(សិង្ហបុរី)៖ ដូចដែលយើងដឹងស្រាប់ហើយថា សហរដ្ឋអាមេរិក និងទីភ្នាក់ងារចារកិច្ចស៉ីអាយអេ (CIA) តែងតែព្យាយាមបិទបាំងទង្វើរបស់ខ្លួនជាដាច់ខាត ដើម្បីគេចចេញពីភាពអាម៉ាសអស់កេរ្តិ៍នៅចំពោះមុខសហគមន៍អន្តរជាតិ ប៉ុន្តែការសម្ងាត់មួយចំនួនក៏នៅតែបែកធ្លាយទាល់តែបាន តួយ៉ាងដូចជាករណីបែកធ្លាយរឿងសម្ងាត់នៅប្រទេសសិង្ហបុរីជាដើម។
ដូច្នេះដើម្បីដឹងឱ្យបានច្បាស់ថា CIA អស់កេរ្តិ៍កណ្ដាលខ្មាសដោយសារសិង្ហបុរីយ៉ាងដូចម្ដេចខ្លះនោះ សូមស្វែងយល់តាមរយៈអត្ថបទដែលសរសេររៀបរាប់នៅក្នុងសៀវភៅ «អាស៉ីអាគ្នេយ៍២០ឆ្នាំក្នុងសង្គ្រាម CIA» យ៉ាងលម្អិតដូច្នេះថា៖
អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ (Lee Kuan Yew) ធ្លាប់បាននិយាយដោយផ្ទាល់ថា ទីភ្នាក់ងារចារកម្មស៊ីអាយអេ បានប៉ុនប៉ងប្រមែប្រមូលព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលសិង្ហបុរី តាមរយៈការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីសូកប៉ាន់មន្ត្រីសិង្ហបុរី។ លោក លី ក្វាន់យូ បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍នេះបានកើតឡើងនៅចន្លោះឆ្នាំ១៩៦០-១៩៦១ ពោលគឺក្នុងពេលដែលលោកកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី។
ស៉ីអាយអេបានទាក់ទងមន្ត្រីម្នាក់របស់ទីភ្នាក់ងារចារកិច្ចសិង្ហបុរី ដោយបានសន្យាផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែដ៏ច្រើនជាទីគាប់ចិត្ត ព្រមទាំងធានាថា ប្រសិនបើត្រូវគេរកឃើញ ឬមានបញ្ហាដោយប្រការណាមួយនោះ ទីភ្នាក់ងារស៉ីអាយអេនឹងធ្វើសព្វគ្រប់បែបយ៉ាង ដើម្បីជួយដល់មន្ត្រីសិង្ហបុរីរូបនេះ និងគ្រួសារបញ្ជូនចាកចេញពីសិង្ហបុរី ទៅរស់នៅសហរដ្ឋអាមេរិក ព្រមទាំងធានាអនាគតដ៏ភ្លឺស្វាងនៅទីនោះថែមទៀតផង។
នៅចំពោះមុខលាភសក្ការៈដ៏ច្រើនសម្បើមនេះ មន្ត្រីចារកម្មសិង្ហបុរីហាក់មានការស្ទាក់ស្ទើរមិនដាច់ស្រេច និងចំណាយពេលបីថ្ងៃដើម្បីសម្រេចចិត្ត។ នៅទីបំផុត មន្ត្រីរូបនេះបានសម្រេចចិត្តមិនសហការជាមួយស៊ីអាយអេឡើយ ហើយថែមទាំងបានរាយការណ៍ជូនលោក រីឆាត កូរីដុន ដែលជាថ្នាក់លើរបស់ខ្លួន អំពីការប៉ុនប៉ងទិញព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលសិង្ហបុរីផងដែរ។
