(ភ្នំពេញ)៖ ពេជ្រ (Diamond) ជារូបធាតុមួយក្នុងចំណោមរូបធាតុកើតពីធម្មជាតិ ដែលមានសភាពរឹងបំផុតនៅលើពិភពលោក ហើយរតនវត្ថុមួយនេះក៏មានតម្លៃថ្លៃជាងគេផងដែរ។ តើអ្នកដឹងទេថា ពេជ្រកើតឡើងដោយរបៀបណា?
ពេជ្រកើតមកពីអង្គធាតុកាបូន (Carbone) សុទ្ធ ដូចគ្នាទៅនឹងក្រាហ្វីត (Graphite) ដែលគេយកមកធ្វើជាបណ្ដូលខ្មៅដៃដូច្នោះដែរ គ្រាន់តែរបៀបនៃការរៀបអាតូមកាបូនរបស់ពួកវា មានសភាពខុសគ្នាដាច់ស្រឡះប៉ុណ្ណោះ។
ពេជ្រមួយគ្រាប់ៗសុទ្ធតែកកើតឡើងដោយថាមពលកម្ដៅដ៏ក្តៅ និងកម្លាំងសម្ពាធដ៏ខ្លាំងមហិមាពីក្រោមសម្បកផែនដី ហើយត្រូវដោលឱ្យចេញផុតពីផ្ទៃផែនដី ដោយសារតែបន្ទុះភ្នំភ្លើង។ វាកកើតឡើងក្នុងផ្ទៃផែនដីក្នុងជម្រៅចាប់ពី ១៦០-៤៨០ គីឡូម៉ែត្រ។
ភាគច្រើនត្រូវគេបានរកឃើញពេជ្យក្នុងថ្មភ្នំភ្លើងឈ្មោះ ឃីមបឺរឡៃត៍ (Kimberlite) នៃប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែតំបន់រ៉ែនេះមានទីតាំងនៅត្រង់បរិវេណផ្ទៃដីដែលភ្នំភ្លើងមិនទាន់រលត់។ ពេជ្រមួយចំនួនទៀត ត្រូវបានគេរកឃើញក្នុងសភាពត្រូវទឹកច្រោះ ហើយហូរនាំទៅឆ្ងាយចេញពីភ្នំភ្លើងឃីមបឺរឡៃត៍ផងដែរ។
សូមជម្រាបថា ប្រទេសដែលផលិតពេជ្រច្រើនជាងគេមានដូចជាប្រទេសរុស្ស៉ី បូស្វាណា អូស្ត្រាលី កុងហ្គោ (DR Congo) កាណាដា អង់ហ្គោឡា (Angola) អាហ្វ្រិកខាងត្បូង ស៉ីមបាវ៉េ (Zimbabwe) ណាមីប៊ី (Namibia) សៀរ៉ាឡេអូន (Sierra Leone) ជាដើម៕