(ពិភពលោក)៖ កាលពីសម័យបុរាណ មានអ្នកប្រាជ្ញមួយចំនួនធ្លាប់បាននិយាយថា «ផែនដីមានរាងមូល» ប៉ុន្តែមនុស្សភាគច្រើនមិនបានយល់ស្របចំពោះការលើកឡើងបែបនេះឡើយ លុះដល់សតវត្សទី១៥-១៦ ទើបមានអ្នកដើរសមុទ្រមួយចំនួនមកពីអឺរ៉ុបបានធ្វើដំណើរមួយជុំនៃពិភពលោកទាំងមូល ពេលនោះហើយដែលមនុស្សម្នាចាប់ផ្ដើមដឹងថា «ផែនដីគឺមានរាងមូលពិតមែន»។ តើអ្នកដឹងទេថា អ្នកណាដែលជាបានធ្វើដំណើរជុំវិញពិភពលោកមុនគេបង្អស់?
នៅអត្ថបទចំណេះដឹងទូទៅមុន Fresh News Plush បានចេញផ្សាយហើយថា គឺជនជាតិអាស៉ីយើងនេះទេ ដែលជាអ្នកបានធ្វើដំណើរជុំវិញពិភពលោកមុនគេ គាត់គឺមានឈ្មោះថា អង់រិក (Enrique of Malacca) ប៉ុន្តែសម្រាប់មនុស្សទូទៅ គេមិនចាត់ទុកជនជាតិអាស៉ីយើងនេះជាអ្នកដែលបានធ្វើដំណើរជុំវិញពិភពលោកនោះទេ គឺពួកគេចាត់ទុកលោក ហ្វ៊ែរឌីណង់ ម៉ាសេឡង់ (Ferdinand Magellan) គឺជាអ្នកដែលបានបំបែកកំណត់ត្រានេះដំបូងគេបង្អស់។
លោក ហ្វ៊ែរឌីណង់ ម៉ាសេឡង់ គឺជានាវិកជនជាតិព័រទុយហ្កាល់ដ៏ល្បីល្បាញម្នាក់ ដោយលោកបានធ្វើការងារជាច្រើនបម្រើឱ្យស្ដេចព័រទុយហ្កាល់ ប៉ុន្តែក្រោយមកលោកក៏ប្ដូរទៅបម្រើការឱ្យស្ដេចអេស្ប៉ាញវិញ ព្រោះតែមានការអាក់ស្រពន់ចិត្តជាមួយព្រះមហាក្សត្រនៃចក្រភពអេស្ប៉ាញ។
លោក ម៉ាសេឡង់ កើតនៅអំលុងគ្រិស្ដសករាជ ១៤៨០ ក្នុងត្រកូលគ្រួសារអភិជនមួយនៅក្នុងស្រុកសាប្រូសា (Sabrosa) នៃប្រទេសព័រទុយហ្កាល់។ លុះដល់គ្រិស្ដសករាជ ១៥០០ ចំពេលដែលលោកមានវ័យ ២០ ឆ្នាំគត់ រាជការព័រទុយហ្កាលបានបញ្ជូនលោកឱ្យទៅតំបន់ឥណ្ឌី (Indies) ក្នុងឋានៈជា Francisco de Almeida (ជាគោរមងាររបស់និគមជនដែលទទួលបានការតែងតាំងពីស្ដេចព័រទុយហ្កាល់) ដើម្បីចូលរួមក្នុងប្រតិបត្តិការសឹកនៅតំបន់នេះ។ គួរជម្រាបថា តំបន់ឥណ្ឌី គឺជាតំបន់ដែលពួកអឺរ៉ុបហៅសំដៅមកតំបន់អាស៉ីបច្ចុប្បន្ន ដែលភាគច្រើន ពួកគេចង់សំដៅមកលើប្រទេសឥណ្ឌា ចិន អាស៉ីអាគ្នេយ៍ ឬតំបន់អូសេអានីជាដើម។
