(បរទេស)៖ កាហ្វេ គឺជាភេសជ្ជៈផលិតចេញពីគ្រាប់រលីងនៃប្រភេទរុក្ខជាតិបៃតងត្រូពិកម៉្យាង ដែលមានប្រភពដើមចេញមកពីទ្វីបអាហ្វ្រិក។ កាហ្វេ គឺជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈទាំងបីប្រភេទ ដែលទទួលបានការពេញនិយមទទួលទានបំផុតនៅលើពិភពលោក រួមមាន តែ និងទឹកពិសាបរិសុទ្ធ ហើយវាក៏ជាប្រភេទទំនិញអន្តរជាតិមួយ ដែលរកប្រាក់ចំណូលបានច្រើនបំផុតផងដែរ។
សព្វថ្ងៃ កាហ្វេមានច្រើនមុខណាស់ ប៉ុន្តែភេសជ្ជៈនេះមានភាពពេញនិយមជាពិសេស ដោយសារតែឥទ្ធិពលនៃរសជាតិរបស់វា ដែលធ្វើឲ្យយើងទទួលទានហើយអាម្មណ៍ថាពោរពេញដោយថាមពល និងស្មារតីភ្លឺស្វាង។ ឥទ្ធិពលនេះ គឺបង្កឡើងដោយសារជាតិកាហ្វេអ៉ីន ដែលជាសារធាតុអាល់កាឡាំង មាននៅក្នុងភេសជ្ជៈកាហ្វេ។
បច្ចុប្បន្ន ពូជរុក្ខជាតិកាហ្វេតែពីរប្រភេទប៉ុណ្ណោះ ដែលកំពុងត្រូវប្រើប្រាស់ស្ទើរតែនៅជុំវិញពិភពលោកទាំងមូល នោះគឺកាហ្វេអារ៉ាប៊ីកា (Coffee Arabica) ជាពូជកាហ្វេមកពីអារ៉ាប់ និងកាហ្វេរ៉ូប៊ូស្តា កាណេហ្វូរ៉ា (Coffee Robusta Canephora) ដែលជាពូជកាហ្វេមកពីអាហ្រ្វិក។ បើទោះបីជាកាហ្វេត្រូវបានរកឃើញដំបូងបំផុតនៅទ្វីបអាហ្រ្វិកក៏ដោយ គឺពូជកាហ្វេអារ៉ាប់ត្រូវបានប្រើប្រាស់ច្រើនជាង សម្រាប់ការផលិតនៅសព្វថ្ងៃនេះ។
មូលហេតុគឺព្រោះតែប្រភេទកាហ្វេអារ៉ាប់មានរសជាតិឈ្ងុយឆ្ងាញ់បែបស្រាលស្រទន់ និងមានក្លិនឈ្ងុយជាងប្រភេទពូជកាហ្វេនៅអាហ្រ្វិក។ គ្រាប់ពូជកាហ្វេអារ៉ាប៊ីកា មានរាងវែងៗ និងសំប៉ែតជាងគ្រាប់ពូជកាហ្វេរ៉ូប៊ូស្តា និងតម្រូវឲ្យដាំដុះនៅតាមតំបន់ដែលមានអាកាសធាតុត្រជាក់បែបត្រូពិក (តំបន់នៅក្បែរភាគខាងជើង និងខាងត្បូងតំបន់ត្រូពិក) ហើយលើដីមានសំណើមច្រើន និងជាទីកន្លែងទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ប៉ុន្តែត្រូវមានម្លប់ដែរ។ ប្រទេសអារ៉ាប់ តំបន់អាមេរិកឡាទីន តំបន់អាហ្វ្រិកខាងកើត ព្រមទាំងទ្វីបអាស៉ី គឺសុទ្ធសឹងតែជាតំបន់នាំមុខនៃការផលិតពូជកាហ្វេនេះ។
ចំពោះការផលិតកាហ្វេរ៉ូប៊ូស្តាវិញ គឺមានតម្លៃថោកជាង ព្រមទាំងមានបរិមាណជាតិកាហ្វេអ៉ីនច្រើនទ្វេដង បើធៀបនឹងពូជកាហ្វេអារ៉ាប៊ីកា ដែលភាគច្រើនគ្រាប់ពូជកាហ្វេនេះ ត្រូវបានជ្រើសរើសយកទៅប្រើប្រាស់សម្រាប់ម៉ាកកាហ្វេដែលមានតម្លៃថោក។ ប្រទេសប្រេស៊ីល តំបន់អាហ្វ្រិកខាងលិច និងតំបន់អាហ្វ្រិកកណ្តាល ព្រមទាំងភូមិភាគអាស៉ីអាគ្នេយ៍ គឺជាតំបន់នាំមុខនៃអ្នកផលិតកាហ្វេនេះ។
* រឿងរ៉ាវដំបូងនៃលេចឡើងនូវកាហ្វេ
