(ពិភពលោក)៖ គ្រប់ពេលដែលមានការឆ្លងជំងឺផ្លូវដង្ហើមម្ដងៗ «ម៉ាស់» គឺជាសម្ភារៈដ៏ចាំបាច់មួយដែលអាចប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការចម្លងជំងឺ តួយ៉ាងដូចជានៅអំលុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះជាដើម។ ប្រសិនបើដាក់សំណួរសួរថា តើជនជាតិណាដែលចេះផលិតម៉ាស់ដំបូងគេបង្អស់នោះ លោកអ្នកប្រហែលជាគិតដល់ពួកមស្ចិមលោកហើយ។

ថ្វីដ្បិតពួកអឺរ៉ុបមានសមត្ថភាពអាចផលិតសម្ភារបរិក្ខារ ឧបករណ៍ ឬគ្រឿងយន្តប្រើប្រាស់បានច្រើនមុខការយ៉ាងណាក៏ដោយ ប៉ុន្តែជនជាតិអាស៉ីយើងក៏មានសមត្ថភាពមិនអន់នោះដែរ ក្នុងនោះឧបករណ៍ចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃមួយចំនួន ក៏កើតចេញពីការប្រតិដ្ឋ ឬក៏ជារបកគំហើញថ្មីរបស់ជនជាតិអាស៉ីយើងផងដែរ។ ជាក់ស្ដែង អ្នកដែលបង្កើតម៉ាស់អនាម័យមុនគេបង្អស់នោះ គឺជាគ្រូពេទ្យជនជាតិចិនម្នាក់ មានឈ្មោះថា អ៊ូ លានតឺ (Wu Lien-teh ឬ Wu Liande)

* ដំណើរដើមទងនៃការផលិតម៉ាស់របស់លោក អ៊ូ លានតឺ

នៅចុងសម័យរាជវង្សឆេង (Qing dynasty 1644-1912) ពោលគឺនៅអំលុងគ្រិស្ដសករាជ ១៩១០ មានការផ្ទុះឡើងនូវជំងឺដ៏កាចសាហាវម្យ៉ាង ដែលគេហៅឈ្មោះថា ជំងឺពិសប៉េស្ត ( Pneumonic Plague)ជំងឺប៉េស្តម៉ាន់ជូរី (Manchurian Plague)។ ជំងឺនេះបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងទីក្រុងហារពីន (Harbin) នៃខេត្តហីឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិន ដោយបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ ៦០,០០០ នាក់។ គេបានកត់ត្រាទុកថា អត្រានៃអ្នកស្លាប់ដោយសារឆ្លងជំងឺប៉េស្តម៉ាន់ជូរីនេះ គឺមានរហូតដល់ ៩៩.៩% ឯណោះ។

នៅចំពោះមុខបញ្ហានេះ រាជការឆេងដែលរងការរំខានដោយពួកអាណានិគមបស្ចិមលោកផង និងពីសំណាក់ក្រុមបដិវត្តផងនោះ បានចាត់តាំងគ្រូពេទ្យល្បីៗជាច្រើន មានទាំងគ្រូពេទ្យបរទេស និងពេទ្យជនជាតិចិន ដើម្បីរកមធ្យោបាយកម្ចាត់ជំងឺចង្រៃនេះចេញពីមូលដ្ឋានប្រជាជនរបស់ខ្លួន ក្នុងនោះក៏មានទាំងគ្រូពេទ្យវ័យក្មេង អ៊ូ លានតឺ (伍連德) ផងដែរ។

ក្នុងបេសកកម្មជួយសង្គ្រោះជីវិតប្រជាជននាពេលនោះ គ្រូពេទ្យ អ៊ូ បានធ្វើកោសលវិច័យលើសពស្ត្រីជនជាតិជប៉ុនម្នាក់ ដែលស្លាប់ដោយសារជំងឺប៉េស្តម៉ាន់ជូរីនេះ។ ក្រោយពេលអង្កេតយ៉ាងយកចិត្តទុកដាក់រួចហើយនោះ លោកក៏បានសន្និដ្ឋានថា «មេរោគនេះគឺឆ្លងតាមរយៈខ្យល់ ហើយចម្លងទៅមនុស្សបាន គឺតាមរយៈការដកដង្ហើម»។ ជាមួយគ្នានោះ លោកបានណែនាំឱ្យប្រើម៉ាស់ដើម្បីការពារច្រមុះ និងមាត់ កុំឱ្យមេរោគចូលទៅក្នុងខ្លួនបាន។ ប៉ុន្តែមានវេជ្ជបណ្ឌិតជនជាតិបារាំងម្នាក់ ដែលមានភាពលេចធ្លោជាងគេក្នុងប្រតិបត្តិការនេះ បានចំអកឱ្យលោកគ្រូពេទ្យ អ៊ូ ថា «អាចិននេះ និយាយតែផ្តាស» ហើយថែមទាំងពិនិត្យរោគដោយមិនប្រើម៉ាសការពារខ្លួនឯងនោះឡើយ។

