(បរទេស)៖ អាយុរំពឹងរស់ (life expectancy) គឺជារយៈពេលជាមធ្យម ដែលមនុស្សម្នាក់ៗរំពឹងនឹងរស់នៅលើផែនដី។ មានកត្តាជាច្រើនពាក់ព័ន្ធនឹងអត្រាអាយុរំពឹងរស់នេះ ដូចជា ភេទ ហ៊្សែន អនាម័យ របបអាហារ លំហាត់ប្រាណ គុណភាពសេវាថែទាំសុខភាព របៀបរស់នៅ វប្បធម៌ ទ្រព្យសម្បត្តិ និងអត្រាបទឧក្រិដ្ឋជាដើម។ ដោយសារតែកត្តាទាំងអស់នេះ ទើបប្រទេសនៅជុំវិញពិភពលោក អត្រាអាយុរំពឹងរស់ខុសៗគ្នា។
យោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ អត្រាអាយុរំពឹងរស់របស់មនុស្សទាំងពីរភេទជាសកលគឺ ៧៣.២ ឆ្នាំ ខណៈសម្រាប់តែបុរសគឺ ៧០.៨ ឆ្នាំ និងសម្រាប់តែស្រ្តីគឺ ៧៥.៦ ឆ្នាំ ពោលគឺស្រ្តីមានអាយុវែងជាងបុរស។ ខាងក្រោមនេះ គឺប្រទេសទាំង ៥ នៅលើពិភពលោក ដែលអត្រាអាយុរំពឹងរស់វែងជាងគេបំផុត៖
៥៖ អេស៉្បាញ
អាយុរំពឹងរស់នៅរបស់ប្រជាជនអេស៉្បាញគឺ ៨៣.៩៩ ឆ្នាំ ក្នុងនោះ ៨៦.៦៨ ឆ្នាំសម្រាប់ស្រ្តី និង ៨១.២៧ ឆ្នាំសម្រាប់បុរស។ របបអាហារបែបតំបន់មេឌីទែរ៉ាណេ ដែលសម្បូរទៅដោយបន្លែ និងត្រី ត្រូវគេចាត់ទុកជាមូលហេតុចម្បង ដែលធ្វើឲ្យប្រជាជនអេស៉្បាញអាចរស់នៅបានដល់អាយុវែងៗបែបនេះ។
៤៖ អ៉ីតាលី
ប្រជាជននៅអ៉ីតាលីអាចរំពឹងរស់នៅបានដល់អាយុ ៨៤.០១ ឆ្នាំជាមធ្យម ក្នុងនោះ ៨៥.៩៧ ឆ្នាំសម្រាប់ស្រ្តី និង ៨១.៩០ ឆ្នាំសម្រាប់បុរស។ ការបរិភោគអាហាររបស់ប្រជាជនអ៉ីតាលី ក៏មិនសូវខុសគ្នាគ្នាដែរពីប្រជាជនអេស៉្បាញ។ នៅតំបន់ភាគខាងជើងអ៉ីតាលី ដែលជាកន្លែងមានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ក៏មានអត្រាអាយុរំពឹងរស់ប្រហែល ៣ ឆ្នាំ ខ្ពស់ជាងតំបន់ភាគខាងត្បូងផងដែរ។
៣៖ សិង្ហបុរី
ប្រជាជាជនក្នុងប្រទេសអាស៊ានមួយនេះមានអាយុរំពឹងរស់ ៨៤.០៧ ឆ្នាំ ក្នុងនោះស្រ្តីមានអាយុវែងជាងបុរសគឺ ៨៦.១៥ ឆ្នាំ ខណៈបុរសគឺ ៨២.០៦ ឆ្នាំ។ សិង្ហបុរីគឺជាប្រទេសមួយដែលមានអត្រាមរណៈកុមារ ព្រមទាំងអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយការបំពុលបរិស្ថាន និងដោយសារជំងឺស្រាលៗ។
២៖ ស្វីស
ប្រជាជនស្វីសមានអាយុរំពឹងរស់វែងជាងគេប្រចាំតំបន់អឺរ៉ុប។ ប្រជាជនស្វីសអាចរំពឹងរស់នៅបានដល់អាយុ ៨៤.២៥ ឆ្នាំជាមធ្យម ក្នុងនោះ ៨៦.០២ ឆ្នាំសម្រាប់ស្រ្តី និង ៨២.៤២ ឆ្នាំសម្រាប់បុរស។ កាសិក្សាមួយចំនួនបានចង្អុលទៅកាន់កត្តាចម្បងៗចំនួន ៣ នៅពីក្រោយអាយុរំពឹងរស់របស់ប្រទេសស្វីស នោះគឺទ្រព្យសម្បត្តិ សុខុមាលភាព និងរបបអាហារ។
១៖ ជប៉ុន
ជប៉ុនគឺជាប្រទេសដែលប្រជាជនមានអាយុរំពឹងរស់ខ្ពស់ជាងគេបង្អស់លើពិភពលោក គឺ ៨៥.០៣ ឆ្នាំ ក្នុងនោះ ៨៨.០៩ ឆ្នាំសម្រាប់ស្រ្តី និង ៨១.៩១ ឆ្នាំសម្រាប់បុរស។ អាយុរំពឹងរស់ដ៏ខ្ពស់បំផុតបែបនេះ គឺដោយសាររបបអាហាររបស់ប្រជាជនជប៉ុន។ ជាទូទៅ ពួកគេបរិភោគអាហារដែលមានផ្លែឈើ និងបន្លែច្រើន រួមជាមួយសាច់ និងត្រីស្រស់ៗ ហើយនិងអាហារដែលផលិតពីធញ្ញជាតិ។ ម៉្យាងវិញទៀត រដ្ឋាភិបាលជប៉ុនក៏បានខិតខំពង្រឹងសេវាសុខភាពសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះ ប្រជាជនជប៉ុនជាធម្មតានៅតែសកម្មជានិច្ច ទោះបីឈានដល់វ័យចំណាស់ក៏ដោយ៕