(បរទេស)៖ តាំងតែពីសម័យសង្រ្គាមលោក រហូតមកទល់បច្ចុប្បន្ននេះ យន្តហោះចម្បាំងជាច្រើនប្រភេទត្រូវបានអភិវឌ្ឍ និងផលិតឡើង ហើយបច្ចេកវិទ្យារបស់ពួកវា ក៏បានវិវត្តកាន់តែទំនើបផងដែរ។ យន្តហោះចម្បាំងសម័យទំនើបសព្វថ្ងៃ ប្រើបច្ចេកវិទ្យាម៉ាស៉ីន Jet Engine ដែលជាម៉ាស៉ីនស្រូបបឺតខ្យល់ ហើយបង្កើតជាចំហេះ ដើម្បីផ្តល់ល្បឿនយ៉ាងលឿនឲ្យពួកវា។
បើយើងនិយាយពីយន្តហោះចម្បាំងសម័យទំនើប ដែលត្រូវបានផលិតក្នុងចំនួនច្រើនជាងគេបង្អស់លើលោកនោះ គឺយន្តហោះចម្បាំងល្បីមួយរបស់អតីតសហភាពសូវៀត ឈ្មោះថា MiG-21 Fishbed។ យន្តហោះចម្បាំង MiG-21 នេះ ត្រូវបានផលិតនៅចន្លោះឆ្នាំ១៩៥៩-២០០៦ ដោយមានចំនួនសរុបទាំងអស់ចន្លោះពី ១១,០០០ ទៅ ១៤,០០០ គ្រឿង។
ក្រៅពីសហភាពសូវៀត MiG-21 ក៏ត្រូវបានផលិតនៅឥណ្ឌា ចិន និងអតីតប្រទេសឆេកូស្លូវ៉ាគីដែរ។ មិនតែប៉ុណ្ណោះ យន្តហោះចម្បាំងនេះ ធ្លាប់ត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសរបស់ប្រទេសយ៉ាងតិច ៥០ ដែរ ហើយក៏មានប្រទេសជាច្រើនទៀត ដែលនៅតែបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ MiG-21 នេះ។
គួរបញ្ជាក់ថា ខណៈយន្តហោះចម្បាំងសូវៀត MiG-21 ជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក ខណៈយន្តហោះចម្បាំងអាមេរិក ឈ្មោះថា F-4 Phantom II ឈរនៅតំណែងកំពូលក្នុងចំណោមយន្តហោះចម្បាំងរបស់ក្រុមប្រទេសលោកខាងលិច។
សូមជម្រាបថា យន្តហោះចម្បាំង F-4 របស់អាមេរិក ត្រូវបានផលិតឡើងនៅចន្លោះឆ្នាំ១៩៤៨-១៩៨១ ដោយមានចំនួនសរុបជិត ៥,២០០ គ្រឿង ក្នុងនោះជាង ១០០ គ្រឿង ត្រូវបានផលិតដោយក្រុមហ៊ុនជប៉ុន Mitsubishi។ យន្តហោះចម្បាំងអាមេរិកនេះ ត្រូវគេស្គាល់ច្រើនអំលុងសម័យសង្រ្គាមវៀតណាម ហើយសព្វថ្ងៃវានៅបន្តបម្រើការក្នុងប្រទេសមួយចំនួន ដូចជា អ៉ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូង ក្រិក និងតួកគីជាដើម៕