(ពិភពលោក)៖ មហាកំពែងចិន (The Great Wall of China) ដែលប្រជាជនចិនចាត់ទុកថាជារតនសម្បត្តិរបស់ខ្លួននោះ មានប្រវែងសរុបប្រមាណ ២១,១៩៦ គីឡូម៉ែត្រឯណោះ។ ទម្រាំកសាងបានប្រវែងនេះ គឺមានការចូលរួមស្ថាបនាពីបណ្ដារាជវង្សចិនបុរាណជាច្រើន។ តើអ្នកដឹងទេថា រាជវង្សណាខ្លះ ដែលចូលរួមកសាងមហាកំពែងចិន?
មានរាជវង្សចិនចំនួន ១១ ដែលបានកសាងមហាកំពែងចិន រួមមាន៖
១៖ រាជវង្សឈី (Qi dynasty)
នគរឈី បានគ្រប់គ្រងទឹកដីមួយផ្នែកតូចភាគខាងកើតនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ ១១២២-២២១ មុនគ្រិស្តសករាជ ដោយបានបញ្ជាឱ្យកម្មករ និងទាហានកសាងកំពែងសម្រាប់ការពារនគររបស់ខ្លួនបានប្រវែង ៦២០ គីឡូម៉ែត្រ។
២៖ រាជវង្សឈូ (Chu dynasty)
នគរឈូ គ្រប់គ្រងទឹកដីមួយផ្នែកធំភាគខាងកើតនៃប្រទេសចិនបុរាណដែរ នៅចន្លោះឆ្នាំ ១១១៥-២២៣ មុនគ្រិស្តសករាជ ដោយបានកសាងកំពែងសម្រាប់ការពារនគររបស់ខ្លួនបានប្រវែង ៥០០ គីឡូម៉ែត្រ។
៣៖ រាជវង្សយាន (Yan dynasty)
នគរយាន គ្រប់គ្រងទឹកដីមួយផ្នែកតូចនៅភាគឦសាននៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ ១១២២-២២២ មុនគ្រិស្តសករាជ ដោយបានកសាងកំពែងប្រវែង ១២៥ គីឡូម៉ែត្រដែរ។
៤៖ រាជវង្សចាវ (Zhao dynasty)
នគរចាវ គ្រប់គ្រងទឹកដីមួយផ្នែកតូចនៅភាគខាងជើងនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ ៤០៣-២២២ មុនគ្រិស្តសករាជ ដោយបានកសាងកំពែងប្រវែង ៤១២ គីឡូម៉ែត្រ។
៥៖ រាជវង្សវ៉ី (Wei dynasty)
នគរវ៉ីដំបូងនេះ បានគ្រប់គ្រងទឹកដីមួយផ្នែកតូចនៅភាគកណ្ដាលនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ ៤០៣-២២៥ មុនគ្រិស្តសករាជ ដោយបានកសាងកំពែងប្រវែង ៣០០ គីឡូម៉ែត្រ។
៦៖ រាជវង្សឈីង (Qin dynasty)
នគរឈីង ក៏ជានគរធំមួយក្នុងចំណោមនគរតូចធំនានានៅប្រទេសចិនបុរាណផងដែរ ហើយក្រោយមក ស្ដេចនគរឈីង ព្រះនាម ឈីង ស៉ីហ័ង បានច្បាំងយកនគរតូចធំទាំងឡាយ ដើម្បីបង្រួបបង្រួមទឹកដីចិនបុរាណទាំងមូល។ ចាប់ពីកកើតរដ្ឋដំបូងរហូតដល់ដួលរលំទៅវិញ នគរឈីងបានគ្រប់គ្រងទឹកដីនៅចន្លោះឆ្នាំ ២២១-២០៧ មុនគ្រិស្តសករាជ ក្នុងនោះក៏បានកសាងកំពែងប្រវែង ៥,០០០ គីឡូម៉ែត្រផងដែរ។
៧៖ រាជវង្សហាន (Han dynasty)
ក្រោយនគរឈីងដួលរលំបាត់ទៅ ប្រទេសចិនបុរាណក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សហាន ចាប់ពីឆ្នាំ២០២ មុនគ្រិស្តសករាជ ដល់ឆ្នាំ២២០ នៃគ្រិស្តសករាជ។ នៅអំលុងពេលនោះ នគរហានបានបន្តកសាងមហាកំពែងបន្ថែមពីនគរមុនៗបានប្រវែង ៦,០០០ គីឡូម៉ែត្រ។
