(ពិភពលោក)៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធីកូវ៉ាក់ (COVAX)។ វ៉ាក់សាំងនេះមានឈ្មោះថា អាស្ត្រាហ្សេណេកា (Astra Zeneca) ដែលត្រូវបានដឹកមកដល់កម្ពុជានាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
ដំណាក់កាលដំបូងនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក តាមរយៈកម្មវិធីកូវ៉ាក់ចំនួន ៣២៤,០០០ ដូស។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់ប្រកាសថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ តាមរយៈកម្មវិធីកូវ៉ាក់នេះរហូតដល់ទៅ ៧ លានដូសឯណោះ។
តើកម្មវិធី COVAX គឺជាអ្វី? ចង់ជ្រាបច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ដែលជាបុត្រសម្ព័ន្ធរបស់បណ្តាញព័ត៌មាន Fresh News ខាងក្រោមនេះ៖
* សេចក្តីផ្តើមទូទៅ
នៅដំណាក់កាលដំបូងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ វាបានបង្ហាញយ៉ាងច្បាស់ថា ដើម្បីបញ្ចប់វិបត្តិពិភពលោកមួយនេះ គេមិនគ្រាន់តែត្រូវការវ៉ាក់សាំងកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នានៅលើពិភពលោកទទួលបានវ៉ាក់សាំង។ បញ្ហាចម្បងនេះ បានអំពាវនាវដល់មេដឹកនាំពិភពលោកឲ្យរកដំណោះស្រាយ ដែលអាចនឹងពន្លឿនការអភិវឌ្ឍ និងផលិតវ៉ាក់សាំងកូវីដ១៩ ធានាការទទួលបានយ៉ាងឆាប់រហ័ស ដោយយុត្តិធម៌ និងស្មើភាពគ្នា សម្រាប់ប្រជាជនទាំងអស់នៅលើពិភពលោក។
សព្វថ្ងៃនេះគេមានដំណោះស្រាយដ៏ល្អមួយក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩ ដែលគេឲ្យឈ្មោះថាកម្មវិធីកូវ៉ាក់ (COVAX)។ តាមរយៈលទ្ធផលនៃកិច្ចសហការជាសកលដែលមានតែមួយ, កូវ៉ាក់មានផលប័ត្រវ៉ាក់សាំងកូវីដ១៩ ធំជាងគេបំផុត និងចម្រុះជាងគេបំផុត ហើយវាប្រៀបបាននឹងក្តីសង្ឃឹមដ៏ល្អបំផុតរបស់ពិភពលោក ក្នុងការនាំជំងឺរាតត្បាតនេះទៅកាន់ទីបញ្ចប់យ៉ាងឆាប់រហ័ស។
* តើកម្មវិធីកូវ៉ាក់គឺជាអ្វី?
កម្មវិធីកូវ៉ាក់ (COVAX) គឺជាពាក្យកាត់របស់ COVID-19 Vaccines Global Access ដែលមានអត្ថន័យជាខេមរភាសាថា ការទទួលបានជាសកលនៃវ៉ាក់សាំងកូវីដ១៩។ កម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើមជាសកល សំដៅលើការទទួលបានដោយស្មើភាពគ្នានូវវ៉ាក់សាំងកូវីដ១៩ ដែលដឹកនាំដោយសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធសម្រាប់ការច្នៃប្រឌិតត្រៀមលក្ខណៈឆ្លើយតបជំងឺរាតត្បាត (CEPI) និងស្ថាប័នអន្តរជាតិជាច្រើនទៀតផងដែរ។
