(បរទេស)៖ នៅក្នុងវិស័យជំនួញពាណិជ្ជកម្មផ្លូវសមុទ្រ កំពង់ផែគឺជាមជ្ឈមណ្ឌលដ៏ចាំបាច់បំផុតសម្រាប់ស្តុកទុក និងដោះដូរទំនិញទាំងនោះ ខណៈកំពង់ផែធំៗជាងគេនៅលើពិភពលោក ភាគច្រើនមាននៅទ្វីបអាស៉ី ក្នុងនោះមាននៅប្រទេសចិនដល់ទៅ ៧ ទីតាំងឯណោះ។ ក្រៅពីនេះ ក៏មាននៅប្រទេសសិង្ហបុរី នែតដឺលែន (ហូឡង់) និងកូរ៉េខាងត្បូងផងដែរ។
ខាងក្រោមនេះ គឺជាការរៀបរាប់ត្រួសៗអំពីកំពង់ផែធំៗទាំង ១០ នៅលើពិភពលោក៖
១៖ កំពង់ផែសៀងហៃ ប្រទេសចិន
កំពង់ផែសៀងហៃ (Port of Shanghai) គឺជាកំពង់ផែធំជាងគេបង្អស់នៅលើពិភពលោក បើគិតអំពីចំនួនទូកុងទឺន័រដឹកទំនិញចេញចូល។ កំពង់ផែនេះស្ថិតនៅតំបន់មាត់ទន្លេយ៉ង់សេ (Yangtze) ភាគខាងកើតប្រទេសចិន។ កាលពីឆ្នាំ២០១០ កំពង់ផែសៀងហៃបានដណ្តើមតំណែងជាកំពង់ផែមមាញឹកបំផុតលើលោក ដោយបានស្តុកទូកុងទឺន័រដឹកទំនិញសរុប ២៩.០៥ លានទូ ខណៈកំពង់ផែសិង្ហបុរីមានទូកុងទឺន័រតិចជាងកំពង់ផែសៀងហៃកន្លះលានទូ។ យោងតាមទិន្នន័យចុងក្រោយបំផុត គឺនៅឆ្នាំ២០១៩ កំពង់ផែសៀងហៃនៅតែគ្រងតំណែងលេខមួយដដែល ជាមួយចំនួនទូកុងទឺន័រដឹកទំនិញចេញចូលសរុប ៤៣.៣ លានទូ។
២៖ កំពង់ផែសិង្ហបុរី ប្រទេសសិង្ហបុរី
បើគិតពីចំនួនទូកុងទឺន័រដឹកទំនិញចេញចូល កំពង់ផែសិង្ហបុរី (Port of Singapore) ស្ថិតនៅចំណាត់ថ្នាក់លេខពីរបន្ទាប់ពីកំពង់ផែសៀងហៃ។ កាលពីឆ្នាំ២០១៩ ទូកុងទឺន័រដឹកទំនិញចំនួន ៣៧.២ លានទូ ត្រូវបានចរាចរណ៍នៅកំពង់ផែនេះ។ ទោះជាបែបនេះក្តី កំពង់ផែសិង្ហបុរីគឺជាកន្លែងដែលកប៉ាល់រាប់ពាន់គ្រឿងចូលចតក្នុងមួយឆ្នាំៗ ដោយសារមានការតភ្ជាប់ទៅនឹងកំពង់ផែអន្តរជាតិជាង ៦០០ កន្លែងទៀតនៅជុំវិញពិភពលោក។
៣៖ កំពង់ផែនីងប៉-ចូវសាន ប្រទេសចិន
កំពង់ផែនីងប៉-ចូវហាន ( Port of Ningbo-Zhoushan) ស្ថិតនៅក្រុងនីងប៉ និងក្រុងចូវសាន ជាប់ឆកសមុទ្រហាងចូវ (Hangzhou bay) ទល់មុខទីក្រុងសៀងហៃ។ កាលពីឆ្នាំ២០១៩ កំពង់ផែនេះបានចរាចរណ៍ទូកុងទឺន័រដឹកទំនិញសរុប ២៧.៥ លានទូ។
៤៖ កំពង់ផែស៉ិនជិន ប្រទេសចិន
