(ពិភពលោក)៖ ការទទួលបានសិទ្ធិចូលរួមបោះឆ្នោត ដែលយើងមានដូចសព្វថ្ងៃនេះ អាចរឿងសាមញ្ញៗសម្រាប់ប្រជាជនមួយចំនួន ប៉ុន្តែបើក្រឡេកមើលប្រវត្តិសាស្រ្តវិញនោះ ការទទួលបានសិទ្ធិចូលរួមបោះឆ្នោតនេះ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនទូទៅ ពិសេសគឺសម្រាប់ស្រ្តីភេទតែម្តង។ តើអ្នកដឹងទេថា ប្រទេសណាដែលផ្ដល់សិទ្ធិឱ្យស្ត្រីចូលរួមបោះឆ្នោតមុនគេបង្អស់ និងក្រោយគេបង្អស់ បើគិតរហូតមកដល់បច្ចុប្បន្ន?
ប្រទេសនូវែលសេឡង់ ត្រូវបានចាត់ទុកថាជាប្រទេសដំបូងគេបង្អស់ ដែលបានផ្តល់សិទ្ធិឱ្យស្រ្តីចូលរួមបោះឆ្នោត គឺនៅឆ្នាំ១៨៩៣។ បន្ទាប់មក ការផ្តល់សិទ្ធិនេះក៏បានកើតមានឡើងនៅក្នុងប្រទេសអូស្រ្តាលី។ រដ្ឋមួយចំនួនរបស់អូស្រ្តាលី ដូចជា រដ្ឋអូស្រ្តាលីខាងត្បូង និងរដ្ឋអូស្រ្តាលីខាងលិច បានផ្តល់សិទ្ធិឱ្យស្រ្តីភេទចូលរួមបោះឆ្នោតនៅចន្លោះឆ្នាំ១៨៩៤-១៨៩៩ ហើយទីបំផុតស្រ្តីស្បែកសទាំងអស់ (អ្នកចំណូលថ្មីមកពីអឺរ៉ុប) ក៏ទទួលបានសិទ្ធិនេះនៅទូទាំងប្រទេសអូស្រ្តាលី ចាប់ពីឆ្នាំ១៩០២ មក។ ក៏ប៉ុន្តែជនជាតិដើមម្ចាស់ស្រុកនៅប្រទេសដ៏ធំមួយនេះ មិនទាន់ទទួលបានសិទ្ធិបោះឆ្នោតនៅឡើយទេ រហូតទាល់តែដល់ឆ្នាំ១៩៦២ ទើបពួកគេទទួលបានសិទ្ធិចូលរួមបោះឆ្នោតដូចជនជាតិអ្នកចំណូលថ្មី។
សម្រាប់នៅទ្វីបអឺរ៉ុបវិញ គឺបណ្ដាប្រទេសអឺរ៉ុបខាងជើងជាអ្នកនាំមុខគេក្នុងការផ្តល់សិទ្ធិឱ្យស្រ្តីចូលរួមបោះឆ្នោតបាន ក្នុងនោះមានប្រទេសហ្វាំងឡង់ បានផ្ដល់សិទ្ធិឱ្យស្ត្រីចូលរួមបោះឆ្នោតដំបូងនៅឆ្នាំ១៩០៦ ហើយក្រោយមក មានប្រទេសន័រវែស ដាណឺម៉ាក អ៉ីស្លង់ និងស៊ុយអែត ដែលបានអនុវត្តនៅចន្លោះឆ្នាំ១៩១៣-១៩២១។ នៅប្រទេសអាហ្សែបៃហ្សង់ បានផ្តល់សិទ្ធិឱ្យស្រ្តីចូលរួមបោះឆ្នោតក្នុងឆ្នាំ១៩១៨។
បន្ទាប់ពីបណ្ដាប្រទេសនៅអឺរ៉ុបខាងជើងខាងលើនោះ បណ្ដាប្រទេសអឺរ៉ុបដទៃទៀតក៏បានផ្តោតសំខាន់ទៅលើរឿងនេះដែរ ដោយនៅក្រោយសម័យសង្រ្គាមលោកលើកទីមួយ ប្រទេសអូទ្រីស អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ និងរុស្ស៉ី បានផ្តល់សិទ្ធិបោះឆ្នោតឱ្យស្រ្តីចូលរួមបោះឆ្នោតនៅឆ្នាំ១៩១៨ ប្រទេសនែតដឺលែន (ហូឡង់) បានអនុវត្តនៅឆ្នាំ១៩៨១ ខណៈប្រទេសអេស៉្បាញបានអនុវត្តដូចគ្នានៅឆ្នាំ១៩៣១។
