(ពិភពលោក)៖ ដូចយើងដឹងស្រាប់ហើយថា មហាកំពែងចិន (Great Wall of China) ជាមហាកំពែងបុរាណដែលវែងជាងគេនៅលើពិភពលោក ជាមួយនឹងប្រវែងជាង ២ ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែតើអ្នកដឹងទេថា កំពែងនៅប្រទេសណាដែលមានប្រវែងវែងជាងគេបន្ទាប់ពីមហាកំពែងចិននេះ?
វាគឺកំពែងបន្ទាយគុមផាលហ្កាស (Kumbhalgarh) ដែលស្ថិតនៅលើភ្នំអារ៉ាវ៉ាល្លី (Aravalli Hills) លាតសន្ធឹងទៅភាគខាងលិច។ បន្ទាយនេះស្ថិតនៅក្នុងស្រុករ៉ាចស្មាន់ (Rajsamand) ដែលនៅជិតទីក្រុងឧទ័យពុទ្ធ (Udaipur) នៃរដ្ឋរាជាស្ថាន (Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា។
វាជាតំបន់បេតិកភណ្ឌពិភពលោក រួមបញ្ចូលទាំងបន្ទាយការពារសត្រូវឈ្មោះរាជាស្ថានផងដែរ (Hill Forts of Rajasthan) ដែលកសាងនៅអំឡុងដើមសតវត្សទី១៥ ដោយព្រះចៅរ៉ាណាគុមផា (King Rana Kumbha)។ ក្រោយដាក់កងទ័ពត្រួតត្រារហូតដល់ចុងសតវត្សទី១៩ ឥឡូវនេះបន្ទាយគុមផាលហ្កាស ត្រូវបើកឲ្យចូលទស្សនាជាសាធារណៈ ហើយជារៀងរាល់ល្ងាច វាមានពន្លឺស្រស់ស្អាតអស្ចារ្យណាស់ ប៉ុន្តែពន្លឺនោះកើតឡើងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
សាងសង់នៅលើកំពូលភ្នំមួយ ដែលមានកម្ពស់ ១,១០០ម៉ែត្រ លើជួរភ្នំអារ៉ាវ៉ាលី្ល បន្ទាយគុមផាលហ្កាស មានជញ្ជាំងព័ទ្ធជុំវិញដែលលាតសន្ធឹង ៣៦ គីឡូម៉ែត្រ។ វាជាបន្ទាយដ៏មានសារៈសំខាន់បំផុតក្នុងតំបន់មេវ៉ា (Mewar) បន្ទាប់ពីបន្ទាយឈីតតូហ្កាស (Chittorgarh)។
នៅឆ្នាំ២០១៣ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធឡើងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា, បន្ទាយគុមផាលហ្កាស ត្រូវបានប្រកាសថាជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ក្នុងចំណោមបន្ទាយ ៥ ទៀត នៃក្រុមបន្ទាយរាជាស្ថាន។
ប្រធានស្ថាបត្យករដែលកសាងបន្ទាយនេះ មានឈ្មោះថា ម៉ាន់ដាន់ (Mandan) ហើយគាត់ក៏បានបង្កើតឯកសារនៃបែបបទការងាររបស់គាត់ក្នុងសៀវភៅមួយ ដែលមានឈ្មោះថា រ៉ាចវ៉ាល់ (Rajvallbh) ហើយគាត់ថ្វាយសៀវភៅនេះទៅកាន់ស្តេចរ៉ាណាគុមផានោះផងដែរ។
* អំពីមហាកំពែងចិន (Great Wall of China)
វាគឺជាបន្ទាយសឹកការពារសត្រូវមានលក្ខណៈបណ្តាក់ៗគ្នាជាច្រើន ដែលត្រូវបានកសាងឡើងដោយបណ្តារដ្ឋបុរាណនានានៅប្រទេសចិន ដើម្បីធ្វើជាកំពែងការពារព្រំដែនភាគខាងជើង។ កំពែងមួយចំនួនត្រូវបានកសាងឡើងនៅដើមសតវត្សរ៍ទី ៣ មុនគ្រិស្តសករាជ ហើយក្រោមមក អធិរាជ ឈីង ស៉ីហ័ង (Qin Shi Huang) ដែលជារាជាធិរាជចិនដំបូងគេ បានតបន្ទាយសឹកទាំងនោះឲ្យជាប់គ្នាក្លាយជាកំពែងតែម្តង។ ក្រោយមកទៀត រាជវង្សចិនជាច្រើនតំណបានបន្តកសាង និងរក្សាទុកកំណាត់កំពែងការពារព្រំដែនដែលមានស្រាប់។ ផ្នែកដែលគេស្គាល់ច្រើនជាងគេនៃកំពែងនេះ ត្រូវបានកសាងឡើងដោយរាជវង្សម៉េង (Ming dynasty)។
ផ្នែកជាច្រើនគឺស្ថិតនៅតំបន់ភ្នំដែលដាច់ស្រយាល វាលស្មៅ និងវាលខ្សាច់ផងដែរ ដែលធ្វើឲ្យការវាស់វែងជួបប្រទះនឹងបញ្ហា ប៉ុន្តែដោយមានបច្ចេកទេសវាស់វែងសម័យទំនើប ក៏បានបង្កលក្ខណៈងាយស្រួល ហើយបន្ទាប់ពីការធ្វើជំរឿនដោយក្រុមបុរាណវត្ថុវិទូអស់រយៈពេល ៥ ឆ្នាំ ទើបប្រវែងពិតរបស់មហាកំពែង ត្រូវបានលាតត្រដាងឡើង។ មហាកំពែងចិនមានប្រវែងពិតប្រាកដដល់ទៅ ២១,១៩៦.១៨ គីឡូម៉ែត្រ ហើយនេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើល ដោយសារតែប្រវែងពិតនេះវែងលើសការសន្និដ្ឋានដំបូងដល់ទៅពីរដង។
សំណល់នៃមហាកំពែងនេះ រួមបញ្ចូលទាំងកំពែង លេណដ្ឋាន កំពូល និងបន្ទាយសឹក។ សំណល់នៃកំពែងនេះមាននៅតាមខេត្ត និងតំបន់ចំនួន ១៥ រួមមាន៖ ប៉េកាំង (Beijing) ធានជីង (Tianjin) ហឺប៉ី (Hebei) សានស៉ី (Shanxi) អ៉ីនណឺរ ម៉ុងហ្គោលី (Inner Mongolia) លាំងនីង (Liaoning) ជីលីង (Jilin) ហីឡុងជាំង (Heilongjiang) សានទុង (Shandong) ហឺណាន (Henan) សានស៉ី (Shaanxi) កាងស៊ូ (Gansu) និងឈីងហាយ (Qinghai)៕