(កម្ពុជា-អាមេរិក)៖ ទស្សនកិច្ចរបស់លោកស្រី ចាកខ្វលីន កេណ្ណឌី (Jaqueline Kennedy) ដែលជាភរិយាលោក ចន អេហ្វ កេណ្ណឌី (John F. Kennedy) អតីតប្រធានាធិបតីអាមេរិកទី៣៥ មកកាន់ប្រទេសកម្ពុជានៅឆ្នាំ១៩៦៧ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនានា។ ការមកទស្សនកិច្ចនេះកើតឡើងក្រោយពេលលោក កេណ្ណឺឌី បានអនិច្ចកម្មរយៈពេល៤ឆ្នាំ។
អតីតជំទាវធំរបស់សហរដ្ឋអាមេរិករូបនេះបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម ដើម្បីបំពេញនូវសុបិន្តកាលពីនៅក្មេងដែលចង់មកទស្សនាប្រាសាទអង្គរ (a lifelong dream of seeing Angkor Wat) ដែលជាប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញមួយ។ ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិកឈ្មោះ «Life» ក៏បានសរសេរពីដំណើរទស្សនកិច្ចរបស់លោកស្រី ចាកខ្វលីន មកកាន់ប្រទេសកម្ពុជាផងដែរ។
ដំណើរទស្សកិច្ចនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ និងអាចចាត់ទុកថាជាការបើកផ្លូវឲ្យមានការភ្ជាប់ចំណងការទូតឡើងវិញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៦៩។ ទោះជាយ៉ាងនេះក្តី រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦៩ ទើបស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានបើកទ្វារឡើងវិញ។
ដោយសារការស្តារឲ្យទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអាមេរិកនៅជំនាន់នោះ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះប្រមុខរដ្ឋ បានសម្រេចព្រះទ័យកសាងផ្លូវមួយខ្សែនៅក្រុងព្រះសីហនុ ដោយផ្លូវនោះដាក់ឈ្មោះ លោក ចន អេហ្វ កេណ្ណឌី (Jonh F. Kennedy St) ទៀតផង។
សារព័ត៌មានបរទេសជាច្រើនបានសរសេរខ្លឹមសារយ៉ាងដូច្នេះថា នៅពេលសួរថា «ហេតុអ្វីបានជាព្រះអង្គដាក់ឈ្មោះផ្លូវសម្រាប់លោក ចន អេហ្វ កេណ្ណឌី នៅក្នុងក្រុងព្រះសីហនុ ដែលមិនមែនជារាជធានីរបស់ទ្រង់នោះ», ព្រះអង្គមានព្រះបន្ទូលថា «វាត្រូវបានដាក់ឈ្មោះតាមខ្ញុំ, ទោះយ៉ាងណា ឈ្មោះរបស់ខ្ញុំត្រូវបានប្រើប្រាស់ជាច្រើនហើយក្នុងរាជធានីភ្នំពេញ»។
មានអនុស្សាវរីយ៍ជាច្រើនដែលនៅសល់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ចាកខ្វលីន ក្នុងនោះរួមមាន៖
* ១៖ បន្ទប់មួយនៅជាន់ខ្ពស់បំផុតនៃសណ្ឋាគារដែលមានកម្ពស់ ៧ជាន់ ឈ្មោះសណ្ឋាគារឯករាជ្យ ដែលសង់នៅជិតឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ជាបន្ទប់ដែលលោកស្រីស្នាក់នៅ។ បន្ទប់នេះនៅមានវត្តមានរហូតដល់សព្វថ្ងៃ និងដាក់ឈ្មោះបន្ទប់តាមនាមរបស់លោកស្រី Jaqueline ផ្ទាល់តែម្ដង ដែលមានតម្លៃខ្ពស់ជាងគេក្នុងចំណោមបន្ទប់នានានៅក្នុងសណ្ឋាគារឯករាជ្យ។
* ២៖ វិថី John F. Kennedy នៅក្រុងព្រះសីហនុ ដាក់ឈ្មោះតាមស្វាមីលោកស្រី។
* ៣៖ បទចម្រៀងពីរបទដែលត្រូវបាននិពន្ធឡើងដោយព្រះបរមរតនកោដ្ឋ ជាចង្វាក់ហ្សាស (Jazz) រួមមាន បទជំនោរខែវិច្ឆិកា (November Blues) និងរាត្រីដែលបានជួបភក្ត្រ (The Evening I Met You) ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី ចាកខ្វលីន។
* ៤៖ ព្រះទីនាំងរថយន្ត លីនខូល ខន់ធីណិនថល ខនវឺតធិបបល (Lincoln Continental Convertible) ដែលគេតែងឃើញព្រះបាទ នរោត្តម សីហនុ គង់ក្នុងព្រះទីនាំងរថយន្តនេះជាមួយភ្ញៀវអន្តរជាតិធំៗ ដូចជា លោកប្រធានាធិបតីបារាំង ហ្សាល ដឺ ហ្គោល (Charles De Gaulle) នៅឆ្នាំ១៩៦៦ ក៏ព្រះអង្គយកទៅទទួលលោកស្រី ចាកខ្វលីន ផងដែរ។
