(ពិភពលោក)៖ តាំងពីបុរាណកាលមក មានប្រទេសជាច្រើនបានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនជាបន្តបន្ទាប់ រហូតដល់រយៈពេលមួយសតវត្សរ៍នេះ ក៏នៅតែមានប្រទេសមិនតិចនោះឡើយ ដែលបានប្ដូរឈ្មោះថ្មីសម្រាប់ប្រទេសរបស់ខ្លួន។
ខាងក្រោមនេះគឺជាប្រទេសចំនួន ៥ ដែលបានប្ដូរឈ្មោះថ្មី ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ រួមមាន៖
១៖ សៀម ឬស្យាម (Siam)
ឈ្មោះ «ស្យាម» ត្រូវបានជនជាតិសៀមប្រើប្រាស់នៅក្រោយពេលបុព្វបុរសរបស់ពួកគេ បានមកដល់ទឹកដីខ្មែរនាសម័យបុរាណ លុះរហូតមកឆ្នាំ១៩៣៩ «ព្រះរាជាណាចក្រសៀម» ក៏បានប្ដូរឈ្មោះមកជា «ព្រះរាជាណាចក្រថៃឡង់» វិញ ពោលគឺនៅក្នុងរជ្ជកាលព្រះចៅប្រជាធិប៉ុក (King Prajadhipok) ឬព្រះចៅរាមាទី៧ នៃរាជវង្សចក្រី (Chakri dynasty)។
នៅក្នុងភាសាសៀម ពាក្យ ថៃឡង់ ឬ Thailand នេះ មានន័យថា «ប្រទេសដែលពោរពេញដោយសេរីភាព»។ ជនជាតិថៃហៅឈ្មោះប្រទេសខ្លួនឯងថា «ថៃប្រាថេត» ឬ «ប្រាថេតថៃ»។ ពាក្យថៃនេះទៀតសោត បានក្លាយមកពីពាក្យ «ត័យ» ដែលជាជនចំណាកស្រុកមកពីភាគខាងត្បូងប្រទេសចិន ដើម្បីស្វែងរកសន្តិភាពនៅលើទឹកដីថ្មី ហើយក៏បានមករស់នៅលើទឹកដីចក្រភពខ្មែរសម័យបុរាណ រហូតដល់ពេលបច្ចុប្បន្ន។
២៖ ប្រទេសសេឡង់ (Ceylon)
សេឡង់ ជាឈ្មោះដែលពួកអាណានិគមអឺរ៉ុបហៅសំដៅលើកោះធំមួយស្ថិតនៅខាងត្បូងប្រទេសឥណ្ឌា។ តាំងពីពួកអាណានិគមឈានជើងជាន់លើកោះនេះលើកដំបូង ពួកគេបានហៅឈ្មោះសេឡង់អស់រយៈពេលជាង ៥០០ ឆ្នាំ ទើបតែមកដល់គ្រិស្ដសករាជ ១៩៧២ ប្រទេសសេឡង់ក៏បានប្ដូរឈ្មោះមកជា «ប្រទេសស្រីលង្កា» វិញ ដូចពេលបច្ចុប្បន្ន។
៣៖ ប្រទេសភូមា (Bama)
ខ្មែរយើងបានហៅឈ្មោះ «ភូមា» នេះ តាំងពីសម័យអង្គរមកម្ល៉េះ ដោយកាលណោះ ជនជាតិភូមាបានបង្កើតអាណាចក្រដំបូងមួយឈ្មោះថា អាណាចក្របាហ្កាន (Bagan Kingdom) ដែលក្រោយមកក៏បានពង្រីកខ្លួនក្លាយជាចក្រភពដ៏ធំមួយនៅជាប់ខាងលិចចក្រភពខ្មែរ (Khmer Empire)។ លុះមកដល់សម័យអាណានិគម ឈ្មោះភូមា ឬ Bumar ក៏ត្រូវបានយកមកប្រើឡើងវិញ សម្រាប់សំដៅលើជនជាតិដែលគ្រប់គ្រងចក្រភពកូនបោង (Konbaung Empire)។
ក្រោយពីទទួលបានឯករាជ្យចុងក្រោយពីចក្រភពអង់គ្លេស រដ្ឋាភិបាលក៏បានបង្កើត «សហភាពភូមា» ប៉ុន្តែដោយសារប្រទេសនេះចម្រុះទៅដោយរដ្ឋផ្សេងៗគ្នានោះ ទើបនៅគ្រិស្ដសករាជ ១៩៨៩ រដ្ឋាភិបាលលោក ថេន សេន (Thein Sein) ក៏បានផ្លាស់ឈ្មោះប្រទេសពីសហភាពភូមាមកជា «សហភាពមីយ៉ាន់ម៉ា» ឬ «សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» វិញ បន្តរហូតដល់សព្វថ្ងៃ។
៤៖ ប្រទេសស្វាស៉ីឡង់ (Swaziland)
កាលពីខែមេសា ឆ្នាំ២០១៨ ស្តេចស្វាស៊ីឡង់នៅទ្វីបអាហ្វ្រិក បានចេញព្រះរាជប្រកាសមួយដោយប្រកាសថា ប្រទេសរបស់ព្រះអង្គនឹងប្តូរឈ្មោះថ្មីទៅជាប្រទេសអេស្វាទីនី (Eswatini)។ ការកែប្រែនេះមិនបានធ្វើឱ្យប្រជាជនរបស់ខ្លួនភ្ញាក់ផ្អើលនោះទេ ពីព្រោះនោះគឺជាឈ្មោះដែលពួកគេបានប្រើរួចហើយ។ អេស្វាទីនី ប្រសិនបើបកប្រែជាភាសាស្វាស៊ីឡង់ គឺមានន័យថា «ទឹកដីរបស់ស្វាស៊ីស ឬ land of the Swazis»។
៥៖ ហូឡង់ (Holland)
ឈ្មោះ «ហូឡង់» នេះ គ្រាន់តែជាឈ្មោះតំបន់មួយរបស់ប្រទេសនែតដឺរលែន (Netherlands) ប៉ុណ្ណោះ។ ព្រះរាជាណាចក្រនែតដឺលែន ត្រូវបានបង្កើតឡើងដំបូងនៅគ្រិស្ដសករាជ ១៥៧៩ ក្នុងទម្រង់ជារដ្ឋសហព័ន្ធ ហៅថា សាធារណរដ្ឋដាត្ឆ (Dutch Republic) ដែលបានរួមគ្នារើបម្រះចេញពីការត្រួតត្រារបស់ចក្រភពអេស៉្បាញ។ ក្នុងចំណោមនោះមានខេត្តមួយឈ្មោះថា ហូឡង់ ដែលសព្វថ្ងៃត្រូវបានបែងចែកជាខេត្តចំនួន ២ ទៀត គឺខេត្តហូឡង់ខាងជើង (North Holland) និងខេត្តហូឡង់ខាងត្បូង (South Holland)។
យ៉ាងណាមិញ កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលនែតដឺរលែនបានប្រកាសពីការសម្រេចបញ្ឈប់ការប្រើប្រាស់ឈ្មោះ «ហូឡង់» នេះតទៅទៀត ពោលគឺត្រូវតែហៅថា «ប្រទេសនែតដឺរលែន»៕
នៅអត្ថបទក្រោយ យើងខ្ញុំនឹងបង្ហាញឈ្មោះប្រទេសដែលប្ដូរឈ្មោះបន្ថែមទៀត!