កូវ៉ាក់ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភ ៣ នៃការពន្លឿនភាពទទួលបានវ៉ាក់សាំងកូវីដ១៩ ហើយជាគំនិតផ្តួចផ្តើមដែលបង្កើតឡើងនៅខែមេសា ឆ្នាំ២០២០ ដោយអង្គការសុខភាពពិភពលោក គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលបារាំង ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩។ កូវ៉ាក់ មានគោលបំណងសម្របសម្រួលធនធានអន្ដរជាតិ ដើម្បីផ្តល់លទ្ធភាពទទួលបាននូវការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមធម៌ សម្រាប់គ្រប់មនុស្សមកពីគ្រប់ជ្រុងទាំងអស់ នៃពិភពលោកនេះ ដោយមិនគិតពីអ្នកមាន ឬអ្នកក្រឡើយ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២០ មានប្រទេសចំនួន១៦៥តំណាងឲ្យប្រជាជន ៦០% នៃពិភពលោក បានចូលរួមជាមួយកម្មវិធីកូវ៉ាក់។
កូវ៉ាក់ ដើរតួជាវេទិកាដែលនឹងគាំទ្រដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងកូវីដ១៩ ពីបណ្តាប្រទេសផលិតវ៉ាក់សាំងប្រភេទនេះទាំងអស់ និងចរចាតម្លៃវ៉ាក់សាំងជាមួយបណ្តាប្រទេសទាំងនោះផងដែរ។ គ្រប់បណ្តាប្រទេសទាំងអស់ដែលចូលរួមជាមួយជាមួយកូវ៉ាក់ មិនថាប្រទេសមានចំណូលទាបទេ នឹងទទួលបានវ៉ាក់សាំងដោយស្មើភាពគ្នា រហូតដល់ពួកគេក្លាយជាប្រទេសអភិវឌ្ឍន៍។ គោលដៅនៃគំនិតផ្តួចផ្តើមកូវ៉ាក់ គឺបង្កើតឲ្យមាន២ពាន់លានដូស ត្រឹមដំណាច់ឆ្នាំ២០២១ ដែលគេគិតថាវាគួរតែគ្រប់គ្រាន់សម្រាប់ការពារអ្នកដែលមានហានិភ័យខ្ពស់ និងអ្នកដែលស្ម័គ្រចិត្តទទួលវ៉ាក់សាំង ក៏ដូចជាបុគ្គលិកថែទាំសុខភាពជួរមុខ។
កម្មវិធីកូវ៉ាក់អាចដំណើរការទៅបានដោយសារការបង់វិភាគទានជាថវិកាពីបណ្តាប្រទេសសមាជិក។ បន្ថែមលើនេះកូវ៉ាក់ក៏ទទួលបានថវិកាដោយការស្ម័គ្រចិត្ត ពីបណ្តាប្រទេសអ្នកមាន សប្បុរសជន ក្រុមហ៊ុនឯកជន និងមូលនិធិមនុស្សធម៌ផ្សេងជាច្រើនទៀត។ សម្រាប់បណ្តាប្រទេសដែលផ្តល់វិភាគទាន តែមានប្រាក់ចំណូលទាបដែលមិនមានលទ្ធភាពទិញវ៉ាក់សាំងទាំងនេះ ក៏ដូចជាប្រទេសមានប្រាក់ចំណូលខ្ពស់ដែលមានហិរញ្ញវត្ថុប្រើប្រាស់ដោយខ្លួនឯង តែមិនមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយអ្នកផលិតនោះ កូវ៉ាក់ជាមធ្យោបាយតែមួយគត់ក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩ ដល់ពួកគេ។ សម្រាប់បណ្តាប្រទេសអ្នកមានដែលមានប្រាក់ចំណូលខ្ពស់បំផុត ដែលអាចចរចាទិញវ៉ាក់សាំងពីអ្នកផលិតវ៉ាក់សាំង កូវ៉ាក់ក៏នៅតែនឹងដើរតួជាគោលនយោបាយការពារដល់ប្រជាជនពួកគេដោយផ្ទាល់ និងដោយប្រយោលផងដែរ។
* ហេតុអ្វីបានជាយើងត្រូវការកូវ៉ាក់?
