(ពិភពលោក)៖ ដូចដែលយើងធ្លាប់ដឹងហើយថា នៅក្នុងយុគថ្មកាលពី ២.៦ លានឆ្នាំមុន ការរស់នៅរបស់មនុស្សដើមដំបូងមានលក្ខណៈសាមញ្ញបំផុត ប៉ុន្តែមកដល់យុគថ្មកណ្ដាល ពួកគេក៏ចាប់ផ្ដើមចេះបង្កើតឧបករណ៍ប្រើប្រាស់ និងអាចបម្លាស់ទីទៅកាន់ទីកន្លែងនានានៅទ្វីបអាហ្វ្រិក អឺរ៉ុប និងអាស៉ី។ តើមនុស្សក្នុងយុគថ្មទាំងនោះ មានជីវភាពរស់នៅយ៉ាងដូច្នេះខ្លះ?
ក្រៅពីចេះបង្កើតឧបករណ៍ផ្សេងៗ ពួកគេក៏ចេះពីវិធីសាស្រ្តក្នុងការប្រមាញ់សត្វព្រៃទាំងតូចទាំងធំដែរ។ មនុស្សទាំងអស់នោះបានបង្កើតសង្គមរស់នៅផ្សេងៗគ្នា ប្លែកៗពីគ្នា អាស្រ័យទៅនឹងតំបន់ដែលពួកគេកំពុងរស់នៅ។
លើសពីនេះទៅទៀត ពួកគេថែមទាំងចេះអភិវឌ្ឍសង្គមរស់នៅរបស់ពួកគេឱ្យក្លាយទៅជាប្រពៃណីផ្ទាល់ខ្លួន និងបន្តអភិវឌ្ឍប្រពៃណីនោះឱ្យកាន់តែរីកចម្រើនទៅមុខ តាមរយៈការបង្កើតភាសា ជំនឿ សាសនា និងសិល្បៈផ្សេងៗ។
ក្រុមនរវិទូមួយចំនួនមានការជឿជាក់ថា មនុស្សដើមដំបូងរស់នៅមានលក្ខណៈជាក្រុមតូចៗដាច់ចេញពីគ្នា។ ក្នុងការរស់នៅរបស់ពួកគេ នៅពេលណាដែលមានអាកាសធាតុមិនល្អ ពួកគេប្តូរទៅរស់នៅក្នុងរូងភ្នំ ឬល្អាងភ្នំវិញ ប្រសិនបើនៅក្នុងតំបន់រស់នៅនោះមាន។ សម្រាប់ចំណីអាហារ និងទឹកវិញនៅពេលណាដែលមានការថយចុះ និងពិបាកក្នុងការស្វែងរក ក្រុមមនុស្សទាំងអស់នឹងផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់មួយផ្សេងទៀត។
មនុស្សដំបូងដែលរស់នៅក្នុងយុគថ្ម គឺជាអ្នកប្រមាញ់-អ្នកប្រមូលផល (Hunter-gatherers) ដោយពួកគេបរបាញ់សត្វព្រៃ និងប្រមូលផលពីធម្មជាតិ ដូចជា ផ្លែឈើ រុក្ខជាតិផ្សេងៗ គ្រាប់ធញ្ញជាតិ មើមឈើ ដើម្បីធ្វើជាអាហារប្រចាំថ្ងៃ។ ក្រុមនរវិទូក៏បានបន្ថែមទៀតថា មនុស្សដែលធ្វើការបរបាញ់នៅក្នុងយុគថ្ម ភាគច្រើនគឺជាបុរស។ ពួកគេធ្វើការបរបាញ់ជាក្រុម ជួនកាលពួកគេប្រើវិធីសាស្ត្រឡោមព័ទ្ធ ហើយដេញហ្វូងសត្វព្រៃឱ្យផ្អើល ហើយរត់ធ្លាក់ជ្រោះ ជ្រលងជ្រៅ ឬរណ្ដៅ ដែលពួកគេបានរៀបចំទុកជាមុន។ វិធីសាស្ត្រប្រមាញ់ជាក្រុមនេះទទួលបានផលច្រើន និងមានសុវត្ថិភាពជាងការបរបាញ់តែម្នាក់ឯង។
ចំណែកឯស្ត្រី និងក្មេងៗវិញ ពួកគេមានភារកិច្ចស្វែងរកប្រមូលផលពីធម្មជាតិ ដូចជា ផ្លែឈើ គ្រាប់ធញ្ញជាតិ មើមឈើ ស៊ុតបក្សី និងអ្វីៗផ្សេងទៀតដែលអាចបរិភោគបាន។ ជាទូទៅ ក្រុមស្រ្តី និងក្មេងៗពួកគេមិនដើរឆ្ងាយពីទីកន្លែងដែលពួកគេរស់នៅនោះទេ ហេតុផលគឺដើម្បីងាយស្រួលមើលថែកូនចៅរបស់ពួកគេ៕
ដកស្រង់៖ សៀវភៅប្រវត្តិនៃអរិយធម៌បុរាណ ភាគ១
សម្រួលអត្ថបទ៖ Fresh News Plus