(ចក្រវាឡ)៖ នៅលើភពផែនដី គឺមានតែកំពូលភ្នំ Everest នោះទេ ដែលខ្ពស់ជាងគេជាមួយនឹងកម្ពស់ជិត ៩,០០០ ម៉ែត្រ ប៉ុន្តែបើនិយាយអំពីភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងវិញនោះ គឺមិនមែនជាភ្នំ Everest របស់យើងឡើយ។
ភ្នំដែលខ្ពស់ជាងគេនៅក្នុង Solar System គឺកំពុងស្ថិតនៅភពអង្គារ វាគឺមានឈ្មោះថា អូឡាំពុស (Olympus) ដែលភ្នំភ្លើងអកម្មមួយ។
យោងតាមទិន្នន័យពីអង្គការណាសា NASA ភ្នំភ្លើងអូឡាំពុសនេះមានកម្ពស់ ២២.៥ គីឡូម៉ែត្រ និងបណ្តោយ ៦២៤ គីឡូម៉ែត្រ។ ភ្នំនេះមានកម្ពស់ខ្ពស់ជាងភ្នំ Everest បីដង និងមានបាតដ៏ធំមហិមា គឺវាអាចគ្របដណ្តប់លើរដ្ឋអារីហ្សូណា (Arizona State) នៃសហរដ្ឋអាមេរិក ឬក៏ប្រជុំកោះអង់គ្លេស (England) ទាំងមូលបានថែមទៀតផង។
ចំណែកឯរណ្ដៅភ្នំភ្លើងដែលរលត់ទៅហើយនោះ មានទំហំប្រហែល ៧២ គីឡូម៉ែត្រ និងមានជម្រៅប្រមាណ ៣.២ គីឡូម៉ែត្រ នោះក៏ល្មមអាចច្រកទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសទាំងមូលបានដែរ។
ភ្នំអូឡាំពុស មានលក្ខណៈខុសប្លែកពីភ្នំភ្លើងដែលមនុស្សទូទៅធ្លាប់គិត ព្រោះមើលទៅវាមានលក្ខណៈដូចខ្ពង់រាបដ៏ធំមហិមាមួយនៅកណ្តាលមហាសមុទ្រដែលរីងស្ងួតហួតហែងទៅហើយ។ ជញ្ជាំងរបស់វាក៏ពុំសូវចោតប៉ុន្មានដែរ គឺមានចំណោតត្រឹមតែ ១-៣ ដឺក្រេប៉ុណ្ណោះ មានន័យថា ប្រសិនបើអ្នកត្រូវឡើងភ្នំមួយនេះ អ្នកមិនចាំបាច់បញ្ចេញកម្លាំងច្រើនពេកទេ៕