(ពិភពលោក)៖ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេសនីមួយៗ ដែលភាសាសាមញ្ញគេហៅថា ជាមេរបស់ច្បាប់ និងបទដ្ឋានគតិយុត្តនានា។ ក្នុងន័យនេះ ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
* តើអ្នកដឹងទេ ប្រទេសណាដែលបង្កើតរដ្ឋធម្មនុញ្ញមុនគេបង្អស់?
សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបង្កើតរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៧៨៨។ រដ្ឋធម្មនុញ្ញ របស់សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយមានមាត្រា៧ បុព្វកថា១ និងមានចុះហត្ថលេខាផងដែរ។
រដ្ឋធម្មនុញ្ញនោះ ត្រូវបានយល់ព្រមដោយកិច្ចព្រមព្រៀងនៃប្រទេស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ ហើយបន្ទាប់មកត្រូវបានផ្តល់សច្ចានុម័តដោយរដ្ឋមួយចំនួន។ ការផ្តល់សច្ចានុម័ត បានចប់សព្វគ្រប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៧៨៨។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងហ្វីឡាដែលហ្វី (The Philadelphia Convention) ត្រូវបានគេស្គាល់ជាទូទៅ ក្នុងការសរសេររដ្ឋធម្មនុញ្ញអាមេរិក ហើយលោក ជែមស៍ ម៉ាឌីសុន (James Madison) អតីតប្រធានាធិបតីអាមេរិក ទី៤ គឺត្រូវបានគេស្គាល់ថាជារដ្ឋបុរស ដែលសរសេរខ្លឹមសាររដ្ឋធម្មនុញ្ញនោះច្រើនជាងគេ។ អតីតប្រធានាធិបតីរូបនេះ ថែមទាំងបានជួយសរសេររដ្ឋធម្មនុញ្ញសម្រាប់រដ្ឋ វឺជីញៀ (Virginia) ទៀតផង ដែលរដ្ឋធម្មនុញ្ញនេះ ក៏ត្រូវបានប្រើប្រាស់ជាកត្តាសំខាន់ នៃការបង្កើតរដ្ឋធម្មនុញ្ញអាមេរិកផងដែរ។
* តើកម្ពុជាបង្កើតរដ្ឋធម្មនុញ្ញនៅឆ្នាំណា?
ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ ហើយគិតត្រឹមឆ្នាំ២០២១ រដ្ឋធម្មនុញ្ញនេះ ត្រូវបានវិសោធនកម្មកែប្រែចំនួន ៨លើករួចមកហើយ។ ការផ្លាស់ប្តូរបានកើតមានឡើង នៅក្រោយពេលដែលប្រទេសកម្ពុជា បានផ្លាស់ប្តូររបបដឹកនាំ។
រដ្ឋធម្មនុញ្ញដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ជារដ្ឋធម្មនុញ្ញត្រូវបានកែប្រែលើកទី៦ ដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៦០មាត្រា៕