(ពិភពលោក)៖ កាលពីប៉ុន្មានថ្ងៃមុន Fresh News Plush បានចេញផ្សាយនូវអត្តសញ្ញាណរបស់ប្រទេសចំនួន ១០ រួចមកហើយ ខណៈនៅថ្ងៃនេះយើងខ្ញុំសូមលើកនូវអត្តសញ្ញាណរបស់ប្រទេស ១០ ទៀតមកបង្ហាញជូនទស្សនិកជន។
* អត្តសញ្ញាណរបស់ប្រទេសទាំង ១០ នោះរួមមាន៖
១៖ ប្រាសាទបាយ័ន ប្រទេសកម្ពុជា
ប្រាសាទបាយ័ន (Bayon Temple) មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីអង្គរធំ (Angkor Thom) ដែលជាអតីតរាជធានីរបស់ខ្មែរកាលពីសម័យមហានគរ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្រោមស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧ (Jayavarman VII 1181–1218) តាមទម្រង់រចនាប័ទ្មបាយ័ន។ ប្រាង្គប្រាសាទនីមួយៗមានទម្រង់ជាព្រហ្មមុខបួន ក្នុងន័យតំណាងឱ្យព្រះភក្ត្ររបស់ព្រះពោធិសត្វលោកេស្វរៈ នៃព្រះពុទ្ធសាសនាមហាយាន ដែលមើលទៅដូចទៅនឹងព្រះភក្ត្ររបស់ព្រះបាទជ័យវរ្ម័នទី៧។
កំពូលប្រាសាទនីមួយៗមានចំនួន ៤៩ និងកំពូលក្លោងទ្វារចូលចំនួន ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្ត-ក្រុងខ្មែរទាំង ៥៤ នៅសម័យនោះ។ មហាប្រាសាទទាំងមូលមានប្លង់ ៣ ជាន់ ខណៈជាន់ទី១ និងជាន់ទី២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ។ ប្រាង្គនៅកណ្តាល ១៦ ដែលស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ ក្រៅពីព្រះភក្ត្រញញឹមនៅតាមទិសធំៗទាំង ៤ ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីតៗជាច្រើនទៀត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ កិច្ចពិធីបុណ្យ ល្បែងប្រជល់សត្វ កីឡាប្រដាល់ជាដើម។ ក្រៅពីនេះ ក៏មានការរៀបរាប់ពីព្រឹត្តិការណ៍ចម្បាំងខ្មែរ-ចាម ព្យុហយាត្រា និងចម្លាក់ដ៏រស់រវើកជាច្រើនទៀត។
ក្រៅពីប្រាសាទអង្គរវត្ត (Angkor Wat) និងអត្តសញ្ញាណជាតិដទៃទៀត ភ្ញៀវទេសចរអន្តរជាតិក៏ស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈរូបភាពប្រាសាទបាយ័ននេះផងដែរ។
២៖ បដិមាអ៉ីស្ទ័រ ប្រទេសឈីលី
កោះអ៉ីស្ទ័រ (Easter) ជាកោះតូចមួយស្ថិតក្នុងលម្ហមហាសមុទ្រប៉ាស៉ីហ្វិក ក្នុងដែនអធិបតេយ្យរបស់ប្រទេសស៉ីលី ឬឈីលី (Chile)។ នៅបរិវេណមាត់ឆ្នេរស្ទើរតែជុំវិញកោះ មានចម្លាក់ថ្មបុរាណរូបក្បាលមនុស្សប្រុសៗប្រមាណ ២០០ ដុំត្រូវបានគេតម្រៀបគ្នាជាជួរៗ ក្នុងកិរិយាងើយមុខសម្លឹងមើលមេឃ ប៉ុន្តែមួយចំនួនក៏បានរលំទ្រេតខ្លះផងដែរ។ បដិមាអ៉ីស្ទ័រទាំងនេះបានក្លាយជាអត្តសញ្ញាណជាតិមួយរបស់ប្រទេសឈីលី។
កោះអ៉ីស្ទ័រនេះមានផ្ទៃក្រឡា ១៦៣ គីឡូម៉ែត្រក្រឡា និងមានចម្ងាយពីច្រាំងភាគខាងលិចប្រទេសឈីលីប្រមាណ ៣,៧០០ គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅប្រមាណជិត ២០០ នាក់តែប៉ុណ្ណោះ។
