(សិង្ហបុរី)៖ នៅភាគទី៦ ប្រិយមិត្តប្រាកដជាបានដឹងអំពីព្រឹត្តិការណ៍អាណានិគមនៅប្រទេសម៉ាឡេស៉ីរួចមកហើយ ហើយនៅភាគទី៧នេះ យើងខ្ញុំសូមលើកឡើងនូវព្រឹត្តិការណ៍អាណានិគមនៅប្រទេសសិង្ហបុរីវិញម្ដង ដោយហេតុថា សិង្ហបុរី ថ្វីដ្បិតជាប្រទេសតូចជាងគេក៏ពិតមែន តែក៏បានបន្សល់នូវស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនក្នុងសម័យអាណានិគមផងដែរ។
* សិង្ហបុរីមុនសម័យអាណានិគម
គ្មានកំណត់ត្រាច្បាស់លាស់ណាមួយ និយាយអំពីសម័យបុរេប្រវត្តិរបស់សិង្ហបុរីនោះឡើយ មានត្រឹមតែពាក្យនិយាយតៗគ្នាមកថា នៅអំលុងសតវត្សរ៍ទី៣ នៃគ្រិស្ដសករាជ មានអ្នកដើរសមុទ្រជនជាតិចិនប៉ុន្មាននាក់ បានបរសំពៅទៅដល់កោះមួយដែលមានឈ្មោះថា «ហ្វូលួសុង» ឬប្រែថា «កោះនៅចុងឧបទ្វីប»។ កោះនេះត្រូវគេសន្និដ្ឋានថាត្រូវនឹងកោះសិង្ហបុរី ឬប្រទេសសិង្ហបុរីនេះឯង។
បើតាមរាជពង្សាវតាម៉ាឡាយូបានឱ្យដឹងថា នៅគ្រិស្ដសករាជ ១២៩៩ ព្រះបាទស័ង្ខនិលឧត្តមា (King Sang Nila Utama) បានរត់ភៀសព្រះកាយពី នគរស្រីវិជ័យ (Sri Vijaya Empire) មកបង្កើតនគរថ្មីមួយមានឈ្មោះថា នគរសិង្ហបុរៈ (Kingdom of Singapura) ក្រោយបរាជ័យក្នុងសង្គ្រាមជាមួយ នគរម៉ាចាប៉ាហ៉ិត (Majapahit Empire)។ នគរសិង្ហបុរៈនេះ គឺតាំងនៅកោះសិង្ហបុរីបច្ចុប្បន្ន ដោយអ្នកខ្លះហៅនគរនេះថា ថេម៉ាសេក (Temasek) ឬ ធូម៉ាស៉ីក (Tumasik) ដែលមានន័យថា ទីក្រុងសមុទ្រ។ រហូតមកដល់សតវត្សរ៍ទី១៤ នគរសិង្ហបុរៈ ឬថេម៉ាសេក ក៏បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់អាណាចក្រម៉ាឡាកា (Kingdom of Malacca) ដែលជាប្រទេសដើមរបស់ម៉ាឡេស៉ីបច្ចុប្បន្ន។
* សិង្ហបុរីក្នុងសម័យអាណានិគម
នៅគ្រិស្ដសករាជ ១៥១១ ពួកព័រទុយហ្កាល់បានដាក់អាណានិគមលើអាណាចក្រម៉ាឡាកា ក្នុងនោះក៏មានទាំងទឹកដីសិង្ហបុរីផងដែរ។ លុះដល់សតវត្សរ៍ទី១៧ ពួកហូឡង់បានដេញកម្ចាត់ពួកព័រទុយហ្កាល់ចេញពីមូលដ្ឋាននៅម៉ាឡាកា ដោយនៅក្នុងឆ្នាំគ្រិស្ដសករាជ ១៦៤១ មហាអំណាចមួយនេះបានធ្វើជំនួញផ្តាច់មុខ និងគ្រប់គ្រងនយោបាយលើអាណាចក្រម៉ាឡាកាទាំងស្រុង។ កាលណោះ អាណាចក្រម៉ាឡាកាមានរដ្ឋតូចធំជាច្រើន ក្នុងនោះរដ្ឋចូហូ (Joho) គឺជារដ្ឋធំជាងគដែលគ្របដណ្ដប់លើរដ្ឋសិង្ហបុរីផងដែរ។
នៅសតវត្សរ៍ទី១៩ ក្រុមហ៊ុនឥណ្ឌាបូព៌ារបស់ចក្រភពអង់គ្លេស (British East India Company) ក៏បានដណ្ដើមមូលដ្ឋានជំនួញពីពួកហូឡង់នៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ និងចាប់ផ្តើមបង្កើនអំណាចរបស់ខ្លួនកាន់តែខ្លាំងឡើងៗនៅតំបន់នេះ។ ក្រុមហ៊ុនឥណ្ឌាបូព៌ាបានបញ្ជូនទេសាភិបាលចក្រភពអង់គ្លេសម្នាក់ឈ្មោះ ថូម៉ាស ស្តេមហ្វត រ៉ាហ្វហ្វល (Sir Thomas Stemford Bingley Raffles) ឱ្យមកគ្រប់គ្រងនៅតំបន់ម៉ាឡាកានេះ។ លោក រ៉ាហ្វហ្វល បានមកដល់អាស៉ីអាគ្នេយ៍ នៅថ្ងៃទី២៨ ខែមករា គ្រិស្ដសករាជ ១៨១៩។