៨៖ រាជវង្សវ៉ីខាងជើង (Northern Wei)
នគរមួយនេះបានគ្រប់គ្រងទឹកដីមួយផ្នែកធំភាគខាងជើងនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ ៣៨៦-៥៣៤ នៃគ្រិស្តសករាជ ដោយបានបន្តកសាងមហាកំពែងប្រវែង ១,៥០០ គីឡូម៉ែត្រទៀត។
៩៖ រាជវង្សសួយខាងជើង (Northern Qi/Sui)
រាជវង្សសួយ បានគ្រប់គ្រងទឹកដីប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ ៥៥០-៦១៨ នៃគ្រិស្តសករាជ និងបានបន្តកសាងមហាកំពែងប្រវែង ១,៥០០ គីឡូម៉ែត្រ។
១០៖ រាជវង្សជីងខាងកើត (Eastern Jin)
រាជវង្សជីងទី៣នេះ បានគ្រប់គ្រងទឹកដីមួយផ្នែកធំលាតសន្ធឹងនៅភាគខាងកើត និងឦសាននៃប្រទេសចិនបុរាណ ចន្លោះឆ្នាំ ១១១៥-១២៣៤ នៃគ្រិស្តសករាជ ដោយបានចូលរួមបន្តកសាងមហាកំពែងប្រវែង ១,៩២៦ គីឡូម៉ែត្រទៀត។
១១៖ រាជវង្សម៉េង (Ming dynasty)
មហាម៉េងដ៏ខ្លាំងក្លានេះ បានគ្រប់គ្រងទឹកដីទាំងមូលនៃប្រទេសចិនបុរាណ នៅចន្លោះឆ្នាំ ១៣៦៨-១៦៤៤ នៃគ្រិស្តសករាជ ដោយបានបន្តស្ថាបនាមហាកំពែងរហូតដល់ប្រវែង ៨,៨៥១ គីឡូម៉ែត្រទៀតផងដែរ។
សូមជម្រាបថា មហាកំពែងចិន គឺជាបន្ទាយសឹកការពារសត្រូវមានលក្ខណៈបណ្តាក់ៗគ្នាជាច្រើន ដែលត្រូវបានកសាងឡើងដោយបណ្តារដ្ឋ និងអធិរាជចិនបុរាណ នាព្រំដែនភាគខាងជើង។ ផ្នែកជាច្រើនគឺស្ថិតនៅតំបន់ភ្នំដែលដាច់ស្រយាល វាលស្មៅ និងវាលខ្សាច់ផងដែរ ដែលធ្វើឲ្យការវាស់វែងជួបប្រទះនឹងបញ្ហា ប៉ុន្តែដោយមានបច្ចេកទេសវាស់វែងសម័យទំនើប ក៏បានបង្កលក្ខណៈងាយស្រួល ហើយបន្ទាប់ពីការធ្វើជំរឿនដោយក្រុមបុរាណវត្ថុវិទូអស់រយៈពេល ៥ ឆ្នាំ ទើបប្រវែងពិតរបស់មហាកំពែង ត្រូវបានលាតត្រដាងឡើង។ មហាកំពែងចិនមានប្រវែងពិតប្រាកដដល់ទៅ ២១,១៩៦.១៨ គីឡូម៉ែត្រ ហើយនេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើល ដោយសារតែប្រវែងពិតនេះវែងលើសការសន្និដ្ឋានដំបូងដល់ទៅពីរដង។
សំណល់នៃមហាកំពែងនេះ រួមបញ្ចូលទាំងកំពែង លេណដ្ឋាន កំពូល និងបន្ទាយសឹក។ សំណល់នៃកំពែងនេះមាននៅតាមខេត្ត និងតំបន់ចំនួន ១៥ រួមមាន៖ ប៉េកាំង (Beijing) ធានជីង (Tianjin) ហឺប៉ី (Hebei) សានស៉ី (Shanxi) អ៉ីនណឺរ ម៉ុងហ្គោលី (Inner Mongolia) លាំងនីង (Liaoning) ជីលីង (Jilin) ហីឡុងជាំង (Heilongjiang) សានទុង (Shandong) ហឺណាន (Henan) សានស៉ី (Shaanxi) កាងស៊ូ (Gansu) និងឈីងហាយ (Qinghai)៕