(ពិភពលោក)៖ ក្រុមប្រវត្តិវិទូបានស្រាវជ្រាវដឹងថា មនុស្សចេះធ្វើកសិកម្មលើកដំបូងតាំងពីប្រមាណ ១០០០០ ឆ្នាំមុនមកម្ល៉េះ ហើយក៏បានរស់នៅជួបជុំគ្នានៅតាមភូមិដ្ឋានតូចៗ ពិសេសនៅកន្លែងដែលអាចដាំដុះដំណាំបានល្អ។ តើអ្នកដឹងទេថា ភូមិកសិកម្មរបស់មនុស្សយើងនាគ្រាដំបូង កើតមានតាំងពីពេលណា?
ក្រុមអ្នកបុរាណវិទ្យាបានរកឃើញថា ប្រមាណជា ៨០០០ ឆ្នាំមុន មនុស្សបានរស់ក្នុងទីក្រុងមួយមានឈ្មោះថា ខាថាល ហូកយូក (Catal Huyuk) បច្ចុប្បន្នស្ថិតក្នុងប្រទេសតួកគី ដែលជាភូមិកសិករដំបូងបំផុតមួយក្នុងប្រវត្តិមនុស្សជាតិ។ ភូមិកសិករដ៏ចំណាស់មួយនេះ ត្រូវបានរកឃើញដំបូងនៅអំឡុងគ្រិស្ដសករាជ ១៩៥៨ ដោយអ្នកបុរាណវិទ្យាម្នាក់ឈ្មោះ ជេម មែលឡាអាត (James Mellaart)។ ក្រោយមក ក៏មានការដឹកនាំធ្វើកំណាយជាបន្តបន្ទាប់ទៀត ពិសេសនៅអំលុងគ្រិស្ដសករាជ ១៩៦១ និង ១៩៦៥។
នៅក្នុងទីក្រុងខាថាលហូកយូកនេះ មានផ្ទះជាង ១,០០០ ខ្នង ដែលមានមនុស្សរស់នៅចន្លោះពី ៥០០០-៦០០០ នាក់។ ប្រជាជនដែលរស់នៅក្នុងទីក្រុងដ៏តូចនេះ ភាគច្រើនជាប្រជាកសិករ អ្នកបរបាញ់ និងអ្នកនេសាទត្រីជាដើម។ ក្រៅពីនេះ ក៏នៅមានប្រជាជនមួយចំនួនទៀត ជាអ្នកលក់ដូរខ្នាតតូចៗលក្ខណៈគ្រួសារ ដែលការលក់ដូររបស់ពួកគេនៅពេលនោះ គឺធ្វើការដោះដូរទៅវិញទៅមកជាមួយមនុស្សដែលនៅក្រៅតំបន់។
ផ្ទះរបស់ពួកគេ សាងសង់ឡើងអំពីឈើ ដំបូល និងជញ្ជាំងបិទដោយដីឥដ្ឋ ឬដីភក់ស្អិត ប៉ុន្តែមិនមានទ្វារចូលដូចផ្ទះយើងសព្វថ្ងៃនោះទេ គឺពួកគេប្រើជណ្ដើរឡើងទៅលើដំបូល រួចហើយក៏ចូលតាមប្រលោះដំបូល ឬបង្អួរផ្ទះវិញ។
នៅខាងក្នុងបរិវេណទីក្រុងនេះទៀតសោត គឺប្រជាជនបានកសាងបូជនីយដ្ឋានសម្រាប់បន់ស្រន់ ហើយនៅក្នុងប្រាសាទបូជនីយដ្ឋាននោះ ក៏មានសាងសង់នូវរូបបដិមាតំណាងអាទិទេពរបស់ពួកគេផងដែរ។
នៅជុំវិញទីក្រុង គឺពោរពេញទៅដោយដំណាំស្រូវ និងដំណាំផ្សេងៗ ដោយកសិករបានជីកប្រឡាយសាមញ្ញៗ ដើម្បីបង្ហូរទឹកចូលទៅកាន់ដីកសិកម្មរបស់ពួកគេ៕