(បរទេស)៖ ដើមឡើយ មនុស្សមិនបានយល់អំពីដំណើរឈាមរត់ក្នុងរាងកាយនោះទេ លុះក្រោយមកក៏មានអ្នកប្រាជ្ញជនជាតិអង់គ្លេសម្នាក់បានរកឃើញអំពីក្បូនសរីរសាស្ត្រនេះ គាត់គឺមានឈ្មោះថា វិល្លៀម ហាវវីយ៍ (William Harvey) ដែលជាសាស្ត្រាចារ្យដ៏ល្បីឈ្មោះម្នាក់នៅមហាវិទ្យាល័យពេទ្យក្រុងឡុងដ៍ នាសតវត្សរ៍ទី១៧។
លោកបានសរសេរសៀវភៅពណ៌នាអំពីចលនារបស់បេះដូង និងដំណើរឈាមរត់ ក្នុងគ្រិស្ដសករាជ ១៦២៨ ប៉ុន្តែមិនមានអ្នកណាម្នាក់យកចិត្តទុកដាក់អំពីរបកគំហើញថ្មីនេះនោះទេ លុះច្រើនឆ្នាំកន្លងផុតទៅ ទើបមានអ្នកស្រាវជ្រាវជំនាន់ក្រោយយល់ឃើញថា ការរកឃើញរបស់លោកគ្រូពេទ្យ វិល្លៀម ហារវីយ៍ គឺពិតជាមានសារសំខាន់យ៉ាងក្រៃលែងសម្រាប់ភាវរស់នៅលើពិភពលោកយើងនេះ។ ដូចគេថា «ការរកឃើញថ្មីរបស់អ្នក អាចជារឿងចម្លែកនៅថ្ងៃនេះ ប៉ុន្តែអាចក្លាយជារឿងល្អនៅថ្ងៃក្រោយ»។
វិល្លៀម ហាររីយ៍ កើតនៅគ្រិស្ដសករាជ ១៥៧៨ ស្រុកកំណើតរបស់លោកគឺនៅខេត្តហ្វូកស្តិន (Folkestone) នៃតំបន់ខេនត៍ (Kent) ជាកូនច្បងរបស់ប្រធានសភាខេត្ដហ្វូកស្តិន។ កាលបើរៀនចប់ថ្នាក់មធ្យមសិក្សាហើយ វិល្លៀម ក៏បានបន្តការសិក្សានៅមហាវិទ្យាល័យខេមប្រ៊ីដ (University of Cambridge) ហើយបានប្រឡងជាប់សញ្ញាបត្រវេជ្ជបណ្ឌិតក្នុងគ្រិស្ដសករាជ ១៥៩៧។
ក្នុងសម័យនោះ ប្រទេសអ៉ីតាលីកំពុងល្បីល្បាញរុងរឿងខាងវិទ្យាសាស្ត្រយ៉ាងខ្លាំង រហូតមានអ្នកសិក្សាពីប្រទេសផ្សេងៗបាននាំគ្នាទៅស្តាប់បាឋកថារបស់អ្នកប្រាជ្ញនានានៅប្រទេសនេះ។ ក្នុងគ្រិស្ដសករាជ ១៥៩៩ វិល្លៀម ហារវីយ៍ បានចូលរៀននៅក្នុងមហាវិទ្យាល័យផាដូ (University of Padua) ដែលជាមហាវិទ្យាល្បីល្បាញខាងផ្នែកវេជ្ជសាស្ត្រមកជាយូរហើយ។ នៅទីនោះ វិល្លៀម បានខិតខំរៀនសូត្ររហូតក្លាយជានិស្សិតឆ្នើម និងត្រូវបានគេជ្រើសរើសឱ្យធ្វើជាតំណាងអ្នកសិក្សាមកពីអង់គ្លេសក្នុងគណៈកម្មការនៃមហាវិទ្យាល័យ នៅគ្រិស្ដសករាជ ១៦០១។ តមក លោកក៏បានទទួលសញ្ញាបត្រវេជ្ជបណ្ឌិត ហើយបានធ្វើដំណើរត្រលប់ទៅប្រទេសអង់គ្លេសវិញ។
