(ពិភពលោក)៖ ទីជម្រក គឺជាតម្រូវការដ៏សំខាន់បំផុតសម្រាប់មនុស្សជាតិយើង ខណៈការសាងសង់ទីជម្រកនេះ គឺមានការវិវត្តជាបន្តបន្ទាប់ទៅតាមមជ្ឈដ្ឋានរស់នៅរបស់មនុស្ស តួយ៉ាងទីជម្រករបស់មនុស្សនៅសម័យដើម គឺមានលក្ខណៈខុសប្លែកពីទីជម្រករបស់មនុស្សសម័យបច្ចុប្បន្ន។ តើខុសគ្នាដូចម្ដេច?
បើទោះបីជាភ្លើងអាចផ្លល់ភាពកក់ក្តៅបានយ៉ាងណាក៏ដោយ មនុស្សដែលរស់នៅក្នុងតំបន់ដែលត្រជាក់ខ្លាំង ក៏ត្រូវការឧបករណ៍ និងសម្ភារផ្សេងបន្ថែមទៀត ដើម្បីជួយសង្គ្រោះពួកគេនៅក្នុងករណីចាំបាច់ណាមួយ។ ដើម្បីផ្តល់ភាពកក់ក្តៅដល់រាងកាយ មនុស្សបានរៀនដេរភ្ជាប់បន្ទះស្បែកសត្វពីរ ឬច្រើនបញ្ចូលគ្នា ដើម្បីយកមកធ្វើជាសម្លៀកបំពាក់គ្របដណ្តប់។
បន្ថែមពីលើនេះទៅទៀត មនុស្សក៏ត្រូវការទីជម្រកដែលអាចផ្តល់ភាពកក់ក្តៅ និងអាចការពារពីការយាយីរបស់សត្វសាហាវ និងបាតុភូតធម្មជាតិផ្សេងៗផងដែរ។
នៅដំណាក់កាលដំបូង មនុស្សរស់នៅក្នុងល្អាងភ្នំ ប៉ុន្តែប្រសិនបើនៅក្នុងតំបន់នោះគ្មានល្អាងភ្នំនោះទេ មនុស្សបានសាងសង់ទីជម្រករបស់ពួកគេនៅខាងក្រៅវិញ។ ផ្ទះដំបូងៗដែលមនុស្សបានសាងសង់ គឺជាប្រភេទក្រោមដី (Pit Houses)។ ក្នុងការសាងសង់ មនុស្សបានជីករណ្តៅទៅក្នុងដី ហើយដំបូលផ្ទះវិញ គឺយកមែកឈើមកគ្របពីលើរណ្ដៅនោះ។
ក្រោយមកទៀត មនុស្សចាប់ផ្តើមរៀនសាងសង់ផ្ទះ ឬទីជម្រកនៅលើដីម្ដង។ ក្រុមខ្លះធ្វើជម្រកមានលក្ខណៈដូចតង់ ដែលបិទបាំងទៅដោយស្បែកសត្វផ្សេងៗ។ ក្រុមខ្លះទៀតចេះសាងសង់ទីជម្រកជាប់បានយូរ ដោយការប្រើប្រាស់វត្ថុធាតុដើមល្អៗ ដូចជា ឈើ ថ្ម ឬដីឥដ្ឋជាដើម។ ក្រុមខ្លះទៀតក៏បានយកឆ្អឹងសត្វដំរីរោមវែង (Mammoths) មកប្រើប្រាស់ធ្វើជាគ្រោងផ្ទះ រីឯជញ្ជាំង និងដំបូល គឺបិទបាំងដោយស្បែកសត្វ៕