(ពិភពលោក)៖ នៅពេលមនុស្សម្នាក់ស្លាប់ទៅ រាងកាយដែលគ្មានវិញ្ញាណនោះ ត្រូវគេហៅថា សាកសព ហើយបើសាកសពនោះ អាចរក្សាមិនឲ្យមានភាពស្អុយរលួយទេ ត្រូវគេហៅថា ខ្មោចម៊ាំមី (Mummy) ។ ខ្មោចម៊ាំមី ត្រូវគេដឹងជាទូទៅថា កើតមានឡើងមុនគេនៅប្រទេសអេហ្ស៉ីប ព្រោះប្រទេសនេះ គឺជារដ្ឋដ៏ចំណាស់ជាងគេបង្អស់ នៅលើពិភពលោក។ តើអ្នកដឹងទេ ដូចម្តេចដែលហៅថាខ្មោចម៊ាំមី?

ដើម្បីបកស្រាយចម្ងល់នេះ Fresh News Plus បានស្រាវជ្រាវរកនិយមន័យស្តីពីខ្មោចម៊ាំមី តាមរយៈគេហទំព័រជាច្រើន ដើម្បីយកមកកំណត់ឲ្យបានច្បាស់លាស់ ទុកចែកជូនប្រិយមិត្ត។ ទន្ទឹមនេះ យើងក៏ចង់បង្ហាញពីដំណើរការបង្កើតខ្មោចម៊ាំមីផងដែរ។

យោងតាមប្រភពពីគេហទំព័រប្រវត្តិសាស្ត្រ History បានឲ្យនិយមន័យថា «ម៊ាំមី គឺជារាងកាយមនុស្ស ឬសត្វដែលស្លាប់ទៅ ត្រូវបានសម្ងួត ឬក៏រក្សាការពារ»។ ម៊ាំមី ត្រូវបានបង្កើតឡើងតាមវិធីសាស្ត្រមួយ ដែលគេឲ្យឈ្មោះថា The Mummification Process ។

មូលហេតុដែលនាំឲ្យមានការបង្កើតម៊ាំមី ដោយសារប្រជាជនអេហ្ស៉ីបបុរាណមានជំនឿយ៉ាងមុតមាំថា ជីវិតក្រោយពេលស្លាប់ទៅ (Afterlife = life after death) នឹងទៅកាន់ឋានមួយដ៏សប្បាយរីករាយបំផុត។ នៅទីនោះ ពួកគេសុទ្ធតែនៅក្មេងមិនចាស់នោះទេ ហើយក៏មានសុខភាពល្អផងដែរ។

យ៉ាងនេះក្តី ឯកសារផ្សេងទៀតអះអាងថា បច្ចេកទេសរុំសាកសពនេះ មានភាពស្មុគស្មាញណាស់ និងអស់ថវិកាសម្រាប់ចំណាយក៏ច្រើនទៀត ហើយថែមទាំងប្រើពេលវេលារហូតទៅដល់ប៉ុន្មានសប្តាហ៍ផងដែរ។ ប្រការនេះហើយ ខ្មោចម៊ាំមីភាគច្រើន គឺជាសែរាជវង្ស និងពួកអភិជនតែប៉ុណ្ណោះ។

ដំណើរការបង្កើតខ្មោចម៊ាំមី (The mummification process) សម្រាប់សែរាជវង្ស និងពួកអភិជន ត្រូវបានគេហទំព័រដ៏ល្បីនៅអេហ្ស៉ីប Egy King សង្ខេបដូចខាងក្រោម៖

១៖ សម្អាតសាកសព
២៖ ដកចេញសរីរាង្គទាំងអស់ លើកលែងតែបេះដូង រួចហើយដាក់ចូលទៅក្នុងក្រឡ
៣៖ ខ្ចប់សាកសព និងសរីរាង្គ នៅក្នុងអំបិល ដើម្បីកុំឲ្យមានសំណើម
៤៖ អប់សាកសពដោយជ័រឈើម្យ៉ាង និងប្រេងចាំបាច់មួយចំនួនដូចជាដើមស្លែទឹក (Myrrh) កាស្យា (Cassia) ប្រេងជូនីព័រ (Juniper oil) និងប្រេងស៉ីដា (Cedar oil)
៥៖ ស្រោបសពដែលបានអប់ដោយកម្រាលម្យ៉ាង
៦៖ យកទៅដាក់ក្នុងក្តារម្យ៉ាង (ដែលឥឡូវគេហៅក្តារមឈូស) នៅទីតាំងត្រឹមត្រូវណាមួយ៕

ប្រភព៖ គេហទំព័រ History និង Egy King

សូមអានអត្ថបទបន្ថែម៖
១៖ ហេតុអ្វីបានជាមាន «ខ្មោចម៉ាំមី»? តើម៉ាំមីមានប្រវត្តិដំបូងពីពេលណា?

http://freshnewsasia.com/index.php/en/freshnewsplus/166586-2020-07-29-06-21-07.html

២៖ តើអេហ្ស៉ីបបុរាណប្រើបច្ចេកទេសរក្សាទុក «សាកសពម៉ាំមី» យ៉ាងដូចម្តេច?

http://plus.freshnewsasia.com/index.php/en/freshnewsplus/197735-2021-05-14-03-23-30.html