នៅពេលមកដល់ចក្រភពអង់គ្លេសវិញ វិល្លៀម បានតាំងទីលំនៅក្នុងទីក្រុងឡុង ហើយបានការប្រពន្ធ និងប្រកបអាជីវកម្មខាងវិជ្ជាពេទ្យ។ មិនយូរប៉ុន្មាន លោកបានទទួលការជ្រើសរើសឱ្យធ្វើជាសមាជិកមហាវិទ្យាល័យពេទ្យហ្លួង។ លុះដល់គ្រិស្ដសករាជ ១៦០៩ វិល្លៀម ត្រូវបានជ្រើសរើសជាពេទ្យប្រចាំមន្ទីរពេទ្យសេនបាថូឡូម្យូ (St Bartholomew) ដែលជាមន្ទីរព្យាបាលរោគសម្រាប់អ្នកក្រីក្រ ហើយក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យនេះទៀតសោត ក៏ត្រូវបានទទួលការតែងតាំងពីព្រះមហាក្សត្រផងដែរ។ វិល្លៀម បានធ្វើការនៅទីនោះអស់រយៈពេល ៣០ ឆ្នាំ។ ក្រៅពីនេះ លោកបានទទួលការតែងតាំងជាសាស្ត្រចារ្យនៅមហាវិទ្យាល័យពេទ្យហ្លួងទៀតផង។
វិល្លៀម មានកិត្តិស័ព្ទកាន់តែល្បីខ្លាំងឡើងៗ រហូតមានអ្នកជំងឺជាច្រើនមកព្យាបាលជាមួយលោក។ ក្នុងចំណោមនៃអ្នកជំងឺរបស់លោកនោះ មិនត្រឹមតែរាស្ត្រសាមញ្ញនោះទេ ក៏មានទាំងព្រះមហាក្សត្រ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃចក្រភពអង់គ្លេសទៀតផង នោះគឺសម្ដេច ហ្វ្រេនស៉ីស បេកខន់ (Sir Francis Bacon)។ ព្រះចៅជែមស៍ទី១ (King Jame I) បានប្រោសព្រះរាជទានតែងតាំង វិល្លៀម ហារវីយ៍ ជារាជពេទ្យរបស់ព្រះអង្គផ្ទាល់ និងបន្តមកដល់រជ្ជកាលព្រះចៅឆាលទី១ (King Charles I) ទៀតដែរ។
នៅក្នុងសារមន្ទីរនៃចក្រភពអង់គ្លេស គេបានរកឃើញកំណត់ត្រានិយាយអំពីបាឋកថារបស់សាស្ត្រាចារ្យ វិល្លៀម ហារវីយ៍ ដោយគាត់បានរកឃើញពីដំណើរឈាមរត់ក្នុងរាងកាយមនុស្ស និងសត្វ ហើយដើម្បីបង្ហាញឱ្យឃើញថាលោកជាអ្នករកឃើញគោលវិជ្ជានេះ វិល្លៀម បានសរសេរឈ្មោះជាអក្សរសង្ខេបថា W.H. ទុកនៅក្នុងក្រដាសកត់ត្រារបស់ខ្លួន តែលោកពុំព្រមនាំរឿងដែលលោករកឃើញនោះ ចេញផ្សាយជាសាធារណៈនោះឡើយ។ ទម្លាប់របស់លោក គឺទាល់តែបានពិសោធ និងពិនិត្យមើលឱ្យបានច្បាស់ប្រាកដក្នុងចិត្តសិន ទើបហ៊ានចេញផ្សាយ។
