(ការ៉ាគុម)៖ ថ្ងៃនេះ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅមួយស្តីពីរណ្តៅភ្លើងមួយកន្លែង ដែលគេឲ្យឈ្មោះថា «The Gates of Hell» ឬមានអត្ថន័យជាខេមរភាសាថា «ទ្វារទៅកាន់ឋាននរក»។ តើលើលោកនេះ វាពិតជាមានទ្វារទៅកាន់ឋាននរកមែនទេ?
នៅលើវាលខ្សាច់ការ៉ាគុម (KARAKUM) ដ៏ធំទូលាយមួយកន្លែងក្បែរភូមិដារវ៉ាហ្សា (Darvaza) ស្ថិតក្នុងប្រទេសតួកម៉េនីស្ថាន គឺជារណ្តៅដែលមានជម្រៅជាង ៧០ ម៉ែត្រ មានអណ្តាតភ្លើងបាននិងកំពុងឆេះយ៉ាងសន្ធោរសន្ធៅរាប់ឆ្នាំមកហើយ។
ទោះជាតាមផ្លូវបច្ចេកទេសគេហៅថា រណ្តៅហ្គាសដារវ៉ាហ្សា (Darvaza gas crater) ក៏អ្នកក្នុងតំបន់គេហៅថា ទ្វារទៅកាន់ឋាននរក (The Gates of Hell)។ ពន្លឺភ្លើងនោះអាចត្រូវបានគេមើលឃើញពីចម្ងាយរាប់ម៉ាយឯណោះ។
ទ្វារទៅកាន់ឋាននរកបានបង្កើតឡើងនៅឆ្នាំ១៩៧១។ បើតាមលោក អាណាតូលី ប៊ុសម៉ាគីន (Anatoly Bushmakin) ភូគព្ភវិទូតួកម៉េនីស្ថាន បានឲ្យដឹងថា តំបន់នេះត្រូវបានកំណត់ដោយវិស្វករសូវៀត (បច្ចុប្បន្នសហព័ន្ធរុស្ស៉ី) ដែលនៅពេលនោះ គេរំពឹងទុកថាវាគឺជាទីតាំងអណ្តូងប្រេងដ៏សំខាន់។
ក្រុមវិស្វករបានកំណត់ពីការខួងដី ហើយប្រតិបត្តិការបានវាយតម្លៃពីបរិមាណប្រេងដែលមាននៅទីនោះ។ ក្រោយមកការសាកល្បងលើកដំបូង បានឈានដល់ការរកឃើញបណ្តុំហ្គាសធម្មជាតិមួយ ហើយដីនៅខាងក្រោមអណ្តូងដែលខួង និងជំរុំបានបាក់ចូលទៅក្នុងរណ្ដៅដី ខណៈអណ្តូងនោះត្រូវបានកប់ដោយគ្មានអ្នកស្លាប់ និងរបួសឡើយ។
ដោយរំពឹងថានឹងមានការបញ្ចេញឧស្ម័នពុលដ៏គ្រោះថ្នាក់ ពីរណ្តៅចូលទៅទីក្រុងក្បែរៗនោះ ក្រុមវិស្វករបានសម្រេចចិត្តដុតហ្គាសនោះចោល។ តាមការប៉ាន់ស្មាន ភ្លើងនោះឆេះប្រហែលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយរលត់បាត់ទៅ ប៉ុន្តែក៏ស្រាប់តែវាបន្តឆេះឡើងវិញ រហូតមកដល់សព្វថ្ងៃ ខណៈការរំពឹងទុកថានឹងនៅតែឆេះទៀត។
ជារឿងគួរឲ្យចាប់អារម្មណ៍ ទោះបីជាមានឈ្មោះហៅក្រៅរណ្តៅ និងអណ្តាតភ្លើងដែលមិនធ្លាប់មានក៏ដោយ ក៏មនុស្សម្នានៅតែដើរចូលទៅមើលវាលខ្សាច់ ដើម្បីធ្វើជាសាក្សីនៃទីតាំងដ៏អស្ចារនោះ។ រដ្ឋាភិបាលនៃប្រទេសតួកម៉េនីស្ថាន សង្ឃឹមថាវានឹងក្លាយជាតំបន់ទេសចរណ៍កាន់តែទាក់ទាញ ស្របពេលវាលខ្សាច់ក្បែរនោះ បានក្លាយជាកន្លែងពេញនិយម សម្រាប់បោះតង់រួចទៅហើយ៕
ប្រភព៖ គេហទំព័រទស្សនាវដ្តីអនឡាញដ៏ល្បី Atlas Obscura និងគេហទំព័រអន្តរជាតិដទៃទៀត
សម្រួលអត្ថបទ៖ Fresh News Plus