ទេសាភិបាលអង់គ្លេសរូបនេះបានចរចាទិញកោះសិង្ហបុរីពីស្ដេចនៃរដ្ឋចូហូ (Sultan of Joho) ព្រះនាម អាប់ឌុលរ៉ាម៉ាន់ (TengKu Abdul Rahman Mauzzan) ដើម្បីកាន់កាប់ផ្លូវពាណិជ្ជកម្មផ្ដាច់មុខពីពួកហូឡង់។ ប៉ុន្តែព្រះចៅអាប់ឌុលរ៉ាម៉ាន់ បានបដិសេធមិនព្រមលក់សិង្ហបុរីឱ្យអង់គ្លេសឡើយ ពីព្រោះតែកាលណោះ រដ្ឋចូហូកំពុងស្ថិតនៅក្រោមអាណានិគមហូឡង់នៅឡើយ។ លោក រ៉ាហ្វហ្វល បានទៅចរចាជាមួយបងប្រុងរបស់ស្ដេច អាប់ឌុលរ៉ាម៉ាន់ គឺព្រះអង្គម្ចាស់ តេងគូ ហ៊ុសសេន ដែលបានរត់ភៀសខ្លួនពីរាជវាំងនោះ ឱ្យមកឡើងសោយរាជ្យសម្បត្តិនៅរដ្ឋចូហូវិញ ដោយលោក រ៉ាហ្វហ្វល បានសន្យាថានឹងជួយឧបត្ថម្ភគាំទ្រព្រះអង្គឱ្យដល់ទីបញ្ចប់ ព្រមទាំងស្ម័គ្រចិត្តរារាំងក្រុមក្បត់ទាំងអម្បាលម៉ាន ដែលចង់ប្រឆាំងជាមួយព្រះអង្គម្ចាស់ ហ៊ុសសេន។ ម្យ៉ាងទៀត លោក រ៉ាហ្វហ្វល ក៏បានសន្យាផ្ដល់ប្រាក់តបស្នងដល់ព្រះអង្គម្ចាស់ ហ៊ុសសេន សម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួនទៀតផង ធ្វើយ៉ាងណាឱ្យតែក្រុមហ៊ុនឥណ្ឌាបូព៌ារបស់អង់គ្លេសបានធ្វើពាណិជ្ជកម្មផ្ដាច់មុខនៅរដ្ឋសិង្ហបុរីនោះ។
នៅពេលគម្រោងការដណ្ដើមរាជ្យបល្ល័ង្ករបស់ព្រះអង្គម្ចាស់ តេងគូ ហ៊ុសសេន ពីប្អូនប្រុសរបស់ទ្រង់បានសម្រេចរួចហើយនោះ នៅគ្រិស្ដសករាជ ១៨១៩ លោក រ៉ាហ្វហ្វល ក៏បានត្រលប់ទៅរាជធានីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសវិញ រយៈពេលបីឆ្នាំ ដោយលោកបានចាត់ឱ្យឧត្តមសេនីយ៍ទោ វីល្លៀម ហ្វាឃ្យូហារ (William Faquhar) គ្រប់គ្រងកិច្ចការជំនួសសិន។ បីឆ្នាំក្រោយមក ពោលគឺនៅគ្រិស្ដសករាជ ១៨២២ លោក រ៉ាហ្វហ្វល ក៏បានត្រលប់មកអាស៉ីអាគ្នេយ៍វិញ។ ប៉ុន្តែដោយឃើញថា សិង្ហបុរីមិនបានរីកចម្រើនដូចការចង់បានរបស់ខ្លួននោះ រ៉ាហ្វហ្វល ក៏បានកែប្រែយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីមួយទៀត។ បញ្ហាដែល រ៉ាហ្វហ្វល កែប្រែមុនដំបូងគេនោះ គឺការបិទល្បែងស៉ីសង ពីព្រោះសិង្ហបុរីមានមនុស្សចេញចូលច្រើន គ្មានសណ្ដាប់ធ្នាប់ល្អប្រសើរនោះឡើយ ហើយថែមទាំងមានអំពើអាណាធិបតេយ្យផងដែរ។ ដូច្នេះហើយទើប រ៉ាហ្វហ្វល បានចេញច្បាប់ហាមឃាត់មិនឱ្យមានបនល្បែងនោះឡើយ។ លោកបានរៀបចំកងកម្លាំងតម្រួតតាមតំបន់ និងចេញច្បាប់មិនឱ្យជួញដូរទាសករ ច្បាប់កម្មសិទ្ធិដីធ្លី ចែកដីធ្លីឱ្យប្រជាជន និងក្រុមជនភៀសខ្លួនដែលទៅរស់នៅសិង្ហបុរី ពិសេសគឺបានបង្កើតកំពង់ផែពាណិជ្ជកម្មអន្តរជាតិ បើកមជ្ឈមណ្ឌលបង្រៀនភាសាចិន និងភាសាក្នុងតំបន់ ព្រមទាំងរៀបចំគម្រោងអភិវឌ្ឍន៍ប្រទេសសាជាថ្មី។