ក្នុងដំណើរចេញក្រៅប្រទេសលើកដំបូងនេះ លោក ហ្វ៊ែរឌីណង់ ម៉ាសេឡង់ បានចូលរួមធ្វើចម្បាំងជាច្រើនលើកនៅអាស៉ីអាគ្នេយ៍ ដើម្បីដណ្ដើមយកទីក្រុងម៉ាឡាកា (Malacca) និងប្រជុំកោះគ្រឿងទេស ឬកោះម៉ូលុក (Moluccas)។ នៅគ្រិស្ដសករាជ ១៥១២ លោកបានចេញពីម៉ាឡាកា ដើម្បីត្រឡប់ទៅកាន់ប្រទេសព័រទុយហ្កាល់វិញ ហើយនៅគ្រិស្ដសករាជ ១៥១៣ លោកក៏បានទៅដល់ត្រឹមប្រទេសម៉ារ៉ុក (Morocco) នៃទ្វីបអាហ្វ្រិកភាគខាងលិច។ នៅទីនោះ លោកបានស្នាក់នៅ និងធ្វើការងាររួមគ្នាជាមួយទេសាភិបាលនៃអាណានិគមព័រទុយហ្កាល់ប្រចាំដែនដីម៉ារ៉ុក ប៉ុន្តែលោក ម៉ាសេឡង់ និងទេសាភិបាលរូបនោះ មិនចុះសម្រុងជាមួយគ្នាទាល់តែសោះ រហូតត្រូវគេរាយការណ៍ពីកំហុសជាច្រើនរបស់លោក ទូលថ្វាយស្ដេចព័រទុយហ្កាល់ គឺព្រះចៅអេម៉ាញូអែលទី១ (King Emanuel I)។ ព្រះចៅអេម៉ាញូអែល ក៏បានដកតំណែង និងគោរមងារ Francisco de Almeida ពីលោកថែមទៀតផង។
នៅគ្រិស្ដសករាជ ១៥១៧ លោក ម៉ាសេឡង់ បានលុបចោលសញ្ជាតិព័រទុយហ្កាល់ ហើយបានរត់ទៅបម្រើរាជ្យកិច្ចឱ្យព្រះមហាក្សត្រអេស្ប៉ាញវិញ ដែលអេស្ប៉ាញកាលណោះ សោយរាជ្យដោយព្រះចៅហ្សាលទី១ (Chales I)។ នៅប្រទេសអេស្ប៉ាញ ម៉ាសេឡង់បានបញ្ចុះបញ្ចូលឱ្យស្តេចហ្សាលទី១ ផ្តល់ថវិកាចុះបេសកកម្មមួយ ដើម្បីស្វែងរកផ្លូវឆ្ពោះទៅកាន់កោះមូលុក ដែលល្បីល្បាញខាងយុទ្ធសាស្ត្រ និងការធ្វើពាណិជ្ជកម្មគ្រឿងទេស។
នៅថ្ងៃទី១០ ខែសីហា គ្រិស្ដសករាជ ១៥១៩ នាវាចំនួន ៥ ដែលមានសហសេវិក ២៦៥ នាក់ ស្ថិតក្រោមការបញ្ជារួមរបស់លោក ម៉ាសេឡង់ បានចាកចេញពីខេត្តសេវីល (Seville) នៃប្រទេសអេស្ប៉ាញ ដើម្បីបំពេញបេសកកម្មទៅកាន់កោះម៉ូលុក។ ក្នុងពេលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងទ្វីបអាមេរិក (អាហ្សង់ទីន) ក្រុមនាវារបស់ម៉ាសេឡង់បានប៉ះទង្គិចខ្លះជាមួយកងនាវារបស់ព័រទុយហ្កាល់ ដែលកំពុងតែតាមកម្ចាត់ម៉ាសេឡង់ ព្រោះម៉ាសេឡង់បានក្បត់ជាមួយស្ដេចព័រទុយហ្កាល់។ ច្បាំងបណ្ដើរ បើកនាវាបណ្ដើរ ក្រុ មលោក ម៉ាសេឡង់ ក៏បានទៅដល់ច្រកសមុទ្រមួយ ដែលក្រោយមកគេក៏បានដាក់ឈ្មោះតាមឈ្មោះរបស់លោក គឺ «ច្រកម៉ាសេឡង់»។ បីសប្តាហ៍ក្រោយមក គាត់បានទៅដល់សមុទ្រមួយដ៏ធំល្វឹងល្វើយនៅផ្នែកម្ខាងទៀតនៃទ្វីបអាមេរិក នោះហើយគឺជាមហាសមុទ្រប៉ាស៉ីហ្វិក ដែលគ្រាដំបូងគេហៅឈ្មោះសមុទ្រនោះថា ម៉ារ ប៉ាស៊ីហ្វីកូ (Mar Pacifico)។