កូវ៉ាក់ មានសារៈសំខាន់បំផុត ពីព្រោះថាបើគ្មានកូវ៉ាក់ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាទិភាពរបស់ប្រជាជនលើពិភពលោកមិនអាចការពារបាន ហើយប្រការនេះអាចនឹងធ្វើឲ្យមេរោគ និងផលប៉ះពាល់របស់វានៅបន្តដែលមិនអាចកម្ចាត់បាន។ កូវ៉ាក់ត្រូវបានបង្កើតឡើងដើម្បីពង្រីកនូវឱកាសឲ្យបានជាអតិបរិមា នៃការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ និងផលិតឲ្យបានជោគជ័យក្នុងបរិមាណដែលត្រូវការ ដើម្បីបញ្ចប់វិបត្តិនេះ ហើយការធ្វើដូច្នេះធានាថា សមត្ថភាពក្នុងការទិញវ៉ាក់សាំងមិនក្លាយជាឧបសគ្គទៀតឡើយ។
ដើម្បីសម្រេចការងារនេះ ដំបូងគេត្រូវការវ៉ាក់សាំងកូវីដ១៩ ដែលមានទាំងប្រសិទ្ធភាព និងសុវត្ថិភាព។ បច្ចុប្បន្ននេះមានអ្នកកំពុងអភិវឌ្ឍន៍ និងត្រៀមផលិតវ៉ាក់សាំងដល់ទៅ ១៧០បេក្ខភាព ប៉ុន្តែភាគច្រើននៃការខិតខំប្រឹងប្រែងផលិតនេះ ហាក់បីដូចជាបរាជ័យហើយ។ ផ្អែកលើការអភិវឌ្ឍវ៉ាក់សាំងពីមុនៗ អ្នកដែលស្ថិតក្នុងដំណាក់កាលសាកល្បងដំបូង មានឱកាសទទួលបានជោគជ័យ ៧ភាគរយ ខណៈអ្នកដែលមានឱកាសយកវាទៅពិសោធន៍ដំណាក់កាលបន្ទាប់ (Clinical Trial) មានប្រហែល ២០ភាគរយប៉ុណ្ណោះ។ ដើម្បីបង្កើនឱកាសនៃភាពជោគជ័យលើការផលិតវ៉ាក់សាំង កូវ៉ាក់បានបង្កើតឲ្យមានផលប័ត្រវ៉ាក់សាំងកូវីដ១៩ ធំជាងគេបំផុត និងចម្រុះជាងគេបំផុត មានន័យថា អ្នកផលិតដែលឆ្លងកាត់កូវ៉ាក់ គឺសុទ្ធតែមានគោលដៅធ្វើឲ្យទទួលបានប្រសិទ្ធភាពពិតៗ។
សូមជម្រាបថា នៅពេលគេសិក្សាពីអត្ថន័យនៃពាក្យ «COVAX» គេឃើញមានពាក្យសំខាន់ ២ទៀត ដែលត្រូវប្រើប្រាស់ជាញឹកញាប់ រួមមាន «COVAX Facility» និង «COVAX AMC» ។ តើពាក្យគន្លឹះទាំងពីរនេះ មានអត្ថន័យយ៉ាងដូចម្តេច?
១៖ អំពីអត្ថន័យពាក្យ «COVAX Facility»
COVAX Facility មានន័យជារួមថា យន្តការកូវ៉ាក់។ តួនាទីសំខាន់របស់យន្តការកូវ៉ាក់ គឺបង្កើនឱកាសរបស់ប្រជាជននៅក្នុងប្រទេសដែលជាសមាជិកចូលរួមជាមួយ ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ យ៉ាងឆាប់រហ័ស យុត្តិធម៌ និងសុវត្ថិភាព តាមដែលអាចធ្វើទៅបាន។ យន្តការនេះ នៅបន្តត្រួតពិនិត្យទិដ្ឋភាពវ៉ាក់សាំងកូវីដ១៩ ដើម្បីកំណត់បេក្ខភាពផលិតវ៉ាក់សាំងដែលមានប្រសិទ្ធភាពបំផុត ដោយផ្អែកលើវិទ្យាសាស្ត្រ និងធ្វើការជាមួយអ្នកផលិត ដើម្បីលើកទឹកចិត្តពួកគេឱ្យពង្រីកសមត្ថភាពផលិតកម្ម។
ជាធម្មតា ក្រុមហ៊ុនផលិតវ៉ាក់សាំងតែងរុញរា ដោយមិនហ៊ានប្រថុយធ្វើការវិនិយោគក្នុងទំហំធំៗ ដែលចាំបាច់សម្រាប់ការសាងសង់ ឬក៏ពង្រីករោងចក្រផលិតវ៉ាក់សាំងនោះទេ រហូតទាល់តែពួកគេទទួលបានការទទួលស្គាល់សម្រាប់វ៉ាក់សាំងខ្លួនជាមុនសិន។ ក៏ប៉ុន្តែនៅក្រោមបរិបទនៃវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងបង្កការខាតបង់ ដល់សេដ្ឋកិច្ចសកលលោក ដល់ទៅ ៣៧៥ ពាន់លានដុល្លារជារៀងរាល់ខែ បញ្ហានេះនឹងនាំឲ្យមានការខ្វះខាតវ៉ាក់សាំងនៅដំណាក់កាលដំបូងពេលដែលវ៉ាក់សាំង ត្រូវបានទទួលស្គាល់ឲ្យប្រើប្រាស់។