ក្រោយទទួលបានរបាយការណ៍នេះហើយ លោក រីឆាត កូរីដុន បានជម្រាបជាបន្ទាន់ទៅកាន់នាយករដ្ឋមន្ត្រី លី ក្វាន់យូ ដើម្បីឱ្យបានដឹងអំពីករណីនេះ និងស្នើសុំយោបល់ដើម្បីចាត់ការបន្ត។ នាយករដ្ឋមន្ត្រី លី ក៏បានផ្តល់យោបល់ឱ្យរៀបចំអន្ទាក់ ដើម្បីចាប់ខ្លួនមន្ត្រីចារកម្មស៊ីអាយអេនៅនឹងកន្លែងធ្វើប្រតិបត្តិការតែម្ដង ខណៈផែនការនេះបានរៀបចំយ៉ាងលម្អិត និងដោយសម្ងាត់បំផុត។
ថ្ងៃជួបគ្នារវាងមន្ត្រីចារកិច្ចសិង្ហបុរីជាមួយមន្ត្រីស៊ីអាយអេសាជាថ្មី ក៏បានមកដល់ ពួកគេបានជួបគ្នានៅក្នុងបន្ទប់អាផាត់មិន (Apartment) មួយកន្លែងស្ថិតនៅលើវិថីអក់រេងហ្គ្រូវ (Orange Grove Rd) នៃទីក្រុងសិង្ហបុរី។ ខណៈដែលបុរសជនជាតិអាមេរិក កំពុងរៀបចំម៉ាស៊ីនធ្វើតេស្តភាពស្មោះត្រង់លើមន្ត្រីចារកម្មសិង្ហបុរីនោះ កងកម្លាំងរបស់សិង្ហបុរីក៏បានចូលចាប់ខ្លួនពួកគេតែម្ដង។ នៅក្នុងចំណោមពួកគេនោះ មានម្នាក់គឺជាមន្ត្រីស្ថានកុងស៊ុលអាមេរិក ប្រចាំនៅសិង្ហបុរី ដែលមានអភ័យឯកសិទ្ធិការទូត ក៏រួចផុតពីការចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ។ ដោយឡែក អ្នកសមគំនិតពីរនាក់ផ្សេងទៀត ម្នាក់គឺជាមន្ត្រីចារកម្មស៊ីអាយអេប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ និងម្នាក់ទៀតបម្រើការសម្ងាត់នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។ ជាមួយនឹងភស្តុតាង គ្រប់គ្រាន់បែបនេះវាសនារបស់ភ្នាក់ងារស៊ីអាយអេទាំងពីរនាក់ ប្រឈមនឹងការជាប់ពន្ធនាគារនៅក្នុងប្រទេសសិង្ហបុរីចំនួន១២ឆ្នាំ។
ជាថ្នូរនឹងការបំបិទរឿងអាស្រូវរបស់ភ្នាក់ងារស៊ីអាយអេនេះ លី ក្វាន់យូ បានទាមទារទឹកប្រាក់ចំនួន ១០០លានដុល្លារពីអាមេរិក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឆ្លើយតបទៅនឹងសំណើនេះ អាមេរិកបានសុខចិត្តផ្តល់ទឹកប្រាក់ត្រឹមតែចំនួន១០លានដុល្លារប៉ុណ្ណោះ ដែលប្រាក់ទាំងនេះមិនមែនផ្ដល់ឱ្យរដ្ឋាភិបាលសិង្ហបុរីនោះឡើយ ប៉ុន្តែសហរដ្ឋអាមេរិកបានស្នើថា ប្រាក់នេះសម្រាប់ឧបត្ថម្ភដល់គណបក្សរបស់ លី ក្វាន់យូ វិញ។ នាយករដ្ឋមន្ត្រី លី ចាត់ទុកការផ្តល់នេះថាជាការប្រមាថ មិនគួរឱ្យជឿពីសំណាក់អាមេរិក។ ឆ្លើយតបទៅនឹងការប្រមាថរបស់អាមេរិក រដ្ឋាភិបាលសិង្ហបុរីបានផ្សព្វផ្សាយរឿងអាម៉ាស់ នៃការចាប់ខ្លួនភ្នាក់ងារចារកម្មស៊ីអាយអេជាសាធារណៈ។
ក្នុងគោលបំណងបញ្ចៀសការបាក់មុខនៅក្នុងឆាកអន្តរជាតិ ក្រសួងការបរទេសអាមេរិកបានច្រានចោលការផ្សាយនេះទាំងស្រុង និងចាត់ទុកសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី លី ក្វាន់យូ ថា «មិនត្រឹមត្រូវ មិនបានជួយសម្រួលស្ថានការណ៍ និងកំពុងលេងល្បែងនយោបាយរបស់ឥណ្ឌូណេស៊ី»។
