(បរទេស)៖ តើមូលហេតុអ្វីទើបកាលពីទសវត្សរ៍ឆ្នាំ១៩៦០ ប្រធានាធិបតីអាមេរិក លោក ចន អេហ្វ ឃែននេឌី (John F. Kennedy) បានប្តេជ្ញាថានឹងបញ្ជូនមនុស្សឡើងទៅដល់លើផ្ទៃព្រះច័ន្ទឲ្យបាន មុនពេលឆ្លងចូលទសវត្សរ៍ថ្មី? តើដើម្បីតែចង់យកឈ្នះសហភាពសូវៀត នាពេលនោះមែនទេ? តោះមក ស្វែងយល់អំពីព្រឹត្តិការណ៍ ដែលនាំទៅរកការបង្កើតកម្មវិធីអាប៉ូឡូ (Apollo) របស់សហរដ្ឋអាមេរិក។
នៅពេលលោក ឃែននេឌី បានប្រកាសកាលពីឆ្នាំ១៩៦១ អំពីការប្តេជ្ញាបញ្ជូនមនុស្សទៅចុះលើផ្ទៃព្រះច័ន្ទ គឺសហរដ្ឋអាមេរិក និងសហភាព សូវៀតកំពុងតែស្ថិតក្នុង ការធ្វើសង្រ្គាមត្រជាក់យ៉ាងតានតឹងជាមួយគ្នា ហើយក្នុងនោះវិស័យអវកាស ក៏ជាកន្លែងប្រជែងយកឈ្នះដ៏សំខាន់ មួយផងដែរ ដូច្នេះហើយការបញ្ជូនមនុស្សឲ្យទៅដល់លើផ្ទៃព្រះច័ន្ទ នឹងជាជោគជ័យដ៏ធំធេងបំផុតសម្រាប់ប្រទេសទាំងពីរ។
ក្រឡេកទៅមើលថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ សហភាពសូវៀតសម្រេចជោគជ័យ ក្នុងការបញ្ជូនផ្កាយរណបឈ្មោះ ស្ពុតនីក (Sputnik) ជាវត្ថុ ដំបូងគេផលិតឡើងដោយមនុស្សលោក ដែលត្រូវបានបញ្ជូនពីផែនដីឡើងទៅទីអវកាស ដើម្បីគោចរជុំវិញភពរបស់យើង។ មួយខែ ក្រោយមក គឺនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៥៧ សូវៀតបានបានបញ្ជូនផ្កាយរណប ស្ពុតនីក ធូ (Sputnik 2) ថែមទៀត។
ពេលនោះ ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកបានចុះផ្សាយថា ការបាញ់បង្ហោះផ្កាយរណបទាំងនេះ នឹងផ្តល់ឧត្តមភាពប្រកួតប្រជែង ខាងយោធាសម្រាប់សូវៀតក្នុងសង្រ្គាមត្រជាក់រវាងភាគីទាំងពីរ។ យើងអាចនិយាយបានថា ការរត់ប្រណាំងវិស័យអវកាស រវាងមហាអំណាចពិភពលោកទាំងពីរ ក៏បានចាប់ផ្តើមឡើង។
ដោយរងសម្ពាធពីការបាញ់បង្ហោះផ្កាយរណប ជាបន្តបន្ទាប់ដោយសហភាពសូវៀត សហរដ្ឋអាមេរិក បានបាញ់បង្ហោះផ្កាយរណបឈ្មោះ វែនហ្កាដ (Vanguard) កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៥៧។ យ៉ាងណាមិញ គ្រាប់រ៉ុក្កែតដែលត្រូវនាំយកផ្កាយរណបនោះឡើងអវកាស បានផ្ទុះឆេះក្រោយ ហោះឡើងតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ ទោះជាបែបនេះក្តី នៅចុងឆ្នាំ១៩៥៨ អាមេរិកបានអនុម័តច្បាប់អវកាស ដែលផ្តល់កំណើតឲ្យទីភ្នាក់ងារអវកាស ណាសា (NASA)។
