(ពិភពលោក)៖ ដូចយើងបានដឹងហើយថា មនុស្សបានចាប់ផ្ដើមកើតឡើងដំបូងនៅទ្វីបអាហ្វ្រិកតាំងពីប្រមាណ ៣ លានឆ្នាំមុនមកម្ល៉េះ។ តាមរយៈការវិវត្តជាច្រើនជំនាន់ ពួកគេក៏ចេះបង្កើតឧបករណ៍ជាច្រើនសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ថ្វីដ្បិតថាឧបករណ៍ទាំងនោះមិនសូវទំនើបក៏ពិតមែន ប៉ុន្តែក៏ជាវត្ថុដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវអំពីជីវិតរស់នៅរបស់ពួកគេផងដែរ។
* តើអ្នកដឹងទេថា មនុស្សបង្កើតឧបករណ៍ប្រើប្រាស់ដំបូងដោយរបៀបណា ហើយឧបករណ៍ដែលចាស់ជាងគេ មានអាយុកាលប៉ុន្មានលានឆ្នាំមកហើយ?
អ្នកជំនាញបានរកឃើញឧបករណ៍មួយចំនួន ដែលមានអាយុកាលចាស់បំផុតនៅក្នុងទឹកដីប្រទេសតង់សានី (Tanzania) ដែលជាប្រទេសមួយស្ថិតនៅភាគខាងកើតទ្វីបអាហ្វ្រិក។ ឧបករណ៍ថ្មដ៏មុតស្រួចអស់ទាំងនោះមានទំហំប៉ុនក្តាប់ដៃមនុស្សពេលវ័យ និងមានអាយុកាលប្រហែល ២.៦ លានឆ្នាំឯណោះ។ ឧបករណ៍ថ្មទាំងអស់នោះ ត្រូវបានមនុស្សដើមដំបូងបង្កើតឡើងដោយការបោកបំបែកថ្មជាមួយនឹងថ្មដូចគ្នា ហើយបង្កើតបានជាបំណែកថ្មផ្សេងៗ ដែលមានលក្ខណៈមុតស្រួច និងអាចយកទៅប្រើការបាន។ ការបោកបំបែកថ្មនេះ គឺគេធ្វើទៅលើតែជ្រុងម្ខាងនៃថ្មតែប៉ុណ្ណោះ ដោយរក្សាទុកផ្នែកម្ខាងទៀតសម្រាប់កាន់ (ដងកាន់)។
អ្នកជំនាញបានគិតត្រិះរិះពិចារណា និងបានសន្និដ្ឋានថា ឧបករណ៍អស់ទាំងនោះ ភាគច្រើនគេប្រើនៅក្នុងការរៀបចំម្ហូបអាហារ ដូចជា ការកាប់ ឬហាន់សាច់ កោសសំបកផ្លែឈើ ឬមើមរុក្ខជាតិជាដើម។
ឆ្លងកាត់រយៈពេលជាច្រើនរយពាន់ឆ្នាំមក មនុស្សដំបូងបានស្វែងយល់ពីរបៀបបង្កើតឧបករណ៍ថ្មីៗ និងមានភាពល្អប្រសើរជាងឧបករណ៍ជំនាន់មុន។ ឧទាហរណ៍ ពួកគេបានបង្កើតឧបករណ៍ថ្មីមួយដែលមានលក្ខណៈស្រដៀងនឹងផ្លែពូថៅដៃតូចៗ។ ឧបករណ៍ថ្មីៗទាំងអស់នោះ ជាទូទៅ ធ្វើឡើងពីរ៉ែថ្មធម្មជាតិម្យ៉ាង (Flint) ដែលមានសភាពរឹងមាំបំផុត។ ថ្មប្រភេទនេះមានភាពងាយស្រួលក្នុងការបំបែកឱ្យចេញជារូបរាងផ្សេងៗ ហើយថែមទាំងមុតខ្លាំងទៀតផង។ មនុស្សដំបូងបានប្រើប្រាស់ពូថៅដែលធ្វើពីថ្មប្រភេទនេះ ដើម្បីកាប់ដើមឈើ ឬធ្វើជាឧបករណ៍ផ្សេងទៀត ដូចជា ឧបករណ៍សម្រាប់ជីកដី សម្រាប់កាត់ ឬហាន់ វះស្បែកសត្វព្រៃជាដើម។
មនុស្សដំបូងក៏បានរៀនពីរបៀបតភ្ជាប់ឧបករណ៍ថ្មទាំងនោះជាមួយដងកាន់ធ្វើពីឈើផងដែរ។ តាមរយៈបច្ចេកទេសថ្មីនេះ ពួកគេបានបង្កើតឧបករណ៍ថ្មីមួយទៀតដែលយើងហៅថា លំពែង ឬស្ម ដែលអាចយកទៅប្រើប្រាស់ដោយពួញពីចម្ងាយទៅលើសត្វព្រៃ រាល់ពេលចេញប្រមាញ់ម្ដងៗ ដោយមិនចាំបាច់ចូលទៅជិតសត្វប្រមាញ់ដូចកាលពីមុន។
លើសពីនេះទៅទៀត ពួកគេថែមទាំងអាចដើរប្រមាញ់សត្វព្រៃធំៗជាច្រើនប្រភេទបានកាន់តែងាយស្រួលជាងមុន ដូចជា សត្វក្តាន់ សេះ គោព្រៃ ដំរីរោមក្រាស់ (Mammoths) ជាដើម៕
ដកស្រង់៖ សៀវភៅប្រវត្តិនៃអរិយធម៌បុរាណ ភាគ១
សម្រួលអត្ថបទ៖ Fresh News Plus