(ភ្នំពេញ)៖ ជាទូទៅ កាលណានិយាយពីបង្អួចភាគច្រើនយើងឃើញមានរាងជ្រុង ប៉ុន្តែបើយើងមើលទៅបង្អួចយន្តហោះវិញ បែរជាមានរាងស្ទើរជ្រុងស្ទើរមូលទៅវិញ។ ការបង្កើតបង្អួចយន្តហោះឲ្យមានរាងស្ទើរជ្រុងស្ទើរមូលបែបនេះ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺវាជារឿងចម្បងមួយដែលគេត្រូវបង្កើតឡើង។ តើអ្នកដឹងទេ ហេតុអ្វីបានជាបង្អួចយន្តហោះមានរាងដូច្នេះ?
ចង់ដឹងច្បាស់ សូមទទួលជ្រាបអត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ទាំងស្រុងខាងក្រោមនេះ៖
ការច្នៃបង្អួចយន្តហោះឲ្យមានរាងស្ទើរជ្រុងស្ទើរមូល គឺជាគំនិតច្នៃប្រឌិតដ៏មានសារៈសំខាន់មួយ ដែលការពារយន្តហោះពីការបែកបាក់ អំឡុងពេលហោះហើរ។ អស់ពេលច្រើនឆ្នាំមកហើយ ដែលវិស្វកម្មអវកាស (aerospace engineering) បានបង្កើតភាពច្នៃប្រឌិតយ៉ាងធំធេង នៅក្នុងបច្ចេកវិទ្យាយន្តហោះ មានន័យថា យន្តហោះអាចផ្ទុកអ្នកដំណើរបានកាន់តែច្រើន និងការហោះហើរកាន់តែរហ័សជាងមុន។ យន្តហោះបានផ្លាស់ប្តូររូបរាងរបស់វា ហើយវាកាន់តែមានសុវត្ថិភាពជាងមុន ហើយសូម្បីតែបង្អួចក៏គេប្តូររូបរាងដែរ។
នៅពេលដែលការធ្វើដំណើរតាមផ្លូវអាកាសបែបពាណិជ្ជកម្មបានចាប់ផ្តើម នាពាក់កណ្តាលសតវត្សរ៍ទី២០ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមហោះហើរក្នុងកម្ពស់កាន់តែខ្ពស់ ដើម្បីកាត់បន្ថយការចំណាយប្រាក់ ដោយសារដង់ស៉ីតេខ្យល់ទាប ហើយកម្លាំងកកិតជាមួយបរិយាកាសខ្សោយ។ ទោះបីជាយ៉ាងនេះក្តី ការហោះហើរក្នុងល្បឿនកាន់តែខ្ពស់ ធ្វើឲ្យមានបញ្ហាច្រើនកើតឡើង ជាក់ស្តែង មនុស្សយើងមិនអាចរស់នៅក្នុងរយៈកម្ពស់ ៩,១៤៤ ម៉ែត្របានទេ។ ដើម្បីដោះស្រាយបញ្ហានេះ បន្ទប់យន្តហោះ (Cabin) ត្រូវបានផ្លាស់ប្តូរឲ្យមានរាងជាស៉ីឡាំង ដើម្បីទុកផ្គត់ផ្គង់សម្ពាធខាងក្នុង។ ប៉ុន្តែដំបូងឡើយ អ្នកបង្កើតយន្តហោះធ្វើបង្អួចរាងជាការ៉េ ដែលកាលនោះយន្តហោះជាច្រើនបានជួបនឹងមហន្តរាយ។
ក្រុមហ៊ុនអាកាសចរណ៍ដំបូងបំផុតលើលោកឈ្មោះ ដឺ អាវីឡង់ កូម៉េ (de Havilland Comet) បានចាប់ផ្តើមអាជីវកម្មនៅអំឡុងឆ្នាំ១៩៥០។ ជាមួយនឹងបន្ទប់យន្តហោះដែលមានសម្ពាធខ្លាំង វាអាចហោះហើរក្នុងកម្ពស់ខ្ពស់ ហើយលឿនទៀតផង បើប្រៀបធៀបនឹងយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំ១៩៥៣ យន្តហោះដែលមានបង្អួចរាងការ៉េខាងលើចំនួន ៣ គ្រឿងបានបាក់បែកនៅលើអាកាស ហើយបានសម្លាប់មនុស្សអស់ ៤៣ នាក់។
មូលហេតុអ្វី ដែលនាំឲ្យយន្តហោះបាក់បែកបែបនេះ? វាមកពីបង្អួច។ កន្លែងណាដែលមានជ្រុង កន្លែងនោះមានចំណុចខ្សោយ។ បង្អួចរាងការ៉េមានជ្រុងចំនួន ៤ និងមានចំណុចខ្សោយចំនួន ៤ ផងដែរ ដែលប្រការនេះធ្វើឲ្យបង្អួចនោះងាយនឹងប្រេះក្រោមបញ្ហានានា ដូចជាសម្ពាធខ្យល់ជាដើម។ ដោយសារធ្វើឲ្យបង្អួចកោង បញ្ហាដែលបណ្តាលឲ្យមានការបំបែកជ្រុងនៃបង្អួច ត្រូវបានចែកចាយទៅកាន់កន្លែងនានា ហើយលទ្ធភាពនៃការបំបែករបស់វា ត្រូវបានកាត់បន្ថយ។ រាងស្ទើរជ្រុងស្ទើរមូលក៏មានភាពមាំទាំដែរ ដែលទប់ទល់ការខូចទ្រង់ទ្រាយ ដូច្នេះវាអាចការពារយន្តហោះ ទោះក្នុងស្ថានភាពលំបាក និងសម្ពាធផ្សេងៗគ្នា ទាំងក្នុង និងក្រៅយន្តហោះ។
សំណាងល្អ អ្នករចនាបានរកឃើញការរចនាថ្មីយ៉ាងឆាប់រហ័ស។ ឥឡូវនេះ យើងមានយន្តហោះល្អ មានបង្អួចយន្តហោះដែលមានរាងស្ទើរជ្រុងស្ទើរមូល ដែលអាចទប់ទល់សម្ពាធក្នុងពេលហោះហើរបាន។ ប្រការនេះផ្តល់ឲ្យអ្នកដំណើរអាចមើលតាមបង្អួចយន្តហោះទៅកាន់ពិភពលោក ពីកម្ពស់ប្រមាណ ១០,៦៦៨ ម៉ែត្រ បានដោយក្តីរីករាយ៕