បន្ទាប់មក ទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត សុទ្ធតែបានបង្កើតកម្មវិធីអវកាស ដែលទាក់ទងនឹងព្រះច័ន្ទ។ ក្នុងឆ្នាំ១៩៥៩ ប្រទេសទាំងពីរ ទទួលជោគជ័យដូចគ្នា ក្នុងការបញ្ជូនយានឲ្យហោះទៅឆ្វែលព្រះច័ន្ទ។ ប៉ុន្តែសូវៀតជាអ្នកនាំមុខ ដោយនៅខែកញ្ញា ឆ្នាំ១៩៥៩ សូវៀតបានបញ្ជាយានផ្កាយរណបឈ្មោះ លូណា ធូ (Luna 2) ឲ្យទម្លាក់ខ្លួនចុះទៅបុកដល់លើផ្ទៃព្រះច័ន្ទ (មិនមែនយានអវកាសដឹកមនុស្សទេ) ហើយ២ឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិករបស់សូវៀតគឺលោក យូរី ហ្កាហ្ការីន (Yuri Gagarin) បានក្លាយជាមនុស្សដំបូងគេបង្អស់ ដែលបានឡើងទៅដល់ទីអវកាស (ប៉ុន្តែមិនមែនជាអ្នកបានជាន់ដីឋានព្រះច័ន្ទមុនគេនោះទេ)។
ចំណែកឯសហរដ្ឋអាមេរិកវិញ គឺត្រូវការជាខ្លាំងនូវជោគជ័យទ្រង់ទ្រាយធំ នៅក្នុងការរត់ប្រណាំងវិស័យអវកាសនេះ។ ដូច្នេះហើយ លោក ចន ឃែននេឌី ក៏បានស្នើយោបល់ពីអនុប្រធានាធិបតីរបស់លោកគឺលោក លីនដុន ប៊ូ ចនសុន (Lyndon B. Johnson) ដើម្បីជួយគិតរិះរកជម្រើសថា តើអាមេរិកអាចធ្វើអ្វីបាន ដើម្បីយកឈ្នះសហភាពសូវៀត។ តើគួរសង់ស្ថានីយអវកាស? តើគួរបញ្ជូនមនុស្សឲ្យជិះយានអវកាស គោចរជុំវិញព្រះច័ន្ទ? ឬមួយក៏បញ្ជូនមនុស្សឲ្យទៅជាន់ដល់លើផ្ទៃព្រះច័ន្ទតែម្តង?
ប្រធានទីភ្នាក់ងារអវកាស ណាសា នាពេលនោះ គឺលោក ជែមស៍ អ៉ី វែប (James E. Webb) បាននិយាយថា វាគ្មានផ្លូវដែលអាចយកឈ្នះសូវៀត តាមរយៈការសាងសង់ស្ថានីយអវកាសឡើយ ហើយសូវៀតក៏ប្រហែលជាអាចចំណាយពេលមិនយូរ ក្នុងការបញ្ជូនមនុស្សឲ្យទៅគោចរជុំវិញព្រះច័ន្ទនោះដែរ ប៉ុន្តែលោកបានបន្តថា សហរដ្ឋអាមេរិកប្រហែលមានឱកាស បញ្ជូនមនុស្សឲ្យទៅជាន់លើផ្ទៃព្រះច័ន្ទ បានមុនសហភាពសូវៀត ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦១ លោក ឃែននេឌី បានស្នើក៏ដូចជាប្រកាសជាផ្លូវការ អំពីមហិច្ឆតាបញ្ជូនមនុស្សឲ្យទៅដល់ផ្ទៃព្រះច័ន្ទ ហើយនាំយកពួកគេត្រឡប់មកដល់ ផ្ទៃផែនដីវិញដោយសុវត្ថិភាព ឲ្យបានមុនទសវត្សរ៍ថ្មីចូលមកដល់។ ក្រោយមក កម្មវិធីអវកាស អាប៉ូឡូ ក៏បានលេចចេញជារូបរាងឡើង ហើយលោកប្រធានាធិបតីអាមេរិក បានទស្សន៍ទាយថា ភាពជោគជ័យរបស់វា នឹងជំរុញឲ្យពិភពលោកទាំងមូលជ្រើសរើសយក សហរដ្ឋអាមេរិកជាប្រទេសគំរូ ជាជាងសហភាពសូវៀត។
ប៉ុន្មានសប្តាហ៍ក្រោយមក លោក ឃែននេឌី ក៏បានជួបជាមួយនាយករដ្ឋមន្រ្តីរបស់សហភាពសូវៀត លោក នីគីតា គ្រូសឆេវ (Nikita Khrushchev) ហើយបាន ស្នើឡើងថា កម្មវិធីនាំយកមនុស្សទៅជាន់លើផ្ទៃព្រះច័ន្ទ គួរតែជាកិច្ចប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរ តែលោកនាយករដ្ឋមន្រ្តីសូវៀត បានឆ្លើយបដិសេធ។ ខាងសូវៀតបានប្រកែកថា ខ្លួនមិនមានគម្រោងបញ្ជូន មនុស្សទៅជាន់លើផ្ទៃព្រះច័ន្ទឡើយ ប៉ុន្តែសូវៀតត្រូវគេដឹងច្បាស់ថាបានសំងំរចនាគំរូឈុតអវកាស សម្រាប់ឲ្យមនុស្សស្លៀកពាក់ពេលចុះលើផ្ទៃព្រះច័ន្ទ រួមជាមួយយានសម្រាប់ចុះចតនៅទីនោះ។
