(ពិភពលោក)៖ ការប្រដាល់ គឺជាកីឡាមួយប្រភេទដែលមានភាពល្បីល្បាញទូទាំងសកលលោក ខណៈដែលកីឡាប្រភេទនេះ ក៏ក្លាយជាល្បែងប្រជាប្រិយសម្រាប់អ្នកទស្សនាយ៉ាងច្រើនលើសលប់ នៅពេលដំណើរការម្តងៗ។ កីឡាករប្រដាល់ជាច្រើនមានកេរ្តិ៍ឈ្មោះ និងមានទ្រព្យសម្បត្តិច្រើនដោយសារអាជីពនេះ ប៉ុន្តែវាក៏បានធ្វើឲ្យមានកីឡាករជាបន្តបន្ទាប់បានស្លាប់ផងដែរ ដែលជាមធ្យមមានប្រមាណ ១០នាក់ ជារៀងរាល់ឆ្នាំ។

* តើនរណាជាអ្នកបង្កើតកីឡាប្រដាល់?

កីឡាប្រដាល់ មានប្រវត្តិយូរលង់ណាស់មកហើយ។ ភស្ដុតាងដំបូងបំផុតនៃការប្រដាល់ មានតាំងពីសម័យអេហ្ស៉ីបបុរាណនៅឆ្នាំ ៣០០០ មុនគ្រិស្តរាជ។ លុះរហូតដល់ដើមសតវត្សទី៧ មុនគ្រិស្តសករាជ កីឡានេះក៏ត្រូវបានបញ្ចូលទៅក្នុងអូឡាំពិកហ្គេមលើកដំបូងដោយប្រទេសក្រិក។ ក្នុងពេលប្រកួតម្ដងៗ ក្រុមកីឡាករបានចងខ្សែស្បែកទន់ៗនៅនឹងកំភួនសម្រាប់ការការពារខ្លួន។ នេះបើយោងតាមប្រភពពីគេហទំព័រ Olympic។

គេអាចនិយាយបានថា មុនកីឡាប្រដាល់មានភាពល្បីល្បាញនៅសម័យទំនើប ចាប់ពីគ្រិស្ដសករាជ ១៨៩០ មក កីឡានេះបានកើតមាន និងល្បីល្បាញនៅសម័យបុរាណរួចទៅហើយ គ្រាន់តែវិធាននៃការប្រកួតមានលក្ខណៈខុសគ្នា។

បើយោងតាមប្រភពពីគេហទំព័រ Britannica ដ៏ល្បីល្បាញរបស់អង់គ្លេស បានឲ្យដឹងថា នៅប្រទេសអង់គ្លេស ដំបូងឡើយកីឡាប្រដាល់ ត្រូវបានកំណត់ថាជាអំពើខុសច្បាប់ ព្រោះអាចបណ្តាលឲ្យមានមនុស្សស្លាប់។ កាលណោះ ការប្រដាល់មិនមានប្រើស្នាប់ដៃទេ ហើយការវាយគ្នាធ្វើបានគ្រប់ទីកន្លែងទាំងអស់លើរាងកាយ ដោយសារមិនមានវិធានត្រឹមត្រូវ។

ក្រោយមក មានអ្នកប្រឹងប្រែងរៀបចំវិធានឲ្យបានល្អ ទើបកីឡាប្រដាល់ត្រូវបានកំណត់ឡើងវិញថាជាអំពើស្របច្បាប់។ បុគ្គលមួយរូបឈ្មោះ ជែក ប្រោតតុន (Jack Broughton ឬ Jack Brownton) ត្រូវបានគេចាត់ទុកថា «ជាបិតានៃកីឡាប្រដាល់» ហើយក្រោយមក គេអះអាងថា កីឡាប្រដាល់ត្រូវបានប្រកាសថាស្របច្បាប់ ដោយសារការខិតខំរបស់បុគ្គលរូបនេះឯង។

បុរសរូបនេះក៏ជាកីឡាប្រដាល់ដែរ គឺដំបូងឡើយនោះ គាត់បានបើកកន្លែងហាត់ប្រាណ ដើម្បីហ្វឹកហាត់អ្នកដើរតាមគាត់។ ជែក ប្រោតតុន ថែមទាំងជាតក្កករបង្កើតឲ្យមានកន្សែងស្អំមុខ និងស្នាប់ដៃប្រដាល់ ដើម្បីការពារដៃ និងមុខរបស់កីឡាករទៀតផងដែរ។

* តើ ជែក ប្រោតតុន ជានរណា?

