ្ធម្ភាគចក្រពហុមុខងារ ដែលយោធារុស្ស៉ីប្រើសម្រាប់ផ្តល់ការគាំទ្រពីលើអាកាសដល់ កងកម្លាំងដែលនៅផ្ទាល់ដី។
៦៖ Denel Rooivalk (៤០លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ជាឧទ្ធម្ភាគចក្រយោធាអាហ្រ្វិកខាងត្បូង ដែលផលិតឡើងដោយក្រុមហ៊ុន Denel Aviation និងជាប្រភេទឧទ្ធម្ភាគចក្រប្រយុទ្ធ។
៥៖ Eurocopter Tiger (៤១លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ជាឧទ្ធម្ភាគចក្រពហុមុខងាររបស់អឺរ៉ុប ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Airbus Helicopters។
៤៖ Sea Hawk (៤៣លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Sikorsky Aircraft ដើម្បីបំពេញតម្រូវការរបស់យោធាជើងទឹកអាមេរិក។ Sea Hawk អាចបំពាក់អាវុធប្រឆាំងនាវា ដូចជាមីស៉ីលរត់ក្រោមទឹក (Torpedoe) ហើយក៏អាចបំពេញប្រតិបត្តិការរុករក ជួយសង្រ្គោះ និងជម្លៀសខ្លួន បានផងដែរ។
៣៖ NH-90 (៥០លានដុល្លារ)
ឧទ្ធម្ភាគចក្រយោធានេះ ជាផលិតផលរួមរវាងក្រុមហ៊ុនអឺរ៉ុបមួយចំនួន។ NH-90 ត្រូវបានប្រើប្រាស់ដោយសមាជិកអង្គការ NATO ចាប់តាំងពីឆ្នាំ២០០៧ សម្រាប់ប្រតិបត្តិការតាមដែនសមុទ្រ។
២៖ V22 Osprey (៧២លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រើប្រាស់ជាចម្បងដោយកងម៉ារីនរបស់អាមេរិក តាំងពីឆ្នាំ២០០៧។ V22 Osprey មានរូបរាងប្លែកពីឧទ្ធម្ភាគចក្រផ្សេងទៀត គឺវាមានកង្ហារពីរនៅស្លាបសងខាងរបស់វា និងមិនមានកង្ហារនៅកន្ទុយខាងក្រោយទេ។ ឧទ្ធម្ភាគចក្រ V22 Osprey ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Boeing។
១៖ CH-53K King Stallion (៩៥-១៥០លានដុល្លារ)
ឧទ្ធម្ភាគចក្រនេះ ជាឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូនធុនធ្ងន់ជំនាន់ថ្មីរបស់កងម៉ារីនអាមេរិក និងឧទ្ធម្ភាគចក្រយោធាដែលថ្លៃបំផុតលើលោក។ CH-53 ជាឧទ្ធម្ភាគចក្រដែលកំពុងបន្តស្ថិតក្រោមការអភិវឌ្ឍនៅឡើយ ដោយក្រុមហ៊ុន Sikorsky Aircraft។ ការហោះហើរលើកដំបូងរបស់វា បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៥៕