៣៖ វត្តអរុណ ប្រទេសថៃ
វត្តអរុណ មានទីតាំងស្ថិតនៅច្រាំងខាងលិចទន្លេចៅព្រះពញា (Chao Phraya river) ដែលជាអតីតរាជធានីធនបុរី (Thonburi) បច្ចុប្បន្នស្ថិតនៅក្រុងបាងកក ប្រទេសថៃ។ វត្តនេះកសាងឡើងក្នុងសម័យអយុធ្យា ដែលមានឈ្មោះដើមថា វត្តមៈកក ហើយត្រូវបានប្ដូរឈ្មោះជា វត្តអរុណរាជវររាម រាជវរមហាវិហារ (Wat Arun Ratchawararam Ratchawaramahawihan) ក្នុងរជ្ជកាលព្រះបាទចមក្លាវចៅយូហួ (រាមាទី៤)។
លក្ខណៈពិសេសក្នុងវត្តនេះ គឺជាការផ្សំផ្គុំគ្នារវវាងរចនាប័ទ្មថៃ-ចិន ខណៈព្រះឧបោសថមានក្បឿងក្បាច់ចិន ប្រាង្គប្រាសាទកសាងឡើងពីការតម្រៀបឥដ្ឋបូកស៉ីម៉ង់ដ៍ និងលាបពណ៌ចម្រុះស្រស់ឆើតឆាយ។ វត្តអរុណបានក្លាយជាអត្តសញ្ញាណជាតិមួយរបស់ប្រទេសថៃ ដែលបានធ្វើឱ្យជនបរទេសស្គាល់ក្រុងបាងកក តាមរយៈបានផ្សព្វផ្សាយអំពីរូបភាពវត្តនេះទៅកាន់ពិភពលោក។
៤៖ វិមានថាច់ម៉ាហាល់ ប្រទេសឥណ្ឌា
ថាច់ម៉ាហាល់ (Taj Mahal) មានទីតាំងស្ថិតនៅជាប់ទន្លេយ៉ាមូណា (Yamuna) ក្នុងទីក្រុងអាហ្គ្រា (Agra) នៃរដ្ឋឧត្តរប្រទេស (Uttar Pradesh) សាធារណរដ្ឋឥណ្ឌា។ ស្ថាបត្យកម្មនេះត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅគ្រិស្ដសករា ១៩៨៣ និងបានជាប់ឈ្មោះជាសំណង់អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយវត្ថុទាំង ៧ លើពិភពលោកចាប់ពីគ្រិស្ដសករាជ ២០០០-២០០៧ ផងដែរ។
៥៖ សាលមហោស្រពអ៉ុបពេរ៉ា ប្រទេសអូស្ត្រាលី
សាលមហោស្រពអ៉ុបពេរ៉ា (Opera house) ជាអគារប្រើប្រាស់សម្រាប់ការសម្តែងល្ខោង Opera ដែលជាទូទៅមានឆាក កន្លែងប្រគំភ្លេង កន្លែងអង្គុយទស្សនា និងកន្លែងក្រោយឆាកសម្រាប់ឱ្យអ្នកសម្តែងរៀបចំខ្លួន។ តាមពិតទៅ ពាក្យ Opera house នេះ ជារឿយៗត្រូវគេប្រើប្រាស់ជាពាក្យកិត្តិយសមួយ សម្រាប់មជ្ឈមណ្ឌលសម្តែងសិល្បៈទាំងឡាយណាដែលមានទំហំធំៗ។
៦៖ ពហកីឡដ្ឋានកូឡូស្យូម ប្រទេសអ៉ីតាលី
កូឡូស្យូម (Clolosseum) គឺជាពហុកីឡដ្ឋានបុរាណដ៏ធំមួយស្ថិតនៅកណ្ដាលទីវាលនៃចក្រភពរ៉ូម៉ាំង។ ពហកីឡដ្ឋាននេះត្រូវបានសាងសង់ឡើងនៅគ្រិស្ដសករាជ ៧០ និងបញ្ចប់ការសាងសង់នៅគ្រិស្ដសករាជ ៨០។ អង្គការយូណេស្កូបានបញ្ចូលពហុកីឡដ្ឋានកូឡូស្យូមក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៨០ ហើយបានក្លាយជាអត្តសញ្ញាណជាតិមួយរបស់ប្រទេសអ៉ីតាលីផងដែរ។
៧៖ អគារភ្លោះផេត្រូណះ ប្រទេសម៉ាឡេស៉ី
ផេត្រូណះ (Petronas tower) គឺជាអគារភ្លោះស្ថិតនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។ បើតាមចំណាត់ថ្នាក់ផ្លូវការនៃអង្គការសំណង់អគារខ្ពស់អន្តរជាតិ CTBUH អគារភ្លោះ Petronas បានជាប់ជាអគារខ្ពស់ជាងគេលើពិភពលោកចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤។ អគារ Petronas ជាកន្លែងសម្គាល់ដ៏សំខាន់មួយរបស់ទីក្រុងគូឡាឡាំពួរ រួមជាមួយប៉ម Kuala Lumpur Tower ហើយពួកវានៅតែបន្តជាសំណង់ខ្ពស់បំផុតនៅទីក្រុងគូឡាឡាំពួរ។