កំពង់ផែស៉ិនជិន (Port of Shenzhen) ត្រូវគេចាត់ទុកជាកំពង់ផែដែលកំពុងរីកដុះដាលឡើងយ៉ាងឆាប់រហ័សបំផុតមួយនៅលើពិភពលោក។ កាលពីឆ្នាំ២០១៩ កំពង់ផែនេះបានចរាចរណ៍ទូកុងទឺន័រដឹកទំនិញសរុប ២៥.៧ លានទូ។
៥៖ កំពង់ផែក្វាងចូវ ប្រទេសចិន
កំពង់ផែក្វាងចូវ (Port of Guangzhou) ស្ថិតនៅក្បែរទីក្រុងស៉ិនជិនដែរ ហើយស្ថិតក្នុងតំបន់ដីសណ្តរទន្លេគជ់ (Pearl River) ភាគអាគ្នេយ៍នៃប្រទេសចិន។ កាលពីឆ្នាំ២០១៩ កំពង់ផែក្វាងចូវបានចរាចរណ៍ទូកុងទឺន័រដឹកទំនិញសរុប ២៣.២ លានទូ។
៦៖ កំពង់ផែប៊ូសាន ប្រទេសកូរ៉េខាងត្បូង
កំពង់ផែប៊ូសាន (Port of Busan) គឺជាកំពង់ផែធំបំផុតរបស់កូរ៉េខាងត្បូង ដែលមានទីតាំងនៅភាគខាងត្បូងប្រទេស។ កាលពីឆ្នាំ២០១៩ កំពង់ផែប៊ូសានបានចរាចរណ៍ទូកុងទឺន័រដឹកទំនិញសរុបចំនួន ២១.៩ លានទូ។
៧៖ កំពង់ផែឈីងតាវ ប្រទេសចិន
កំពង់ផែឈីងតាវ (Port of Qingdao) ស្ថិតនៅជាប់សមុទ្រលឿង ភាគខាងកើតប្រទេសចិន។ កំពង់ផែនេះឈរនៅចំណាត់ថ្នាក់លេខ ៧ ជាមួយការចរាចរណ៍ទូកុងទឺន័រដឹកទំនិញសរុប ២១.០១ លានទូ កាលពីឆ្នាំ២០១៩។
៨៖ កំពង់ផែហុងកុង ប្រទេសចិន
កំពង់ផែហុងកុង (Port of Hongkong) ស្ថិតនៅក្នុងតំបន់ដីសណ្តរទន្លេគជ់ ក្បែរកំពង់ផែស៉ិនជិន និងក្វាងចូវដែរ។ កាលពីឆ្នាំ២០១៩ កំពង់ផែនេះបានចរាចរណ៍ទូកុងទឺន័រដឹកទំនិញចំនួន ១៨.៣ លានទូ។
៩៖ កំពង់ផែធានជីង ប្រទេសចិន
កំពង់ផែធានជីង (Port of Tianjin) ជាកំពង់ផែដ៏សំខាន់មួយនៅក្បែររដ្ឋធានីប៉េកាំង ប្រទេសចិន និងជាប់សមុទ្រលឿងផងដែរ។ កំពង់ផែនេះស្ថិតក្នុងចំណាត់ថ្នាក់ចុងក្រោយគេ ក្នុងចំណោមកំពង់ផែនៅប្រទេសចិនដែលមមាញឹកបំផុត។ កាលពីឆ្នាំ២០១៩ វាមានទូដឹកទំនិញចរាចរណ៍តែ ១៧.២ លានទូប៉ុណ្ណោះ។
១០៖ កំពង់ផែរ៉ូតទែរដាំ ប្រទេសនែតដឺលែន
កំពង់ផែរ៉ូតទែរដាំ (Port of Rotterdam) គឺជាកំពង់ផែតែមួយគត់ក្នុងបញ្ជីនេះ ដែលមិនស្ថិតក្នុងតំបន់អាស៉ី។ វាស្ថិតនៅតំបន់ដីសណ្តររ៉ែនម៉ូសស្កែល (Rhine–Meuse–Scheldt) ភាគខាងលិចនៃប្រទេសនែតដឺលែន។ កាលពីឆ្នាំ២០១៩ កំពង់ផែនេះបានចរាចរណ៍ទូដឹកទំនិញសរុបចំនួន ១៤.៨ លានទូ៕