ទោះបីកម្មវិធី អាប៉ូឡូ ត្រូវបានបង្កើតឡើងក្រោមស្មារតីប្រកួតប្រជែង ជាមួយសហភាពសូវៀតក្តី ក៏មានការព្យាយាមជាច្រើនលើកផងដែរ ដើម្បីបន្ធូរបន្ថយការរត់ប្រណាំងវិស័យអវកាសនេះ ក្រោមហេតុផលការទូត។ នៅខែកញ្ញា ឆ្នាំ១៩៦៣ លោក ឃែននេឌី បាននិយាយថា សហរដ្ឋអាមេរិកនិងសហភាពសូវៀត នៅតែអាចធ្វើការជាមួយគ្នាលើកម្មវិធី អាប៉ូឡូ។ ប៉ុន្តែលទ្ធភាពនៃការបង្កើត កិច្ចសហប្រតិបត្តិការអវកាសរវាងភាគីទាំងពីរ បានរលាយបាត់ទៅ បន្ទាប់ពីលោក ឃែននេឌី ត្រូវបានគេធ្វើឃាត នៅពីរខែក្រោយមក។
នាពេលនោះកម្មវិធី អាប៉ូឡូ បានក្លាយជាកេរ្តិ៍តំណែលរបស់លោក ឃែននេឌី ហើយការរត់ប្រណាំងវិស័យអវកាសនៅតែបន្ត។ សរុបមក អំឡុងការរត់ប្រណាំងវិស័យអវកាស សហភាពសូវៀតសម្រេច បានរឿងជាច្រើនមុនសហរដ្ឋអាមេរិក ដូចជាការហោះហើររយៈពេលវែងក្នុងទីអវកាស នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៦១, ការបញ្ជូនមនុស្សគ្នាច្រើនឡើងទៅទីអវកាស នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៦៤ និងការចេញបណ្តែតខ្លួនក្នុងទីអវកាស (Spacewalk) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៥។ ចំណែកនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៦៦ សូវៀតបានទទួលជោគជ័យ ក្នុងការចុះចត យាន លូណា ណាញ (Lunar 9) ដោយសុវត្ថិភាពនៅលើផ្ទៃព្រះច័ន្ទ។ ក៏ប៉ុន្តែពួកគេនៅតែមិនទាន់អាចបញ្ជូន មនុស្សទៅដល់លើនោះនៅឡើយ។
ទីបំផុតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកក៏សម្រេចរឿងនោះបានមុនសូវៀត គឺ៥ខែមុនពេលវេលាដែលលោក ឃែននេឌី បានកំណត់កាលពីដើមទសវត្សរ៍។ នៅថ្ងៃនោះ អវកាសយានិកអាមេរិកពីរនាក់គឺលោក នៀល អាមស្រ្តង (Neil Armstrong) និង លោក ប៊ូស អាល់ឌ្រីន (Buzz Aldrin) បានចុះ ទៅដល់ផ្ទៃព្រះច័ន្ទ ហើយពួកគេបានចំណាយពេលជាង២ម៉ោង ដើរនៅលើនោះ មុនពេលវិលត្រឡប់មកដល់ផ្ទៃភពផែនដីវិញ ដោយសុវត្ថិភាព។
នៅទីបំផុតសហរដ្ឋអាមេរិកសម្រេចបាននូវជោគជ័យដ៏ធំធេងបំផុត ដែលសហភាពសូវៀតមិនអាចធ្វើបាន ហើយវាគឹជាការបើកទំព័រប្រវត្តិសាស្រ្ត នៃភាពនាំមុខគេលើពិភពលោកផ្នែកវិស័យអវកាសរបស់អាមេរិក តាំងតែពីពេលនោះ រហូតមកទល់បច្ចុប្បន្ន៕