យ៉ាងណាមិញ ស្រ្តីនៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបមិនទាន់ទទួលបានសិទ្ធិបោះឆ្នោតឡើយ រហូតទាល់តែនៅអំឡុង ឬក្រោយចប់សង្រ្គាមលោកលើកទីពីរ ទើបស្ត្រីទាំងនោះទទួលបានសិទ្ធិចូលរួមបោះឆ្នោតដូចគេ។ នៅឆ្នាំ១៩៤៤ ស្រ្តីនៅបារាំងទទួលបានសិទ្ធិបោះឆ្នោត ហើយនៅឆ្នាំ១៩៤៥ ស្រ្តីនៅអ៉ីតាលីទទួលបានសិទ្ធិនេះដូចគ្នា។ រហូតមកដល់ឆ្នាំ១៩៧១ និងឆ្នាំ១៩៧៦ ទើបប្រទេសស្វីស និងព័រទុយហ្កាល់ បានផ្តល់សិទ្ធិឱ្យស្រ្តីចូលរួមបោះឆ្នោត ខណៈប្រទេសលិចតិនស្តាញជាប្រទេសអឺរ៉ុបចុងក្រោយគេបង្អស់ ដែលបានធ្វើយ៉ាងដូច្នោះនៅឆ្នាំ១៩៨៤។
នៅតំបន់អាមេរិកខាងជើងវិញ ស្រ្តីកាណាដា លើកលែងតែក្រុមជនជាតិដើម គឺទទួលបានសិទ្ធិបោះឆ្នោតនៅឆ្នាំ១៩១៧។ ក្រុមជនជាតិដើមកាណាដា ទទួលបានសិទ្ធិចូលរួមបោះឆ្នោតតាមក្រោយ គឺនៅឆ្នាំ១៩៦០។ ចំណែកនៅសហរដ្ឋអាមេរិក ការផ្តល់សិទ្ធិឱ្យស្រ្តីបោះឆ្នោត ត្រូវបានធ្វើឡើងក្នុងកម្រិតមូលដ្ឋាន និងកម្រិតរដ្ឋ តាំងតែពីអំឡុងចុងសតវត្សរ៍ទី១៩ មកម្ល៉េះ ប៉ុន្តែនៅឆ្នាំ១៩២០ ទើបរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានកំណត់ជារួមថា សិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋទាំងអស់ គឺមិនអាចត្រូវបដិសេធដោយសហរដ្ឋអាមេរិកផ្ទាល់ ឬបណ្តារដ្ឋណាមួយដាច់ខាត ដោយឈរលើមូលដ្ឋានភេទ។
នៅប្រទេសដទៃទៀត ដូចជា ម៉ិចស៉ិក ប៉ាគីស្ថាន ជប៉ុន និងអាហ្សង់ទីនជាដើម បានផ្តល់សិទ្ធិចូលរួមបោះឆ្នោតឲ្យទៅស្រ្តីភេទ នៅឆ្នាំ១៩៤៧។ រីឯចិនបានផ្តល់សិទ្ធិនេះនៅឆ្នាំ១៩៤៩ ហើយឥណ្ឌានៅឆ្នាំ១៩៥០។ សម្រាប់ប្រទេសមួយចំនួនដែលទើបផ្តល់សិទ្ធិនេះចុងក្រោយគេ រួមមាន អាហ្រ្វិកខាងត្បូង គឺសម្រាប់ស្រ្តីស្បែកខ្មៅ នៅឆ្នាំ១៩៩៤, គុយវ៉ែត នៅឆ្នាំ២០០៥ និងអេមីរ៉ាត់អារ៉ាប់រួម នៅឆ្នាំ២០០៦។ ស្រ្តីនៅអារ៉ាប៊ីសាអូឌីត មិនទាន់មានសិទ្ធិចូលរួមបោះឆ្នោតឡើយ រហូតទាល់តែដល់ឆ្នាំ២០១៥ ទើបទទួលបានសិទ្ធិបោះឆ្នោតដូចគេ ពោលគឺក្រោយគេបង្អស់ គិតមកទល់ពេលបច្ចុប្បន្ន៕