ក្នុងគ្រិស្ដសករាជ ១៦២៨ លោកវេជ្ជបណ្ឌិត វិល្លៀម បានប្រកាសលទ្ធផលនៃការពិសោធដំណើរការឈាមរត់ក្នុងរាងកាយ ហើយលោកបានបង្ហាញការពិសោធយ៉ាងប្រត្សក្យ ដោយមិនត្រឹមតែពិសោធន៍នៅលើរាងកាយរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងពិសោធន៍លើរាងកាយសត្វប្រមាណ ៤០ ប្រភេទ រួមទាំងសត្វត្រី សត្វដង្កូវ និងសត្វល្អិតដទៃទៀតផងដែរ។
តាមពិតទៅ មុនសម័យវិល្លៀមនោះ ក្រុមគ្រូពេទ្យក៏មានវិជ្ជាផ្នែកបេះដូងខ្លះរួចមកហើយ ដោយពួកគេដឹងថាបេះដូងចែកជា ៤ ថត និងដឹងទៀតថារាងកាយមនុស្សមានសរសៃឈាមធំ និងសរសៃឆ្មារៗ ប៉ុន្តែនៅពុំទាន់មានអ្នកណាដឹង ឬយកចិត្តទុកដាក់នឹងរឿងដំណើរឈាមរត់ក្នុងរាងកាយនៅឡើយទេ។ ដោយការស្រាវជ្រាវរបស់ វិល្លៀម ទើបក្រុមពេទ្យបានទទួលចំណេះសំខាន់ថា «បេះដូង គឺជាគ្រឿងរុញច្រានឈាម ដើម្បីទៅចិញ្ចឹមគ្រប់ទីកន្លែងនៃសារពាង្គកាយ»។ វាជួយរុញឈាមពីរាងកាយឱ្យទៅដុះសម្អាតក្នុងសួត ហើយទទួលពីសួតមកចិញ្ចឹមរាងកាយវិញទៀត ខណៈដំណើរឈាមរត់នេះមានលក្ខណៈជាវដ្ត តាមរយៈប្រដាប់របត់ឈាម។
នៅពេលដែល វិល្លៀម ប្រកាសលទ្ធផលនៃការស្រាវជ្រាវរបស់លោកនោះ មនុស្សភាគច្រើនមិនបានជឿនោះឡើយ ដោយគេយល់ថាគាត់កាន់តែបែកៗទៅហើយ រីឯអ្នកជំងឺក៏លែងឱ្យលោកព្យាបាលទៅទៀតដែរ ប៉ុន្តែលោកនៅតែទទួលបានការលើកតម្កើងពីសំណាក់ព្រះចៅឆាលទី១ ដរាបដល់បានទទួលការតែងតាំងធ្វើជានាយពេទ្យធំប្រចាំព្រះរាជដំណាក់ទៀតផង។
នៅពេលដែលសភាអង់គ្លេសមានអំណាចខ្លាំងក្លា ពួកគេបានធ្វើទុក្ខបុកម្នេញចំពោះអ្នករាជានិយមយ៉ាងខ្លាំង ក្នុងនោះ វិល្លៀម ក៏ត្រូវពួកទាហានរបស់រដ្ឋសភាបានចូលឆែកឆេរផ្ទះ ហើយដុតតម្រារបស់លោកចោលអស់ជាច្រើន។ លុះមិនអាចនឹងធ្វើការខាងពេទ្យបានទៀតដូច្នោះ នៅគ្រិស្ដសករាជ ១៦៤៦ លោកក៏លាឈប់ពីនាទីពេទ្យប្រចាំរាជដំណាក់ ប៉ុន្តែនៅថ្លែងបាឋកថាក្នុងមហាវិទ្យាល័យពេទ្យពីរឿងវិជ្ជាសរីរសាស្រ្តតទៅទៀត។ វិល្លៀម ហារវីយ៍ ក៏បានដល់នូវមរណកាលក្នុងជន្មាយុ ៨០ ឆ្នាំ នៅទីក្រុងឡុងដ៍ នាគ្រិស្ដសករាជ ១៦៤៧៕