សូមជម្រាបថា រថយន្តម៉ូឌែលនេះផលិតនៅចន្លោះឆ្នាំ១៩៦៦-១៩៦៩ ដោយក្រុមហ៊ុន Lincoln ជាផ្នែកមួយនៃក្រុមហ៊ុន ហ្វដ (Ford)។ វាត្រូវបានគេចាត់ទុកជាកំពូលរថយន្តប្រណីតនាសម័យនោះ ដោយផ្នែកខាងក្នុងផលិតពីស្បែកគុណភាពខ្ពស់ កៅអីចុចស្វ័យប្រវត្តិ កញ្ចក់ចុចស្វ័យប្រវត្តិ ដំបូលបើកបិទស្វ័យប្រវត្តិ និងប្រព័ន្ធទំនើបជាច្រើនទៀត។
* ៥៖ ពេលមកដល់ដំណាក់ចំការមនសម្រាប់អាហារពេលល្ងាច លោកស្រី ចាកខ្វលីន ស្លៀករ៉ូបពណ៌បៃតងដែលជាប្រភេទរ៉ូបរបស់ក្រិកបុរាណ បោះដៃខាងស្តាំថ្វាយព្រះបាទ នរោត្តម សីហនុ ជាមួយស្នាមញញឹមយ៉ាងរាក់ទាក់។
* ៦៖ ពេលទស្សនាប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានអង្គរ នាខេត្តសៀមរាប លោកស្រី ចាកខ្វលីន ជក់ចិត្តយ៉ាងខ្លាំងពីប្រាសាទដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា។ លោកស្រីបានស្តាប់ការរៀបរាប់របស់លោក ប៊ែរណាត ហ្វីលីព ហ្គ្រូស្លីយេ (Bernard Philippe Groslier) ដែលជាអ្នកអភិរក្សប្រាសាទអង្គរវត្តនៅជំនាន់នោះ។
* ៧៖ នៅក្នុងបន្ទប់ទទួលភ្ញៀវ នៅឯព្រះរាជវាំង ព្រះបាទ នរោត្តម សីហនុ និងព្រះមហាក្សត្រី ម៉ូនិក បានប្រទានអំណោយដ៏សំខាន់ដល់ លោកស្រី ចាក ខ្វ លីន រួមមាន ថាសប្រាក់ ចានគម និងចានសំប៉ែតដ៏មានតម្លៃផងដែរ។ ព្រះបាទនរោត្តម សីហនុ ថែមទាំងប្រទានកិត្តិយសដល់លោកស្រី ចាកខ្វលីន ឲ្យគាត់ថតសំឡេងសម្រាប់បទចម្រៀងដែលទ្រង់និពន្ធឡើងទៀតផង។ អំណោយមួយក្នុងចំណោមអំណោយដទៃទៀត ដែលលោកស្រី ចាកខ្វលីន ថ្វាយដល់ព្រះបាទនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គឺសៀវភៅចម្លងប្រភេទចងស្បែករបស់លោក ចន អេហ្វ កេណ្ណឌី ឈ្មោះថា «យុទ្ធសាស្ត្រនៃសន្តិភាព»។
* ៨៖ បច្ចុប្បន្ននេះ បន្ទប់ដ៏ធំមួយនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ត្រូវបានហៅតាមឈ្មោះលោកស្រី ចាកខ្វលីន។ នេះបើតាម Facebook ផ្លូវការរបស់ស្ថានទូត។
* ៩៖ លោកស្រី ចាកខ្វលីន អំឡុងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានោះមានការទទួលយ៉ាងជិតស្និទ្ធ និងរាក់ទាក់ប្រកបដោយកិត្តិយសបំផុតពីព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះបាទនរោត្តម សីហនុ ដូចបង្ហាញក្នុងរូបនៃការស្វាគមន៍សម្រាប់អាហារពេលល្ងាចចំពោះលោកស្រី។
* ១០៖ លោកស្រី ចាកខ្វលីន បានឲ្យចំណីទៅសត្វដំរីក្នុងព្រះបរមរាជវាំង។
* ១១៖ កែវស្រាក្រឡុកមួយឈ្មោះថា «Femme Fatale» ត្រូវបានបង្កើតឡើងដោយគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសព្វរបស់ក្រុមពិធីការ ដើម្បីទទួលបដិសណ្ឋារកិច្ចដ៏ឧត្តុង្គឧត្តម និងដោយកិតិ្តយសដ៏ថ្លៃថ្លាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ចាកខ្វលីន នៅប្រទេសកម្ពុជានាឆ្នាំ១៩៦៧។ កន្លងទៅ៣០ឆ្នាំក្រោយមក កែវស្រាក្រឡុក Femme Fatale ដែលមានជាប់ស្នាមក្រែមបបូរមាត់របស់លោកស្រី ត្រូវបានរកឃើញ និងដាក់តាំងបង្ហាញរហូតមកដល់សព្វថ្ងៃនេះ។
សូមរម្លឹកថា ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដោយសហការជាមួយសណ្ឋាគារ Raffles Hotel Le Royal ក៏បានប្រារព្ធពិធីអបអរសាទរខួបលើកទី៥០ នៃទស្សនកិច្ចរបស់អតីតជំទាវធំរបស់អាមេរិក លោកស្រី ចាកខ្វលីន នៅក្នុងប្រទេសកម្ពុជាផងដែរ។ ពិធីនេះគឺជាឱកាសសម្រាប់ការអបអរ ស្តីពីសារៈសំខាន់នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា៕