(ពិភពលោក)៖ នៅភាគទី១ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ នូវដើមចមនៃការអនុវត្តនយោបាយអាណានិគមរបស់ប្រទេសមហាអំណាចនៅទ្វីបអឺរ៉ុប ខណៈនៅភាគទី២នេះ ប្រិយមិត្តនឹងទទួលជ្រាបអំពីសកម្មភាពរបស់ពួកមហាអំណាចចាស់ ដែលបានហែកពិភពលោកចែកគ្នា ព្រមទាំងអំពើជិះជាន់ទៅលើពួកម្ចាស់ស្រុកនៅតាមរដ្ឋបុរាណមួយចំនួន ពិសេសគឺអ្នកនៅទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក។
១៖ មហាអំណាចចាស់ (តពីអត្ថបទភាគ ១)
នៅគ្រិស្ដសករាជ ១៤៩៤ សម្ដេចប៉ាប ជូលីអូសទី២ (Pope Julius II) ដែលជាបុព្វជិតកំពូលក្នុងសាសនាកាតូលិកនៅជំនាន់នោះ បានធ្វើអន្តរាគមន៍ជួយដល់ព្រះមហាក្សត្រអេស្ប៉ាញ និងព័រទុយហ្កាល់ ក្នុងការបែងចែកតំបន់ជំនួញនៅលើពិភពលោក។ តាមរយៈសន្ធិសញ្ញាទ័រដេស៊ីឡាស (Tordesillas) អេស្ប៉ាញបានហែកយកមួយចំហៀងខាងលិចនៃពិភពលោក រីឯព័រទុយហ្កាល់ច្បាមយកមួយចំហៀងខាងកើតពិភពលោកវិញ។
ជារៀងរាល់ឆ្នាំ នៅរដូវផ្ការីក មានកប៉ាល់ធំៗជាច្រើនគ្រឿងបានចាកចេញពីទីក្រុងលីស្បោន (Lisbon) រាជធានីនៃចក្រភពព័រទុយហ្កាល់ ហើយនៅរដូវស្លឹកឈើជ្រុះ កប៉ាល់ទាំងនោះក៏បានត្រលប់មកកំពង់ផែលីស្បោនវិញ ដោយផ្ទុកទៅដោយគ្រឿងទេស ម្រេច ក្រណាត់សូត្រ សំពត់អំបោះ ត្បូងមានតម្លៃ ឈើក្រអូប និងឈើប្រណីត ក៏ដូចជាព័រសឺឡែនជាដើម។ ការធ្វើពាណិជ្ជកម្មផ្តាច់មុខនៅភាគខាងកើតនេះ នាំឱ្យព័រទុយហ្កាល់ទទួលបានផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជារឿយៗ អ្នកដែលរស់នៅក្នុងតំបន់ក្រោមឥទ្ធិពលព័រទុយហ្គាល់ ចាំបាច់ក្លាយទៅជាគ្រិស្តសាសនិក តាមរយៈការផ្សព្វផ្សាយសាសនារបស់សង្ឃកាតូលិក ក៏ដូចជាការបង្ខិតបង្ខំពីសំណាក់ទេសាភិបាលពួកគេផងដែរ រីឯវិហារឥស្លាមទាំងឡាយត្រូវក្លាយទៅជាវិហារកាតូលិកទាំងអស់។ រាល់កំពង់ផែជំនួញនានាចាប់ពីទ្វីបអាហ្វ្រិកមកភាគខាងកើត ដែលធ្លាប់ជាទីតាំងរបស់ពួកអារ៉ាប់នោះ គឺត្រូវបានជំនួសដោយពួកព័រទុយហ្កាល់វិញ។
នៅតំបន់អាមេរិកខាងត្បូង ក្នុងសតវត្សទី១៦ ពួកព័រទុយហ្កាល់បានធ្វើអាណានិគមលើទឹកដីប្រេស៊ីលបច្ចុប្បន្ន ហើយបាននាំពួកទាសករពីអាហ្វ្រិកទៅកាន់ទីនោះ ដើម្បីបម្រើការងារក្នុងវិស័យកសិកម្ម និងអណ្តូងរ៉ែមាស។