ដើម្បីចៀសវាងបញ្ហាខាងលើ កូវ៉ា់ក់កំពុងសហការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ដើម្បីផ្តល់ការវិនិយោគក៏ដូចជាការគាំទ្រផ្សេងៗ ដើម្បីធានាថាពួកគេត្រៀមលក្ខណៈរួចរាល់ ដើម្បីផលិតចំនួនវ៉ាក់សាំងដែលត្រូវការបានយ៉ាងឆាប់រហ័ស ពេលដែលវ៉ាក់សាំងទទួលបានការអនុញ្ញាត។ កូវ៉ាក់ក៏កំពុងប្រើអំណាចនៃការទិញជារួមផងដែរ ដែលបានមកដោយសារមានប្រទេសជាច្រើនចូលរួម ដើម្បីចរចាតម្លៃក្នុងកម្រិតប្រកួតប្រជែងបំផុតជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង។
គួរកត់សម្គាល់ដែរថា ការបង់វិភាគទានពីបណ្តាប្រទេសសមាជិក ក៏ដូចជាការឧបត្ថម្ភធនធានដោយស្ម័គ្រចិត្តទៅឲ្យកម្មវិធីកូវ៉ាក់ COVAX គឺគេសម្តៅដល់ការបង់វិភាគទានទៅឲ្យយន្តការកូវ៉ាក់នេះឯង (COVAX Facility)។ បើនិយាយម្យ៉ាងទៀតឲ្យងាយយល់កូវ៉ាក់ (COVAX) គ្រាន់តែជាឈ្មោះកម្មវិធីសម្របសម្រួលវ៉ាក់សាំង រីឯការរៀបចំ និងការប្រព្រឹត្តទៅរបស់កម្មវិធីនេះ គឺធ្វើឡើងតាមរយៈយន្តការកូវ៉ាក់ (COVAX Facility)។
២៖ អំពីអត្ថន័យពាក្យ «COVAX AMC»
ការរៀបចំ និងការប្រព្រឹត្តទៅរបស់កម្មវិធីកូវ៉ាក់ផ្សេងមួយទៀតឲ្យមានភាពកាន់តែងាយស្រួល គេដាក់ឈ្មោះថា កូវ៉ាក់ អាអឹមសេ (COVAX AMC ឬ COVAX Vaccines Advance Market Commitment)។ ការផ្តោតសំខាន់នៃចំណុចនេះ ដើម្បីធានាថាប្រទេសទាំង៩២ ដែលស្ថិតក្នុងប្រទេសមានប្រាក់ចំណូលកម្រិតទាប និងមានប្រាក់ចំណូលកម្រិតមធ្យមដែលមិនអាចទិញវ៉ាក់សាំងកូវីដ១៩ បានទាំងស្រុង មានភាពស្មើគ្នាដើម្បីទិញវ៉ាក់សាំងប្រភេទនេះ ដូចបណ្តាប្រទេសមានចំណូលកម្រិតខ្ពស់ ដែលមានហិរញ្ញវត្ថុប្រើប្រាស់ដោយខ្លួនឯងដែរ។
មូលនិធិសម្រាប់ COVAX AMC គឺដាច់ដោយឡែកទាំងស្រុងពីយន្តការកូវ៉ាក់ (COVAX Facility) ដែលមានន័យថា វានៅក្នុងវិធីដែលមិនមានការឧបត្ថម្ភធនធានដោយប្រទេសសមាជិក ដែលមានហិរញ្ញវត្ថុប្រើប្រាស់ដោយខ្លួនឯង ប៉ុន្តែវានឹងត្រូវផ្តល់ថវិកាតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក៏ដូចជាការផ្តល់ថវិកាពីបណ្តាក្រុមហ៊ុនឯកជន និងមូលនិធិសប្បុរសធម៌ផងដែរ។
COVAX AMC ធ្លាប់បានឲ្យដឹងថា ខ្លួនទទួលបានថវិកាប្រមាណ ៧០០ លានដុល្លាអាមេរិក ខណៈគោលដៅចង់បាន គឺមានចំនួនដល់ទៅ ២ ពាន់លានដុល្លារអាមេរិក មុនដំណាច់ឆ្នាំ២០២០។ សូមជម្រាបថា COVAX AMC ក៏ជាអ្នកផ្តល់មូលនិធិដល់យន្តការកូវ៉ាក់ដែរ (COVAX Facility) ក្នុងនាមជាវេទិកាលទ្ធកម្មវ៉ាក់សាំង។