មិនយូរប៉ុន្មាន គ្រូពេទ្យជនជាតិបារាំងនោះក៏ឆ្លងជំងឺពិសប៉េស្តស្លាប់បាត់ទៅ ឯលោកគ្រូពេទ្យ អ៊ូ ដែលមានវិធីការពារខ្លួនដោយការពាក់ម៉ាសនោះ ក៏នៅតែអាចបន្តការងារពិនិត្យព្យាបាលអ្នកជំងឺប្រកបដោយសុវត្ថិភាព។ ប្រការនេះ បានបណ្ដាលឱ្យមនុស្សទូទៅមានការជឿជាក់លើអនុសាសន៍របស់លោកគ្រូពេទ្យ អ៊ូ យ៉ាងខ្លាំង ហើយនាំគ្នាអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន។

ក្នុងការផលិតម៉ាស់ដំបូងនោះ លោកវេជ្ជបណ្ឌិត អ៊ូ បានអភិវឌ្ឍម៉ាស់ពេទ្យឱ្យកាន់តែមានគុណភាពល្អ ដោយមានស្រទាប់ស្បៃ និងសរសៃកប្បាស ដើម្បីច្រោះខ្យល់ដកដង្ហើមប្រកបដោយសុវត្ថិភាព មានន័យថា អាចទប់ស្កាត់មេរោគមិនឱ្យចូលទៅក្នុងប្រព័ន្ធដង្ហើមរបស់មនុស្សដោយងាយបានឡើយ។ ប្រជាជនទូទៅក៏បាននាំគ្នាប្រើប្រាស់ម៉ាសរបស់លោក អ៊ូ គ្រប់ៗគ្នា រហូតដល់ជំងឺពិសប៉េស្តនោះត្រូវបានកម្ចាត់ឱ្យសាបរលាបទៅវិញ។ លោក អ៊ូ លានតឺ បានបំពេញការងារជួយព្យាបាលជំងឺប៉េស្តម៉ាន់ជូរីនៅខេត្តហីឡុងជាំង រហូតដល់ឆ្នាំគ្រិស្ដសករាជ ១៩១១។ ការរកឃើញវិធីផលិតម៉ាស់ និងជោគជ័យនៃបេសកកម្មកម្ចាត់ជំងឺប៉េស្តម៉ាន់ជូរីរបស់លោក អ៊ូ ត្រូវបានគេចុះផ្សាយនៅតាមសារព័ត៌មានជាច្រើននៅទូទាំងពិភពលោកនាសម័យនោះ ពិសេសគឺល្បីខ្ទ័រខ្ទារទៅដល់ទ្វីបអឺរ៉ុបថែមទៀតផង។

សូមជម្រាបថា លោកវេជ្ជបណ្ឌិត អ៊ូ លានតឺ មានវង្សត្រកូលជាជនជាតិចិន ប៉ុន្តែគ្រួសារអ៊ូបានផ្លាស់ទៅរស់នៅក្នុងរដ្ឋប៉េណាំង (Penang) ដែលកាលណោះនៅជាទីក្រុងដ៏សំខាន់មួយក្នុងចំណោមទីក្រុងសំខាន់ៗទាំងបី នៃដែនដីអាណានិគមរបស់ចក្រភពអង់គ្លេសក្នុងតំបន់ម៉ាឡាយូ ក្នុងនោះមានទីក្រុងម៉ាឡាកា ទីក្រុងសិង្ហបុរី និងទីក្រុងប៉េណាំង ហើយលោកក៏បានកើតនៅទីនោះឯង។

លោក អ៊ូ លានតឺ គឺជាបុគ្គលម្នាក់ដែលទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតពីព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះចៅចចទី៥ (King George V) ខណៈមិនមានបុគ្គលច្រើនប៉ុន្មានឡើយដែលទទួលបានសញ្ញាបត្រនេះ៕

រូបរាងម៉ាស់ក្នុងគ្រាដំបូង

លោកវេជ្ជបណ្ឌិត អ៊ូ លានតឺ (Wu Lien-teh)

រូបសំណាក់លោក អ៊ូ

ក្រុមការងាររបស់លោក អ៊ូ ក្នុងពេលបំពេញបេសកកម្មនៅភាគឦសានប្រទេសចិន

វីរុស Pneumonic Plague