ការធ្វើដំណើរនេះ គឺពិតជាមានភាពលំបាកលំបិនច្រើន ណាមួយត្រូវប៉ះទង្គិចជាមួយពួកព័រទុយហ្កាល់ផង ណាមួយផ្លូវវែងឆ្ងាយផង ហើយម្យ៉ាងទៀតក៏ជួបនូវការខ្វះស្បៀងអាហារផង ធ្វើឱ្យក្រុមនាវិករបស់លោក ម៉ាសេឡង់ បាត់បង់នាវាអស់ចំនួន ២ គ្រឿង ពោលគឺនៅសល់តែ ៣ គ្រឿងប៉ុណ្ណោះ គឺនាវា Concepcion នាវា Trinidad និងនាវា Victoria។ ទីបញ្ចប់ នៅខែមីនា គ្រិស្តសករាជ ១៥២១ ពួកគេបានទៅដល់កោះម៉ារីយ៉ាណា (Marianas) ហើយដប់ថ្ងៃក្រោយមក ក៏បានបន្តទៅដល់ប្រទេសហ្វីលីពីន។
លោក ម៉ាសេឡឡង់ គិតថានឹងស្នាក់នៅទីនេះមួយរយៈ ពីព្រោះវាជាកន្លែងមានសុវត្ថិភាពពីពួកព័រទុយហ្កាល់។ សហសេវិករបស់គាត់ក៏អាចសម្រាក ហើយគេក៏អាចជួសជុលនាវាផងដែរ ដូច្នេះហើយពួកគេបានទៅដល់កោះមូលុកដោយសុវត្ថិភាព។ គាត់បានបង្កើតមិត្តភាពជាមួយអាណាចក្រសេប៊ូ (Cebu) ហើយយល់ព្រមថា នឹងជួយវាយប្រហារជនជាតិដើមជិតខាងនៅលើកោះម៉ាកតែន (Mactan)។ តែនេះជាកន្លែងដែលមានការវាយប្រហារប្រកបដោយសោកនាដកម្ម។ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិនៅកោះម៉ាកតែន បានធ្វើឱ្យលោក ម៉ាសេឡង់ ត្រូវនឹងព្រួញពិសរងរបួសរហូតដល់ស្លាប់បាត់បង់ជីវិត។
ក្រោយពីមរណភាពមក នាវិកជនជាតិអេស្ប៉ាញវ័យក្មេងម្នាក់ទៀតឈ្មោះ ហ៉័ន សេប៉ាស្ទៀន ដែលកាណូ (Juan Sebastian del Cano) បានទទួលតំណែងជាមេបញ្ជាការជំនួសលោក ម៉ាសេឡង់។ ការធ្វើដំណើរនេះបានបន្តទៅទៀត នៅពេលដែលនាវា Concepcion ត្រូវគេដុតចោល ដោយសារតែភាពចាស់ទ្រុឌទ្រោមរបស់វា។ នាវាដែលនៅសល់ពីរទៀត បានធ្វើដំណើរទៅកាន់កោះបរណេអូ (Borneo) និងកោះម៉ូលុក។ នាវា Trinidad បានធ្វើដំណើរទៅកាន់ប្រទេសប៉ាណាម៉ា តែត្រូវលិចទឹក ហើយនៅទីបំផុត នៅសល់តែសហសេវិកបួននាក់គត់បានទៅដល់ប្រទេសអេស្ប៉ាញវិញ។ នាវា Victoria បានធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា ហើយបានធ្វើដំណើរជុំវិញតំបន់ Cape of Good Hope (ជាដីជ្រោយដែលសម្បូរដោយថ្មនៅលើឆ្នេរសមុទ្រអាត្លង់ទិកនៃឧបទ្វីបខាប ប្រទេសអាហ្វ្រិកខាងត្បូង)។ ជនជាតិព័រទុយហ្កាល់ បានចាប់ឃុំឃាំងសហសេវិកអស់ ១៣ នាក់នៅកោះខាបវើដ (Cape Verde) ប៉ុន្តែនៅមានសហសេវិក ១៨ នាក់ទៀត បានទៅដល់ទីក្រុងសាន់លូការ (Sanlucar) នាថ្ងៃទី០៦ ខែកញ្ញា គ្រិស្ដសករាជ ១៥២២ ដូច្នេះហើយ ទើបបញ្ចប់ការធ្វើដំណើរតាមសមុទ្រជាលើកដំបូងបង្អស់ជុំវិញពិភពលោក។
ការរុករកនេះបានផ្ដល់នូវលទ្ធផលជាផ្លែផ្កាដ៏ច្រើនបំផុតសម្រាប់វិទ្យាសាស្ត្រ ដែលភស្ដុតាងជាវិជ្ជមានមួយជាលើកដំបូងអំពីផែនដីរាងមូល ហើយជាទស្សនៈពិតប្រាកដមួយជាលើកដំបូងអំពីផ្ទៃដី និងផ្ទៃទឹក។
ការធ្វើដំណើរតាមច្រកសមុទ្រម៉ាសេឡង់ គឺប្រើពេលយូរ ហើយវាពិបាកនឹងក្លាយទៅជាពាណិជ្ជកម្មមួយពិតប្រាកដពីអឺរ៉ុបទៅកាន់អាស៉ី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអេស្ប៉ាញបានលក់អត្ថប្រយោជន៍របស់ខ្លួននេះទៅឱ្យប្រទេសព័រទុយហ្កាល់។ ការធ្វើដំណើរតាមសមុទ្របានផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មនៅសមុទ្រប៉ាស៉ីហ្វិក។ ប្រទេសអេស្ប៉ាញមិនទាន់ទទួលស្គាល់ភ្លាមៗ អំពីសារប្រយោជន៍របស់ប្រទេសហ្វីលីពីនទេ ប៉ុន្តែមិនយូរប៉ុន្មាន ទីក្រុងម៉ានីលបានក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏សំខាន់បំផុតរបស់ប្រទេសអេស្ប៉ាញ នៅពិភពលោកខាងកើត។
ម៉ាសេឡង់ ទោះបីជាគាត់មិនបានឈានដល់គោលដៅដែលលោកប្រាថ្នាបានយ៉ាងណាក៏ដោយ ក៏គាត់សម្រេចបាននូវភាពក្លាហានខាងនាវាចរណ៍ដ៏លំបាកបំផុតគ្រប់សតវត្សរ៍ទាំងអស់ ហើយបានបង្ហាញដល់ពិភពលោក និងអ្នករិះគន់ទៅលើរូបគាត់ថា គេអាចធ្វើដំណើរជុំវិញពិភពលោកបានហើយ។ ការរកឃើញរបស់គាត់ បានបើកទ្វារថ្មីមួយសម្រាប់ពិភពលោកឱ្យកាន់តែធំជាងមុន។ គេនៅតែចងចាំជានិច្ចថា «គាត់ជាមនុស្សមុនគេបង្អស់ដែលបានធ្វើដំណើរជុំវិញពិភពលោក»៕