Britannica បានឲ្យដឹងថា ប្រោតតុន ជាជនជាតិអង់គ្លេស កើតនៅគ្រិស្ដសករាជ ១៧០៤ និងស្លាប់ទៅវិញនៅគ្រិស្ដសករាជ ១៧៨៩ គឺជាអ្នកប្រដាល់ប្រកួតដោយដៃទទេ។ ទោះបីជាកីឡាប្រដាល់ធ្លាប់ប្រកាសជាផ្លូវការថាជាល្បែងខុសច្បាប់ ក៏ប្រជាប្រិយភាពរបស់វានៅតែបន្តជាលំដាប់។

នៅគ្រិស្ដសករាជ ១៧១៩ លោក ជែម ហ្វីហ្គ (James Figg) បានក្លាយជាជើងឯកប្រដាល់ប្រចាំប្រទេសអង់គ្លេស អស់រយៈពេល ១៥ ឆ្នាំ។ ប្រការនេះ ធ្វើឲ្យ ជែក ប្រោតតុន ដើរតាមជើកឯក ជែម ហ្វីហ្គ ខាងលើ ហើយគាត់ព្យាយាមបម្លែងការប្រកួតប្រដាល់ដោយប្រើកណ្តាប់ដៃ ឲ្យក្លាយទៅជាការប្រកួតអត្តពលកម្ម។ ប្រោតតុន បានរៀបរៀងក្រមវិន័យ (Code of Rule) សម្រាប់កីឡាប្រដាល់ នៅក្នុងគ្រិស្ដសករាជ ១៧៤៣។ វិន័យទាំងនេះ បានដាក់ឲ្យប្រើប្រាស់រហូតដល់គ្រិស្ដសករាជ ១៨៣៨ គ្រាន់តែមានការកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់មក វាត្រូវបានជំនួសដោយវិន័យប្រដាល់ពានរង្វាន់ទីក្រុងឡុងដ៍ ហៅកាត់ថា LPRR។ វិន័យទាំងនេះបានលុបចោលវិន័យនានាដែលធ្លាប់ត្រូវបានគេប្រើប្រាស់ពីមុន។

គេអាចសង្ខេបថា វិន័យនេះអនុញ្ញាតឲ្យកីឡាករប្រើប្រាស់តែកណ្តាប់ដៃប៉ុណ្ណោះ នៅពេលប្រកួត។ អ្នកប្រកួតមិនត្រូវបានអនុញ្ញាតឲ្យដាល់ក្រោមចង្កេះឡើយ។ យោងតាមវិធានរបស់ប្រោតតុន ការប្រកួតនៅតែបន្តទាល់តែគូបដិបក្ខដួលរហូតដល់លុតជង្គង់។ ប្រសិនបើគេនោះមិនអាចត្រឡប់មកបន្តទៀតទេ ហើយមានជំហររបស់គាត់នៅចម្ងាយមួយយ៉ា (Yrad) ពីគូប្រជែងខ្លួនផង នឹងត្រូវបានប្រកាសថាជាអ្នកចាញ់។

* ភស្តុតាងផ្លូវការបង្ហាញពីការស្លាប់របស់កីឡាករប្រដាល់

យោងតាមការជំរឿនរបស់លោក ម៉ាញូអែល វេឡាស្កឹហ្ស (Manuel Velazquez) បានឲ្យដឹងថា នៅចន្លោះគ្រិស្ដសករាជ ១៨៩០-២០១៩ មានកីឡាករប្រដាល់ ១,៨៧៦ នាក់ បានស្លាប់ដោយសារឈឺគ្រាំគ្រាក្រោយប្រកួតកីឡាប្រដាល់។ កាលពីមុន មានកីឡាករប្រដាល់ ២៦៦ នាក់ ត្រូវបានកត់ត្រាទុកថាបានស្លាប់ ចាប់ពីគ្រិស្ដសករាជ ១៧៤០-១៨៨៩ នៅមុនពេលបង្កើតស្នាប់ដៃ ខណៈដែលអ្នកប្រដាល់ត្រូវប្រកួតដោយដៃទទេ។

តាមការជំរឿនរបស់លោក វេឡាស្កឹស ត្រូវបានដកស្រង់មកផ្សាយដោយ CNN គឺបរិមាណនៃការស្លាប់ដែលបណ្តាលមកពីកីឡាប្រដាល់ មានប្រមាណ ១០ នាក់ក្នុងមួយឆ្នាំៗ៕

ប្រភព៖ គេហទំព័រ Olympic គេហទំព័រ Britannica និងគេហទំព័រ CNN
រៀបរៀងដោយ៖ Fresh News Plus

ជែក ប្រោតតុន

ក្រមវិន័យរបស់ ជែក ប្រោតតុន

កីឡាករប្រដាល់ក្រិកបុរាណ

ការសម្តែងការប្រដាល់សម័យក្រិចបុរាណ នៅសម័យបច្ចុប្បន្ន

ការប្រដាល់បច្ចុប្បន្ន

គំនូរប្រដាល់ក្រិកបុរាណ

កីឡាករម្នាក់ឈ្មោះ Day កំពុងត្រូវយកចេញពីសង្វៀន ក្រោយត្រូវបានផ្តួលដោយកីឡាករ Conwell ក្រោយមកគាត់បានស្លាប់