៨៖ ប៉មនាឡិកាប៊ិកប៊ែង ចក្រភពអង់គ្លេស
ប៊ិកប៊ែង (Big Bang) ជាប៉មនាឡិកាដ៏ធំមួយនៅកណ្ដាលទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ វាមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងចំណោមសំណង់ស្ថាបត្យកម្មនានានៅលើពិភពលោក និងបានក្លាយជាអត្តសញ្ញាណសម្គាល់មួយរបស់ចក្រភពអង់គ្លេស។ ឈ្មោះ Big Ben នេះ គឺសំដៅទៅលើកណ្តឹងនាឡិកាដ៏អស្ចារ្យដែលមានទម្ងន់រហូតដល់ ១៥.១ តោន។
៩៖ ច្រកទ្វារប្រេនដិនបឺហ្គ ប្រទេសអាល្លឺម៉ង់
ច្រកទ្វារប្រេនដិនបឺហ្គ (Brandenburg gate) ជាសំណង់ស្ថាបត្យកម្មមួយកសាងឡើងនៅសតវត្សរ៍ទី១៨ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដោយយកតាមទម្រង់រចនាប័ទ្មសម័យក្រិក-រ៉ូម៉ាំង។ ច្រកទ្វារដ៏ល្បីល្បាញនេះត្រូវបានសាងសង់ឡើងដោយព្រះចៅ ហ្វ្រេដឺរិក វីល្លៀមទី២ (Frederick William II) នៃអតីតព្រះរាជាណាចក្រព្រុសស៉ី។
ប្រេនដិនបឺហ្គ ស្ថិតនៅប៉ែកខាងលិចនៃតំបន់ទីប្រជុំរបស់ទីក្រុងប៊ែរឡាំង ក្នុងសង្កាត់មីតតេ (Mitte) ក្បែរចំណុចប្រសព្វរវាងមហាវិថី អាន់ថឺរ ដិន លីនដិន (Unter den Linden) និងមហាវិថី អេបឺតស្ត្រាបិ៍ (Ebertstraße) ហើយនៅជាប់ខាងលិចនៃទីលាន ប៉ារីសឺរ ផ្លាត (Pariser Platz)។ Brandenburg ជាច្រកទ្វារតំណាងមួយចូលទៅមហាវិថី Unter den Linden ដែលឆ្ពោះត្រង់ទៅកាន់ព្រះរាជវាំងនៃអតីតព្រះរាជាណាចក្រព្រុសស៉ី (Prussia)។ សព្វថ្ងៃ Brandenburg ត្រូវគេចាត់ទុកជានិម្មិតរូបនៃសាមគ្គីភាព និងសុខសន្តិភាពនៅអឺរ៉ុប និងអាល្លឺម៉ង់។
១០៖ ចេតិយនៅអនុរុទ្ធបុរៈ ប្រទេសស្រីលង្កា
អនុរុទ្ធបុរៈ ឬ អានុរ៉ាដាពូរ៉ា (Anuradhapura) ជាទីក្រុងធំហើយសំខាន់មួយនៅប្រទេសស្រីលង្កា និងជាទីក្រុងប្រចាំខេត្ត North Central ហើយក៏ជាទីក្រុងបុរាណដ៏ល្បីល្បាញមួយផងដែរ ដោយសារសំណង់ប្រាសាទផ្សេងៗដែលបន្សល់ទុកពីសម័យជនជាតិស៉ីនហាឡៈ (Sinhala) កាលពីយូរណាស់មកហើយ។ ទីក្រុងនេះធ្លាប់ជារាជធានីរបស់ស្រីលង្កាអស់រយៈពេលជាង ១,៥០០ ឆ្នាំ។
បច្ចុប្បន្ន ទីក្រុងអនុរុទ្ធបុរៈបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក និងធ្លាប់ជាមជ្ឈមណ្ឌលពុទ្ធសាសនាអស់រយៈពេលជាច្រើនសតវត្សរ៍។ ទីក្រុងអនុរុទ្ធបុរៈ ស្ថិតនៅចម្ងាយ ២០៥ គីឡូម៉ែត្រភាគខាងជើងទីក្រុងកូឡុំបូ ដែលជារដ្ឋធានីសព្វថ្ងៃរបស់ស្រីលង្កា។ វាគឺជាទីក្រុងដ៏ចំណាស់បំផុតមួយរបស់ស្រីលង្កា ដែលមានប្រជាជនរស់នៅជាប់មករហូត និងជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោកមួយក្នុងចំណោម ៨ ទីតាំងនៅក្នុងប្រទេសដីកោះមួយនេះ៕