នៅគ្រិស្ដសករាជ ១៨២៣ ស្ដេមហ្វត រ៉ាហ្វហ្វល បានកើតជំងឺដុះសាច់ក្នុងខួរក្បាល និងបានធ្វើដំណើរត្រលប់ទៅចក្រភពអង់គ្លេសវិញ ហើយក៏បានស្លាប់នៅគ្រិស្ដសករាជ ១៨២៦ នោះទៅ។ អង់គ្លេសបានបង្កើត «តំបន់និគមទ្វារសមុទ្រ» ដែលមានអាណាចក្រម៉ាឡាកា រដ្ឋសិង្ហបុរី និងរដ្ឋពីណាំង (Penang) ផងដែរ ដោយក្រុមហ៊ុនឥណ្ឌាបូព៌ាជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយបានតែងតាំងលោក ចន ក្រហ្វត (John Crawfurd) ជាអ្នកសម្រេចកិច្ចការប្រចាំនៅសិង្ហបុរី។ ចន ក្រហ្វត បានរៀបចំចរាចរណ៍ផ្លូវទឹក ជួសជុលកំពង់ផែ និងបន្តការអភិវឌ្ឍសិង្ហបុរីបន្តពីលោក ស្ដេមហ្វត រ៉ាហ្វហ្វល។
នៅក្នុងសង្គ្រាមលោកលើកទី២ អង់គ្លេសបានរៀបចំគម្រោងយុទ្ធសាស្ត្រយកសិង្ហបុរីធ្វើជាមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន និងជាមូលដ្ឋានសម្រាប់សាងសង់អាកាសយានដ្ឋាន និងកន្លែងជួសជុលនាវា។ ដើម្បីត្រៀមទប់ទល់ជាមួយជប៉ុន អង់គ្លេសបានបង្កើតមូលដ្ឋានទ័ពជើងទឹកជាគោល និងការពារទិសខាងត្បូង និងទិសខាងកើតនៃកោះ ប៉ុន្តែជប៉ុនបានសម្រុកមកតាមផ្លូវគោកជំនួសវិញ។ ទាហានជប៉ុនបានលើកទ័ពមកពីទិសខាងជើងតាមជ្រោយម៉ាឡាយូ ហើយបានទម្លាក់គ្រាប់បែកមកលើសិង្ហបុរីក្នុងថ្ងៃតែមួយជាមួយកំពង់ផែភឺលហាបឺរ (Pearl Harbor) របស់សហរដ្ឋអាមេរិក។ បន្ទាប់មក ទើបប្រើទូកនាំកម្លាំងទ័ពមកពីភាគឦសាន ហើយបានរឹបអូសយកកោះសិង្ហបុរីបានសម្រេចនៅគ្រិស្ដសករាជ ១៩៤២។
បន្ទាប់ពីប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២ នាគ្រិស្ដសករាជ ១៩៤៥ នោះ ចក្រភពអង់គ្លេសក៏បានចូលមកគ្រប់គ្រងសិង្ហបុរីជាថ្មីម្តងទៀត។ រហូតដល់ថ្ងៃទី៣១ ខែសីហា គ្រិស្ដសករាជ ១៩៥៧ ម៉ាឡាស៉ីក៏បានទទួលឯករាជ្យផ្លូវការពីចក្រភពអង់គ្លេស ក្នុងនោះក៏មានសិង្ហបុរីផងដែរ។ ម៉ាឡាស៉ីមានគំនិតចង់បង្រួបបង្រួមរដ្ឋសារ៉ាវ៉ាក់ (Sarawak) រដ្ឋសាប៉ះ (Sabah) រដ្ឋព្រុយណេ (Brunei) និងរដ្ឋសិង្ហបុរី ចូលជាសហព័ន្ធតែមួយ ប៉ុន្តែនៅថ្ងៃទី០៩ ខែសីហា គ្រិស្ដសករាជ ១៩៦៥ លី ក្វាន់យូ បានដឹកនាំរដ្ឋសិង្ហបុរីផ្តាច់ខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ី ហើយបានប្រកាសប្រទេសជា «សាធារណរដ្ឋសិង្ហបុរី» ជាផ្លូវការ៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ
ភាគទី៣៖ សូមចុចត្រង់នេះ
ភាគទី៤៖ សូមចុចត្រង់នេះ
ភាគទី៥៖ សូមចុចត្រង់នេះ
ភាគទី៦៖ សូមចុចត្រង់នេះ