បើតាមអ្នកប្រវត្តិសាស្រ្តភាគច្រើនបានលើកឡើងថា ដើមរុក្ខជាតិកាហ្វេមានប្រភពមកពីប្រទេសអេត្យូពី និងត្រូវបានគេយកទៅកាន់ភាគខាងត្បូងតំបន់អារ៉ាប់ ហើយដាក់ដាំដុះនៅទីនោះកាលពីសតវត្សទី១៥។ ខណៈកាហ្វេត្រូវបានចាប់ផ្តើមដាំដុះនៅអារ៉ាប់ អាជ្ញាធរឥស្លាមបានប្រកាសចាត់ទុកកាហ្វេជាភេសជ្ជៈផ្ទុកជាតិស្រវឹង ដូច្នេះហើយគឺត្រូវហាមឃាត់ដោយគុម្ពីរកូអាន (Qurān) របស់សាសនាឥស្លាម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានប្រជាជនម៉ូស្លីមជាច្រើននៅតែចាប់អារម្មណ៍នឹងភេសជ្ជៈថ្មីនេះ ហើយទទួលទានវាជំនួសគ្រឿងស្រវឹងទៀតផង។
បើទោះបីជាមានការពិន័យយ៉ាងធ្ងន់ធ្ងរក៏ដោយ ការទទួលទានកាហ្វេបានរីកសុះសាយយ៉ាងឆាប់រហ័ស ក្នុងចំណោមបណ្តាប្រទេសអារ៉ាប់ ក៏ដូចជាប្រទេសដទៃទៀតដែលនៅជិតខាងពួកគេ ហើយថែមទាំងបានផ្តល់កំណើតដល់វត្ថុថ្មីមួយទៀតផង គឺ «ផ្ទះកាហ្វេ»។ «ផ្ទះកាហ្វេ» បានលេចរូបរាងឡើងជាលើកដំបូង នៅសតវត្សទី១៥ ក្នុងទីក្រុងពិសិដ្ឋ ម៉ិចកា (Mecca) របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងក្នុងទីក្រុងកុងស្ដង់ទីណូប៉ូលី (Constantinople) នៅសតវត្សទី១៦ ដែលសព្វថ្ងៃជាទីក្រុងអ៉ីស្តង់ប៊ុលរបស់ប្រទេសតួកគី។ «ផ្ទះកាហ្វេ» បានក្លាយជាទីកន្លែងប្រជុំជនដ៏ពេញនិយម ដែលមានមនុស្សម្នាជាច្រើនតែងតែទៅប្រមូលផ្តុំគ្នា ដើម្បីជជែកកម្សាន្ត លេងអុក រាំរែក ច្រៀងចម្រៀង ស្ដាប់តន្រ្តី ព្រមទាំងពិភាក្សាអំពីព័ត៌មាន និងនយោបាយផ្សេងៗជាដើម។
បន្ទាប់មក កាហ្វេត្រូវបានណែនាំឲ្យប្រទេសនៅអឺរ៉ុបបានស្គាល់ជាបន្តបន្ទាប់ក្នុងសតវត្សទី១៦ និង១៧។ រហូតមកដល់ចុងសតវត្សទី១៧ «ផ្ទះកាហ្វេ» បានរីកដុះដាលឡើងពាសពេញចក្រភពអង់គ្លេស និងនៅតាមតំបន់អាណានិគមនៅទ្វីបអាមេរិក ព្រមទាំងនៅទូទាំងទ្វីបអឺរ៉ុប។ មកដល់ចុងសតវត្សរ៍នេះ ការផ្គត់ផ្គង់កាហ្វេនៅលើពិភពលោក គឺបានមកស្ទើរតែពីយេម៉ែន ដែលនៅភាគខាងត្បូងអារ៉ាប់តែមួយគត់។ ប៉ុន្តែដោយសារកាហ្វេកាន់តែកើនឡើង ប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ការដាំដុះរុក្ខជាតិនេះក៏បានសាយភាយទៅដល់កន្លែងដទៃ រួមមាន កោះជ្វា និងប្រជុំកោះផ្សេងៗទៀតនៅឥណ្ឌូណេស៊ី នៅសតវត្សទី១៧ និងទៅកាន់ទ្វីបអាមេរិកនៅសតវត្សទី១៨។ ការដាំដុះកាហ្វេ ត្រូវបានចាប់ផ្តើមនៅលើកោះហាវ៉ៃរបស់អាមេរិកក្នុងឆ្នាំ១៨២៥។
នៅពេលឈានមកដល់សតវត្សទី២០ ទីតាំងផលិតកម្មកាហ្វេដ៏ធំបំផុត ត្រូវបានប្រមូលផ្តុំនៅខាងអឌ្ឍគោលខាងលិចនៃភពផែនដីយើង ជាពិសេសប្រទេសប្រេស៊ីលតែម្តង។ កាលពីចុងសតវត្សទី១៩ និងដើមសតវត្សទី២០ ម៉ាស៊ីនសម្រាប់ផលិត និងកិនកាហ្វេ បានលេចរូបរាងឡើង ហើយក្រោយឆ្នាំ១៩៥០ កាហ្វេក្នុងទម្រង់ជាម៉្សៅម៉ដ្ឋសម្រាប់ឆុងទទួលទានបានភ្លាមៗ ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ។ ប្រជាប្រិយភាពនៃប្រភេទកាហ្វេម៉ដ្ឋនេះហើយ បាននាំឱ្យមានការបង្កើនការផលិតពូជកាហ្វេរ៉ូប៊ូស្តានៅទ្វីបអាហ្វ្រិក ព្រោះវាមានតម្លៃថោក៕