ដោយកាន់តែក្ដៅចុងច្រមុះ លី ក្វាន់យូ បានបញ្ចេញលិខិតសុំទោសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ឌីន រ៉ាស់ ជាសាធារណៈដែលមានខ្លឹមសារ៖
«ឯកឧត្តម នាយករដ្ឋមន្ត្រី ជាទីគោរព! ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយបានដឹងថា មន្ត្រីរបស់អាមេរិកត្រូវអាជ្ញាធររកឃើញថា បានប្រព្រឹត្តទង្វើមិនគប្បីនៅក្នុងប្រទេសសិង្ហបុរី។ ខ្ញុំបាទចង់ជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុដ៏អកុសលដែលកើតឡើងនេះ ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ។ រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ និងពិនិត្យដាក់ពិន័យលើមន្ត្រីដែលបានប្រព្រឹត្តទង្វើខុសឆ្គងទាំងនេះ។ សូមឯកឧត្ដមមេត្តាទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ»។
ក្រោយពីបានបញ្ចេញលិខិតជាសាធារណៈ លី ក្វាន់យូ បានគំរាមថានឹងទម្លាយឯកសារ រួមទាំងខ្សែអាត់សំឡេងដែលពាក់ព័ន្ធទាំងអស់ ប្រសិនបើអាមេរិកនៅតែមិនព្រមទទួលស្គាល់ការពិត។ ដោយគ្មានអ្វីតបតថ្នាក់ដឹកនាំក្រុងវ៉ាស៊ីនតោន បានជ្រើសរើសការរក្សាភាពស្ងៀមស្ងាត់ និងទំនងបានស្នើសុំការជួយសម្របសម្រួលពីប្រទេសអង់គ្លេស ដែលមានទំនាក់ទំនងល្អ និងមានឥទ្ធិពលលើសិង្ហបុរី។ រឿងរ៉ាវអំពីការទិញមន្ត្រីចារកម្មសិង្ហបុរីដោយភ្នាក់ងារស៊ីអាយអេ ដើម្បីទទួលបានព័ត៌មានសម្ងាត់រដ្ឋ ត្រូវបានបិទបញ្ចប់ដោយមានការស្នើសុំ និងសម្របសម្រួលពីរដ្ឋាភិបាលអង់គ្លេស។ ភ្នាក់ងារអាមេរិកទាំងពីរនាក់ ក៏ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលមួយខែ។
ពាក្យសម្តីដែលគេចងចាំបំផុតរបស់ លី ក្វាន់យូ គឺនៅពេលដែលោកប្រដៅរដ្ឋការអាមេរិកថា៖ «អាមេរិកគួរតែដឹងពីចរិតមនុស្សដែលពួកគេកំពុងធ្វើការជាមួយនៅសិង្ហបុរី និងមិនគួរបណ្តោយឱ្យស្អុយឈ្មោះបន្ថែមទៀតនោះទេ។ ពួកគេមិនមែនកំពុងធ្វើការជាមួយ ង៉ូ ឌិញយៀម (Ngo Dinh Diem ប្រធានាធិបតីវៀតណាមខាងត្បូង) ឬ ស៊ីងមែន រី (Syngman Rhee ប្រធានាធិបតីកូរ៉េខាងត្បូង) នោះឡើយ។ ពួកអ្នកឯងមិនអាចទិញ និងលក់ជាមួយរដ្ឋាភិបាលមួយនេះ (សំដៅលើរដ្ឋភិបាលសិង្ហបុរី) បានឡើយ»៕
ដោយសៀវភៅ «អាស៉ីអាគ្នេយ៍២០ឆ្នាំក្នុងសង្គ្រាម CIA»