(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាធ្លាប់បានឃើញហើយ នូវអត្ថន័យពាក្យវិទ្យាសាស្ត្រសេដ្ឋកិច្ចមួយគឺ «កាលានុវត្តភាព»។ តើអ្នកដឹងទេពាក្យ «កាលានុវត្តភាព» មានអត្ថន័យយ៉ាងដូចម្តេច?
យោងតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បោះពុម្ភនៅឆ្នាំ២០១៩, «កាលានុវត្តភាព» ត្រូវនឹងពាក្យអង់គ្លេសថា Opportunity ដែលមាននិយមន័យថា កាលៈទេសៈដ៏សមគួរ ឬដំណើរវិវឌ្ឍត្រូវពេលវេលា ឱកាសដែលអនុគ្រោះសម្រាប់យកប្រយោជន៍អំពីកិច្ចការអ្វីមួយ ឬគុណសម្បត្តិអ្វីមួយ ដែលកំពុងលេចឡើង ក៏ប៉ុន្តែការទាញយកប្រយោជន៍នោះ គឺអាចប្រឈមនឹងហានីភ័យ ហើយចាំបាច់ត្រូវប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានធនធានគ្រប់គ្រាន់ ទើបអាចទាញយកប្រយោជន៍នោះបាន។
ឧទាហរណ៍ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨-២០០៩ ផ្តល់កាលានុវត្តភាពដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្មដ៏មានសក្តានុពលរបស់ខ្លួន។ ដើម្បីសម្រេចកិច្ចការនេះ កម្ពុជាត្រូវការទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់របស់ខ្លួន។
ក្នុងន័យសេដ្ឋកិច្ចប្រើផ្សំនឹងថ្លៃដើម (opportunity cost) ពាក្យនេះមានន័យថា ជាថ្លៃដើមកាលានុវត្តភាព ដែលសម្តៅដល់ថ្លៃដើម នៃជម្រើសផ្សេងទៀត ដែលត្រូវបានបោះបង់ចោល។ ពាក្យនេះ ប្រើក្នុងគោលដៅធានាឲ្យបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានដែលមាន។
កាលានុវត្តភាពក្នុងកាលៈទេសៈខ្លះ អាចត្រូវបានគេប្រើជាវេវចនសព្ទជាមួយនឹងពាក្យ «ឱកាស» ប៉ុន្តែជាទូទៅ គេប្រើពាក្យ «ឱកាស» សម្រាប់បញ្ជាក់ពីពេលវេលា ឬកាលៈទេសៈធម្មតាប៉ុណ្ណោះ។ ឧទាហរណ៍ ថ្ងៃនេះមេឃញស្រឡះល្អ។ ដូច្នេះវាជាឱកាសល្អ សម្រាប់កសិករហាលស្រូវអង្កររបស់ខ្លួន៕
ប្រភព៖ សន្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្មែរ-អង់គ្លេស-បារាំង របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បោះពុម្ភនៅឆ្នាំ២០១៩ ទំព័រទី៥ និងទី៦
រៀបចំដោយ៖ Fresh News Plus