ដោយសារតែប្រកាន់ពាក្យថា គ្មាននរណាម្នាក់មានសុវត្ថិភាព ទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព COVAX AMC គឺជាផ្លូវតែមួយគត់ដែលធ្វើឲ្យគ្រប់បណ្តាប្រទេសទាំងអស់ទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយស្មើភាពគ្នា និងដោយយុត្តិធម៌។
* ប្រទេស សប្បុរសជន និងមូលនិធិដែលផ្តល់វិភាគទានដល់កូវ៉ាក់
កូវ៉ាក់ មានគោលការណ៍ទទួលវិភាគទានពីប្រទេសលោកខាងលិច ដែលសុទ្ធសឹងជាប្រទេសអ្នកមាន។ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ យ៉ាងហោចណាស់មានប្រទេសចំនួន៣០ ក៏ដូចជាសហគមន៍អឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តេជ្ញាចិត្តផ្ដល់វិភាគទានទៅឲ្យយន្តការកូវ៉ាក់ (COVAX Facility)។
ប្រទេសសប្បុរសជន និងមូលនិធិដែលផ្តល់វិភាគទានដល់កូវ៉ាក់ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ រួមមាន៖
សហរដ្ឋអាមេរិក ២,៥០០លានដុល្លារ,
អាល្លឺម៉ង់ ១,០៩៣លានដុល្លារ
ចក្រភពអង់គ្លេស ៧៣៥លានដុល្លារ
សហគមន៍អឺរ៉ុប ៤៨៩លានដុល្លារ
ជប៉ុន ២០០លានដុល្លារ
កាណាដា ១៨១លានដុល្លារ
មូលនិធិមហាសេដ្ឋីប៊ីលហ្គេត ១៥៦លានដុល្លារ
អារ៉ាប៊ីសាអូឌីត ១៥៣លានដុល្លារ
ន័រវេស ១៤១លានដុល្លារ
បារាំង ១២២លានដុល្លារ
អ៉ីតាលី ១០៤លានដុល្លារ
អូស្ត្រាលី ៦១លានដុល្លារ
អេស្ប៉ាញ ៦១លានដុល្លារ
នែតដឺលែនដ៍ ៣៧លានដុល្លារ
អូទ្រីស ៣២លានដុល្លារ
សប្បុរសជនឈ្មោះ Reed Hasings និង Patty Quillin ៣០លានដុល្លារ
ស៊ុយអែត ២៤លានដុល្លារ
នូវែលសេឡង់ ២២លានដុល្លារ
គុយវ៉ែត ១០លានដុល្លារ
កាតា ១០លានដុល្លារ
ក្រុមហ៊ុន Shell ១០លានដុល្លារ
កូរ៉េខាងត្បូង ១០លានដុល្លារ
ក្រុមហ៊ុន Tik Tok ១០លានដុល្លារ
ដាណឺម៉ាក ៨លានដុល្លារ
ប៊ែលហ្ស៉ិក ៥លានដុល្លារ
អៀរឡង់ ៥លានដុល្លារ
សិង្ហបុរី ៥លានដុល្លារ
ក្រុមហ៊ុន Wise ៥លានដុល្លារ
កម្មវិធីសប្បុរសធម៌ Soccer Aid ៤លានដុល្លារ
មូលនិធិ Thistledown ៤លានដុល្លារ
ក្រិក ២លានដុល្លារ
អ៉ីស្លង់ ២លានដុល្លារ
កូឡុំប៊ី ១លានដុល្លារ
មជ្ឈមណ្ឌល KSRelief ១លានដុល្លារ
លុចសំបួ ១លានដុល្លារ
ក្រុមហ៊ុន Mastercard ១លានដុល្លារ
ក្រុមហ៊ុន Nikkei Inc ១លានដុល្លារ
ក្រុមហ៊ុន Medline International ២០ម៉ឺនដុល្លារ
អេស្តូនី ១០ម៉ឺនដុល្លារ
ប៊ូតង់ ១០ម៉ឺនដុល្លារ។
សរុបថវិកាមានប្រមាណ ៦,២៦៨ លានដុល្លារអាមេរិក។
* តើវ៉ាក់សាំងកូវីដ១៩ នឹងត្រូវបែងចែកដោយរបៀបណា?
ទោះបីជាប្រទេសចូលរួមដែលមានហិរញ្ញវត្ថុប្រើប្រាស់ដោយខ្លួនឯង អាចស្នើសុំទិញវ៉ាក់សាំងដើម្បីចាក់ឲ្យបានគ្រប់គ្រាន់ក្នុងកម្រិត ១០-៥០ភាគរយនៃប្រជាជនពួកគេ ក៏ប្រទេសនោះនឹងមិនទទួលបានបែបនេះដែរ។ នៅចំពោះមុខ ប្រទេសទាំងអស់នឹងទទួលបានត្រឹមតែ២០ភាគរយនៃប្រជាជនខ្លួនប៉ុណ្ណោះ៕