នៅគ្រិស្ដសករាជ ១៥១៩ មេទ័ពអេស្ប៉ាញ លោក ក័រតេស (Cortes) រួមជាមួយកងទ័ពជាង ៦០០ នាក់ ប្រដាប់ដោយកាំភ្លើងធំចំនួន ៦ ដើម និងសេះចម្បាំង ១៦ ក្បាល បានវាយលុកចូលរាជធានីចក្រភពអាស្ដែក (Aztec Empire) ដែលស្ថិតនៅប្រទេសម៉ិកស៉ិកបច្ចុប្បន្ន ក្រោយមកទីនោះក៏បានក្លាយទៅជាដែនដីអេស្ប៉ាញថ្មី (New Spain)។ ពួកអាស្តែក មានជំនឿស៊ប់លើរឿងព្រេងនិទាន ពួកគេជឿថាពួកអេស្ប៉ាញជាអាទិទេពដែលជួយពួកគេដូចរឿងព្រេង។ នៅគ្រិស្ដសករាជ ១៥៣១ អ្នកផ្សងព្រេងជាតិអេស្ប៉ាញ ២ នាក់ទៀត មានលោក ពីហ្សា (Pizazze) និងលោក អាល់ម៉ាក្រូ (AImagro) បានចូលចតកប៉ាល់នៅតាមឆ្នេរខាងលិចអាមេរិកខាងត្បូង ហើយចូលលុកលុយចក្រភពអាំងកា (Inca Empire) ដោយដុតបំផ្លាញរាជធានីរបស់ចក្រភពនេះយ៉ាងសាហាវឃោរឃៅ។
ពួកនិគមជនស្បែកសដែលមកពីអេស្ប៉ាញ ឬជនជាតិអេស្ប៉ាញថ្មីដែលកើតនៅអាមេរិក គឺសុទ្ធតែជាអ្នកដឹកនាំលើពួកម្ចាស់ស្រុកនៅអាមេរិក ពិសេសនៅប្រទេសម៉ិកស៉ិក កូឡុំប៊ី និងប៉េរូបច្ចុប្បន្ន។ មេដឹកនាំនិគមជនអេស្ប៉ាញទាំងនេះ គឺទទួលបានឋានៈជា «ស្តេចត្រាញ់» ពីព្រះមហាក្សត្រដែលសោយរាជ្យនៅរាជធានីម៉ាឌ្រីត នៃចក្រភពអេស្ប៉ាញ។ ពួកស្ដេចត្រាញ់ទាំងនេះបានលក់ដូរពួកម្ចាស់ស្រុកដូចសត្វធាតុ ដោយបានឱ្យពួកគេទៅធ្វើការនៅតាមចម្ការ និងអណ្ដូងរ៉ែជាដើម រីឯទាសករស្រីៗត្រូវធ្វើការផ្នែកសិប្បកម្ម និងរោងតម្បាញ។ មិនតែប៉ុណ្ណោះ ពួកស្ដេចត្រាញ់អេស្ប៉ាញក៏បានយកពន្ធពីពួកម្ចាស់ស្រុកថែមទៀតដែរ។
ក្នុងពេលដែលអេស្ប៉ាញកំពុងត្រួតត្រាទ្វីបអាមេរិកនោះ ក៏កើតមានជំងឺឆ្លងរាតត្បាតយ៉ាងខ្លាំងសម្បើម ដែលគេហៅថា ជំងឺអុតធំ (Smallpox) ដោយបានសម្លាប់ប្រជាជននៅទ្វីបអាមេរិកអស់រាប់លាននាក់ ត្រឹមតែមួយសតវត្សរ៍ប៉ុណ្ណោះ។ ក្នុងពេលដែលពួកអេស្ប៉ាញមកដល់អាមេរិកដំបូង ប្រជាជនម្ចាស់ស្រុកមានប្រមាណ ៨០ លាននាក់ ប៉ុន្តែក្រោយកើតមានជំងឺនោះ ពួកគេនៅសល់គ្នាតែប្រមាណ ១០ លាននាក់ប៉ុណ្ណោះ។
ដើម្បីឆ្លើយតបទៅនឹងកង្វះកម្លាំងពលកម្មនេះ ពួកអេស្ប៉ាញធ្វើដូចព័រទុយហ្កាល់ដែរ គឺបាននាំយកទាសករស្បែកខ្មៅពីទ្វីបអាហ្វ្រិកមកលក់នៅទ្វីបអាមេរិក ដើម្បីជំនួសមនុស្សដែលបានស្លាប់ដោយសារជំងឺនោះ។ អំពើដ៏ព្រៃផ្សៃនេះ ត្រូវបានគេហៅឈ្មោះថា «ទាសពាណិជ្ជកម្ម»។ កប៉ាល់ទាំងឡាយចេញដំណើរពីទ្វីបអឺរ៉ុបទៅទ្វីបអាហ្វ្រិក ដើម្បីទៅដឹកជញ្ជូនទាសករស្បែកខ្មៅយកទៅលក់នៅទ្វីបអាមេរិក។ ក្នុងពេលដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកនោះ ទាសករជាច្រើនត្រូវស្លាប់យ៉ាងអាណោមអាធម សពត្រូវគេទម្លាក់ចោលទៅក្នុងសមុទ្រ ចំណែកអ្នកនៅមានជីវិតត្រូវគេលក់យកទៅធ្វើការជាទម្ងន់បម្រើឱ្យពួកអេស្ប៉ាញ និងព័រទុយហ្កាល់។
ហេតុនេះហើយ ទើបបានជាមានការលាយឡំពូជសាសន៍រវាងពួកអឺរ៉ុប ម្ចាស់ស្រុក និងពួកស្បែកខ្មៅ រហូតបង្កើតបានជាប្រជាជនអាមេរិកឡាទីនដូចពេលបច្ចុប្បន្ន៕
ភាគទី១៖ សូមចុចត្រង់នេះ