(ឆាងអាន-ចិន)៖ ទីបញ្ចុះព្រះសពរបស់ព្រះចៅអធិរាជចិនមួយអង្គឈ្មោះថា ឈីង ស៉ីហ័ង (Qin Shihuang) ដែលជាស្តេចដ៏មានឥទ្ធិពល និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិននាសម័យរាជវង្សឈីង (Qin dynasty) នោះ បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ពេញនិយមមួយនៅទីក្រុងឆាងអាន (Chan-an) ឬបច្ចុប្បន្នហៅថា ស៉ីអាន (Xi’an) នៃខេត្តសានស៉ី (Shaanxi)។
មកដល់ពេលបច្ចុប្បន្ន តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ត្រូវបានគេដាក់ឈ្មោះថា «សារមន្ទីរទាហានចម្បាំងស្តេចឈីងស៉ី ឬ The Museum of Qin Terra-cotta Warriors and Horses»។
នៅថ្ងៃនេះ អង្គភាពព័ត៌មានយើងខ្ញុំសូមចែករំលែកចំណេះដឹងទូទៅមួយចំនួន ទាក់ទងនឹងទីបញ្ចុះព្រះសព និងអធិរាជ ឈីង ស៉ីហ័ង ដល់ប្រិយមិត្តអ្នកអានដូចតទៅ៖
* អំពីមហាចេតិយអធិរាជ៖
ផ្នូរខ្មោចស្តេចអង្គនេះ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨៧។ បើតាមការកត់ត្រារបស់ប្រវត្តិវិទូ មានការអះអាងជាច្រើនបញ្ជាក់ថា អធិរាជ ឈីង ស៉ីហ័ង បានប្រសូត្រនៅឆ្នាំ ២៥៩ មុនគ្រិស្តសករាជ និងសោយទិវង្គតនៅឆ្នាំ ២១០ មុនគ្រិស្តសករាជ។
តាមប្រពៃណីរបស់រាជវង្សឈីង ព្រះមហាក្សត្រគ្រងរាជ្យត្រូវត្រៀមចេតិយទុកជាមុន ទើបមហាចេតិយនោះត្រូវបានកសាងឡើងនៅជើងភ្នំលីសាន់ ដែលបច្ចុប្បន្នក្នុងតំបន់លីងតុង (Lintong) នៃទីក្រុងស៉ីអាន ខេត្តសានស៉ី និងចាប់ផ្តើមសាងសង់ដំបូងនៅខណៈពេលដែលអធិរាជ ឈីង ស៉ីហ័ង ទើបតែឡើងគ្រងរាជ្យក្នុងព្រះជន្ម ១៣ ព្រះវស្សា។
បើតាមសៀវភៅប្រវត្តិសាស្ត្រ មហាចេតិយនេះមានរាងបួនជ្រុងទ្រវែង ជ្រុងទាំងបួនប្រវែង ៥ លី ឬស្មើនឹង ៤១៥ ម៉ែត្រ និងកម្ពស់ ១៦៦ ម៉ែត្រ ដែលនៅផ្នែកខាងក្នុងប្រៀបដូចជាព្រះរាជវាំងក្រោមដីយ៉ាងអ៊ីចឹង។ ក្នុងរាជវាំងនោះមានរាជដំណាក់រាប់រយ រួមទាំងរូបចម្លាក់អាមាត្រ និងមន្ត្រីជាច្រើនកំពុងអង្គុយស្តាប់សវនការ។
នៅពីលើផ្ទៃចេតិយវិញ មានរូបចម្លងពីព្រៃព្រឹក្សាធម្មជាតិ មានកំពូលភ្នំដែលត្រូវបានធ្វើអំពីថ្មគជ់ មានរូបចម្លាក់សត្វកុកទេព (ក្រៀល) និងសត្វប្រវឹកធ្វើអំពីមាស និងប្រាក់។ នៅលើដំបូលចេតិយ គេរចនាជាផ្ទៃមេឃចម្លង មានទាំងព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារាដែលធ្វើឡើងអំពីកែវមណីជះពន្លឺផ្លេកៗ ព្រមទាំងមានគន្លឹះយន្តសម្រាប់ប្រហារជនណាដែលលបលួចចូលទៅដោយគ្មានការអនុញ្ញាតផងដែរ។
