(បរទេស)៖ ថ្ងៃនេះ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅថ្មីមួយទៀត ស្តីពីដុំពេជ្រដែលធំជាងគេបង្អស់លើលោក។ តើអ្នកដឹងទេ ថាដុំពេជ្រដែលធំជាងគេបង្អស់លើពិភពលោក ត្រូវបានរកឃើញតាំងពីពេលណា ហើយឥឡូវនេះវាស្ថិតនៅឯណា?
នាថ្ងៃទី២៥ ខែមករា ឆ្នាំ១៩០៥ នៅអណ្តូងរ៉ែត្បូងមួយកន្លែងឈ្មោះ ព្រីមៀរ (Premier) ស្ថិតក្នុងទីក្រុង ប្រេតូរីយ៉ា (Pretoria) នៃប្រទេសអាហ្វ្រិកខាងត្បូង, ត្បូងពេជ្រមួយដុំទំហំ ៣,១០៦ការ៉ាត់ ត្រូវបានរកឃើញ ហើយវាបន្តជាប់ចំណាត់ថ្នាក់ ជាកំពូលដុំពេជ្រធំជាងគេបំផុតលើពិភពលោក ដោយរហូតមកទល់បច្ចុប្បន្ន មិនទាន់មានដុំពេជ្រផ្សេងណា អាចបំណែកកំណត់ត្រានេះ បាននៅឡើយទេ។
លោក ហ្វ្រដឺរីក វែលស៍ (Frederick Wells) ដែលមានតួនាទីជា អ្នកចុះត្រួតពិនិត្យការងារអណ្តូងរ៉ែខាងលើ ត្រូវបានអ្នកប្រវត្តិសាស្រ្តភាគច្រើន ចាត់ទុកថាជាអ្នកដែលបានប្រទះឃើញដុំពេជ្រនេះដំបូងគេ។ ក៏ប៉ុន្តែមានការអះអាងផ្សេងទៀតដែរថា បុគ្គលដែលបានរកឃើញវាដំបូងបំផុត គឺលោក ថូម៉ាស់ អ៉ីវ៉ាន ផូវែល (Thomas Evan Powell) ដែលជាកម្មករជីកត្បូង នៅអណ្តូងរ៉ែ។
លោក ផូវែល បានប្រទះឃើញដុំពេជ្រធំនោះ ហើយទើបប្រគល់វាឲ្យលោក វែលស៍។ យ៉ាងណាក៏ដោយ របកគំហើញនេះ ក៏ត្រូវបានយកទៅបង្ហាញដល់លោក ថូម៉ាស់ ឃូលីណាន់ (Thomas Cullinan) ដែលជាម្ចាស់អណ្តូងរ៉ែ និងបានដាក់ឈ្មោះឲ្យត្បូងពេជ្រនេះ តាមត្រកូលរបស់លោក។
ទោះបែបនេះក្តី លោក ឃូលីណាន់ បានសម្រេចចិត្តមិនទុកដុំពេជ្រនេះទេ ដោយលោកបានលក់វាឲ្យទៅរដ្ឋបាលខេត្ត ត្រេនស្វាអាល់ (Transvaal) នៃប្រទេសអាហ្វ្រិកខាងត្បូង។ បន្ទាប់មកទៀត រដ្ឋបាលខេត្តនេះ ក៏បានជូនវាជាអំណោយឲ្យទៅស្តេច អេដវ៉ាដ ទី៧ (Eward VII) នៃចក្រភពអង់គ្លេស ក្នុងឱកាសចម្រើនព្រះជន្ម ៦៦ព្រះវស្សារបស់ទ្រង់។
ដើម្បីទប់ស្កាត់លទ្ធភាពនៃការលួចដុំពេជ្រដ៏មានតម្លៃនេះ នៅតាមផ្លូវធ្វើដំណើរពីអាហ្រ្វិកខាងត្បូង មកកាន់ទីក្រុងឡុងដ៍ ស្តេច អេដវ៉ាដ ទី៧ បានបង្គាប់ឲ្យរៀបចំការដឹកជញ្ជូនពេជ្រក្លែងក្លាយមួយផ្សេងទៀត ដែលមានការហែហមយ៉ាងគគ្រឹកគគ្រេង ក្នុងន័យជាការបញ្ឆោត ខណៈត្បូងពេជ្រពិតប្រាកដ ត្រូវបានដឹកយកទៅឲ្យទ្រង់ដោយស្ងាត់ៗ។
ស្តេច អេដវ៉ាដ ទី៧ បានឲ្យត្បូងពេជ្រនេះទៅ ជាងពេជ្រដ៏ល្បីឈ្មោះម្នាក់គឺលោក ចូសេហ្វ អាសឆឺ (Joseph Asscher) នៅទីក្រុងអាំស្ត៊ែរដាំ (Amsterdam) នៃប្រទេសហូឡង់ (នីដឺលែន)។ លោក អាសឆឺ បានចំណាយពេលរហូតដល់ ៦ខែ ទម្រាំដាច់ចិត្តព្យាយាមកាត់វា ជាលើកដំបូង។ អំឡុងការព្យាយាមកាត់លើកដំបូងនោះ កាំបិតដែកថែបរបស់លោកបានបាក់ ទាល់តែដល់លើកទីពីរទើបបានជោគជ័យ។ ដុំពេជ្រ ឃូលីណាន់ មួយដុំដ៏ធំនេះ ត្រូវបានកាត់ទៅជា ត្បូងធំៗចំនួន ៩ដុំ និងត្បូងតូចៗប្រហែលជិត ១០០ដុំ ដែលនីមួយៗទំនងសុទ្ធតែ មានតម្លៃខ្ទង់លានដុល្លារទាំងអស់។
គួរជម្រាបថា ពេជ្រធំជាងគេ ដែលត្រូវបានកាត់ចេញមកពី ឃូលីណាន់ មានឈ្មោះថា ឃូលីណាន់ វ័ន (Cullinan I) ឬ ស្តារអហ្វអាហ្រ្វិកា វ័ន (Star of Africa I) មានទំហំ ៥៣០ការ៉ាត់ និងមានតម្លៃប្រហែល ៤០០លានដុល្លារ។ រីឯពេជ្រធំទីពីរ ដែលកាត់ចេញមកពីដុំពេជ្រ ឃូលីណាន់ ដូចគ្នា មានឈ្មោះថា ឃូលីណាន់ ធូ (Cullinan II) ឬ ស្តារអហ្វអាហ្រ្វិកា ធូ (Star of Africa II)។
បច្ចុប្បន្នពេជ្រទាំងពីរនេះ ស្ថិតនៅលើគ្រឿងកេតនភណ្ឌសម្រាប់រាជ្យ របស់ចក្រភពអង់គ្លេស ក្នុងប្រាសាទ ថាវវើ អហ្វ ឡុនដុន (Tower of London)។ ពេជ្រ ឃូលីណាន់ វ័ន (Cullinan I) ត្រូវបានដាំនៅលើដំបងរាជ្យ ខណៈពេជ្រ ឃូលីណាន់ ធូ (Cullinan II) ត្រូវបានដាំនៅលើមកុដរាជ្យ។ សម្រាប់ត្បូងធំៗ ៧ទៀត និងត្បូងតូចៗចំនួន៩៦ ដែលចេញមកពី Cullinan គឺស្ថិតក្រោមកម្មសិទ្ធិឯកជន របស់ម្ចាស់ក្សត្រីចក្រភពអង់គ្លេស អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលទ្រង់ស្នងមកពីព្រះអយ្យិកា គឺម្ចាស់ក្សត្រី ម៉ារី (Mary)៕