មហាចេតិយពោរពេញដោយរូបចម្លាក់កងទ័ព និងសេះចម្បាំង ធ្វើពីដីឥដ្ឋដែលមានទំហំប៉ុនរូបពិតៗ រៀបចំជាក្បួនទ័ពនៅហ៊ុមព័ទ្ធជុំវិញទីបញ្ចុះសព ទៅតាមបែបក្បួនយុទ្ធសាស្ត្រសង្គ្រាមដូច្នោះដែរ។ ក្រៅពីនេះ នៅមានត្បូងពេជ្រនិល កែវមណី ត្បូងមានតម្លៃ គ្រោងឆ្អឹង ពួកស្នំបម្រើ និងគ្រោងឆ្អឹងពពួកសត្វ ដែលគេយកមកបូជាទៀតផង។ ចេតិយដ៏ធំមហិមាមួយនេះ ត្រូវបានប្រើពេលយ៉ាងហោចណាស់ ៣៩ ឆ្នាំ ក្នុងការសាងសង់ និងពលីជីវិតកម្មកររហូតដល់ទៅ ៧២ ម៉ឺននាក់ឯណោះ។
រឿងឃោរឃៅដែលត្រូវបានគេកត់ត្រានោះ គឺថានៅក្នុងពិធីបញ្ចុះសពអធិរាជ ឈីង ស៉ី, ព្រះអង្គម្ចាស់ ឈីង អឺស៉ឺ (Qin Er Shi) ជារាជបុត្រទី២ បាននាំយកស្រីស្នំពីរាជវាំងក្រុងស៊ានយ៉ាង (Xianyang) ប្រមាណជាង ១ ម៉ឺននាក់យកទៅកប់ទាំងរស់ ដើម្បីឲ្យទៅតាមបម្រើអធិរាជ ឈីង ស៉ី នៅឋានបរលោក។ រីឯជាងដែលមានថ្វីដៃខាងធ្វើគន្លឹះយន្តវិញនោះ ក៏ត្រូវបានគេបញ្ឆោតយកទៅកប់ទាំងរស់ក្នុងចេតិយនេះអស់ជាង ៣,០០០ នាក់ ដើម្បីបំបាត់ភស្តុតាងផងដែរ។
ទោះបីជាកសាងឡើងនៅចុងសតវត្សរ៍ទី៣ មុនគ្រិស្តរាជក៏ដោយ ក៏រូបចម្លាក់ទាំងនេះ ទើបតែត្រូវបានរកឃើញនៅឆ្នាំ១៩៧៤ ប៉ុណ្ណោះ។ កាលពីឆ្នាំ១៩៧៤ កសិករនៅក្នុងតំបន់លីងតុង បានជីកអណ្តូងទឹកនៅទីនោះ ក៏ប្រទះឃើញរូបចម្លាក់ទាំងនេះតែម្តង។
* អំពីអធិរាជ ឈីង ស៉ីហ័ង
ព្រះចៅអធិរាជ ឈីង ស៉ី (Qin Shi Huang) គឺជាស្តេចដ៏ល្បីល្បាញបំផុតមួយអង្គក្នុងប្រវត្តិសាស្ត្រចិន ព្រោះនៅជំនាន់ទ្រង់ ព្រះអង្គគឺជាមនុស្សតែម្នាក់គត់ដែលបានបង្រួបបង្រួមអាណាចក្រតូចធំទាំងឡាយ ឬភាសាបច្ចេកទេសថា ឯកភាពវូបនីយកម្ម (Unify) ឲ្យរួមបញ្ចូលគ្នាក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ស្តេច ឈីង ស៉ី បានប្រើប្រាស់មធ្យោបាយយ៉ាងឃោរឃៅជាងក្សត្រអង្គដទៃទៀត ដែលមិនធ្លាប់មានកន្លងមកក្នុងប្រវត្តិសាស្ត្រចិន។
មានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានវិនិច្ឆ័យថា «ឈីង ស៉ី គឺជាព្រះរាជាផ្តាច់ការមួយអង្គ ដែលឈ្លក់វង្វេងនឹងអំណាច គំរាមកំហែងប្រជារាស្ត្រ ដើម្បីសាងអំណាចខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ទង្វើរបស់ព្រះអង្គក៏បានបណ្តុះមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសចិនឲ្យគង់វង្សជាដរាបរៀងមក រហូតត្រូវបានគេកោតសរសើរថា ទ្រង់គឺជាមហាក្សត្រចិន ដែលបានបង្រួបបង្រួមផែនដីចិនឲ្យក្លាយមកជាផែនដីរួមតែមួយ និងជាអ្នកបង្កើតទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏មានតម្លៃសម្រាប់ប្រទេសចិនរហូតមកដល់បច្ចុប្បន្ន»។
* អំពីការចូលទិវង្គតអធិរាជ
ដោយសារតែចង់សោយសុខតាមបែបជាអធិរាជជានិរន្តរ៍នោះ ស្តេច ឈីង ស៉ី បានបញ្ជាឲ្យអ្នកប្រាជ្ញទាំងឡាយស្វែងរកថ្នាំជីវិតអមតៈ ប៉ុន្តែដូចមនុស្សយើងដឹងស្រាប់ហើយថា មនុស្សលោកយើងគ្មាននរណាម្នាក់អាចមានជីវិតអមតៈបានឡើយ សមដូចពាក្យអ្នកប្រាជ្ញមួយឃ្លាលើកឡើងថា «មានតែភាពប្រែប្រួលទេ ដែលមិនចេះប្រែប្រួល»។ នៅចុងរជ្ជកាលរបស់ស្តេច ឈីង ស៉ី ព្រះអង្គបានទៅប្រពាតព្រៃនៅតំបន់មួយ ដែលកាលនោះមានឈ្មោះថា យុនម៉ង់ ដើម្បីបួងសួងដល់វិញ្ញាណក្ខន្ធបុព្វក្សត្រនៃរាជវង្សផ្សេងៗ។
ដោយសារតែទ្រង់បំពេញរាជកិច្ចតែអង្គឯងរៀងរហូតមកទាំងយប់ទាំងថ្ងៃ ទើបធ្វើឲ្យព្រះកាយពលខ្សោយទៅៗជាលំដាប់ និងធ្លាក់ព្រះកាយប្រឈួនជាទម្ងន់ ក្នុងពេលដែលព្រះមានជន្មាយុ ៤៩ ព្រះវស្សា។ ព្រះអង្គរំពឹងតែមួយគត់ គឺថ្នាំជីវិតអតមៈ ដើម្បីអាចបន្តជីវិតគ្រប់គ្រងអំណាចតទៅទៀត ប៉ុន្តែគ្មាននរណាអាចផ្សំឱសថនេះបានឡើយ ហើយឱសថផ្សេងៗក៏មិនអាចជួយឲ្យទ្រង់ឱ្យមានអាការៈធូរស្បើយបានដែរ។ ទីបំផុត អធិរាជដ៏មានឥទ្ធិពលរូបនេះក៏បានសោយទិវង្គតនៅតាមផ្លូវ ក្នុងពេលក្បូនព្រះរាជាត្រលប់ពីតំបន់យុនម៉ង់មកក្រុងស៊ានយ៉ាងវិញ។
ពួកមន្ត្រីហែហមអធិរាជ ឈីង ស៉ី បានព្យាយាមលាក់បាំងរឿងដែលព្រះអង្គសោយទិវង្គតតាមផ្លូវនេះ ដោយធ្វើដូចមិនមានរឿងអ្វីកើតឡើងយ៉ាងអ៊ីចឹង។ នៅសម័យនោះ ក៏គ្មានឡើយនូវថ្នាំរក្សាសាកសពកុំឲ្យហើមស្អុយ ហេតុដូច្នេះហើយពួកមន្ត្រីបានយកត្រីស្អុយៗជាច្រើនដាក់លើដំបូលរទេះទាំងអស់ ដើម្បីបន្លំភ្នែកប្រជានុរាស្ត្រ និងមហាជន។ ពួកមន្ត្រីធ្វើបែបនេះរហូតទាល់តែធ្វើដំណើរដល់ក្នុងព្រះរាជរាំង ទើបប្រកាសផ្សព្វផ្សាយថា ព្រះចៅអធិរាជ ឈីង ស៉ី បានសោយទិវង្គតហើយ។ បន្ទាប់មក ក៏មានការរៀបចំពិធីបុណ្យបញ្ចុះព្រះសពតាមប្រពៃណីរាជវង្ស និងយកព្រះសពទ្រង់ទៅបញ្ចុះនៅក្នុងមហាចេតិយដូចរៀបរាប់ខាងលើនោះឯង៕